ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Monday, November 25, 2024

រឿង ប្រវត្តិ​នៃសត្វ​ដំរី

kkkចំនួនអ្នកទស្សនា: Views

 រឿងនិទានខ្មែរ÷ប្រវត្តិ​នៃសត្វ​ដំរី

ប្រវត្តិ​សត្វ​ដំរី ដែល​អ្នកនិពន្ធពណ៌នាពេលនេះជារឿងរ៉ាវ ជូន​អស់​លោក-អ្នក​ស្តាប់ ដូច​មាន​ត​ទៅ​នេះ ជា​ការ​ពិត​មែន​ឬ​ពុំ​ពិត​នោះ ខ្ញុំ​ពុំ​អាច​នឹង​រ៉ាប់​រង​បាន​ទេ ព្រោះ​ជា​រឿង​គ្មាន​គោល​ចារិក​គ្មាន​សមុដ្ឋាន​នៃ​ប្រវត្តិ​ហេតុ​ដ៏​សម​គួរ​នឹង​លើក​យក​មក​ជា​បន្ទាល់, តែ​ខ្ញុំ​នឹង​អត់​ទ្រាំ​មិន​តែង​រឿង​នេះ ឡើង​ពុំ​បាន ព្រោះ​ជា​អ្នក​រក្សា​ដំរី​ច្រើន​មាន​សេចក្ដី​យល់​ផ្សេងៗ​គ្នា ហេតុ​នេះ បាន​ជា​ខ្ញុំ​ខំ​តែង​រឿង​នេះ​ឡើង ដើម្បី​ជា​គោល​នៃ​ពួក​សត្វ​សាស្រ្ត​និង​វិនិច្ឆ័យ​ត​ទៅ ។

ដំរី​ជា​ពួក​សត្វ​ព្រៃ​មាន​រូប​រាង​ធំបំផុត ក្នុង​ពពួក​សត្វ​ចតុប្បាទ ។ ដំរី​នេះ ក្នុងគម្ពីរ​សារសង្គហៈ​លោក​កំណត់​ទុក​១០ ត្រកូល មាន​ត្រកូល​ឆន្ទន្ត​នឹង​ត្រកូល​ឯរាវ័ណ្ណ​ជា​ដើម, ក្នុង​ពពួក​ដំរី​ទាំង ១០ ត្រកូល​នោះ ខ្មែរ​យើង​ចែក​ចេញ​ជា​២​ពួក គឺ​មួយ​ពួក​ហៅ ដំរី​ភ្នំ បាន​ដល់​ពួក​ដំរី​ដែល​កើត​នៅ​នាទី​ភ្នំ មួយ​ពួក​ទៀត​ហៅ ដំរី​រនាម គឺ​ដំរី​ដែល​កើត​នៅ​ក្នុង​ព្រះ​នាម ។ ដំរី​ទាំង​ពីរ​ពួក​នេះ មាន​ទ្រង់​ទ្រាយ​ខុស​គ្នា មិន​ច្រឡំ​គ្នា​ទេ គឺ​ដំរី​ភ្នំ​មាន​សណ្ឋាន​ខ្ពស់​មុខ​ក្បាល​ងើប ដំរី​រនាម មាន​សណ្ឋាន​ទាម​មុខ​ក្បាល​ឳន​កម្លាំង​ពលំ​ក៏​ខុស​គ្នា​ដែរ គឺ​ដំរី​ភ្នំ​មាន​កម្លាំង​ខ្លាំង​ជាង​ដំរី​រនាម ហើយ​មាន​អាយុ​វែង​ជាង​ផង, ឯដំរី​រនាម​ច្រើន​ខ្សោយ​មាន​អាយុ​ខ្លី​ជាង​ដំរី​ភ្នំ ។

ការ​ដែល​នឹង​ពណ៌នា​អំពី​ប្រវត្តិ​ដំរី​នេះ ខ្ញុំ​នឹង​ពណ៌នា​តាម​រឿង​នៃ​បុរស​ម្នាក់ ដែល​វិល​ពី​កំណើត​ដំរី​មក​ចាប់​ជាតិ​ជា​មនុស្ស ហើយ​ដឹង​ជាតិ​របស់​ខ្លួន​កាល​កើត​ជា​ដំរី បុរស​នោះ​អួត​ថា​កាល​ខ្លួន​នៅ​ជា​កុមារ​អាច​ចាំ​ទាំង​ភាសាដំរី​បាន​ផង ។

គ្រា​នេះ​នឹង​ពោល​ពី​ប្រវត្តិ​នៃ​បុរស ដែល​ដឹង​ជាតិ​នោះ ជា​សេចក្ដី​សង្ខេប​ជា​មុន​សិន ដើម្បី​ជា​គោល​ក្នុង​រឿង​នេះ ។

ក្នុង​សម័យ​មួយ ខ្ញុំ​បាន​ជួប​នឹង​បុរស​ម្នាក់​ឈ្មោះ​នាយ វ៉ឹក ធ្វើ​ជា​ទាហាន​ក្រុម​រក្សា​ស្រុក​នៅ​ទី​រួម​ខេត្ត​កំពង់​ធំ បុរស​នេះ​និយាយ​ថា​ខ្លួន​ទើប​នឹង​វិល​ពី​កំណើត​ដំរី មក​ចាប់​ជាតិ​ជា​មនុស្ស​ក្នុង​បច្ចុប្បន្ន​នេះ ។ អស់​លោក-អ្នក​ដែល​ធ្លាប់​បាន​ទៅ​ធ្វើ​រាជការ នៅ​ទី​រួម​ខេត្ត​កំពង់​ធំ កាល​ពី​ឆ្នាំ​១៩២០ ដល់​១៩២៥ គង់​បាន​ជ្រាប​ឬ​បាន​ស្គាល់​នាយ​វ៉ឹក នោះ​ជា​ពុំ​ខាន ។ នាយ​វ៉ឹក​នេះ ជា​មនុស្ស​មាន​សណ្ឋាន​ទ្រង់​ទ្រាយ​បែប​ភាព​គួរ​ឲ្យ​ជឿ​ថា ទើប​នឹង​វិល​មក​ពី​សត្វ​ដំរី​មែន ព្រោះ​សណ្ឋាន​ក្បាល​មាន​ទំនង​ដូច​ក្បាល​ដំរី ម្រាម​ដៃ​នឹង​ម្រាម​ជើង​ធំៗខ្លីៗ ដំណើរ​ដើរ​យោល​ខ្លួន​យោល​ក្បាល​ដូច​ដំរី ។

ជាតក​នាយវ៉ឹក

នាយ​វ៉ឹក​អធិប្បាយ​ថា កាល​ខ្ញុំ​កើត​ជា​ដំរី ជា​សត្វ​ដំរី​ភ្នំ ខ្លួន​ខ្ញុំ​ជា​ដំរី​មាន​ភ្លុក​មាន​បង​ឈ្មោល​១​ជា​ដំរី​ស្ត មាន​ម្តាយ​១ មេម៉ាយ តែ​កើត​នៅ​ព្រៃ​ភ្នំ​ណាៗ​ខ្ញុំ​មិន​ស្គាល់ ។ ខ្ញុំ​នឹង​បង​បាន​គិត​គ្នា​ពិចារណា​សង្វេត​ចិត្ត​អាណិត​ដល់​មាតា ដែល​ចាស់​ជរា ដើរ​រក​អាហារ​ល្អ​ឬ​ឆ្ងាញ់​ពិសារ​ឲ្យ​ពេញ​បរិបូណ៌​ពុំ​បាន​ព្រោះ​នៅ​ក្នុង​ហ្វូង​ធំ អាហារ​ទាំង​ឡាយ​ដូច​យ៉ាង​ទំពាំង​ទុល​ដី មើល​ឈើ​នឹង​ផ្លែ​ឈើ​ជា​ដើម ដំរី​ស្ទាវៗ ដណ្តើម​យក​អស់ ។ ខ្ញុំ​ព្រម​ទាំង​បង នឹង​ទ្រាំ​នៅ​ក្នុង​ហ្វូង​ធំ​ពុំ​បាន ក៏​បបួល​បង​ប្អូន​នាំ​ម្តាយ​បែក​ចេញ​ពី​ហ្វូង​ធំ​ទៅ​រក​ស៊ី​ក្នុង​ព្រៃ​ឆ្ងាយ ។ ពី​ហ្វូង​ដំរី​ឯទៀត ។


