រឿងភ្នំបាយ៉ង់កោរ៖
ជាយូរលង់ណាស់មកហើយ នៅប្រទេសខ្មែរមានស្តេចមួយអង្គ ទ្រង់ ព្រះនាម ព្រះបាទបាយ៉ង់ មានព្រះរាជដំណាក់នៅលើភ្នំដងរែក មានព្រះ អគ្គមហេសីព្រះនាម នាងសក់ក្រអូប ប្រកបដោយព្រះរូបឆោម ព្រះភក្ត្រ ល្អប្រិមប្រិយ សម្បុរភ្លឺថ្លាដូចនាងទេពធីតា ក្លិនក្រអូបសាយចេញជុំវិញ ព្រះកាយមួយយោជន៍ កិត្តិយសល្បីសុសសាយទៅដល់ព្រះចៅសៀម។
ស្ដេចសៀមក៏ចាត់មនុស្សមកស៊ើបអង្កេត បានដឹងពិតប្រាកដថា ព្រះនាងជា ម្ចាស់ក្សត្រីយ៍ដ៏ស្រស់ស្អាត ជាស្រីបរិបូរណ៍ដោយលក្ខណៈល្អគ្រប់យ៉ាង។ ស្ដេចសៀមក៏រកឧបាយកលចូលមកចាប់ព្រះនាងយកទៅដើម្បីជាកិត្តិយស ប្រទេសខ្លួន។ ស្ដេចបាយ៉ង់ ទ្រង់ជ្រាបការណ៍ដូច្នេះ ក៏នាំព្រះមហេសី ពួក ស្រីស្នំក្រមការ និងពលសេនាទាំងអស់ចុះសំពៅ ភៀសព្រះនាងយាង ចេញចោលដំណាក់ទាំងយប់ បើកសំពៅទៅទិសអាគ្នេយ៍។ មុននឹងយាង ចេញ ទ្រង់លើកព្រះហស្ថប្រណម្យដាក់លើព្រះសិរសា សច្ចាបន់ទេវតា រក្សាទឹកថា “សូមឱ្យសម្រេចសេចក្តីប្រាថ្នាបីប្រការគឺ ៖
១-សូមឱ្យបានសុខក្នុងដំណើរផ្លូវសាគរ
២-សូមកុំឱ្យពួកចោរសៀមតាមទាន់
៣-សូមឱ្យបានជួបប្រទះកន្លែងជាទីគាប់ចិត្ត។ បើបានសម្រេចដូច បំណង នឹងកោរសក់ថ្វាយ”។
ស្ដេចទ្រង់ព្រួយព្រះទ័យជាខ្លាំង ទ្រង់បើកសំពៅទាំងយប់ទាំងថ្ងៃ។ លុះទ្រង់ប្រមើលមើលឃើញថា ចេញមកបានឆ្ងាយណាស់មកហើយ ទើប ទ្រង់ងាករេទៅរកតំបន់មួយដើម្បីចតសំពៅ។ ជួនជាពេលនោះខ្យល់ ព្យុះបក់បោកសំពៅឱ្យវិលវល់បាក់ចង្កូត។ ទើបនៅទីនោះមានឈ្មោះថា "ភូមិបាក់ចង្កូត” ដែលសព្វថ្ងៃគេហៅក្លាយមកជា "ភូមិបាក់កូត”។ ស្ដេច ទ្រង់ភ័យហើយលើកព្រះហស្ថអំពាវនាវបន់ថា "សូមឱ្យបាត់ព្យុះទាំងនេះ ទៅ និងសែនថ្វាយដល់ពួកអារក្សទឹកទាំងឡាយ"។ គ្រានោះ ខ្យល់ព្យុះ ក៏ស្ងប់ស្ងាត់អស់មួយរំពេច។ លុះទៅបានបន្តិចទៀតក៏ឈប់បោះយុថ្កាច់ត ទើបនៅទីនោះមានឈ្មោះថា "ភូមិកន្លែងចត"។ ការឈប់ចតនេះ គឺ ដើម្បីរៀបចំនំចំណីអាហារសែនថ្វាយអារក្សទឹក និងធ្វើចង្កូតសំពៅជាថ្មី។ ត្រង់តំបន់ដែលថ្វាយអាហារនោះ នៅមានឈ្មោះជាប់មកដល់សព្វថ្ងៃថា "ភូមិសែនបន់"។ ទាំងបីកន្លែងនេះ នៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្ត តាកែវ។ លុះសម្រេចកិច្ចនៅកន្លែងនោះសព្វគ្រប់ហើយ ទ្រង់ក៏យាងចេញ សំពៅទៅទៀតសំដៅទៅទិសអាគ្នេយ៍ដដែល។
