រឿងនិទានគុណដើមប្ញស្សី ៖
ក្នុងសប្តាហ៏ឈប់សម្រាកបុណ្យមួយ សុខ បានសុំឪពុកម្តាយទៅលេងផ្ទះជីតានៅឯស្រែ ។ ដោយរវល់ខ្លាំងពេក ម្តាយគេបានយល់ព្រមឱ្យ សុខ ទៅតែម្នាក់ឯង តាមការអង្វរករដ៏ទទូច ព្រមទាំងតាមពាក្យសម្ដីដែល សុខ និយាយធានាអះអាងថា នឹងគោរពតាមពាក្យរបស់ឪពុក
ម្តាយ ។តែមុននឹងទៅ ម្តាយបានណែនាំពន្យល់កូនបន្ថែមទៀត គឺឱ្យចេះប្រុងប្រយ័ត្នក្នុងការ ធ្វើដំណើរ ដោយកុំធ្វេសប្រហែសរវល់ឈប់លេង ឬចូលចំការបេះដំណាំអ្នកស្រុក។ ម្តាយបាន និយាយសង្កត់ផ្តាំទៀតថាៈ ផ្ទះលោកតាឯងនៅខាងកើត ចូរកូនដើរសំដៅទៅតាមទិសដែល ព្រះអាទិត្យរះឡើង ។
ស្អែកឡើង សុខ ងើបពីព្រលឹម ស្នាស្ពាយបង្វិចចំណីអាហារនិងដបទឹក ដើរបណ្តើរ ច្រៀងបណ្តើរ ភ្នែកសម្លឹងទៅព្រះអាទិត្យ ។ ប៉ុន្តែចូលដល់ព្រៃតែបន្តិច អារម្មណ៍ សុខ ចាប់ប្តូរ ព្រោះឃើញហ្លួងមេអំបៅយ៉ាងច្រើន ។ ហ្លួងខ្លះពណ៌ខ្មៅ ហ្លួងខ្លះពណ៌លឿង ហ្លួងខ្លះពណ៌ ក្រហម.......សុខ ងាកបែរចូលទៅតាមហ្លួងដែលមានស្លាបធំចម្រុះគ្រប់ពណ៌ ដែលកំពុង ហើរក្រេបលំអងផ្កាដេរដាសពេញព្រៃ ។ គេដើរលបៗតាមចាប់ តែមិនបានក៏រត់ដេញ ហើយ ដើរឱនៗវិញ ក៏នៅតែចាប់មិនបាន ។
ដោយហេវហត់ខ្លាំង សុខ ក៏សម្រេចចិត្តឈប់តាម ហើយលាថង់ចំណីក្នុងបង្វិចបរិ ភោគ ។ តែមិនទាន់បរិភោគផង ស្រាប់តែក្រឡេកឃើញហ្វូងសត្វកំភេមដ៏ស្រស់ឆើតឆាយ ។ សុខ ខ្ចប់បិទនំចំណីវិញ ។ គេរត់ គេរត់ដេញចាប់សត្វកំភេមបានមួយទូកដៃ ក៏វង្វេងបង្វិចនំចំណី រកមិនឃើញ ។ គេដើរចុះដើរឡើងរកនឹកទីកន្លែង តែក្នុងព្រៃមានលក្ខណៈដូចៗគ្នា ។
សុខ បែកញើសជោកថ្ងាស ហើយងើយមើលទៅព្រះអាទិត្យដែលបានដើរចំពីលើក្បាល គេទៅហើយ ។ ពេលដើរបណ្តើរនិងប្រឹងងើយទៅលើមេឃសម្លឹងព្រះអាទិត្យនោះ សុខ ជ្រុល ខ្លួនធ្លាក់ទៅក្នុងអន្លង់ចាស់មួយដែលដុះខស្មៅពេញ ។
ម្តងនេះជាទុក្ខកង្វល់ធំណាស់ ព្រោះពោះកូរគ្រូកៗ ដៃញ័រ ឯជើងក៏ទន់ស្រយុត ។ គេ ខំបន់អស់វត្ថុស័ក្តិសិទ្ធិ តែព្រះអាទិត្យរឹតតែបែរក្រហមឡើងៗ ។ ទន្ទឹមនេះ៖ សុខ ឮតែសូរ សម្លេងសត្វបក្សាបក្សីយំខ្ញៀវខ្ញារ ហើរវិលរកទ្រនំអឺងកង ។ តែទោះបីជាអស់កម្លាំងមែនពិត ក៏ភ្នែកនៅតែប្រឹងរំពៃរកមើលកន្លែងឡើង ។ សុខ បានឃើញវល្លិដុះនៅមាត់អន្លង់ម្ខាង គេក៏ ដើរទៅ រួចប្រឹងយកអស់កម្លាំងកាយចិត្ត តោងវល្លិឡើងមកលើបានសម្រេចដូចបំណង ។
