ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Sunday, February 11, 2024

រឿង ចៅច្រមុះទិព្វ

kkkចំនួនអ្នកទស្សនា: Views


 រឿង ចៅច្រមុះទិព្វ   

កាលពីព្រេងនាយ មានប្តីប្រពន្ធពីរនាក់មានកូនប្រុសមួយជាទី ស្រលាញ់ ឪពុកម្តាយមានមោទនភាពចំពោះកូនយ៉ាងខ្លាំង ព្រោះ គេជាកូនប្រុសទោលនៅក្នុងគ្រួសារ។ ក្មេងប្រុសនេះមានប្រាជ្ញា ឈ្លាសវៃចេះស្ដាប់បង្គាប់ឪពុកម្តាយ រៀនសូត្រក៏ពូកែទៀតផង។ អ្នកភូមិនិយាយថា គេជាក្មេងប្រុសដែលឆ្លាតហើយពូកែខាង ហិតក្លិនផងដែរ អ្នកស្រុកដាក់ឈ្មោះគេថា "ចៅច្រមុះទិព្វ” ។

ការនិយាយតៗគ្នានេះ ក៏ល្បីសុះសាយដល់រាជវាំង។ មានថ្ងៃមួយ ពាក្យចចាមអារាមនេះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រ ព្រះអង្គចង់ដឹង ខ្លាំងណាស់ក៏មានព្រះទ័យចង់ប្រើល្បងប្រាជ្ញាជាមួយ ចៅច្រមុះទិព្វ ក៏ទ្រង់បញ្ជាឱ្យរាជអាមាត្យយកស្រាមួយឪទិនទៅទុកនៅខាងក្រោយ ព្រះរាជដំណាក់ ។

បន្ទាប់មកព្រះអង្គក៏បញ្ជាឱ្យរាជអាមាត្យពីរនាក់ទៅសែងចៅច្រមុះទិព្វ ចូលរាជវាំង។ ពួកគេក៏ឆាប់ធ្វើដំណើរចេញទៅ។ ពេលទៅដល់ភូមិ នោះភ្លាម ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយក៏មកដល់ផ្ទះ ចៅច្រមុះទិព្វ នោះដែរ។

រាជអាមាត្យទាំងពីរនាក់បានជំរាបរឿងនេះដល់ឪពុកម្តាយរបស់ ចៅច្រមុះទិព្វ តាមព្រះរាជបញ្ជា។ បន្ទាប់មកក៏សុំ ចៅច្រមុះទិព្វ ឡើងអង្គុយលើគ្រែស្នែងដើម្បីសែងចូលរាជវាំង។

ពេលកំពុងធ្វើដំណើរតាមផ្លូវស្រាប់តែមានហ៊ីងជាច្រើនយំទ្រហឹង អឹងកងនៅតាមវាលស្រែ និងគុម្ពោតព្រៃចៅច្រមុះទិព្វ បាននិយាយ ដោយចៃដន្យថា “មិនបាច់យំទេ ថ្ងៃនេះអាអ៊ុងក៏ងាប់ អាអ៊ួងក៏ងាប់ ដែរ”។

រាជអាមាត្យគ្រាន់តែឮពាក្យនេះភ្លាម ពីរនាក់បងប្អូនភិតភ័យជា ខ្លាំងក៏ឈប់ដាក់គ្រែស្នែងចុះអង្វរចៅច្រមុះទិព្វ ថា "សូមមេត្តាជួយ ពួកខ្ញុំម្តងទៅ យើងទាំងពីរនាក់មិនចង់ស្លាប់ទេ”។ ចៅច្រមុះទិព្វ គិតក្នុងចិត្តថា ហេតុអ្វីបានជាគាត់និយាយដូច្នេះ ប្រហែលជាគាត់ ឈ្មោះ អ៊ុង និង អ៊ួងហើយទើបសួរទៅវិញយ៉ាងម៉ឺងម៉ាត់ថា “អីយ៉ា បើអ៊ីចឹងលោកប្រាប់ខ្ញុំមកមើល៍ តើព្រះរាជាហៅខ្ញុំទៅមានការអ្វី ដែរ?” ឱ្យតែពួកយើងគ្មានកំហុសខ្ញុំនឹងប្រាប់ឯង គឺព្រះអង្គឱ្យឯង ទៅដើម្បីហិតក្លិនស្រាមួយឪទិននៅខាងក្រោយព្រះរាជដំណាក់។

លុះទៅដល់រាជវាំងព្រះរាជាមានព្រះបន្ទូលថា "មើល៍ ! ចៅច្រមុះទិព្វ យើងឮគេនិយាយថា ឯងនេះពូកែដឹងក្លិនណាស់ ចូរឯងគិតទៅមើល៍ តើមានក្លិនអ្វីចម្លែកនៅទីនេះ”។ ចៅច្រមុះទិព្វ ទូលតបវិញថា "ក្រាបទូលព្រះអង្គ ទូលព្រះបង្គំដឹងថា មានស្រាមួយឪទិននៅខាង ក្រោយព្រះរាជតំណាក់ក្រាបទូល"។ ស្ដេចបើកព្រះនេត្រធំៗសរសើរ ថា “អស្ចារ្យមែនៗ ឯងនៅក្មេងសោះហេតុអ្វីក៏ពូកែខ្លាំងម៉្លេះ ឧបរាជ យករង្វាន់មកជូន ចៅច្រមុះទិព្វ”។ ចៅច្រមុះទិព្វ សប្បាយចិត្ត ណាស់ដែលបានទទួលរង្វាន់ហើយក៏ត្រឡប់ទៅផ្ទះវិញ។