លុះទៅដល់កន្លែងមួយ សំពៅក៏ធ្លាយទ្រង់ចាប់ផ្តើមធ្វើសំពៅបណ្តើរ បើកទៅមុខបណ្តើរ។ "សំពៅឆ្ងាយ"។ ត្រង់កន្លែងនោះជាប់ឈ្មោះរហូតមកដល់សព្វថ្ងៃថា បើកបន្តិចទៅទៀតដល់កន្លែងមួយឃើញដីមានដុះស្បូវ ច្រើន ក៏បោចស្បូវនោះមកចុកសំពៅដែលធ្លាយ។ ត្រង់កន្លែងនោះជាប់ ឈ្មោះមកដល់សព្វថ្ងៃថា “ភូមិព្រែកស្បូវ” ហើយបើកសំពៅធ្វើដំណើរ តទៅទៀតដល់កន្លែងមួយ ព្រះនាងសក់ក្រអូប ទ្រង់កើតទុក្ខព្រួយ ព្រះទ័យច្រើនប្រការ ណាមួយអំពីការធ្វើដំណើរដែលចេះតែឆ្ងាយទៅៗ រកទីសំណាក់មិនឃើញ ម្យ៉ាងទៀតអំពីពួកសៀមថាមុខជាគេតាមទាន់ មិនខាន។ ព្រះនាងទ្រង់អុជទៀននមស្ការបន់ស្រន់ ដល់អារក្សទឹក អារក្ស គោក និង អ្នកតាព្រៃភ្នំក្រមថ្មសព្វទីកន្លែងថា “សូមឱ្យបានជួបកន្លែងសុខ ប្រសើរ សូមឱ្យចោរសៀមចិត្តអប្រិយបរាជ័យវិនាសក្នុងសាគរ”។
ត្រង់កន្លែងដែលព្រះនាងអុជទៀនបន់នោះ ជាប់ឈ្មោះរហូតមកដល់សព្វ ថ្ងៃហៅថា “ភូមិអន្លង់ទៀន”។ ពិធីនមស្ការអំពាវនាវរបស់ព្រះនាងនោះ បានសម្រេចដូចសេចក្តីប្រាថ្នាមែន គឺសំពៅស្ដេចសៀមដែលបានបញ្ជូន ពលចំនួនមួយសែននាក់ កំពុងតាមស្កាត់រកព្រះនាងនោះ ក៏ជ្រួសផ្លូវគ្នា ដោយសំពៅ ស្ដេចបាយ៉ង់ ចេញទៅផ្នែកខាងកើត សំពៅពួកពលសៀម ចេញទៅផ្នែកខាងលិច។ ក្រោយដែលព្រះនាងបន់ស្រន់រួចហើយ សំពៅ ស្ដេចបាយ៉ង់ ក៏ងាកសំដៅទៅទិសនិរតីបន្តិច។ បន្ទាប់ពីនោះ ស្រាប់តែ មានខ្យល់ព្យុះយ៉ាងខ្លាំងបក់បោកសំពៅសៀមខ្ទេចខ្ទីលិចលង់ស្លាប់អស់ ពួកពលនៅក្នុងមហាសាគរ។ ត្រង់កន្លែងនោះមានឈ្មោះថា “ភូមិសែនលង់” ជាប់រហូតមកដល់សព្វថ្ងៃ គេហៅក្លាយមកជា "ភូមិសន្លុង” វិញ។
ចំណែកសំពៅ ស្ដេចបាយ៉ង់ កាលបើលឿនត្រង់ទៅទិសនិរតី ទ្រង់ទត ឃើញកោះ និងភ្នំជាច្រើន ព្រះអង្គក៏ចូលទៅបោះយុថ្កាចតសំពៅនៅក្បែរ កោះមួយ ស្តេចយាងឡើងលើកោះនោះដើម្បីរកទីកន្លែងដ៏សមគួរនឹងអាច រស់នៅបណ្តោះអាសន្នបាន ព្រះទ័យ ព្រះអង្គទតឃើញកន្លែងល្អៗជាច្រើនដែលគាប់ ក៏ឱ្យពួកពលជញ្ជូនអីវ៉ាន់ចេញពីសំពៅនាំព្រះអគ្គមហេសីយាង ចូលទៅក្នុងព្រៃច្រកភ្នំ ហើយចតសំពៅនៅត្រង់កន្លែងនោះ។ ក្រោយពី ស្តេច និងព្រះនាងព្រមទាំងព្រះរាជបរិវារឡើងគោកផុតភ្លាម ផ្ទៃមេឃក៏ ងងឹត បណ្តាលឱ្យមានភ្លៀងផ្គរយ៉ាងខ្លាំង ស្រាប់តែរន្ទះបាញ់សំពៅក្រឡាប់ លិចនៅទីនោះ។ ត្រង់កន្លែងនោះជាប់ឈ្មោះថា "ភ្នំរន្ទះ”។
