ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Friday, February 9, 2024

រឿងព្រះបាទត្រសក់ផ្អែម

kkkចំនួនអ្នកទស្សនា: Views

 រឿងព្រះបាទត្រសក់ផ្អែម

ពញាជ័យ ព្រះជន្ម៤៥០ឆ្នាំ (បើថា ៤៥៣ឆ្នាំ ទើបត្រូវនឹងរឿងខាងក្រោម) បានឡើយសោយរាជ្យតប្រយូរវង្ស (ប្រែថា ផៅពង្ស ព្រះញាតិ ព្រះញាតិវង្ស) ព្រះបាទសេណករាជទ្រង់ព្រះនាមជាព្រះបាទសម្តេចព្រះរាជឱង្ការ ព្រះបរម រាជាធិរាជជ័យ។ ទ្រង់បានលើកពញាសួស ព្រះអនុជជាសម្ដេចព្រះមហា ឧបរាជ។ ពញាជ័យនិង ពញាសួសមានដើមកំនើតដូចតទៅនេះ

ពញាជ័យ និងពញាសួស ទាំងពីរនាក់ជាបងប្អូនបង្កើតនឹងគ្នា។ គាត់មានលំនៅ នៅខាងទិសនិរតីនៃភ្នំប្រសិទ្ធិ។ អ្នកទាំងពីនាក់នេះ មានរបរររកទទួលទាន ជាអ្នកចំការដាំត្រសក់។ ក្នុងពេលលំហែពីមុខងារធ្វើត្រសក់ហើយ គាត់តែងនាំ អ្នកស្រុកលេងមហោស្រព ជាការកំសាន្ត ។

ថ្ងៃក្រោយមក ព្រះបាទសេណករាជ ជាអម្ចាស់ផែនដី ស្តេចទៅសាងព្រះរាជវាំង នៅក្បែរភ្នំប្រសិទ្ធិដែរ។ ពញាជ័យ និងពញាសួស កាលបានដំណឹងនេះហើយ ក៏នាំបងប្អូនបេះត្រសក់ និងនាំល្បែងមហោស្រពទៅថ្វាយព្រះរាជាជារឿយៗ។ ព្រះមហាក្សត្រទ្រង់សព្វព្រះទ័យនឹងត្រសក់គាត់ណាស់។ ទ្រង់មានព្រះបន្ទូល ថាៈ ត្រសក់នេះផ្អែមអស្ចារ្យ ជាងត្រសក់ទាំងឡាយ” ។

 ទ្រង់បានហាមថាៈ “កុំឱ្យ ពញាជ័យ និងពញាសួស បេះត្រសក់នោះលក់ដូរ ឱ្យអ្នកណាឱ្យសោះ ឱ្យទុក សម្រាប់តែ ធ្វើជាដង្វាយ ព្រះអង្គតែប៉ុណ្ណោះ” ។

ព.ស.១៥២៧ គ. ស. ៩៨៣ ម. ស. ៩០៥ ច.ស.៣៤៥ ក្នុងឆ្នាំមមែបញ្ញាស័ក ព្រះបាទបរមបពិត្រ សេណករាជ បរមរាជា ស្តេចសោយរាជ្យបាន៣០ឆ្នាំ។ ពញាជ័យអាយុបាន៤៣៨ឆ្នាំ ពញាសួស អាយុបាន៣៣៨ឆ្នាំ។ ក្នុងគ្រានោះ មានក្របីអ្នកស្រុកម្នាក់បានទំលាយរបងចំការត្រសក់ របស់ពញាជ័យ និងពញា សួស ហើយចូលមកជិះជាន់ស៊ីត្រសក់របស់គាត់អស់ជាច្រើន។ ពញាជ័យ ឃើញ ដូច្នោះហើយ ក៏យកដុំថ្មចង្ក្រានចោល ដើម្បីដេញបង្អើលសត្វនោះឱ្យជៀសទៅ ដុំថ្មនោះក៏រត់ទៅត្រូវធ្លុះក្របីនោះស្លាប់ទៅ ។