មួយសប្តាហ៍ក្រោយមក ស្ដេចក៏បញ្ជារាជអាមាត្យនាំព្រះរាជសារ មួយច្បាប់មកជូន ចៅច្រមុះទិព្វ ក្នុងសារនោះសរសេរថា “បីថ្ងៃ ទៀតឱ្យ ចៅច្រមុះទិព្វ រៀបចំខ្លួនឱ្យបានស្អាតដើម្បីចូលរាជវាំង គាល់ស្តេចម្ដងទៀត"។ គ្រាន់តែអានសំបុត្រចប់រាជអាមាត្យក៏ ត្រឡប់ទៅវិញបាត់ទៅ។

ចៅច្រមុះទិព្វ ខ្វល់ខ្វាយយ៉ាងខ្លាំងដេកក៏មិនលក់ញ៉ាំបាយក៏មិនឆ្ងាញ់

អង្គុយសំកុកម្នាក់ឯងទឹកមុខក្រៀមក្រំស្រគុតស្រគំគិតមិនយល់ហើយរអ៊ូតិចៗម្នាក់ឯងថា “នៅសល់តែ

មួយថ្ងៃទៀតតែប៉ុណ្ណោះ បើឆ្លើយមិនបានត្រឹមត្រូវទេពិតជាយ៉ាប់ហើយ ប្រហែលជាត្រូវកាត់ទោសប្រហារជីវិតផងក៏មិនដឹង”។

ចៅច្រមុះទិព្វ គិតហើយគិតទៀតក៏មាន គំនិតមួយដើរទៅរោងកាត់សក់ ហើយប្រាប់ ជាងកាត់សក់ កាត់ឱ្យបានស្អាតដើម្បីចូលរាជ វាំងនៅថ្ងៃស្អែក។ ជាងក៏ចាប់ផ្តើមកាត់សក់ យ៉ាងផ្ចិតផ្ចង់បំផុត។ ពេលកាត់សក់រួចជាង ក៏កោររោមមុខបន្ត ពេលនោះ ចៅច្រមុះទិព្វ ក៏ធ្វើជាងាកមុខចេញ ហើយកាំបិតកោរក៏បាន មុតចុងច្រមុះចេញឈាមមួយរំពេច។

ស្អែកឡើងគេរៀបចំខ្លួនយ៉ាងសមរម្យហើយចេញដំណើរទៅក្នុង រាជវាំងដោយខ្លួនឯង។ លុះពេលទៅដល់រាជវាំងក៏ចូលទៅគាល់ ស្តេចដែលមានរាជអាមាត្យព្រមទាំងមហាសេនាកំពុងអង្គុយហែ ហមជាច្រើន។ ព្រះរាជាមានព្រះបន្ទូលថា “មើល៍ ! ចៅច្រមុះទិព្វ ឯងគិតទៅមើល៍ តើមានអ្វីចម្លែកនៅទីនេះ?” ចៅច្រមុះទិព្វ ទូលតបវិញថា “ក្រាបទូលព្រះអង្គ ច្រមុះរបស់ទូលព្រះបង្គំនៅពេល នេះខូចបាត់ទៅហើយ វាគ្មានប្រសិទ្ធិភាពទៀតទេក្រាបទូល”។

ព្រះរាជាមិនបានដាក់ទោសកំហុសអ្វីដល់ ចៅច្រមុះទិព្វ នោះ ឡើយ ថែមទាំងជូនមាសប្រាក់ខ្លះៗដើម្បីព្យាបាលច្រមុះ និងផ្គត់ផ្គង់ ជីវភាពគ្រួសាររបស់គេទៀតផង។ ស្ដេចមានព្រះបន្ទូលទៀតថា "ចាប់ពីពេលនេះតទៅ ខ្ញុំឈប់រំខានឯងទៀតហើយ ប៉ុន្តែឯង កុំភ្លេចត្រូវតែខំរៀនសូត្រឱ្យបានច្រើន ដល់ពេលឯងធំពេញវ័យ ឯងនឹងអាចធ្វើការបំរើប្រទេសជាតិយ៉ាងល្អប្រសើរ”។

ចៅច្រមុះទិព្វ សប្បាយចិត្តណាស់ដែលបានត្រឡប់មកផ្ទះវិញ ខិតខំរៀនសូត្រតាមបណ្តាំព្រះរាជា។ ជាការពិតណាស់ ចៅច្រមុះទិព្វ គឺជាសិស្សពូកែហើយជាសិស្សគំរូម្នាក់នៅក្នុងថ្នាក់ដែលបានទទួល នូវការអប់រំអំពីឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ។ដោយសារភាពឆ្លាតវាងវៃ និងការតស៊ូព្យាយាម ចៅច្រមុះទិព្វ មិនដែលរាថយឬបោះបង់ចោលនូវការសិក្សាឡើយ តាំងពីកុមារភាព រហូតដល់ធំពេញវ័យ គេក៏ក្លាយជាអ្នកប្រាជ្ញជាន់ខ្ពស់មួយរូបដែល មានចិត្តអង់អាចក្លាហានធ្វើការបំរើប្រទេសជាតិ ជូនប្រជាពលរដ្ឋ ដ៏ល្អ និងជាយុវជនគំរូដ៏ឆ្នើមសម្រាប់ប្អូនៗជំនាន់ក្រោយ។ ចប់




























0 Comments:

Post a Comment