រឿងនាងកុលធិតា៖
រឿងព្រេងទាក់ទងនឹងពិធីសែនព្រះភូមិ និងរដូវធ្វើស្រែ
រហូតមកដល់សព្វថ្ងៃនេះ នៅកន្លែងខ្លះក្នុងប្រទេសកម្ពុជា តែកាលណា មានភ្លៀងធ្លាក់សើមដីល្មមអាចប្រកបរបរធ្វើស្រែបានហើយ គេច្រើន ឃើញអ្នកស្រែធ្វើ ច្រមដាក់បាយ សម្ល នំចំណី យកទៅដោតសែន នៅក្នុងស្រែរបស់គេដើម្បីឱ្យស្រូវបានផលច្រើន ហើយគេតែងហៅ ពិធីនេះថា សែនព្រះភូមិ។ ទំនៀមសែនព្រះភូមិនេះ តាមការស្រាវ ជ្រាវបានឱ្យដឹងថា មានទាក់ទងតាំងពីពុទ្ធសម័យមកម៉្លេះ។ ប៉ុន្តែកាល ណោះ គេបូជានាងយក្ខនីដើម្បីសួរដំណឹងទឹកភ្លៀង។ លុះយូរៗមក អ្នកស្រុកភ្លេចរឿងដើមក៏ស្មានថាការសែនព្រះភូមិនេះ គឺសែនឱ្យទេវតា ដែលរក្សាផែនដីនេះទៅវិញ ប៉ុន្តែទោះជាយល់ដូច្នោះក៏ដោយ ក៏មិនខុស ឆ្ងាយចាកហេតុដើមប៉ុន្មានដែរ រឿងនេះមានដំណាលដូចតទៅ ។
ក្នុងសម័យពុទ្ធកាល មានកុដុម្ពិកៈម្នាក់ជាអ្នកមានស្តុកស្តម ប៉ុន្តែ ពួកគាត់គ្មានកូនម្នាក់សោះ។ មាតារបស់កុដុម្ពិកៈត្រិះរិះក៏យល់ថា "បើអញគ្មានចៅ តើបាននរណាតវង្សត្រកូល និងរក្សាទ្រព្យសម្បត្តិ តទៅទៀត”។ គំនិតនេះមិនបានបាត់ស្ងាត់ក៏ដឹងដល់នាងភរិយា របស់កុដុម្ពិកៈ។ នាងភរិយានោះគិតថា “បើប្ដីអញមានប្រពន្ធចុង ហើយនាងនោះមានកូន គេមុខជាបានគ្រប់គ្រងទ្រព្យសម្បត្តិធ្វើជាធំ
ក្នុងផ្ទះនេះពុំខាន ឯខ្លួនអញប្រាកដជាបាត់មុខមាត់ពុំមានអ្នកណារាប់ អានឡើយ។ បើដូច្នោះអញគួរចេញមុខទៅស្ដីដណ្ដឹងប្រពន្ធជំនួស ម្តាយក្មេកដើម្បីឱ្យនាងប្រពន្ធចុងនោះ គេគោរពកោតខ្លាចអញ”។
បន្ទាប់មកនាងនោះក៏ចូលទៅនិយាយនឹងម្តាយក្មេកដើម្បីធានាទៅ ដណ្តឹងប្រពន្ធឱ្យប្តី។ ម្តាយក្មេកក៏យល់ព្រម។ លុះបានប្រពន្ធថ្មីមក មិនយូរប៉ុន្មាននាងប្រពន្ធចុងនោះក៏មានគភ៌មែន។ នាងប្រពន្ធដើម ដឹងដូច្នោះក៏ផ្សំថ្នាំលាយនឹងចំណីឱ្យនាងនោះបរិភោគ។ កូនដែល ទើបតែនឹងចាប់បដិសន្ធិនៅក្នុងផ្ទៃនាងនោះក៏រលូតចេញមកមួយ លើកជាពីរលើក។ លុះដល់លើកទីបីឱសថដែលនាងប្រពន្ធដើមផ្សំ ឱ្យនោះ មិនត្រឹមតែធ្វើឱ្យអន្តរាយដល់ទារកទេ ថែមទាំងបណ្តាល ឱ្យមានគ្រោះថ្នាក់ដល់ជីវិតម្តាយទៀតផង។