បន្ទាប់ពីនោះ ស្ដេចបាយ៉ង់ ចេះតែខំស្វែងរកទីភូមិឋាន ដើម្បីបានសង់ ព្រះរាជដំណាក់ស្នាក់អាស្រ័យ។ គ្រានោះ ទ្រង់បានជួបទីទួលមួយខ្ពស់ល្អ គួរជាទីរីករាយក្រៃពេក ក៏ទ្រង់ធ្វើព្រះពន្លាបណ្តោះអាសន្ននៅទីនោះ។ លុះស្ដេចស្នាក់នៅបានស្រួលបួលហើយ ក៏ទ្រង់សំណេះសំណាលជាមួយ ព្រះអគ្គមហេសី អំពីសេចក្តីកំសត់ទុក្ខវេទនារបស់ព្រះអង្គ និងព្រះនាង តាំងពីដើមទីមក។ ព្រះនាងទ្រង់រំលឹកព្រះរាជាអំពីរឿងដែលទ្រង់បន់ថា នឹងដាក់ព្រះកេសកោរសក់ថ្វាយអារក្សទឹកនោះ ពេលនេះព្រះអង្គត្រូវតែ ដាក់ព្រះកេសលាបំណន់ក្នុងវេលានេះឯង។ ស្ដេចបាយ៉ង ទ្រង់ក៏កោរព្រះ កេសថ្វាយអារក្សទឹក ដូច្នេះបានជាជាប់នាមថា ស្ដេចបាយ៉ង់កោរ ហើយ ដីទួលខ្ពស់ដែលទ្រង់ធ្វើព្រះពន្លានោះ ជាប់ឈ្មោះថា “ភ្នំបាយ៉ង់កោរ” រហូត មកដល់សព្វថ្ងៃ។ ស្ដេចបាយ៉ង់កោរ ទ្រង់គង់នៅលើភ្នំនោះជាមួយ ព្រះនាង សក់ក្រអូប ជាព្រះអគ្គមហេសីបានសេចក្តីសុខជាង១ឆ្នាំ ព្រះអគ្គមហេសី ទ្រង់ក៏មានព្រះគភ៌។
លុះគ្រប់ទសមាស ទ្រង់ក៏ប្រសូតបានព្រះរាជបុត្រមួយអង្គ ព្រះនាមថា ព្រះបាទដៃខ្លី ។ ព្រះរាជបុត្រនេះពិតមែនតែមាននាម ព្រះបាទដៃខ្លី តែ ទ្រង់មានព្រះសិរីរាង្គអវយវៈពេញលក្ខណៈល្អទាំងអស់ ជាព្រះរាជកុមារ ក្លាហានអង់អាច រូបឆោមក៏ស្អាតសក្តិសមល្អឥតខ្ចោះ នាំឱ្យព្រះវរបិតា និង មាតា សព្វព្រះទ័យក្រៃលែង។ តាំងពី ស្ដេចបាយ៉ង់កោរ និង ព្រះនាង សក់ក្រអូប ភៀសព្រះអង្គមកគង់នៅកោះនេះមក ពុំដែលមានលេចឮដំណឹង អំពីស្តេចសៀមបន្តិចសោះឡើយ ព្រះអង្គគង់បានសុខសប្បាយឥតមានទុក្ខ ភ័យនឹកនាដល់ស្តេចសៀមមកដល់ទីនេះឡើយ។
ក្រោយមក ស្ដេចសៀមក៏រកកលល្បិចដើម្បីយក ព្រះនាងសក់ក្រអូប ឱ្យទាល់តែបាន ក៏រៀបចំរោងល្ខោនដ៏ពិសេសនៅលើសំពៅ ហើយជ្រើស រើសយកពួកមន្ត្រីរាជការជាច្រើនរូបដែលឈ្លាសវៃក្នុងល្បិចស៊ើបការណ៍ ផ្សេងៗ ព្រមទាំងរេហ៍ពលជាច្រើនទៀត បញ្ជូនសំពៅសំដៅទៅទិស ទក្សិណ ដើម្បីស្វែងរក ព្រះនាងសក់ក្រអូប ម្ដងទៀត។ ពួកមន្ត្រី ពួក ល្ខោន ហើយនិងពួកទាហានទាំងអស់ គេបានពិភាក្សាគ្នាដឹងកិច្ចការជា ស្រេចដោយគេយល់ថា ស្ដេចបាយ៉ង់កោរ និង ព្រះនាងសក់ក្រអូប ប្រាកដ ជានៅក្នុងកោះមួយឯនាយសមុទ្រ គេក៏ចេញសំពៅជាច្រើនថ្ងៃច្រើនយប់ សំដៅទៅដល់កោះនោះ ហើយក៏បោះយុថ្កាចតសំពៅនៅជិតឆ្នេរកោះ
ដែល ស្ដេចបាយ៉ង់កោរ គង់ស្នាក់អាស្រ័យនៅចម្ងាយប្រមាណ១២សិន ប៉ុណ្ណោះ។ ត្រង់កោះដែលពួកសៀមចតសំពៅនោះជាប់ឈ្មោះថា “ជើង ប្រជុំ” តមកដល់សព្វថ្ងៃគេហៅក្លាយមកជា “ជើងកញ្ជី”។