ម្ចាស់ក្របីប្តឹងដល់ចៅក្រមទាំងឡាយ អំពីរឿងពញាជ័យសម្លាប់ក្របីរបស់ខ្លួន នេះ។ ចៅក្រមតុលាការកាត់សេចក្តីឱ្យពញាជ័យសងក្របីទៅម្ចាស់ក្របីវិញ។ 

ពញាជ័យមិនសុខចិត្តដ្បិតថា កាលខ្លួនចោលក្របីនឹងដុំថ្មចង្ក្រាននោះ ខ្លួនមិនប៉ង ឱ្យស្លាប់ក្របីនោះទេ គឺចោលឱ្យគ្រាន់តែ ក្របីនោះខ្លាចហើយរត់ចេញទៅតែ ប៉ុណ្ណោះ។ ចៅក្រមកាត់ក្តីនេះមិនដាច់ស្រេច ក៏នាំសេចក្ដីនេះទៅប្តឹងដល់ សេនាបតី ។

 សេនាបតីក៏កាត់ក្ដីមិន បង្គំទូលព្រះបរមបពិត្រដើម្បីសូម ទ្រង់ព្រះរាជវិនិច្ឆ័យឱ្យ។ ព្រះរាជា ឱ្យយកដុំក្រាននោះចោលក្របីឯទៀត ជាការ ល្បងមើល ។ កាលពញាជ័យចោល ទៅក្របីណា ក្របីនោះក៏ធ្លាយពោះនឹង ដាច់ទៀត ទើបនាំមនុស្សនោះឡើងក្រាប

ដុំថ្មនោះ ស្លាប់ទាំងអស់មែន ។

ព្រះរាជាទ្រង់ពិសោធឃើញយ៉ាងនេះហើយ ក៏ទ្រង់កាត់សេចក្តីថាៈ ក្របីនោះស្លាប់ ដោយពញាជ័យមិនមានចិត្តក្លែងសម្លាប់ទេ ពីព្រោះពញាជ័យ មិនបានដឹងថាថ្ម នោះជាដែកកាយសិទ្ធទេស្មានថាជាដុំថ្មធម្មតា បានជាចោលទៅត្រូវស្លាប់ដូច្នេះ ។ ហេតុនេះទ្រង់ប្រោសប្រទាន ព្រះរាជវិនិច្ឆ័យថាៈ ក្របីស្លាប់នេះ ទុកជាកម្មរបស់ សត្វចុះយើងនឹងយកទោសពញាជ័យមិនបានទេ។ 

ទើបទ្រង់ឱ្យពួកជាងយកដុំ ក្រាននោះទៅរំលាយមើល។ ជាងយកទៅរំលាយទៅក៏ឃើញថា ថ្មនោះជាដែក កាយសិទ្ធពិតមែន ទើបទ្រង់ព្រះបង្គាប់ឱ្យក្រុមជាងយកដែកនោះទៅផែជាលំពែង មួយ ហើយទ្រង់ប្រគល់ឱ្យពញាជ័យកាន់លំពែងនោះទុក រក្សាចំការ ត្រសក់នោះ

ទុកជាដីចំការលួង ។ ឯលំពែងនោះ សន្មត ហៅថា លំពែងជ័យ ។

ព.ស. ១៥៣៩-គ.ស. ៩៩៥- ម.ស. ៩១៧ ច.ស. ៣៥៧ ឆ្នាំមមែ សប្តស័ក ព្រះបរមបពិត្រ ព្រះសេណករាជ ទ្រង់មានព្រះជន្មវស្សា ៥៩ឆ្នាំ ទ្រង់សិរីរាជ សម្បត្តិបាន៤២ឆ្នាំ ពញាជ័យ មានជន្មាយុជាង៤៥០ឆ្នាំពញាសួស មានជន្មាយុ ៣៥០ឆ្នាំ ។ គ្រានោះ ព្រះបរមបពិត្រ អម្ចាស់ផែនដី ទ្រង់មានព្រះរាជហឫទ័យ សង្ស័យថា ពញាជ័យ ពញាសួសនោះ ដាំត្រសក់ សម្រាប់ទុកតែជាដង្វាយទេ ឬមួយគាត់លបដាំឱ្យគេខ្លះដែរ ។

