ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Saturday, February 3, 2024

រឿង ក្រពើលោកនេន

kkkចំនួនអ្នកទស្សនា: Views

 


រឿង ក្រពើលោកនេន

បើយើងធ្វើដំណើរពីភ្នំពេញទៅតាមទន្លេធំដោយទូក ប្លុកប៉ាល់ទៅ ដល់ភ្នំដីច្រាល ហើយបត់ទៅដល់ផែក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្ត កំពង់ចាម ក្រឡេកចោលភ្នែកទៅទិសឦសានក្នុងស្រុកព្រះប្រសព្វ ខេត្តក្រចេះត្រើយខាងជើងត្រង់ឃុំចំបក់ យើងនឹងឃើញភ្នំមួយខ្ពស់ទទុង នៅក្បែរមាត់ទន្លេនោះមានឈ្មោះថា “ភ្នំសុពណ៌កាលី” ជាភ្នំសំក្តិសិទ្ធិ ណាស់។ ភ្នំនោះមានរឿងព្រេងដំណាលដូចតទៅនេះ ៖

កាលពីព្រេងនាយ មានក្រពើមួយឈ្មោះ សុពណ៌កាលី ខ្លួនធំ

មហិមាមានឫទ្ធានុភាពពូកែណាស់ ឥតមានក្រពើណាអាចប្រឡង ឫទ្ធិជាមួយបានឡើយ។ ក្រពើនោះអាស្រ័យនៅក្នុងអន្លង់មួយឈ្មោះ អន្លង់សាលី ដែលសព្វថ្ងៃហៅថា ភូមិអន្លង់សាលី ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅខាងក្រោមភ្នំសុពណ៌កាលីចម្ងាយប្រហែល២០ គីឡូម៉ែត្រ។

ក្នុងសម័យជាមួយគ្នានោះ នៅឃុំមហាលាភ ស្រុកកោះសុទិន ក្នុងខេត្តកំពង់ចាម មានក្រពើមួយឈ្មោះ នាងឱរ៉ៃ អាស្រ័យនៅក្នុង ទន្លេតូចត្រង់កំពង់វត្តមហាលាភ ជាក្រពើរបស់លោកសង្ឃចិញ្ចឹម។ រាល់ពេលលោកនិមន្តទៅណា ក្រពើនោះបានចម្លងលោកនេនដែល ជាម្ចាស់រាល់លើក។

ក្រពើនោះមានមាឌធំណាស់ ក្បាល៧ហត្ថអាចតំណែងខ្លួនជា មនុស្សបាន។ កាលវាតំណែងខ្លួនជាមនុស្ស នាងឱរ៉ៃ បានឮពាក្យ មនុស្សនិយាយគ្នាថា “ក្រពើឈ្មោះ នាងឱរ៉ៃ ធំអីប៉ុណ្ណឹងនៅចាញ់ក្រពើ មួយទៀតឈ្មោះ សុពណ៌កាលី នៅអន្លង់សាលីធំជាងនេះទៅទៀត”។

នាងឱរ៉ៃ បានឮមនុស្សនិយាយគ្នាដូច្នោះក៏ប្រែជាក្រពើដូចដើម ហែល ទៅតាមទន្លេតូចមានចំងាយច្រើនគីឡូម៉ែត្រ សំដៅទៅរកក្រពើ សុពណ៌ កាលី ដោយប្រាថ្នានឹងប្រឡងឫទ្ធិគ្នា។ លុះចេញទៅដល់មាត់ពាមផ្កាយ ម្រេច ក៏ប្រទះនឹងតាយាយកំពុងអុំទូកឆ្លងទន្លេធំ នាងឱរ៉ៃ គិតថា "បើខ្លួន អញនៅជាក្រពើនឹងសុំដោយសារគេពុំបានទេ ព្រោះគេខ្លាចក្រពើណាស់។ បើដូច្នេះ អញត្រូវតែនិមិត្តខ្លួនជាលោកនេនទើបសុំដោយសារគេបាន” គិតហើយក៏និមិត្តខ្លួនជាលោកនេនសុំដោយសារតាយាយបានដូចបំណង។ នាងឱរ៉ៃ ជាលោកនេនមិនបានឱ្យតានៅកន្សៃទូកទេ ក៏បង្គាប់តាយាយ ឱ្យទៅអង្គុយខាងក្បាលទូកទប់ខ្លួនឱ្យនឹង។ ហើយលោកនេនក្រពើក៏ខំ អុំទូកលឿនបន្តិចម្ដងៗ។ លុះយូរទៅទូករឹតតែលឿនទៅៗដោយអំណាច នាងគិរ៉ែ និមិត្តយកកន្ទុយជួយកាយទឹកផ្សំ ផងចំនួនកន្លះថ្ងៃទើបទៅដល់កន្លែង ក្រពើ សុពណ៌កាលី។