ឯពួកពលសេនាសៀម កាលដែលបានចតសំពៅបោះយុថ្កាផ្កាស្រួលហើយ គេក៏ដាក់ឈើធ្វើជាស្ពាន តពីសំពៅរបស់គេមកភ្ជាប់នឹងកំពង់នៃកោះនោះ ហើយក៏តាំងរៀបពិធីលេងល្ខោននៅក្នុងសំពៅរាល់យប់។ មនុស្សប្រុសស្រី ដែលនៅលើកោះទាំងប៉ុន្មាន ដោយពុំដែលបានមើលអ្វីឱ្យសប្បាយសោះ នោះ ក៏នាំគ្នាទៅមើលល្ខោនយ៉ាងកុះករ ហើយបានទទួលបដិសណ្ឋារកិច្ច យ៉ាងប្រសើរអំពីពួកពលរាជការសៀម។ លុះលេងយូរៗទៅ សេចក្តី សប្បាយរីករាយរបស់មនុស្សនៅលើកោះ ក៏កើតមានឡើងដោយសារ
សិល្បៈរបាំរបស់ស្ដេចសៀម បណ្តាលឱ្យអ្នកកោះ និងពួកពលសៀមស្និទ្ធ ស្នាលគ្នាយ៉ាងប្រពៃ។ ចំណែកពួកសៀមខាងស៊ើបការណ៏ ក៏យកការណ៍ បានយ៉ាងច្បាស់លាស់ថា ស្ដេចបាយ៉ង់កោរ ពិតជាស្នាក់នៅក្នុងកោះនេះ មែន។ អ្នកមើលល្ខោនទាំងប៉ុន្មាន កាលត្រឡប់ទៅផ្ទះវិញក៏នាំគ្នានិយាយ អួតសរសើរអំពីស្រីរបាំ និងពួកល្ខោនដែលចេះរាំយ៉ាងទន់ភ្លន់ និងអំពីការ រៀបចំទទួលភ្ញៀវយ៉ាងប្រសើររបស់ពួកគេ។ ឯពួកភីលៀង និងពួកពល សេនា ស្ដេចបាយ៉ង់កោរ ដែលបានទៅមើលល្ខោនជាមួយអ្នកកោះនោះ ក៏នាំគ្នាមកក្រាបទូល ស្ដេចបាយ៉ង់កោរ និង ព្រះនាងសក់ក្រអូប រៀង រាល់ថ្ងៃដែលបានទៅមើលល្ខោន។
ថ្ងៃមួយ ព្រះនាងអត់ទ្រាំនឹងសេចក្តីសប្បាយរីករាយនេះពុំបាន ដោយ ពួកភីលៀងចេះតែក្រាបទូលញឹកញាប់ពេក ព្រះនាងក៏ក្រាបទូលព្រះស្វាមី ចង់ទៅមើលល្ខោននឹងគេឱ្យបានឃើញម្តង ព្រោះពួកភីលៀងនិយាយ ថាល្អមើលណាស់។ ស្ដេចបាយ៉ង់កោរ ក៏ទ្រង់នៅស្ងៀមមិននិយាយអ្វី ទាំងអស់។
ព្រះនាងក៏ទុកព្រះរាជបុត្រឱ្យនៅជាមួយភីលៀងក្នុងព្រះរាជដំណាក់។ ព្រះនាងយាងចេញទៅស្រង់ទឹកនៅមាត់កំពង់ លុះស្រង់រួចហើយ ក៏ទ្រង់ គ្រឿងអលង្ការមានបរិវារប្រុសស្រីជូនព្រះរាជដំណើរទៅទតល្ខោន។
លុះចូលទៅដល់ ពួកមន្ត្រីនិងសេនាសៀមបានឃើញក៏ស្គាល់ថា ព្រះនាង សក់ក្រអូប ជាមហេសី ស្ដេចបាយ៉ង់កោរ ដែលពួកគេកំពុងតែស្វែងរកនោះ ឥឡូវព្រះនាងបានចូលក្នុងឧបាយកលរបស់គេហើយ ពួកគេក៏បានរៀបចំ បដិសណ្ឋារកិច្ចយ៉ាងគួរសមចំពោះព្រះនាង និងបានរចនាអាសនៈយ៉ាង វិចិត្រសម្រាប់ព្រះនាង។ កាលព្រះនាងគង់បានស្រួលបួលហើយ គេក៏ប្រគំ បទភ្លេងមួយយ៉ាងពិរោះឈ្មោះថា បទលោមនាង រួចគេប្រគំ បទជើត ទៀតជាកិច្ចបើកឆាកល្ខោនរបស់គេជាលំដាប់ហូរហែ។