 លុះទ្រង់ព្រះតម្រិះ៖ដូច្នេះហើយ វេលាយប់ស្ងាត់ ទ្រង់ក៏ត្រាស់ហៅមន្រ្តី ក្រុមស្និទ្ធព្រះអង្គ ប្រាំមួយប្រាំពីរនាក់ ឱ្យចងព្រះទីនាំង អស្សតរ (អស្សតរ = សេះល្អ សេះលឿន) ថ្វាយ ទ្រង់គង់តម្រង់ទៅចំការ ត្រសក់ ។

ខណៈនោះលំពែងជ័យ ក៏ត្រូវចំលើព្រះបរមបពិត្រ បណ្តាលឱ្យទ្រង់ព្រះសុគត នៅជើងដំបូកក្នុងចំការនោះទៅ។ ហេតុនេះហើយបានជាដំបូកនោះជាប់ឈ្មោះ ហៅថា ” ដំបូកចាក់ស្តេច ” រៀងមកដល់សព្វថ្ងៃនេះ ។

 លុះព្រឹកឡើងសេនាបតី មន្រ្តីទាំងពួងបានឮដំណឹងនេះហើយ ក៏នាំគ្នាទៅលើកព្រះបរមសព ដាក់ក្នុង ព្រះកោដ្ឋ យកទៅដំកល់ទុកធ្វើបុណ្យតាមប្រពៃណី ។

បន្ទាប់មក សេនាបតីមន្រ្តីទាំងពួងជំនុំគ្នាថា : ព្រះសីហៈកុមារ ដែលជាព្រះរាជបុត្រ នៃព្រះបាទសេណករាជនោះក៏ទ្រង់ក្ស័យព្រះជន្មនៅឯស្រុកលាវ មុនសម្តេច ព្រះបិតាទៅហើយ ឥឡូវនេះ ព្រះអង្គគ្មានព្រះរាជបុត្រនឹងថ្វាយសោយរាជ្យ ប្រយូរវង្សបានទេ។ 

លុះជំនុំវែងឆ្ងាយទៅមន្រ្តីទាំងពួងយល់ឃើញថា ពញាជ័យ ពញាសួស ទាំងពីរនាក់នេះ អាយុក៏វែង ហើយអាវុធរបស់គាត់នោះក៏មុត ក្រៃលែង លើសអាវុធរបស់ជនទាំងពួង ។ ពូជពង្ស របស់គាត់ ក៏ជាប់ក្នុងព្រះរាជ ត្រកូលផងដែរ ។

មិនតែប៉ុណ្ណោះសោតបណ្តារាស្ត្រទាំងឡាយ ក៏ស្រឡាញ់គាត់ បាននាំគ្នាមកពី ស្រុកជិតស្រុកឆ្ងាយ សុំចុះចូលគាត់ជាច្រើនឃើញថា គួរតែយើងអញ្ជើញគាត់ឱ្យ ឡើងសោយរាជ្យទៅ។ លុះគិតព្រមគ្នាដូច្នេះហើយនាំគ្នារៀបក្បួនដែលសម្រាប់ ហែព្រះមហាក្សត្រនោះទៅអញ្ជើញ ពញាជ័យ ពញាសួស ឱ្យមកសោយរាជ្យ ជា តំណប្រយូរវង្ស។

 ព្រះអង្គទាំងពីរព្រះអង្គ ប្រកែកមិនព្រមទទួលរាជសម្បត្តិ ជា ស្តេច និង ជាឧបរាជសោះទេ ព្រោះទ្រង់ស្ដាយស្ម័គ្របក្សពួក និងល្បែងមហោ ស្រពទាំងឡាយ ។