 មាន​កាល​សម័យ​ថ្ងៃ​មួយ ខ្ញុំ​នាំ​ម្តាយ​ចេញ​ទៅ​រក​ស៊ី​ក្នុង​ព្រៃ​ឈើ ស្រាប់​តែ​មាន​ព្រាន​បាញ់​កាំ​ភ្លើង​ពី​ចុង​ឈើ​មក​ត្រូវ​ខ្លួន​ខ្ញុំ តែ​ក្នុង​ខណៈ​ដែល​ត្រូវ​គ្រាប់​នោះ ខ្ញុំ​គ្មាន​ស្មារតី​ដឹង​ថា​ខ្លួន​ត្រូវ​គ្រាប់​ទេ ព្រោះ​កាល​ឮសូរ​កាំ​ភ្លើង​នោះ ខ្លួន​ខ្ញុំ​នឹង​បង​ខ្ញុំ ព្រម​ទាំង​មាតា​រត់​ចេញ​ពី​នោះ ដោយ​ប្រញាប់​ប្រញាល់ ។ លុះ​ខ្ញុំ​រត់​ឆ្ងាយ​បន្តិច​ទៅ​ក៏​នឹក​ឃើញ​ថា នៅ​ទី​ដែល​ឮ​សូរ​កាំ​ភ្លើង​នោះ អាត្មា​អញ​បាន​ឃើញ​ដំរី​១​ដួល​ស្លាប់ កាល​នឹក​ឃើញ​ដូច្នេះ​ខ្ញុំ​ក៏​វិល​ទៅ​កាន់​ទី​នោះ​វិញ​តែ​ម្នាក់​ឯង កាល​ខ្ញុំ​ទៅ​ដល់​ក៏​ឃើញ​ដំរី ១ មាន​ភ្លុក​ដួល​ស្លាប់ ខ្ញុំ​ខំ​សំឡឹង​មើល​ខ្មោច​ដំរី​នោះ ក៏​ឥត​មាន​ស្គាល់​សោះ, ខំ​មិន​អស់​ចិត្ត​ក៏​ចូល​ទៅ​ចាប់​លើក​ខ្មោច​ដំរី​នោះ ត្រឡប់​លើ​ជា​ក្រោម ដើម្បី​ពិនិត្យ​មើល​ឲ្យ​ច្បាស់ ក៏​នៅ​តែ​មិន​ស្គាល់ ។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ចុង​ឈើ​ឃើញ​ព្រាន​ព្រៃ​ម្នាក់​អង្គុយ​លើ​បង្គាប​ឈើ ដៃ​កាន់​កាំ​ភ្លើង ខ្ញុំ​នឹក​ផ្តួច​ក្នុង​ចិត្ត​ឡើង​ថា ព្រាន​នេះ​ហើយ​ជា​អ្នក​ធ្វើ​ហត្ថីឃាដ បើ​ដូច្នេះ​អាត្មា​អញ​នឹង​នៅ​រង់​ចាំ​ធ្វើ​មនុស្ស​ឃាដ​វិញ​ជា​ការ​សង​សឹក​ គ្នា, ខ្ញុំ​កាល​គិត​ដូច្នោះ​ហើយ​ក៏​ថយ​ខ្លួន​ទៅ​ពួន​នៅគុម្ព​ឈើ​មួយ រង​ចាំ​ព្រាន​នោះ​ចុះ​មក ​និង​ចូល​ទៅ​ព្រេច​សម្លាប់ ។ ចំណែក​ខាង​ព្រាន​កាល​ឃើញ​ថា ដំរី​ដែល​ខ្លួន​បាញ់​នោះ​ស្លាប់​ប្រាកដ​ហើយ ក៏​ចុះ​ចាក​បង្គាប​ឈើ ដៃ​កាន់​កាំ​ភ្លើង លុះ​ចុះ​មក​ដល់​ដី​ហើយ​យក​ពូថៅ​ទៅ​ពុំ​ក្បាល​ដំរី​នោះ កាល​ពុះ​កកាយ​ដក​យក​ភ្លុក​បាន​ហើយ ក៏​ចង​ភ្លុក​នោះ​រែក​យក​តៅ ដៃ​នៅ​តែ​កាន់​កាំ​ភ្លើង​ជាប់​ទៅ​ផង ។ ឯខ្លួន​ខ្ញុំ​ដែល​ពួន​ចាំ​ធ្វើ​មនុស្ស​ឃាដ​នោះ

ចេះ​តែ​មាន​សេចក្ដី​ខ្លាច​តក់​ស្លុត​ក្នុ​ចិត្ត​ពុំ​ហ៊ាន​ចូល​ទៅ​ព្រេច តែ​មិន​ព្រះ​លះ​បង់​គំនិត​ដែល​ចង​អាឃាដ​ព្យាបាទ​នោះ​ទេ កាល​ឃើញ​ព្រាន​ចេញ​ដំណើរ​ទៅ ខ្ញុំ​ក៏​ចេញ​ទៅ​តាម​ក្រោយ​ដោយ​គិត​ថា បើ​ដល់​ទី​ណា​មួយ​មាន​ឳកាស​ល្អ​នឹង​ចូល​ទៅ​ព្រេច​ឲ្យ​ខាង​តែ​បាន តែ​ពុំ​ចេះ​មាន​ឳកាស​ល្អ​សោះ លុះ​តាមៗ​ទៅ​ដរាប​ដល់​ផ្ទះ​ព្រានៗ​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ខ្ញុំ​ក៏​ថយ​ទៅ​នៅ​ក្នុង​ព្រៃ​ចេក​ខាង​ក្រោយ​ផ្ទះ​ព្រោះ​នោះ តែ​មិន​ឆ្ងាយ​ប៉ុន្មាន​ទេ ព្រោះ​ព្រាន​និយាយ​ការ​អ្វីៗ ក្នុង​ផ្ទះ​ខ្ញុំ​ឮ​ទាំង​អស់ ដោយ​ចង​ចិត្ត​ថា ឲ្យ​តែ​ព្រាន​ចុះ​ពី​ផ្ទះ​មក​កាល​ណា នឹង​ចូល​ទៅ​សម្លាប់ ។ ក្នុង​រាត្រី​នោះ​ខ្ញុំ​បាន​បរិភោគ​ផ្លែ​ចែក​នឹង​ដើម​ចែក​ក្នុង​ចំការ​នោះ​ ខ្ទេច​ខ្ទី​អស់ ។ លុះ​ព្រឹក​ឡើង​ ខ្ញុំ​ឮ​ព្រាន​និយាយ​ថា ចុះ​ចេក​អញ​ថ្ងៃ​នេះ ក៏​ស្រពោន​ទុំ​ស្លឹក​ពាស​ពេញ​ទាំង​ចំការ​ដូច្នេះ ជា​មាន​ហេតុ​អ្វី​ឬ លុះ​កន្លង​ចូល​រាត្រី​គំរប់​ពីរ ខ្ញុំ​ចូល​ទៅ​រុះ​ផ្ទះ​ព្រាន​នោះ កំពុង​តែ​រុះ​រើ​ឮសូរ​សំឡេង​ព្រាន​ដាស់​ប្រពន្ធ​ប្រាប់​ថា អញ​ដូវ​ជា​វិល​មុខ ប្រហែល​ជា​ខុស​ប្រកាំ​ដឹង ឯង​ចូរ​ទៅ​កាប់​ដើម​ចេក​យក​មក​ដោយ​ស្លាធ័រ​ឲ្យ​អញ ។​ខ្ញុំ​ឃើញ​ប្រពន្ធ​ព្រាន​នោះ ចុះ​ទៅ​កាប់​ដើម​ចេក​មែន​ខ្ញុំ​ដូច​ជា​មាន​សេចក្ដី​ភ័យ​ពុំ​ហ៊ាន​រុះ​ផ្ទះ​នោះ​ត​ទៅ​ទៀត ។ លុះ​ដល់​រាត្រី​គំរប់បី ស្រាប់​តែ​ខ្ញុំ​ភ្លេច​បាត់​ស្មារតី​ពុំ​ដឹង​ជា​ខ្លួន​ទៅ​នៅ​ក្នុង​ទី​ណា (គឺ​ចូល​ទៅ​ចាប់​កំណើត​ក្នុង​ផ្ទៃ​ប្រពន្ធ​ព្រាន) ។