អារម្មណ៍របស់ព្រះនាង បានដិតជាប់ នៅក្នុងសាច់រឿង និងបទភ្លេងដ៏ពិរោះ នៃតួអង្គល្ខោន។ ចំណែកពួកសៀម ដែលគេបានរៀបចំរួចជាស្រេចនោះ គឺគេណាត់គ្នាជាចង្វាក់ស្ករ និង ទំនុកច្រៀង។ សំពៅរបស់គេ គេចងខ្សែយុផ្កាមួយនៅទិស ឦសាន្តចម្ងាយ ៦-៧ សិន សម្រាប់រវៃសំពៅថយ កន្លែង នោះជាប់ឈ្មោះថា “ភូមិយុថ្កា” លុះគេដឹងថា ព្រះនាងកំពុងតែ ជាប់ព្រះទ័យយ៉ាងមាំចំពោះ សាច់រឿង និងបទភ្លេង គេក៏ប្រគំ បទភ្លេងមួយហៅថា “បទស្រាវ ខ្សែយុថ្កា” ហើយគេក៏ប្រគំបទភ្លេង មួយទៀតឈ្មោះថា "បទសំពៅថយ” រួចគេចាប់រវៃខ្សែយុថ្កា ហើយសំពៅ ក៏ចេះតែថយចេញបន្តិចម្ដងៗ។ ឯ ព្រះនាងសក់ ក្រអូប ព្រមទាំងភីលៀងឥតដឹងថាសំពៅថយចេញសោះឡើយ កំពុងជក់ ព្រះទ័យនឹងល្ខោននោះក្រៃលែង។ សំពៅក៏ថយចេញឆ្ងាយទៅៗ ទើប ព្រះនាងនឹកចង់វិលមកព្រះរាជដំណាក់វិញ។
លុះទ្រង់ងាករកផ្លូវចាកអាសនៈល្ខោន ស្រាប់តែឃើញសុទ្ធតែទឹក ល្អល្ងាចរកកោះត្រើយមិនឃើញ ព្រះនាងក៏ស្រឡាំងកាំងភ័ន្តភាំងញ័រចំប្រប់ កណ្តាលមហាសាគរ។ ព្រះនាងទ្រង់នឹកឃើញដល់រឿងដើមកាលដែល រត់ពីភ្នំដងរែកដើម្បីឱ្យផុតពីកណ្តាប់ដៃសៀម ឥឡូវគេចមិនផុត ត្រលប់ ជាវិលមកចូលក្នុងឧបាយកលរបស់សៀមទៅវិញ ក៏ទ្រង់ព្រះកន្សែងដោយ ក្រៀមក្រំថា “ឱ! ថ្ងៃនេះហើយដែលខ្ញុំត្រូវព្រាត់ប្រាស់ពីស្វាមីកំសត់ និង បុត្រជាទីស្រឡាញ់”។ ឯពួកសៀម គេច្រានអស់ពួកភីលៀងរបស់ ព្រះនាង សក់ក្រអូប ឱ្យចុះក្បួនត្រលប់មកវិញ គេយកតែព្រះនាងមួយអង្គទៅតែ ប៉ុណ្ណោះ។ លុះពួកគេបានព្រះនាងហើយ ក៏នាំយកទៅថ្វាយស្ដេចសៀម។ ស្ដេចសៀមត្រេកអរណាស់ បានឱ្យរង្វាន់ខាន់ទៅយ៉ាងច្រើនដល់ពល សេនាទាំងនោះ។ ស្ដេចសៀមបានយក ព្រះនាងសក់ក្រអូប មកគង់ក្នុង ប្រាសាទដោយឡែក ហើយឱ្យពួកស្រីស្នំក្រមការនៅចាំបម្រើព្រះនាង។
ចំណែក ស្ដេចបាយ៉ង់កោរ កាលបើទ្រង់ជ្រាបថាពួកពលសៀមនាំ យកព្រះអគ្គមហេសីទៅហើយ ព្រះអង្គក៏កើតទុក្ខសោកសង្រេងក្រៃលែង មិនចង់ធ្វើអ្វីទាំងអស់ ទឹកព្រះនេត្រហូរជាប់ជានិច្ចទ្រាំរស់នៅជាមួយ ព្រះរាជបុត្រ។ ព្រះអង្គទ្រង់គង់គយគន់ទៅមហាសាគរ ស្ទើរតែបែកព្រះ នេត្រ តែមិនបានឃើញអ្វីក្រៅពីទឹកដ៏ធំល្វឹងល្វើយ និងរលកបោកបែក ផ្កាត្រែងនោះឡើយ ទ្រង់ងាកមកមើលលើកោះវិញ ក៏ទ្រង់ឃើញតែរុក្ខា លតាវល្លិដែលសុទ្ធតែជាធម្មជាតិរស់រវើក ហាក់ដូចជាចង់ជួយរំលែកនូវ សេចក្តីទុក្ខរបស់ទ្រង់។ ព្រះអង្គមានព្រះបន្ទូលថា "កំសត់អើយ! កំសត់ អ្វីម៉្លេះ បងស្រណោះណាស់កាលបងនាំអូនរ៉ត់ផុតពីដៃសៀម ឥឡូវមិនផុត គង់ភ្លាត់ស្នៀតធ្វើឱ្យបងទីមទាមនៅម្នាក់ឯង"។
ចំណែក ព្រះនាងសក់ក្រអូប ដែលគង់នៅក្នុងប្រាសាទមួយតែព្រះអង្គ