ខណៈនោះមន្រ្តីទាំងឡាយ ដឹងព្រះរាជហឫទ័យ ហើយក៏ក្រាបទូលអង្វរថាៈ សូម ឱ្យតែព្រះអង្គទ្រង់ព្រមទទួលសោយរាជ្យចុះ៖ ខ្លួនទាំងអស់គ្នានឹងនាំ ប្រដាប់ល្បែង មហោស្រពទាំងប៉ុន្មាន យកទៅទុកក្នុងព្រះរាជនគរ សម្រាប់លេងថ្វាយរាល់ថ្ងៃ ជាលំហែព្រះកាយ។

 ព្រះអង្គទាំងពីរព្រះអង្គទ្រង់ព្រះសណ្តាប់ហើយ ក៏ទទួល សេចក្ដីអញ្ជើញរបស់សេនាបតី មន្រ្តីទាំងអស់នោះ។ សេនាបតីមន្រ្តីទាំងនោះ អញ្ជើញសម្តេចពញាជ័យ ឱ្យគ្រងរាជ្យ (ទទួលរក្សារាជ្យជាបណ្តោះអាសន្នសិន ទំរាំដល់ ថ្ងៃអភិសេក) ជាស្តេចនិងអញ្ជើញពញាសួសឱ្យគ្រងរាជ្យ ជាឧបរាជហើយក៏អញ្ជើញស្ដេចត្រាច់ចុះ៖ ព្រះទីនាំងនាវាព្រមទាំងក្បួនហែ ចូលស្ថិតនៅក្នុង ព្រះមហានគរ ។ បីឆ្នាំក្រោយមក ទើបធ្វើពិធីរាជភិសេកតាមទំនៀម ។

លុះបានសោយរាជ្យ (បានឡើងជាក្សត្រិយ៍គ្រងរាជពេញទីហើយ) ហើយ ព្រះបរមរាជាធិរាជអង្គជ័យ ទ្រង់ឱ្យយកលំពែងជ័យនោះ ទៅដំកល់ជាមួយនឹង គ្រឿងព្រះបញ្ចក្សេត្រ ។

 ទ្រង់ត្រាស់បង្គាប់ឱ្យក្រុមមហោស្រពផ្លាស់ប្តូរ គ្នាលេង ឱ្យអ្នកស្រុកមើលជាទីថ្កើងថ្កាន ហើយទ្រង់ត្រាស់ឱ្យសាងប្រាសាទ សួរព្រ័ត្រមួយ យោលទោងមួយ បិទពួនមួយ គ្រប់ទ្វារនគរ សម្រាប់ទតល្បែង។ អស់រាស្ត្រ ប្រុសស្រី សុខសប្បាយ ថ្កើងថ្កាន ដោយបុណ្យបារមី របស់ព្រះអង្គពន់ ប្រមាណណាស់ ។

សេនាបតី មន្ត្រីរាស្ត្រ ទាំងពួង ឃើញព្រះអង្គមានបុណ្យមានព្រះជន្មវែងក្រៃលែង លើសជនទាំងពួងដូច្នោះក៏ក្រាបថ្វាយបង្គំទូល សូមព្រះរាជទានព្រះរាជបញ្ញតិថាៈ បើមានមង្គលការអ្វីៗ សូមឱ្យអ្នកមង្គលការនេះឱ្យពរថា "ជ័យហោង សួស្ដីហោង ដើម្បីឱ្យបានសេចក្តីសុខ និងអាយុយឺនយូរ វែងដូចព្រះអង្គផងព្រះបរមពិត្រយល់ ថាៈ ការសុំនេះជាប្រយោជន៍ដល់រាស្ត្រប្រជារបស់ព្រះអង្គផង ហើយជាកិត្តិយសដល់ ព្រះអង្គទៀត ដូច្នេះទ្រង់ក៏ព្រះរាជា នុញ្ញាតតាមសុំ។

 អាស្រ័យហេតុនេះហើយ បានជាក្នុងមង្គលការទាំងឡាយសព្វថ្ងៃនេះ ជនទាំងពួងតែងឱ្យពរ គូស្វាមីភរិយាថ្មីថាៈ ជ័យហោង សួស្ដីហោង រៀងដរាបមក។



0 Comments:

Post a Comment