ត​អំពី​នេះ​ទៅ​នឹង​រា​ថយ​ទៅ​និយាយ​អំពី​ប្រពៃ​ណី​នៃ​សត្វ​ដំរី តាម​សំដី​នាយ​វ៉ឹក​ឡើង​វិញ ។

សត្វ​ដំរី​កាន់​ប្រពៃណី​សុចរិត​ពិត​ត្រង់ មាន​ធម្មសម្បត្តិ​ដ៏​បរិបូណ៌​ គឺ​ដំរី​ញី​ទាំង​ឡាយ ដែល​នៅ​ក្រមុំ មាន​សេចក្ដី​ជឿ​ស្មោះ​ត្រង់​នឹង​មាតា​បិតា​ពុំ​ហ៊ាន​ប្រព្រឹត្ត​អនាចារ​ក្រៅ​កន្លង​ធម៌ បើ​នឹង​យក​ប្តី លុះ​តែ​មាតា​បិតា​យល់​ព្រម​ទុក​ដាក់ ឲ្យ​ទើប​បាន​ហ៊ាន​យក ។ មុន​នឹង​ប្រគល់​ខ្លួន​ធីតា​ឲ្យ​កាន់​ត្រកូល​ស្វាមី​នោះ មាន​ធ្វើ​ពិធី​មួយ​ដ៏​សំខាន់ គឺ​ប្រជុំ​ពួក​ដំរី​ដែល​ជា​ញាតិ​មក​ប្រាប់​ឲ្យ​យល់​ព្រម​គ្រប់ៗ​គ្នា នៅ​ទី​បឹង​ឬ​ជ្រោះ​ណា​មួយ លុះ​ព្រម​ព្រៀង​ធ្វើ​មង្គល​រួច​ហើយ ដំរី​គួស​វាស​នាំ​គ្នា​ចុះ​ទៅ​ក្នុង​បឹង​ឬ​ក្នុង​ជ្រោះ​ដើម្បី​ឲ្យ​ពួក​ដំរី​ចុះ​បាច​ទឹក​ឲ្យ ។

ក្នុង​មួយ​ឆ្នាំៗ ដំរី​ទាំង​ឡាយ​ក្នុង​សកលលោក ត្រូវ​ទៅ​ឡើង​អ្នក​តា​ម្តង ទោះ​បី​ទៅ​រក​ស៊ី​ឆ្ងាយ​ក្ដី​ជិត​ក្ដី ក៏​ត្រូវ​ចូល​ទៅ​ប្រជុំ​គ្នា​ឡើង​អ្នក​តា​មួយ​ថ្ងៃ​ ពុំ​ដែល​មាន គ្រប់​តែ​ដំរី​ត្រូវ​ដឹង​របៀប​នេះ ។ ឯអ្នក​តា​នោះ​មាន​រួប​សណ្ឋាន​ទ្រង់​ទ្រាយ​ដូច​មនុស្ស តែ​ធំប៉ុន​ដំរី​សារ​អង្គុយ​ពែន​ភ្នែន នៅ​លើ​កំពូល​ភ្នំ បែរ​មុខ​ទៅ​ទិស​ខាង​កើត ។ ដំរី​ទាំង​ឡាយ​កើត​ពី​ខាង​កើត ហើយ​ដើរ​ចូល​ទៅ​ថ្វាយ​បង្គំ​អ្នក​តា​ម្នាក់​ម្តងៗ ។ ពេល​ដែល​ដំរី​ក្រាប​សំពះ​នោះ អ្នក​តា​ប្រាប់​ថា​ឆ្នាំ​នេះ​ត្រូវ​ឲ្យ​ដំរី​បរិភោគ​ដើម​ឈើ​នេះ​ជា​ថ្នាំ ដំរី​ទទួល​ប្គាប់​ហើយ​ក៏​ថយ​ចុះ​ទៅ​វិញ រួច​ដំរី​ណា​មាន​អាយុ​សង្ខារ​គ្រប់​កំណត់​នឹង​មរណៈ​ក្នុង​ឆ្នាំ​នោះ មិន​អាច​រស់​នៅ​ដល់​ពេល​ចូល​ថ្វាយ​បង្គំ​លើក​ក្រោយ​ទៀត​បាន​ទេ អ្នក​តា​ក៏​មិន​បាន​ប្រាប់​ថ្នាំ​ឲ្យ​ដំរី​នោះ​បរិភោគ​ទេ គ្រាន់​តែ​ធ្វើ​អាការ​ឲ្យ​សញ្ញា​ដោយ​លើក​ដៃ​ដាក់​លើ​ស្មា​ចង្អុល​ទៅ​ក្រោយ​គឺ​ចង្អុល​ទៅ​ខា​លិច​ភ្នំ ដំរី​នោះ​ក៏​ស្រក់​ទឹក​ភ្នែក ហើយ​ចុះ​ទៅ​តាម​ដៃ​អ្នក​តា​ទៅ ។ ពួក​ដំរី​ដែល​ជា​កូន​ចៅ ឬ​ជា​មិត្រ​សំឡាញ់​ឃើញ​ដូច្នោះ​ក៏​សំដែង​អាការ​ផ្សេងៗ ដើម្បី​ថ្លែង​សេចក្ដី​សោក​ស្តាយ ។

ដំរី​ដែល​នៅ​ក្នុង​ព្រៃ សឹង​មាន​ឥស្សរផាព​ជា​ទី​សប្បាយ​រីក​រាយ​ណាស់ តែ​មាន​ទេសកាល​ម្តងៗ នាំ​ឲ្យ​ពួក​ដំរី​ទាំង​ឡាយ​មាន​ទុក្ខ​ព្រួយ​គឺ​បើ​មេ​ដំរី​ណា​សំរាល​កូន​មក សប្បុរ​ទង់​ដែង (ហៅ​ថា​ដំរី) នោះ​ពួក​ដំរី​ទាំង​ឡាយ​នាំ​គ្នា​ខ្វល់​ខ្វាយ​ជួយ​ថែរក្សា​កូន​ដំរី​នោះ ។ បើ​កូន​ដំរី​នោះ​ចេញ​ដើរ​ទៅ​ទី​ណា តែង​នាំ​គ្នា​តាម​ទៅ​ឈរ​បាំ​ពី​មុខ​ពី​ក្រោយ ដើម្បី​កុំ​ឲ្យ​មនុស្ស​លោក​ឃើញ ព្រោះ​មនុស្ស​លោក​កាល​ណា​ឃើញ​កូន​ដំរី​នោះ​ហើយ ពុំ​ដែល​រំលង​ចោល​មួយ​ដង​ដោះ​ឡើយ តែង​តែ​តាម​ទាក់​តាម​ចាប់ ម្ល៉ោះ​ហើយ​សេចក្ដី​អន្តរាយ ដោយ​គ្រឿង​អាវុធ​ក៏​កើត​មាន​ឡើង ដល់​ពួក​ដំរី​ទាំង​មូល លុះ​កូន​ដំរី​នោះ​ធំ​ពេញ​ជំទង់​ឡើង ក៏​នាំ​គ្នា​ចាប់​យក​ទៅ​ឲ្យ​ត្រាំ​ទឹក​ដេល​មាន​ជ័រ​ឈើ ដើម្បី​ឲ្យ​ក្លាយ​ទៅ​ជា​ដំរី​ខ្មៅ​វិញ ។