នោះមានព្រះភក្ត្រស្រពាប់ស្រពោនជានិច្ច ទោះបីស្រីស្នំក្រមការខំយកចិត្តទុក ដាក់បម្រើផ្គាប់ផ្គុនយ៉ាងណា ក៏មិនស្រាកស្រាន្តពីសេចក្តីទុក្ខដែរ ប្រាសាទ ធំល្វឹងល្វើយ តែហាក់ដូចជាចង្អៀតរកផ្លូវដើរគ្មាន។ មួយថ្ងៃៗ ព្រះនាងតែង គង់អើតតាមបង្អួចខាងត្បូងជានិច្ច សម្លឹងរកមើលក្រែងបានឃើញមនុស្ស ដែលព្រះនាងធ្លាប់ស្គាល់។ ស្ដេចសៀម ឱ្យទាហានយាមទ្វារជានិច្ច មិនឱ្យ ព្រះនាងចេញទៅណាបានឡើយ ព្រះនាងកើតទុក្ខសោកសង្រេងរាល់ថ្ងៃ នឹកឃើញព្រះរាជបុត្រតូចជាទីស្រលាញ់ និង ព្រះស្វាមីជាគូកំសត់។
ច្រើនឆ្នាំក្រោយមក ព្រះអង្គម្ចាស់ដៃខ្លី ក៏មានវ័យវឌ្ឍនាការចំរើនធំ ឡើង សួរព្រះបិតារកព្រះមាតាដែលមិនបានឃើញទាល់តែសោះ។ ស្ដេច បាយ៉ង់កោរ ក៏ប្រាប់ព្រះរាជបុត្រតាមដំណើររឿងគ្រប់យ៉ាង។ ព្រះអង្គក៏ កើតសេចក្ដីក្ដៅក្រហាយជាខ្លាំង សូមលាព្រះបិតាទៅតាមរកព្រះមាតា យកមកវិញឱ្យទាល់តែបាន។ ព្រះបិតាក៏មានព្រះបន្ទូលថា “បើបុត្រទៅតាម រកព្រះមាតា បុត្រទៅដៃទទេពុំបានទេ ទោះបីបុត្រយកម្តាយមកវិញក៏នឹង ប្រយុទ្ធគ្នាខាងផ្លូវសង្គ្រាមជាមិនខាន ដូច្នេះបុត្រកុំអាលទៅអី ចាំបិតាកេណ សេនារេហ៍ពលឱ្យបានទៅកំដរ បើមានអាសន្នមកដល់កូនអាចដោះខ្លួន បាន”។ ទើប ស្ដេចបាយ៉ង់កោរ ទ្រង់ជ្រើសរើសមនុស្សដែលក្លាហាន ស្ម័គ្រ ចិត្តចូលធ្វើជាពលសេនា បានចំនួនរាប់ម៉ឺននាក់ឱ្យមកប្រជុំនៅកន្លែងមួយ តាំងសីលមន្តវិជ្ជាការហាត់រៀនមន្តអាគមគាថានៅទីព្រះលានមួយ ទើបនៅ ទីនោះជាប់ឈ្មោះថា "ស្រែចមពល” រហូតមកដល់សព្វថ្ងៃនេះ។
លុះទ្រង់យល់ថា បានការល្មមជាទីទុកចិត្តហើយ ទើបទ្រង់ឱ្យ ព្រះបាទ ដៃខ្លី ជាព្រះរាជបុត្រ ចុះសំពៅទៅតាមផ្លូវជើងទឹក សំដៅទៅទិសពាយ័ព្យ អស់ពេលរវាងបីសប្តាហ៍ទើបទៅដល់ព្រំដែនសៀម។ ព្រះអង្គម្ចាស់ដៃខ្លី ក៏ចតសំពៅនៅកំពង់នៃកោះមួយ ដែលមានដែនដីជាប់នឹងព្រំប្រទល់ សៀមល្មមយាងចូលទៅស្រុកសៀមបាន។ ដូចបានពោលមកហើយថា ព្រះអង្គម្ចាស់ដៃខ្លី ពិតមែនមានព្រះនាមថា ដៃខ្លី តែព្រះអង្គមានព្រះហស្ថ ល្អ មានព្រះរូបស្អាតសង្ហាគួរជាទីពិតពិលរមិលមើលនៃពួកស្រីៗក្រមុំ ព្រះ អង្គបានផ្តាំពួកពលទាំងអស់ថា “សូមលោកចាំសំពៅនៅទីនេះចុះ យើង ទៅតែម្នាក់ឯងបានហើយ មិនកំណត់ថា ថ្ងៃណានឹងមកវិញទេ លុះត្រាតែ យើងបានសម្រេចតាមសេចក្តីប្រាថ្នា ទើបត្រលប់មកសំពៅវិញ”។ ព្រះអង្គ ក៏ធ្វើដំណើរទៅដល់ក្រុងសៀម ក្នុងព្រះទ័យចេះតែគិតបណ្តើរថា “បើសិន បានជួបនឹងព្រះមាតា ប្រហែលជាមិនស្គាល់ព្រះភក្ត្រលោកទេ ចំណែក ព្រះមាតាវិញ ក៏ប្រហែលជាមិនស្គាល់ទូលព្រះបង្គំដែរ”។