ពេលឡើងផុតពីមាត់អន្លង់ហើយ សុខ បែរវង្វេងទិស ព្រោះពេលនេះមេឃងងឹត ហើយ។ សុខ ភ័យព្រឺឆ្អឹងខ្នងព្រោះឮសម្លេងខ្យល់បក់បោកមែកឈើ និងសម្លេងតំណក់ទឹក ភ្លៀងរលឹមស្រក់តក់ៗលើស្លឹកឈើ.......គេរឹតតែព្រឺឆ្អឹងខ្នងមែនទែនថែមទៀត ព្រោះដោយ សារសម្លេងខ្លែងស្រាកយំឮ ខ្វាក ! ខ្វាក ! ។ សុខ យកដៃខ្ទប់មុខ នឹកស្រមៃទៅដល់រឿង ក្នុងវីដេអូ ដែលឃើញសត្វខ្លា សត្វតោ សត្វចចក......ចាប់ហែកសត្វតូចៗស៊ីជាអាហារ.....។ សុខ គិតឃើញថា បើវាមកប្រទះគេ វានឹងចាប់ខ្លួនគេហែកស៊ីមិនខាន........។ ដោយសួង ចិត្តខ្លាចពេក គេក៏ភ្លាត់ស្រែកដោយញ័រមាត់ថាៈ ម៉ែអើយជួយកូនផង! ស្ងាត់ឈឹង មិនឮ សម្លេងម៉ែតបវិញ ។ សុខ លាដៃថ្នមៗ លួចបើកភ្នែកសម្លឹងមើលតាមចន្លោះម្រាមដៃ មិន (12) ប្រទះឃើញអ្វីសោះ ព្រោះមេឃងងឹតស្លុប។
សុខ ដើរសន្សឹមៗទៅមុខ ក៏ប៉ះនឹងដង្គត់ឈើ។ សុខ ភ្លាត់មាត់ស្រែកម្តងទៀតថាៈ ពុទ្ធោ! រួចប្រឹងសម្លឹងទៅមុខក៏ឃើញដើមឫស្សីដុះច្រូងច្រាងស្រឡនៗ ។ សុខ ចាប់អារម្មណ៍ នឹកឃើញដល់សម្ដីរបស់ជីតា ។ ជីតារបស់សុខធ្លាប់បានបង្ហាញចៅ ឱ្យចេះជ្រើសរើសយក ឫស្សីផ្នែកខាងលិចមកធ្វើជាផ្លែរនាត ល្អជាងផ្នែកខាងកើត។ ព្រោះព្រះអាទិត្យលិចទៅទិស ខាងលិច បានចាំងជះកម្ដៅមកដល់ផ្នែកនេះយូរជាងគេ។
ដូច្នេះ គេក៏សម្រេចចិត្តដើរទៅតាមទិសផ្នែកម្ខាងទៀត ដែលត្រជាក់ជាងនេះគឺតម្រង់ ទៅទិសខាងកើត ។ សុខ ផ្ចង់ស្មារតីដើរបានមួយសន្ទុះក៏ចេញផុតពីព្រៃ។ ក្រោមពន្លឺព្រះចន្ទ គេអាចសម្លឹងឃើញខ្ទមចាំស្រែរបស់អ្នកស្រុកមួយៗ ។ គេចាប់ផ្តើមរត់ព្រោះឮសម្លេងឆ្កែ ព្រុស ។ សុខ រត់ទៅមុខបានបន្តិច ក៏ឃើញភ្លើងចង្កៀងប្រេងកាតភ្លឺផ្លុងៗចេញពីផ្ទះអ្នក ស្រុក ។ សុខ អររំភើបចិត្តណាស់ ។
ពេលនេះ សុខ រឹតតែផ្ចង់ស្មារតី។ ប៉ុន្តែដោយសារហេវហត់ខ្លាំងពេក សុខ ក៏បង្គន់ ដំណើរដើរយឺតៗវិញ ។ សុខ ដកដង្ហើមឮយូរខូៗព្រោះស្ថិតក្នុងស្ថានភាពស្ងាត់ជ្រងំ ដែលមនុស្ស ទាំងឡាយកំពុងលង់លក់ក្នុងដំណេក ។ សុខ ជិតបានសម្រេចដល់ទិសដៅហើយ គឺគេមើលពី ចម្ងាយឃើញ ដើមដូងយ៉ាងច្រើនដុះជាជួរពីមុខផ្ទះរបស់ជីតាគេ។ ដើរបណ្តើរ សុខ បន្ទោស ខ្លួនឯងបណ្តើរ ។ សុខ សោកស្តាយក្រោយដែលមិនធ្វើតាមបណ្តាំម្តាយ ។ កំពុងតែគិតស្រាប់ តែឮសម្លេង អាគីឆ្កែរបស់អ្នកជិតខាងព្រុសគេ។
សុខ ក៏ប្រឹងរត់ត្របាញ់យ៉ាងលឿនដល់មុខផ្ទះជីតា ។ សុខ ស្រែកដោយញាប់ញ័រ តែមិនមែនជាសម្លេងរន្ធត់ទេ គឺជាសម្លេងដែលត្រេកអរបំផុតថាៈ លោកតា! លោកតា! ។ ជីតាកួកគ្រហែមហើយសួរវិញថាៈ ចុះហេតុអីបានជាចៅទើបតែមកដល់? សុខ មិនឆ្លើយតប វិញទេ តែបែរជាឈរសម្រក់ទឹកភ្នែកតក់ៗលើថ្ពាល់។







0 Comments:
Post a Comment