នាងឱរ៉ៃ លោកនេនសួរតាយាយថា “តាឡើងត្រើយខាងណា?”។ តាយាយឆ្លើយប្រាប់ទៅវិញថា “តាឡើងត្រើយខាងស្តាំនេះបាន ហើយ”។ លុះចូលទូកទៅដល់កំពង់ នាងឱរ៉ៃ លោកនេនជួយអូស ទូកតាយាយផុតពីទឹក។ តាថា “ដាក់ទូកត្រង់ហ្នឹងបានហើយ”។ នាងឱរ៉ៃ លោកនេនថា "ពុំបានទេតា” ថាហើយក៏អូសទូកនោះ ទៅដាក់ដល់ចិញ្ចើមច្រាំងចងក្រៀកដោយច្រវ៉ាក់ភ្ជាប់នឹងបង្គោល ព្រោះ នាងឱរ៉ៃ គិតថា នៅពេលប្រឡងឫទ្ធិគ្នានោះ រលកទឹកបោក ខ្លាំងៗណាស់ពោរដល់ចិញ្ចើមច្រាំង បើមិនចងឱ្យជាប់ទេមុខជា អណ្តែតទូកនេះទៅបាត់មិនខានឡើយ។


បន្ទាប់មក នាងឱរ៉ៃ ក៏សំដែងឫទ្ធិប្រែខ្លួនជាក្រពើលោតចុះទៅ ក្នុងទឹកហែលសំដៅទៅរកក្រពើ សុពណ៌កាលី ។ លុះបានជួបហើយ ក៏ប្រខាំគ្នាដោយប្ញទ្ធិអស្ចារ្យបញ្ឈរខ្លួនផុតពីទឹក ផ្អើលអស់មនុស្ស មកមើលត្រៀបត្រា រលកទឹកបោកហួសចិញ្ចើមច្រាំង។

លុះប្រខាំគ្នាយូរទៅក្រពើ នាងឱរ៉ៃ មានឫទ្ធិខ្លាំងជាងក៏ខាំត្រូវពោះ ក្រពើ សុពណ៌កាលី ធ្លាយពោះស្លាប់នៅទីនោះ ហើយក៏កើតជាភ្នំមួយ ហៅថា “ភ្នំសុពណ៌កាលី" តាមឈ្មោះក្រពើនោះដរាបមកដល់សព្វ ថ្ងៃនេះ។

ភ្នំនេះពូកែស័ក្តិសិទ្ធិណាស់បើអ្នកណាទៅរៀនមន្តវិជ្ជានៅភ្នំនោះហើយបើកំពុងអង្គុយស្វាធ្យាយ

តែងមានពួកបិសាចមកល្បងធ្វើជាដុំមាសប៉ុនដូងទុំ ឬស្រីក្រមុំមកពិតអែបស្វាសងខាង។

បើអ្នករៀនវិជ្ជានោះភ្លាត់ចំណាប់ចង់បានរបស់នោះមុខជាពួកនេះវាយបំបាក់កស្លាប់ពុំខាន

ឡើយ។


កាលមានជ័យជំនះហើយ ក្រពើ នាងឱរ៉ៃ នោះក៏ត្រឡប់មកលំនៅ វិញ។ លុះនៅយូរបន្តិចទៅ ក្រពើនោះកំពុងតែចម្លងលោកនេនឆ្លង ទឹកស្រាប់តែប្រទះនឹងក្រពើ បច្ចាមិត្រ ដទៃទៀតមកបៀតបៀន។ នាងឱរ៉ៃ គិតថា “ឥឡូវនេះនឹងទុកលោកនេននៅកន្លែងណា?”។ ដោយសារតែរកកន្លែងទុកលោកមិនឃើញ នាងឱរ៉ៃ ក៏លេបលោក នេនចូលទៅក្នុងពោះហើយប្រយុទ្ធនឹងក្រពើ បច្ចាមិត្រ យ៉ាងខ្លាំងក្លា។

លុះក្រពើ បច្ចាមិត្រ ចាញ់ក្រពើ នាងឱរ៉ៃ ហើយក្រពើ បច្ចាមិត្រ ក៏គេចខ្លួនបាត់ទៅ។ លុះរួចកិច្ចប្រយុទ្ធគ្នា នាងឱរ៉ៃ ក៏ខ្ជាក់លោក នេនចេញពីក្នុងពោះមកវិញ ក៏ស្រាប់តែលោកនេនសុគតបាត់ទៅ ហើយ។ នាងឱរ៉ៃ កើតសេចក្តីសោកស្តាយក្រៃលែង។នៅឱកាសដែលពួកមហាជនកំពុងធ្វើបុណ្យឈាបនកិច្ចរំលាយ សពលោកនេននោះ ក្រពើ នាងឱរ៉ៃ ក៏វារឡើងទៅដេកលើភ្នក់ភ្លើង ដែលកំពុងតែឆេះពេញដោយអំណាចអណ្តាតភ្លើងសន្ទោសនៅ។ តេជោធាតុក៏ឆេះក្រពើ នាងឱរ៉ៃ នោះស្លាប់បាត់បង់ជីវិតទៅជាមួយ នឹងលោកនេននោះដែរ។




0 Comments:

Post a Comment