សារ​ត្រឡប់​ទៅ​និយាយ​អំពី​ប្រពន្ធ​ព្រាន​ព្រៃ ។ ប្រពន្ធ​ព្រាន​ព្រៃ​កាល​គភ៌​គ្រប់​កំណត់​ទស​មាស ក៏​សំរាល​កូន​ចេញ​មក កូន​នោះ​ជា​ភេទ​ប្រុស មាន​រូប​រាង​ទ្រង់​ទ្រាយ​ដូច​ដំរី​ដោយ​ច្រើន ។ មាតា​បិតា​បាន​សន្មត​នាម​កុមារ​នោះ​ថា វ៉ឹក ។

ចៅ​វ៉ឹក​ពោល​ថា កាល​ខ្ញុំ​កើត​ឡើង​អាយុ​បាន​៣​ឆ្នាំ ក៏​នឹក​រលឹក​ដល់​ដំរី​ដែល​ជា​មាតា​នឹង​បង​ពុំ​ដឹង​ជា​នៅ​ឯណា នឹក​ពិចារណា​ឃើញ​តាង​ពី​នាំ​បណ្តើរ​មាតា​ចេញ​ចាក​ហ្វូង​ដំរី​មក​ដល់​ទី​ដែល​ព្រាន​ព្រៃ​បាញ់​ខ្លួន​នោះ ខ្ញុំ​មាន​សេចក្ដី​រំជួល​ក្នុង​ដួង​ហ្ឫទ័យ​កាន់​តែ​ខ្លាំង​ឡើង​ៗ នឹង​ទ្រាំ​នៅ​ស្ងៀម​ត​ទៅ​ពុំ​បាន​។ ទទួល​មាន​ឳកាស​ថ្ងៃ​មួយ

3

មាតា​បិតា​ខ្ញុំ​ទៅ​ធ្វើ​ចំការ​អស់ ទុក្ខ​ខ្ញុំ​ឲ្យ​នៅ​ចាំ​ផ្ទះ​ដោយ​ផ្តាំ​ផ្ញើ​នឹង​ញាតិ​ព្រៀង​លាន​ឲ្យ​ជួយ​ មើល​ផង ខ្ញុំ​ឃើញ​បាន​ឳកាស​ល្អ ក៏​រត់​ចេញ​ពី​ផ្ទះ​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​ស្វែង​រក​ដំរី​ជា​មាតា​នឹង​បង ។ ខ្ញុំ​ចេញ​ដើរ​ទៅ​តាម​ផ្លូវ​ដែល​ខ្ញុំ​នៅ​ចាំ​កាល​កើត​ជា​ដំរី​ធ្លាប់​ដើរ ខ្ញុំ​ទទួល​ទាហារ​ផ្លែ​ឈើ​តាម​ដែល​ខ្ញុំ​ធ្លាប់​ទទួល​ទាន​កាល​ពី​នៅ​ជា​ជាតិ ​ដំរី ចេញ​ដើរ​ទៅ​ក្នុង​ព្រៃ​អស់​វេលា​រាត្រី​ជា​ច្រើន ឥត​មាន​ជួប​នឹង​មនុស្ស​ណា​ម្នាក់​សោះ ឃើញ​តែ​ដាន​ជើង​ដំរី​ព្រៃ ខ្ញុំ​ខំ​ដើរ​តាម​ដាន​ដំរី​ទៅ​ទៀត ។ គីត​អំពី​ថ្ងៃ​ដែល​ខ្ញុំ​ចេញ​អំពី​ផ្ទះ​ទៅ​បាន​៧​ថ្ងៃ ខ្ញុំ​បាន​ជួប​ប្រទះ​នឹង​ដំរី​ស្ត​១ ដើរ​ស៊ី​ក្នុង​ព្រៃ​ស្មាច់ ខ្ញុំ​គយ​គន់​មើល​ដោយ​សេចក្ដី​សង្កេត​សព្វ​គ្រប់​ទៅ ក៏​ស្គាល់​បាន​ប្រាកដ​ជា​បង​របស់​ខ្ញុំៗ ស្ទុះ​ចូរ​ទៅ ដើម្បី​សាក​សួរ​អំពី​សុខ​ទុក្ខ​នឹង​សួរ​រក​មាតា ។ ដំរី​ស្ត​កាល​បាន​ឃើញ​មនុស្ស​រត់​ចូល​ទៅ​ជិត​ដូច្នោះ ក៏​ភិត​ភ័យ​តក់​ស្លុត ស្ទុះ​រត់​ចេញ​ជា​ប្រញាប់ ។ ខ្ញុំ​នៅ​ចាំ​ភាសា​ដំរី ក៏​ស្រែក​ជា​ភាសា​ដំរី​អំពី​រឿង​រ៉ាវ ដែល​ធ្លាប់​នៅ​ជា​មួយ​គ្នា​ក្នុង​គ្រា​ដែល​កើត​ជា​ដំរី ខ្ញុំ​និយាយ​បណ្តើរ​រត់​តាម​បណ្ដើរ ទាល់​តែ​ដំរី​ស្ត​ស្តាប់​បាន​ទើប​ឈប់​លែង​រត់ ហើយ​ខ្ញុំ​ចូល​ទៅ​ឈរ​ទល់​មុខ​ដំរី ពោល​វា​ចា​ជា​ភាសា​ដំរី​សួរ​មាតា ។ ដំរី​ស្ត​ប្រាប់​មក​វិញ​ថា មាតា​យើង​ស្លាប់​ទៅ​ហើយ ។ ដំរី​ស្ត​ជឿ​ជាក់​ថា ប្អូន​បាន​ទៅ​កើត​ជា​មនុស្ស​មែន ក៏​មាន​សេចក្ដី​ស្នេហា​ចំពោះ​ខ្ញុំ​ក្រៃ​ពេក បាន​ចាប់​លើក​ខ្ញុំ​ដាក់​ឲ្យ​អង្គុយ​លើ​ពោង​នាំ​ចេញ​ទៅ​រក​ស៊ី​ព្រៃ​ស្ងាត់ ដែល​ឆ្ងាយ​អំពី​ហ្វូង​ដំរី ដើម្បី​ការ​ពារ​មិន​ឲ្យ​ដំរី​ព្រៃ​ឃើញ​ខ្លួន​ខ្ញុំ ហើយ​ខំ​រក​ផ្លែ​ឈើ​មើម​ឈើ​ឲ្យ​ខ្ញុំ​បរិភោគ​ជួស​តាង​បាយ ។ ដំរី​ស្ត​ខំ​ព្យាយាម​ខ្ញុំ​ពេញ​៣​ឆ្នាំ ឥត​បាន​ចូល​ទៅ​ក្នុង​ហ្វូង​ដំរី​ព្រៃ​សោះ ម្ល៉ោះ​ហើយ​បណ្តាល​ឲ្យ​កើត​សេចក្ដី​អផ្សុក​ធុញ​ទ្រាន់​ជា​ខ្លាំង ទើប​និយាយ​នឹង​ខ្ញុំ​ថា អូន​អើយ អូន​ឯង​បាន​ទៅ​កើត​ជា​មនុស្ស​ទៅ​ហើយ គួរ​តែ​ទៅ​នៅ​រួម​សាមគ្គី​នឹង​មនុស្ស ឯ​បង​ដែល​មាន​កំណើត​ជា​សត្វ​ដំរី​ក៏​ត្រូវ​រួម​សាមគ្គី​នឹង​សត្វ​ដំរី​ដូច​ គ្នា ល្ហើាយ​ចុះ​យើង​ជា​បង​ប្អូន​រួម​ផ្ទៃ​មួយ ក្នុង​គ្រា​អូន​ឯង​នៅ​ជា​សត្វ​ដំរី​ក៏​ត្រូវ​នៅ​ចាំ​ប្រាកដ​ថា​យើង​ជា​បង​ ប្អូន​នឹង​គ្នា​ជា​ដរាប​ត​ទៅ ។ ខ្ញុំ​បាន​តប​ទៅ​វិញ​ថា​ខ្ញុំ​ទទួល​ស្តាប់​ទាំង​អស់​ពាក្យ​ដែល​បង​និយាយ​ទាំង​ប៉ុន្មាន បើ​ដូច្នេះ សូម​បង​ជូន​ខ្ញុំ​ទៅ​ទី​លំនៅ​វិញ ។ ខ្ញុំ​នឹង​ដំរី​ស្ត​បាន​សំដែង​សេចក្ដី​អាឡោះ​អាល័យ​គ្នា​ជា​ពន្លឹក​ទៅ​វិញ​ ទៅ​មក រួច​ទើប​សំរី​ស្ត​ចាប់​លើក​ខ្ញុំ​ដាក់​លើ​ពោង ហើយ​ដើរ​តំរង់​ចូល​ទៅ​កាន់​ស្រុក​ភូមិ​នៃ​មនុស្ស លុះ​ទៅ​ជិត​ដល់​ក្រោយ​ផ្ទះ​មាតា​បិតា​ខ្ញុំ​ក៏​ដាក់​ខ្ញុំ​ឲ្យ​ចុះ​ពី​លើ​ ពោង ហើយ​ប្រញាប់​ប្រញាល់​វិល​ចូល​ទៅ​ក្នុង​ព្រៃ​វិញ ។ ចំណែក​ខាង​ខ្លួន​ខ្ញុំ កាល​ចូល​មក​ដល់​ផ្ទះ មាតា​បិតា​ជា​ព្រាន​ព្រៃ​បាន​ឃើញ​ហើយ ក៏​មាន​សេចក្ដី​ត្រើត​រីក​រាយ​ឥត​ឧបមា ព្រោះ​កាល​បាត់​ខ្ញុំ​ទៅ​ជាង​៣​ឆ្នាំ ឥត​មាន​ដំណឹង​សោះ ។ ក្នុង​ពេល​ដែល​​ទើប​មក​ដល់​ខ្ញុំ​និយាយ​ភាសា​មនុស្ស​មិន​កើត​ទេ ព្រោះ​កាល​ខ្ញុំ​ឃ្លាត​ពី​មាតា​បិតា​ទៅ​នោះ នៅ​តូច​ណាស់ ភាសា​មនុស្ស​ទើប​តែ​នឹង​ចេះ​បន្តិច​បន្តួច​ខ្ញុំ​ស្តាប់​ពាក្យ​មាតា​បិតា​ដែល​សាក​សួរ បាន​ខ្លះ​មិន​បាន​ខ្លះ តែ​ខ្ញុំ​និយាយ​តប​វិញ​មិន​កើត ។ លុះ​កន្លង​ទៅ​៣-៤ ខែ​ទើប​និយាយ​រឿង​រ៉ាវ​ដែល​ពោល​ហើយ​នេះ ជា​ភាសា​មនុស្ស​ប្រាប់​មាតាបិតា​បាន ។