គាប់ជួនជាថ្ងៃមួយ ព្រះបាទដៃខ្លី កំពុងតែសម្លឹងមើលនាយមើលអោយ ស្រាប់តែបានជួបប្រទះ ព្រះនាងសក់ក្រអូប ជាព្រះមាតាដែលគង់ត្រង់បង្អួច ប្រាសាទ ទតមើលមកខាងក្រៅតែមួយព្រះអង្គឯង តែទ្រង់មិនស្គាល់ជា ព្រះមាតាសោះ ទ្រង់គិតថា ជាស្រីសៀមមានរូបឆោមស្អាតស្រស់បំព្រង មុខមូលក្រឡង់ដូចវង់ចន្ទ បបូរមាត់ក្រហមឆ្អៅគួរជាទីស្រលាញ់ ក៏មានចិត្ត ប្រតិព័ទ្ធ ក៏ទ្រង់ពោលពាក្យបណ្ឌិតបញ្ចាំងផ្តោះផ្គងឱ្យព្រះនាងដោយ សេចក្តីស្នេហា។ ឯ ព្រះនាងសក់ក្រអូប វិញ មិនស្គាល់ថាប្រុសម្នាក់នេះ ជាព្រះរាជបុត្ររបស់ទ្រង់ គិតថាជាប្រុសសៀមសុទ្ធសាធ ក៏កើតចិត្ត ប្រតិព័ទ្ធយ៉ាងខ្លាំង រហូតដល់បានពោលពាក្យសម្ដីចែចង់តាមធម្មតារបស់ ស្ត្រី និងបុរស។ ព្រះនាងបានផ្តាំព្រះអង្គថា ដល់ពេលព្រលប់ធំចាំឱ្យព្រះអង្គ មកម្ដងទៀត ព្រះនាងនឹងចុះពីប្រាសាទមកចាំផ្លូវ។ ព្រះនាងបានបញ្ជាក់ ទៀតថា “ទីនេះស្ងាត់ល្អណាស់ ឥតមានមនុស្សចេញចូលញឹកញាប់ទេ”។ ព្រះអង្គម្ចាស់មានសេចក្តីស្នេហាជាខ្លាំង ហើយទ្រង់គិតថា “អញចង់កូនក្រមុំ សៀមនេះឱ្យបានហើយ នឹងពង្រាត់យកនាង ទៅទុកនៅសំពៅសិន សឹមដើរទៅរកម្តាយ បន្តទៅទៀត”។ លុះដល់ពេលព្រលប់ធំ ព្រះអង្គម្ចាស់នោះ ក៏ត្រឡប់មកប្រាសាទ វិញតាមបណ្តាំព្រះនាង។ ព្រះនាងក៏ ចេញមកជួបនាំគ្នាឡើងទៅព្រះរាជដំ ណាក់។ អ្នកទាំងពីរក៏និយាយសំណេះ សំណាលលួងលោមគ្នាដោយសេចក្តី ស្នេហា បានប្រព្រឹត្តិស្មន់អន្ធករនឹងគ្នា ហើយក៏នាំគ្នារត់ចេញពីព្រះដំណាក់ សំដៅទៅកំពង់ជាទីចតសំពៅ។
លុះមកដល់សំពៅ ព្រះនាងស្គាល់អាមាត្យជាក្រុមញាតិជាអ្នកបម្រើ អ្នកទាំងនោះក៏ភ្ញាក់ខ្លួន ហើយសាកសួរគ្នាទៅវិញទៅមកភ្លាម ក៏ដឹងច្បាស់ ថាស្ត្រីនេះជា ព្រះនាងសក់ក្រអូប ជាព្រះមាតារបស់ ព្រះអង្គម្ចាស់ដៃខ្លី ជាព្រះរាជបុត្រ។ ព្រះនាងក៏ជ្រាបថា បុរសនេះជាព្រះរាជបុត្រជាទីកំសត់ ដែលព្រះនាងប្រាសចាកចោលមកអស់រយៈកាលជាង១០ឆ្នាំមកហើយ។ ព្រះមាតា និងព្រះរាជបុត្រក៏យំឱបគ្នាដោយសេចក្តីនឹករលឹកយ៉ាងសែន កំសត់។ ឯសេចក្តីស្នេហាដោយតណ្ហា ក៏រលាយបាត់ក្នុងពេលនោះគ្មាន សល់។ ព្រះរាជបុត្រ ក៏មានសេចក្ដីរន្ធត់ញាប់ញ័រជាពន្លឹកចំពោះអំពើពុំគប្បី ដែលទ្រង់បានធ្វើចំពោះព្រះមាតា ទោះជាព្រះមាតាអត់ទោសយ៉ាងណា ក៏មិនស្ងប់សេចក្តីញាប់ញ័រនោះឡើយ។ ពួកពលសេនា កាលបានព្រះនាង ហើយ ក៏នាំគ្នាបើកសំពៅយ៉ាងលឿនឥតមានបង្អង់ ឆ្ពោះទៅកាន់ព្រះ រាជដំណាក់ ព្រះបាទបាយ៉ង់កោរ វិញ។
