រឿងនិទាន ជីវិតសូនីតា
សូនីតា ចាប់តាំងពីឪពុកម្តាយ ស្លាប់ចោលទៅ នាងរស់នៅជាក្មេង កំព្រាកំសត់តែលតោលម្នាក់ឯង។ ថ្ងៃមួយនាងក៏បានទៅដល់ផ្ទះស្ត្រី
ចំណាស់ម្នាក់ជាអ្នកមានទ្រព្យសម្បត្តិ។ នាងក៏ចូលទៅសុំដូនចាស់នៅជាមួយ។ ដូនចាស់ក៏ព្រមទទួលនាង។
ដូនចាស់ម្នាក់នេះបានប្រើ សូនីតា ឱ្យធ្វើការគ្រប់បែបយ៉ាងទាំង អស់ ទាំងការងារផ្ទះបាយ ថែសួន និងរៀបចំក្នុងផ្ទះគ្រប់ទីកន្លែង។ រាល់ថ្ងៃនាងត្រូវធ្វើការជាច្រើន តែទោះជាយ៉ាងនេះក៏ដោយក៏នាង នៅតែអត់ធ្មត់តស៊ូក្នុងជីវិត របស់នាងដែរ។
ដូនចាស់តែងតែប្រើពាក្យគំរោះគំរើយទៅលើនាង ព្រោះនាងធ្វើ ការអ្វីមិនគាប់ចិត្តគាត់សោះ។
ថ្ងៃមួយនៅពេលដែលនាងកំពុងរៀបចំគ្រែរបស់ដូនចាស់។ ពេលនោះដូនចាស់ក៏ដើរមកក្បែរគ្រែស្ដីឱ្យនាងខ្លាំងៗថា "នែ សូនីតា នាងឯងនេះធ្វើការមិនប្រយ័ត្នសោះ មើលនៃសុទ្ធតែសក់
អ៊ីចឹងទេតើ បានជាអញដេកមិនលក់សោះ”។ ដូនចាស់ចង្អុលមុខ នាងដោយខឹងយ៉ាងខ្លាំង”។
ក្រោយមកដូនចាស់បានបណ្តេញ សូនីតា ឱ្យចាកចេញពីផ្ទះ របស់គាត់។ ជីវិតនាងពេលនេះប្រៀបដូចជាចកដែលរសាត់គ្មាន ទីជម្រក។
នាងដើរកាត់ពីភូមិមួយទៅភូមិមួយបានទៅដល់ផ្ទះប្តីប្រពន្ធពីរនាក់ ជាអ្នកលក់សំភារកសិករ។ ម្ចាស់ផ្ទះនោះពុំមានកូនមួយនាក់ឡើយ។ នាងបានសុំជួយលក់កសិករ ហើយពួកគាត់បានស្រុះស្រួលគ្នាឱ្យ នាងរស់នៅជាមួយ ហើយចិញ្ចឹមនាងរហូតដល់ធំ មិនតែប៉ុណ្ណោះ ពួកគាត់ស្រឡាញ់នាងដូចកូនបង្កើតទៀតផង។ ក្រៅពីការសិក្សា សូនីតា បានជួយធ្វើការឪពុកម្តាយចិញ្ចឹមគ្រប់បែបយ៉ាង និងជួយ លក់ដូរនៅផ្ទះផងដែរ។
និយាយពីដូនចាស់ម្នាក់នោះវិញ ចាប់តាំងពីអត់ពី សូនីតា ទៅ គាត់ត្រូវធ្វើការសព្វបែបយ៉ាងទាំងអស់។ ដោយសារគាត់ជាមនុស្ស ចាស់ គាត់ក៏ធ្វើការភ្លេចមុខភ្លេចក្រោយ។ ថ្ងៃមួយពេលដែលគាត់ ធ្វើការមិនបានប្រយ័ត្នក៏បណ្តាលឱ្យមានភ្លើងឆេះផ្ទះគាត់ បាត់បង់ផ្ទះ សំបែង អស់ទាំងទ្រព្យសម្បត្តិសល់តែខ្លួនមួយគ្មានទីពឹង។ ដោយ អស់ជំរើសក្នុងជីវិត គាត់ក៏ដើរសុំទានគេសម្រាប់ចិញ្ចឹមជីវិត។
នៅល្ងាចថ្ងៃមួយ ដូនចាស់ក៏ដើរមកដល់ផ្ទះ លក់សំភារកសិករហើយនិយាយជាមួយ សូនីតា តាមរបៀបអ្នកសុំទាន។ សូនីតា ស្គាល់ជាក់ជាដូន ចាស់ ក៏និយាយគួរសមហើយដាក់ទានម្ហូបអាហារ មកជូនគាត់ពិសា។ ដោយឃើញគាត់ជាមនុស្ស ចាស់ជរា ហើយមេឃក៏កាន់តែងងឹតផងនោះ នាង ក៏អង្វរឪពុកម្តាយសុំឱ្យឃាត់ដូនចាស់ ឱ្យសម្រាក នៅផ្ទះនេះបានមួយយប់។ ឪពុកម្តាយក៏យល់ស្រប តាមគំនិតរបស់កូនមិនជំទាស់អ្វីទេ ។
សូនីតា បាននិយាយទៅកាន់ដូនចាស់ថា “លោកយាយផ្ទះខ្ញុំ ចង្អៀតបន្តិចហើយ ព្រោះមានអីវ៉ាន់ច្រើនណាស់”។
ដូនចាស់ឆ្លើយថា "ចៅហ្គា! ឱ្យយាយដេក ក្នុងបន្ទប់ដាក់អីវ៉ាន់នេះចុះ យ៉ាងណាៗ ក៏គ្រាន់បើជាងដេកតាមចិញ្ចើមថ្នល់ដែរ ណាចៅ”។ នាងឆ្លើយថា “អ៊ីចឹង តាមចិត្តលោកយាយចុះ”។ ហើយពួក គាត់ក៏ចូលសម្រាករៀងៗខ្លួនទៅ។
លុះព្រឹកឡើង សូនីតា ក៏រៀបចំអីវ៉ាន់លក់ដូចធម្មតា។ នាងសួរទៅដូនចាស់ថា “លោកយាយ ! យប់ម៉ិញសម្រាន្ត លក់ទេ”។ យាយផ្តល់ចម្លើយថា “អើ! យាយដេកលក់ ស្រួលណាស់ណាចៅ។ យាយអរគុណចៅខ្លាំងណាស់ ដែលមានចិត្តសប្បុរសចំពោះយាយ”។
សូនីតា ចម្លែកក្នុងចិត្តណាស់ ព្រោះដូនចាស់ម្នាក់នេះកាលពីមុន សូម្បីតែសម្រាន្តលើសក់ពីរ-បីសរសៃក៏គាត់ថាសម្រាន្តមិនលក់ដែរ ចុះហេតុអ្វីក៏គាត់សម្រាន្តលើខ្សែគោនេះបាន”។ តែទោះជាបែប នេះក៏ដោយ ក៏នាងមិនប្រកាន់ខឹងនឹងគាត់ដែរ ព្រោះនាងយល់ថា ដូនចាស់ម្នាក់នេះធ្លាប់ចិញ្ចឹមនាងមួយរយៈកន្លងមក នាងក៏បាន អង្វរឪពុកម្តាយសុំឱ្យដូនចាស់រស់នៅជាមួយ ចាស់ណាស់ទៅហើយ។ ចប់







0 Comments:
Post a Comment