ចៅ​វ៉ឹក​នេះ លុះ​អាយុ​ពេញ​ការ​បាន​ចូល​ធ្វើ​ជា​ទាហាន​ក្រុម​រក្សា​ស្រុក​នៅ​ទី​រួម​ខេត្ត​កំពង់​ធំ ។​​ឈ្មោះ​នេះ​តែ​និយាយ​រឿង​រ៉ាវ​របស់​ខ្លួន​ចប់​កាល​ណា តែង​លើក​ដៃ​សំពះ​សុំ​ឲ្យ​បាន​ទៅ​កើត​ជា​សត្វ​ដំរី​វិញ ព្រោះ​ពុំ​ពេញ​ចិត្ត​នឹង​សេចក្ដី​ចង្អៀត​ចង្អល់​របស់​មនុស្ស​លោក​សោះ ។

អំពី​រឿង​ប្រវេណី​របស់​សត្វ​ដំរី​នេះ នៅ​មាន​ហ្ម​ម្នាក់​ឈ្មោះ ហ្ម​សុខ​ជា​ហ្ម​ជាន់​ចាស់ គាត់​និយាយ​ថា សត្វ​ដំរី​កាន់​កិរិយា​១ ប្លែក​ពី​សត្វ​ចតុប្បាទ​ដទៃៗ គឺ​នៅ​គ្រា​ដែល​សត្វ​ដំរី​រួម​បវេណី​នឹង​គ្នា ពុំ​បាន​ប្រព្រឹត្ត​ដូច​សត្វ​ទាំង​ពួង​ទេ ប្រព្រឹត្ត​បែប​យ៉ាង​មនុស្ស​ទៅ​វិញ ។ ថា​សត្វ​ដំរី​ញី​នឹង​ដំរី​ឈ្មោល កាល​ណា​មាន​សេចក្ដី​ស្រឡាញ់​គ្នា​ជា​ប្រាកដ មុន​នឹង​រួម​សំវាស​(ស្គាគ្នា) តែង​នាំ​គ្នា​ទៅ​រក​នាទី​ដី​ដែល​មាន​ភាព​ខូង​កណ្ដាល​ដើម្បី​ដេក​ផ្ងារ​បាន​ដោយ​ស្រួល តែ​មុន​បឹង​ប្រះ​ខ្លួន​ដេក​ទៅ​ក្នុង​ដី​ក្រហូង​នោះ ត្រូវ​ដំរី​ឈ្មោល​ធ្វើ​កិច្ច​ស្បថ​សច្ចា​ប្រណិធាន​ចំពោះ​មុខ​ដំរី​ញី​នោះ​ សិន តាម​លក្ខណៈ​ប្រវេណី ៣ ប្រការ​គឺ​៖

១-កាល​ណា​ស្គាគ្នា​រួច ត្រូវ​ជួយ​លើក​ឡើង​វិញ,

២-បើ​មាន​អាសន្ន​អន្តរាយ​ដោយ​សត្វ​ខ្លា​ឬ​ព្រាន​ព្រៃ​មក​ទាន់​ត្រូវ​នៅ​ជួយ​ការ​ពារ​គ្នា គ្រា​តែ​អស់​ជីវិត មិន​រត់​ចោល​គ្នា,

៣-ត្រូវ​ទុក​ការ​រួម​សំវាស (ស្គា​គ្នា) ជា​ដំបូង​នេះ​ជា​គោល​ថា នឹង​មិន​ទៅ​ស្នេហា​នឹង​ដំរី​ញី​ដទៃ ត្រា​តែ​អស់​ជីវិត ។

របៀបដែលស្បថនេះ ត្រូវ​ដំរី​ឈ្មោល​ស្បថ​បែរ​មុខ​ចំពោះ​ទៅ​រក​ព្រះ​អាទិត្យ លុត​ជង្គង់​លើក​ប្រមោយ​ឡើង​ថ្វាយ​បង្គំ​ព្រះ​អាទិត្យ ៣ ដង ទើប​ដំរី​ញី​ព្រម​ព្រះ​ខ្លួន​ដេក​ទៅ​ក្នុង​ដីក្រហូង ។ បាន​ជា​ជាប់​កិច្ច​ស្បថ​ដូច្នេះ ព្រោះ​ដំរី​ញី​នឹង​ក្រោក​ឡើង​ខ្លួន​ឯង​វិញ​ពុំ​រួច ដោយ​ហេតុ​ទី​ដ៏​ខ្ពស់ ខាង​ឆ្វេង​នឹង​ខាង​ស្តាំ លុះ​តែ​ដំរី​ដូច​គ្នា ជួយ​លើក​​ទើប​ក្រោក​រួច ។