បីសប្តាហ៍ក្រោយមក សំពៅក៏បានមកដល់ព្រះរាជដំណាក់។ ស្តេច បាយ៉ង់កោរ និង ព្រះនាងសក់ក្រអូប បានមកជួបជុំគ្នាដោយសេចក្តី រីករាយ និងដោយសេចក្តីសោកសង្រេងទម្លុះខ្សឹកខ្សួលព្រោះសេចក្តីនឹក រលឹកបំផុត។ កាលបើបានជួបព្រះភស្តាជាទីស្រលាញ់ហើយ ព្រះនាងក៏ ក្រាបបង្គំទូលរៀបរាប់តាមដំណើរថា “គេនាំយកខ្ញុំម្ចាស់ទៅឱ្យនៅក្នុង ប្រាសាទមួយតែម្នាក់ឯង មានពួកស្រីៗនៅកំដរចាំបម្រើគ្រប់ពេលវេលា គ្មានស្តេចសៀមរឺកំលោះណាមកបៀតបៀនខ្ញុំម្ចាស់ទេ។ ពេលដែលកូន យើងទៅដល់ ខ្ញុំម្ចាស់មិនស្គាល់ជាកូនរបស់យើងសោះ នឹកស្មានថាជា ប្រុសកម្លោះមកពីណា។ ចំណែកកូនយើងវិញ ក៏មិនស្គាល់ខ្ញុំម្ចាស់ជាម្តាយ ដែរ។ ពេលបានជួបគ្នា ក៏កើតចិត្តប្រតិព័ទ្ធស្នេហារហូតដល់បានស្ម័គ្រស្ទន់ អន្ធករជាមួយនឹងកូនរបស់យើងនេះទៅហើយ សូមព្រះស្វាមីអភ័យទោស ដល់រូបខ្ញុំម្ចាស់ ព្រមទាំងបុត្រផង”។
ស្ដេចបាយ៉ង់កោរ ទ្រង់ជ្រាបហេតុសព្វគ្រប់តាមពាក្យទូលនៃព្រះនាង ហើយ ទ្រង់ក៏ឥតមានខ្ញាល់អ្វីឡើយ ដោយព្រះអង្គទ្រង់ពិចារណាថា "ធម្មតាម្តាយនិងកូន ទោះបីយ៉ាងណាក៏មិនហ៊ានប្រព្រឹត្តិអំពើពុំគប្បីយ៉ាង នេះដែរ នេះគឺមកពីហេតុមិនស្គាល់គ្នាបានជាហ៊ានប្រព្រឹត្តិអនាចារយ៉ាង នេះ”។ រឿងនេះ ស្ដេចបាយ៉ង់កោរ ព្រះអង្គមានសន្ទុះសង្ស័យក្រែងលោ ព្រះរាជបុត្រមានបាបកម្មធ្ងន់ធ្លាក់ដល់អបាយ ទើបព្រះអង្គ ឱ្យហៅអ្នកប្រាជ្ញ រាជបណ្ឌិតកវីហោរា មកជួបជុំពិគ្រោះគ្នាមើល ក្រែងមានកម្មពៀរវេរាទៅ ជាតិខាងមុខ។ លុះជំនុំពិគ្រោះធៀបមើលហេតុផលសព្វគ្រប់ទៅ ក៏បាន វិនិច្ឆ័យសម្រេចថា “ត្រូវតែឱ្យព្រះរាជបុត្រទទួលទណ្ឌកម្ម គឺត្រូវជីកស្រះ ឱ្យបានចំនួន១០០១អង្គ”។ ស្ដេចបាយ៉ង់កោរ ក៏ទ្រង់ចាត់ឱ្យពលករ១០០១ នាក់ ឱ្យជួយជីកស្រះព្រះរាជបុត្រដែរ។
លុះជីករួចកើតបានជាស្រះហើយ ក៏ទ្រង់ចាត់ចែងធ្វើបុណ្យឆ្លង ហើយ ព្រះរាជបុត្រទ្រង់អធិដ្ឋានថា "ស្រះអង្គទាំង១០០១ ដែលជាស្នាដៃខ្ញុំកសាង នេះ ខ្ញុំសូមឧទ្ទិសទុកជាប្រយោជន៍ដល់សត្តនិករ ដើម្បីនឹងបានទឹកប្រើតទៅ ដរាបណាស្រះអង្គនេះលែងដក់ទឹក ហើយដីដុះរាបស្មើឡើងវិញដូចធម្មតា ដរាបនោះ សូមឱ្យទោសរបស់ខ្ញុំរលាយអហោសិកម្មទៅ”។ ហេតុនេះ ហើយបានជានៅក្នុងខេត្តតាកែវទាំងមូល មានទីកន្លែងដែលមានឈ្មោះថា អង្គៗច្រើនណាស់ ដូចជា អង្គរកា អង្គសឹង្ហ ជាដើម។ ចប់







0 Comments:
Post a Comment