តែមុននឹងនាងប្រពន្ធចុងស្លាប់ នាងក៏ដឹងនូវសេចក្ដីអន្តរាយនេះដែរ មិនមានអ្នកណាក្រៅពីនាងប្រពន្ធដើមជាអ្នកធ្វើឡើយ នាងមាន គំនុំចងពៀរនឹងនាងប្រពន្ធដើមហើយសច្ចាថា “នាងនេះចិត្ត អាក្រក់ណាស់ ហ៊ានសម្លាប់កូនអញមួយលើកជាពីរលើក លើកនេះ ស្លាប់ដោយទាំងខ្លួនអញទៅទៀត ដើម្បីសងគំនុំ សូមឱ្យខ្ញុំកើត ជាតិណាៗនឹងបានស៊ីកូនវាវិញកុំខាន”។ ថាតែប៉ុណ្ណេះនាងនោះ ក៏ទទួលមរណភាពបាត់ទៅ ហើយអន្ទោលយកកំណើតជាសត្វឆ្មា។
រីឯនាងប្រពន្ធដើម បន្ទាប់ពីស្លាប់បាត់បង់ជីវិតទៅក៏ចាប់កំណើត ជាសត្វមាន់។ មេមាន់នោះកាលបើបានពងចេញដាក់សំបុកកាល ណា សត្វឆ្មាទៅស៊ីពងនោះអស់រលីង។ បន្ទាប់មកមេមាន់ក៏ចង ពៀរនឹងសត្វឆ្មាដោយប៉ងប្រាថ្នាថា “កើតជាតិក្រោយសូមឱ្យបាន ស៊ីកូនឆ្មាវិញកុំបីខាន” ថារួចមេមាន់ក៏ដាច់ខ្យល់ស្លាប់ទៅ។ លុះ ជាតិបន្ទាប់មកទៀត ឆ្មានោះក៏អន្ទោលជាតិទៅជាមេម្រឹគ។ ឯមេមាន់ចាប់កំណើតជាខ្លា។ កាលណាមេម្រឹគសម្រាលកូន ខ្លានោះ តែងទៅខាំស៊ីកូនអស់គំរប់បីលើកដូចន័យមុនទៀត។
ជាតិបន្តមកទៀតខ្លានោះទៅកើតជាមនុស្សឈ្មោះនាងកុលធីតា ឯមេម្រឹគទៅកើតជាយក្ខិនី។ ក្នុងពេលដែលនាងកុលធីតា មានកូន ស្រាប់តែនាងយក្ខិនីនោះសុំធ្វើជាមិត្តមកសួរសុខទុក្ខ ហើយបន្លំចាប់ កូននោះស៊ី។
លុះគំរប់លើកទីបីនាង កុលធីតា នាំប្តីនិងកូនទៅងូតទឹកស្រះ។ នៅពេលដែលនាងងូតទឹករួចហើយ នាងក៏បីកូនអង្គុយចាំប្ដី នាង ចោលភ្នែកទៅឃើញយក្ខិនីដើរសំដៅមកពីចំងាយក៏យល់ថា ច្បាស់ ជាជួបនូវភាពអន្តរាយមិនខាន ក៏ស្ទុះបីកូនរត់គេចរហូតទៅដល់វត្ត ជេតពន់។
គាប់ជួនជាពេលនោះ
ព្រះពុទ្ធកំពុងប្រទានធម៌ទេសនានៅ កណ្តាលជំនុំបរិស័ទ។ កុលធីតា ភ័យណាស់យកកូនទៅដាក់ទៀប ព្រះបាទព្រះអង្គ ហើយស្រែកយំ អង្វរទ្រង់ថា “សូមព្រះអង្គជួយខ្ញុំ ព្រះករុណាផង