របៀប​ប្រវេណី​នៃ​សត្វ​ដំរី ដូច​បាន ពណ៌នា​ខាង​លើ​នេះ ជា​ការ​ពិត​ឬជា​ការ​ប្រឌិត​ឡោះង ដោយ​ថ្វី​មាត់​នៃ​អ្នក​កំប្លែង ដើម្បី​ពោល​ជា​ការ​កំសាន្ត​នោះ ខ្ញុំ​ពុំ​អាច​នឹង​រ៉ាប់​រង​ទេ ទុក​ដជូន​អស់​លោក​អ្នក​ដែល​បាន​មើល​ឬ​បាន​ស្តាប់​រឿង​នេះ ពិចារណា​ផង​ចុះ ៕















រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ ប្រវត្តិនិងរឿងនិទាន ប្រាសាទភ្នំជីសូរ

kkkចំនួនអ្នកទស្សនា: Views

រឿងព្រេងនិទាន និង ប្រវត្ដិសាស្រ្ដខ្មែរ

រឿងនិទាន ប្រវត្តិប្រាសាទភ្នំជីសូរ

ភ្នំជីសូរគឺជាភ្នំមួយ និងជាកន្លែងប្រវតិ្តសាស្រ្តមួយដែលស្ថិតក្នុងភូមិស្លាឃុំរវៀងស្រុកសំរោងខេត្តតាកែវ មានចម្ងាយប្រហែល ៦២ គីឡូម៉ែត្រខាងត្បូងរាជធានីភ្នំពេញ ឬ ២៧គីឡូម៉ែត្រខាងជើង ទីរួម ខេត្ត តាកែវ។ ដើម្បីទៅដល់ទីនោះ បើយើងមកពីភ្នំពេញ ត្រូវមកតាមផ្លូវជាតិលេខ២ កាត់តាមស្រុកបាទី និង ប្រាសាទនាងខ្មៅ។ បត់ស្តាំត្រង់ផ្លាកសញ្ញា និង កាត់តាមផ្លូវលំដែលមានដីហុយ៥ គីឡូម៉ែត្រ។ ភ្នំជីសូរ គឺមានកម្ពស់១៣០ម៉ែត្រ។ ប្រាសាទនេះត្រូវបានកសាងមុនសតវត្សទី១១ដោយព្រះបាទសូរ្យវរ្មន័ទី២ (១០០២ -១០៥០) មានបណ្តោយ៦០ម៉ែត្រ និងទទឹង៥០ម៉ែត្រ ។ប្រាសាទ ត្រូវបានហ៊ុម ពទ្ធ័ ដោយ ថែវ ២។ ថែវទថែវទី១មានប្រវែង៦០ម៉ែត្រ និង ថែវទី២តូចជាងពាក់កណ្ដាលដែលមានកន្លែងសក្ការ:ដ៏សំខាន់ ជាមួយទ្វារពីរ និង រូបចំលាក់ឈើ។ មានធ្នឹមនិងសសរដ៏ស្រស់ស្អាត់។

សំណង់នៃប្រាង្គប្រាសាទ បុរាណមួយនេះជាមរតក វប្បធម៌ខ្មែរដ៏មានតម្លៃដោយមិនអាច កាត់ថ្លៃបានឡើយ។ លក្ខណៈពិសេសនៃបុរាណដ្ឋាននេះគេតែងមានការកត់សម្គាល់ល់នូវប្រវត្តិនៃការកសាងពីរ បែបខុសគ្នា គឺតាមរយៈអ្នកបុរាណវិទ្យាធ្វើការសិក្សាស្រាវជ្រាវតាម រយៈសិលាចារឹកផង និងមួយបែបទៀតតាមរយៈរឿងព្រេង និទានដែលប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញប្រាសាទមានការចេះចាំមាត់ហើយបាននិយាយតៗ គ្នាផង។ តាមសិលាចារឹក លើភ្នំជីសូរ មានឈ្មោះថា ស្រីសូរ្យបព៌ត ឫ សូរ្យបព៌ត ដែលមានន័យថា ភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី១។នៅក្នុងប្រាសាទភ្នំជីសូរមាន សិលាចារឹកពីរ សិលាចារឹកទីមួយនិយាយពីការថ្វាយគ្រឿងសក្ការៈបូជានានា ចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថា នៅសូរ្យបព៌ត ដែលមានន័យថា ភ្នំសូរ្យ នៅក្នុងឆ្នាំ ១០១៩ នៃគ្រិស្តសករាជ។ ចំណែកឯសិលាចារឹកមួយទៀតគឺសិលាចារឹកទីពីរ បានអធិប្បាយពីរាជវង្សរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលជាអាយ្យកាអាយ្យកោរបស់ព្រះអង្គគឺជាកូនចៅរបស់ស្ដេចហិន្យវរ្ម័ន។តាមសិលាចារឹកនៅប្រាសាទព្រះវិហារខេត្តព្រះវិហារ បានរៀបរាប់ពី ការធ្វើពិធីសេវលិង្គ ឈ្មោះ សូរ្យវិមេស្វរៈ នៅប្រាសាទសូរ្យទ្រី ឫ ជីសូរនៅក្នុងឆ្នាំ ១០១៨ នៃគ្រិស្តសករាជ។ ចំណែកឯ សិលាចារឹកអង្គរខេត្តសៀមរាប បានហៅប្រាសាទភ្នំជីសូរថា ស្រីសូរ្យគីរី និងរៀបរាប់អំពីព្រះអាទិទេពដែលជាស្ដេចនៃចក្រវាល ដែលខ្មែរបុរាណហៅថា កម្រតេងជគត ដែលបានតម្កល់នៅប្រាសាទនេះ។ ប៉ុន្តែបើយើងនិយាយ អំពីតាមបែបរឿងព្រេងនិទានវិញនោះ មានប្រវតិ្តនៃការកសាងប្រាសាទភ្នំជីសូរ ដូចតទៅនេះ ៖ ចាស់ទុំដែលរស់នៅតំបន់ជុំវិញភ្នំជីសូរ នៅតែមានការចេះចាំហើយបានតំណាលរឿងព្រេងនិទាននេះបន្តឲ្យកូនចៅបានចេះចាំតៗ គ្នា ពីមាត់មួយទៅមាត់មួយថា កាលពីព្រេងនាយមានមហាក្សត្រមួយអង្គគង់នៅព្រះរាជនិវេសន៍មួយកន្លែងឋិតនៅខាងកើត ភ្នំជីសូរនៅជិតទន្លេមួយឈ្មោះថា ទន្លេឱម។ រាជនិវេសន៍នោះឈ្មោះថា «សែនភូវាំង» ដែលមានឈ្មោះ និងស្លាកស្នាមនៃទីកន្លែងមកទល់នឹងសព្វថ្ងៃនេះ។កាលណោះមានការរៀបចំពិធីមួយហៅថាជាការកោរសក់កូនស្តេច ដែលពាក្យរាជស័ព្ទ ហៅថា ពិធីចម្រើន ព្រះកេស ព្រះរាជឱរស។ ក្នុងគ្រានោះដែរ ក៏មានពួកព្រាហ្មណ៍ ជាគ្រូអាចារ្យសំខាន់ៗ បានជូនពរសព្ទ សាធុការពរជ័យដល់ព្រះរាជ ឱរសនោះ។ ប៉ុន្តែគេបានធ្វើការចាប់អារម្មណ៍ចំពោះព្រាហ្មណ៍ចុងក្រោយដែលបានជូនពរជ័យ ដល់ព្រះរាជ ឱរសថា សូមឲ្យខ្លាំងដូចស្រមោច ឲ្យពូកែដូចខ្មោច និងមានចិត្តមុតដូចស្រី។ គ្រានោះដែរ មជ្ឈដ្ឋានភ្ញៀវចូលរួមទាំងអស់និង ព្រះមហាក្សត្រផងដែរ បានឆ្ងល់ទៅនឹងខ្លឹមសារនៃពរជ័យនោះហើយសេ្តចក៏បានឲ្យព្រាហ្មណ៍នោះធ្វើការពន្យល់ដើម្បីឲ្យអស់សង្ស័យ។ ព្រាហ្មណ៍នោះបានបកស្រាយដូចតទៅៈ

ពរទី១ ខ្លាំងដូចស្រមោច គឺសំដៅទៅលើការកំណត់ច្បាស់ថា ស្រមោចវាជាសត្វមានកម្លាំងខ្លាំង។ ទន្ទឹមនេះដែរព្រាហ្មណ៍បានបញ្ជាក់ថា ឲ្យយកដែកប៉ុនខ្លួនមនុស្សហើយឲ្យមនុស្សលើកម្នាក់ឯង។ ពេលនោះមនុស្សលើកដែកនោះពុំរួចទេ។ ប៉ុន្តែបើគេយកម្ជុលទំហំប៉ុនខ្លួនស្រមោចហើយមានការប្រឡាក់ទឹកឃ្មុំនោះគេ ឃើញស្រមោចមួយពាំទៅបាត់។ នេះហើយដែលហៅថា ខ្លាំងដូចស្រមោច។

ពរទី២ ពូកែដូចខ្មោច គឺឲ្យយកខ្មោចតៃហោងទាំង៧ ទៅកប់នៅផ្នូរ ជិតៗ គ្នាបរិវេណតែមួយមានរាងជារង្វង់ហើយមានកប់ផ្តិលប្រាក់នៅទីកណ្តាលនោះដែរ។ នៅពេលយប់គេមានរៀបចំ ពែអុជធូបសែន នៅទីនោះដែលគេសួរថា តើមាននរណាហ៊ានទៅជីក កកាយយកផ្តិលប្រាក់ទាំងយប់ ឬក៏អត់? គេថា មិនមាននរណាហ៊ានទៅជីកយកទេ។ នេះហើយដែលគេហៅថា មានឫទ្ធិពូកែដូចខ្មោចនោះ។

ពរទី៣ ចិត្តមុតដូចស្រី គឺមានដំណើររឿងជាក់ស្តែងដែលបានបង្ហាញថា ស្រ្តីមានចិត្តដាច់ដោយហ៊ានសម្លាប់ប្តី ដើម្បីបានទ្រព្យសម្បត្តិ និងកិត្តិយស។ ចំណែកឯប្តី វិញមិនហ៊ានសម្លាប់ប្រពន្ធដើម្បីទ្រព្យសម្បត្តិ និងបុណ្យសក្តិនោះឡើយ។ នេះហើយដែលមានការលើកឧទាហរណ៍ បញ្ជាក់ឲ្យឃើញជាក់ស្តែងថា ពិតជាស្រ្តីភាពមានចិត្តមុតមែន។

នៅពេលដែលបានជ្រាបនិងទ្រង់ជ្រាបបានច្បាស់ពីអត្ថន័យតាមការជូនពរនោះហើយ ភ្ញៀវទាំងអស់ក្នុងពិធីនោះព្រមទាំងព្រះមហាក្សត្រផង មានការយល់ព្រមហើយមានការគាំទ្រនិងលើកតម្លើង ព្រាហ្មណ៍នោះជារាជគ្រូក្នុងការបង្ហាត់បង្រៀនដល់កូនស្តេចទៀតផង។ មិនតែប៉ុណ្ណោះព្រះមហាក្សត្របានកសាងអាស្រមនៅលើភ្នំជីសូរ គឺប្រាសាទភ្នំជីសូរទុកជាមរតកមកទល់នឹងបច្ចុប្បន្ននេះ ដើម្បីជូនដល់ព្រាហ្មណ៍នោះ គង់នៅព្រមទាំងធ្វើជា បូជនីយដ្ឋាននៃការគោរពសក្ការៈផងដែរ។

នេះហើយដែលជាប្រវត្តិនៃការកសាងប្រាសាទភ្នំជីសូរតាមរយៈរឿងព្រេងនិទាន៕

រឿងព្រេងនិទាន & ប្រវត្ដិសាស្រ្ដខ្មែរ

រឿងបុរសកាស៣០

kkkចំនួនអ្នកទស្សនា: Views

 


រឿងបុរសកាស៣០

កាលពីព្រេងនាយនាយ មាន​បុរស​ម្នាក់ នៅ​ស្រុក​មួយ អា​ពុក​ម្ដាយ​ស្លាប់​ទៅ នៅ​កំព្រា​តែ​ម្នាក់​ឯង​ ហើយ​ក្រលំបាក​ណាស់ គ្មាន​ទ្រព្យ​សម្បត្តិ​អ្វី​ទេ មាន​តែ​កាស ៣០ ច្រក​ក្នុង​ទៃ ក្រវាត់​ជាប់​នៅ​ចង្កេះ​ជានិច្ច ។ បុរស​នោះ​ពិចារណា​ថា «អញ​ទៅ​ទីពឹង​អ្នក​ណា​នឹង​បាន​សុខ» គិត​ទៅ​ឃើញ​ថា «គួរ​អញ​ទៅ​ជ្រក​កោន នឹង​លោក​ក្រឡា​ហោម​ចុះ »។ ហើយ​ក៏​ដើរ​ចេញ​ពី​ផ្ទះ​ទៅ ទៅ​ដល់​ក្រាប​សំពះ​តាម​សមគួរ ។ លោក​ក្រឡា​ហោម​សួរ​ថា « ជី​ឯង មក​ពី​ស្រុក​ណា មាន​ការ​អ្វី ? » ។ បុរស​នោះ​ជម្រាប​ថា «ខ្ញុំ​បាទ មក​ពី​ស្រុក​ឆ្ងាយ អា​ពុក​ម្ដាយ​ស្លាប់​ចោល​អស់​ហើយ នៅ​កំព្រា​តែ​ម្នាក់​ឯង, ខ្ញុំ​បាទ​មក​នេះ នឹង​សូម​ជ្រក​កោន​នៅ​បម្រើ ជា​កូន​ក្មួយ​តទៅ សូម​ព្រះ​តេជ​ព្រះ​គុណ​មេត្តា » ។ លោក​នោះ​សួរ​ថា «ជី​ឯង​ចេះ​អក្សរ​ល្មម​ធ្វើ​ជា​ស្មៀន​បាន​ឬ​ទេ ?» ។ បុរស​ជម្រាប​ថា « អក្សរ​ខ្ញុំ​បាទ​មិន​ចេះ​ទេ » ។ លោក​ក្រឡា​ហោម​ប្រាប់​ថា « យើង​ទទួល​ឲ្យ​នៅ​បាន តែ​ត្រូវ​ឲ្យ​ជី​ឯង​បោស​សំរាម​ក្រោម​ផ្ទះ​យើង រៀង​រាល់​ថ្ងៃ​កុំ​ខាន» ។

បុរស​នោះ​ក៏​នៅ​បម្រើ បោស​ក្រោម​ផ្ទះ​រាល់​ថ្ងៃ ដល់​ចំនួន ៣ ឆ្នាំ ។ ថ្ងៃ​មួយ​នោះ បុរស​កាស​៣០ សួរ​មាតា​លោក​ក្រឡា​ហោម​ថា « លោក​យាយ ! តើ​លោក​ក្រឡា​ហោម ជា​កូន​លោក​យាយ កើត​ឆ្នាំ​ខែ​ថ្ងៃ​អ្វី បាន​ជា​លោក​មាន​បុណ្យ​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ម្ល៉េះ?» ។ យាយ​នោះ​ប្រាប់​ឆ្នាំ​ថ្ងៃ​ខែ និង​ពេល​ដែល​កើត​សព្វ​គ្រប់ ។ បុរស​នោះ​បាន​ស្ដាប់​ចាំ​ប្រាកដ ពិចារណា​ថា « គួរ​អញ​កត់​ឆ្នាំ​ខែ​ថ្ងៃ​និង​ពេល​របស់​លោក​នេះ ដាក់​ក្នុង​ដៃ​ឲ្យ​ជាប់ » គិត​ហើយ ក៏​យក​កំណាត់​សំពត់​ចាស់ កត់​ឆ្នាំ​ថ្ងៃ​ខែ​និង​ពេល​ដែល​លោក​នោះ​កើត ហើយ​ដាក់​ក្នុង​ដៃ មិន​ឲ្យ​អ្នក​ឯ​ណា​ដឹង ឬ​ឃើញ​ឡើយ ។