នាងយក្ខិនីតាមខ្ញុំព្រះករុណាមកដល់កំពែងវត្តហើយ”។ ព្រះពុទ្ធ អង្គទ្រង់ត្រាស់ប្រើអានន្ទឱ្យទៅហៅនាងយក្ខិនីនោះចូលមក។
កាលបើនាងយក្ខិនីនោះចូលមកថ្វាយ បង្គំព្រះអង្គ ទើបទ្រង់នាំអតីតនិទាន អំពីការចងពៀរដែលមិនអាចរម្ងាប់ ដោយពៀរមកសំដែងប្រាប់ រួចទ្រង់ ផ្សះផ្សានាងទាំងពីរនាក់ឱ្យលែងកាន់
ចិត្តគំនិតគុំគួននឹងគ្នាហើយឱ្យរាប់អានគ្នាជាបងប្អូនតទៅ។ នាង យក្ខិនីទូលសួរព្រះអង្គថា "តើឱ្យខ្ញុំព្រះករុណារស់នៅរបៀបណា? បើខ្ញុំព្រះករុណាធ្លាប់តែរស់ដោយចាប់មនុស្សសត្វស៊ី ជាអាហារ យ៉ាងហ្នឹងទៅហើយនោះ”។
កាលណោះ ព្រះពុទ្ធអង្គទ្រង់ត្រាស់បង្គាប់ឱ្យនាងកុលធីតា យកនាង យក្ខិនីទៅចិញ្ចឹម ព្រោះនាងយក្ខិនីនេះចេះមើលដំណើរទឹកភ្លៀង។ ហេតុនេះ បើនាងដឹងថា ឆ្នាំនេះភ្លៀងតិច នាងយក្ខិនីបង្គាប់ឱ្យនាង កុលធីតា ធ្វើស្រែជ្រៅ ហើយបើឆ្នាំណាមានភ្លៀងច្រើន នាងយក្ខិនី បង្គាប់នាងកុលធីតា ឱ្យធ្វើស្រែដីខ្ពស់។ មិនយូរប៉ុន្មាននាងកុលធីតា ក៏ទៅជាអ្នកមានទ្រព្យសម្បត្តិដោយសារតែធ្វើស្រែបានផលស្រូវ ច្រើន។ អ្នកជិតខាងឃើញនាងធ្វើស្រូវមិនដែលខុសឆ្នាំណាសោះ ក៏នាំគ្នាទៅសួរនាងកុលធីតា ហើយនាងក៏ប្រាប់តាមដំណើររឿង។
ក្រោយមកឱ្យតែជិតដល់រដូវធ្វើស្រែ អ្នកជិតខាងតែងតែនាំគ្នា យកចំណីទៅជូននាងយក្ខិនីដើម្បីសួរដំណឹងទឹកភ្លៀង។ នាង យក្ខិនីដែលធ្លាប់នៅក្នុងព្រៃកើតក្ដីអផ្សុកមិនចេះនៅក្នុងស្រុកដែល ឮសូរតែសម្លេងត្បាល់អង្រែមិនឈប់ឈរ ក៏សុំនាងកុលធីតា ទៅ នៅឯស្រែឆ្ងាយអំពីស្រុកភូមិ។ នាងកុលធីតា ក៏សង់រោងមួយឱ្យ យក្ខិនីនៅក្រៅស្រុក។ អ្នកស្រុកអ្នកភូមិក៏នាំគ្នាយកឥវ៉ាន់ទៅតាម បូជានាងយក្ខិនីឯស្រែឆ្ងាយនោះទៀត។
រឿងបូជានេះយូរទៅ លុះអស់អំពីនាងយក្ខិនីទៅក៏ក្លាយទៅជា ទំនៀមបូជាព្រះភូមិដើម្បីឱ្យធ្វើស្រែបានផលស្រូវច្រើនទៅវិញ។ ចប់








0 Comments:
Post a Comment