ថ្ងៃ​ក្រោយ​លោក​ក្រឡា​ហោម សួរ​បុរស​កាស ៣០ «ជី​ឯង​មក​នៅ​នឹង​ជើង​យូរ​ឆ្នាំ​ហើយ ពុំ​ទាន់​បាន​ធ្វើ​រាជការ​នឹង​គេ ចុះ​ខ្លួន​ជី​ឯង កើត​ឆ្នាំ​ថ្ងៃ​ខែ​អ្វី » ។ បុរស​នោះ​ជម្រាប​ថា « ខ្ញុំ​បាទ​មិន​ចាំ​ តែ​កាល​ឪពុក​ម្ដាយ​ខ្ញុំ​បាទ​រស់​នៅ​ឡើយ បាន​ឲ្យ​កំណត់​កត់​នឹង​កំណាត់​សំពត់​ស​មួយ មក​ខ្ញុំ​បាទ​ៗ​ក៏​ទុក​នៅ​សព្វ​ថ្ងៃ តែ​មិន​ដឹង​ជា​រឿង​អ្វី ពី​ព្រោះ​ខ្ញុំ​មិន​ចេះ​អក្សរ»។ លោក​ក្រឡា​ហោម​ថា «បើ​ដូច្នេះ ជី​ឯង​ឲ្យ​កំណត់​នោះ​មក​អញ​មើល ! បុរស​នោះ​ក៏​ជូន​កំណាត់​ទៅ​លោក​ៗ មើល​ឃើញ កើត​ថ្ងៃ​ខែ​ឆ្នាំ និង​ពេល​ដូច​ជា​លោក​ដែរ ក៏​គិត​ក្នុង​ចិត្ត​ថា « ចៅ​នេះ កើត​ឆ្នាំ​ថ្ងៃ​ខែ​ដូច​អញ​ដែរ គន់​មើល​ទៅ​រូប​រាង​ឫកពា​វា ក៏​សមសួន ចៅ​នេះ​នឹង​បាន​ធ្វើ​ជា​នាហ្មឺន​ធំ​ដូច​អញ​មិន​ខាន» ហើយ​កាន់​កំណត់​នោះ​ចូល​ទៅ​ក្នុង បង្ហាញ​រួច​ខ្សឹប​ប្រាប់​ភរិយា​ថា «គេហ៍​អើយ ! បុរស​ជា​កូន​ក្មួយ​យើង ដែល​បោស​សំរាម​ក្រោម​ផ្ទះ​សព្វ​ថ្ងៃ​នេះ វា​កើត​ឆ្នាំ​ខែ​ថ្ងៃ​ដូច​អញ មើល​ទៅ​ឫកពា​សាច់​ឈាម​វា ក៏​សម​សួន​ផង, ទៅ​មុខ​វា​នឹង​បាន​ធ្វើ​ជា​សេនាបតី​ដូច​យើង» ហើយ​លោក​នោះ​ប្រឹក្សា​នឹង​ប្រពន្ធ​ថា «កូន​ស្រី​យើង​មួយ​នេះ​គួរ​ឲ្យ​ទៅ​វា​ធ្វើ​ជា​ភរិយា​ចុះ ខ្លួន​វា​នឹង​បាន​ធ្វើ​ជា​នាហ្មឺន​ធំ​ ត​វង្ស​យើង » ។ ភរិយា​ក៏​យល់​ព្រម ។ លោក​នោះ​ ចេញ​មក​វិញ​ប្រាប់​បុរស​នោះ​ថា « ពី​ថ្ងៃ​នេះ​ត​ទៅ ឯង​ឈប់​បោស​សំរាម​ក្រោម​ផ្ទះ​ចុះ ត្រូវ​ឯង​ឡើង​មក​បោស​ខាង​លើ​ផ្ទះ​វិញ » ។

កន្លង​មក​មួយ​ខែ លោក​ក្រឡា​ហោម​រៀប​វិវាហមង្គល​ការ ផ្សំ​ផ្គុំ​កូន​ស្រី​នឹង​បុរស​កាស ៣០ ជា​ស្វាមី​ភរិយា, រួច​ស្រេច​លោក​ក្រឡា​ហោម​ក៏​បង្ហាត់​បង្ហាញ​កូន​ប្រសា ឲ្យ​ធ្វើ​រាជការ​ជា​មួយ តែង​ចូល​គាល់​បម្រើ​ស្ដេច​រៀង​រាល់​ថ្ងៃ​ ដរាប​មក ។

លុះ​កន្លង​មក​បាន​បី​ខែ មាន​គេ​ជម្រាប​ថា « កូន​ប្រសា​លោក មិន​មែន​កើត​ឆ្នាំ​ខែ​ថ្ងៃ​ដូច​លោក​ទេ, រឿង​នេះ​គឺ​បុរស​នោះ​សួរ​ឆ្នាំ​ខែ​ថ្ងៃ​របស់​លោក​អំពី​សំណាក់​លោក​យាយ​ជា​មាតា ឯ​លោក​យាយ​ក៏​បាន​ប្រាប់​ដោយ​សព្វ​គ្រប់, កូន​ប្រសា​លោក​បាន​ស្ដាប់​ដឹង​អស់​ហើយ ក៏​សរសេរ​ចុះ​ក្នុង​កំណាត់​សំពត់​ស​ទុក លុះ​ដល់​លោក​សួរ​ឆ្នាំ​ខែ​ថ្ងៃ​ខ្លួន ក៏​ជូន​កំណត់​នោះ​មក​លោក​ៗ​មើល​ទៅ​ឃើញ​ថា កើត​ឆ្នាំ​ខែ​ដូច​លោក ក៏​ឲ្យ​កូន​ក្រមុំ​ធ្វើ​ជា​ភរិយា រឿង​នេះ មិន​មែន​ដូច្នោះ​ទេ គឺ​ក្លែង​សរសេរ​ទុក​ជា​ប្រាកដ » ។ លោក​ក្រឡា​ហោម ក៏​ជឿ​ជាក់​ឥត​សង្ស័យ ហើយ​មាន​ចិត្ត​ទោមនស្ស​ជា​ខ្លាំង គិត​ថា « មិន​គួរ​នឹង​ចាញ់​ប្រាជ្ញា​អា​មនុស្ស​កម្សត់​នេះ​សោះ » ក៏​រក​ឧបាយ​នឹង​ផ្ដាច់​កូន បណ្ដេញ​ចោល​ចេញ ។

ក្រោយ​នោះ​មាន​ទ័ព​ចោរ បះ​បោរ​នៅ​ខេត្ត​ក្រៅ​ជា​ច្រើន ។ ស្ដេច​ទ្រង់​ជ្រាប​ទ្រង់​ត្រាស់​ប្រើ​លោក​ក្រឡា​ហោម ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្ក្រាប ប៉ុន្តែ​ពួក​ទ័ព​ចោរ មិន​បាន​រាប​ទេ កាល​បើ​ដូច្នោះ លោក​ក្រឡា​ហោម ក៏​លើក​ទ័ព​ត្រឡប់​មក​ក្រាប​បង្គំ​ទូល​ស្ដេច​វិញ ។ ស្ដេច​ត្រាស់​ប្រើ​ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្ក្រាប​ទ័ព​ចោរ​ទៀត ក៏​នៅ​តែ​មិន​រាប​ទៀត លោក​ក្រឡា​ហោម ក៏​លើក​ទ័ព​ត្រឡប់​យក​សេចក្ដី​មក​ក្រាប​បង្គំ​ទូល​ថា « ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ លើក​ទ័ព​ទៅ​បង្ក្រាប​ទ័ព​ចោរ​ពីរ​ដង ហើយ​នៅ​តែ​មិន​ឈ្នះ​វា ព្រោះ​ពួក​វា​មាន​សេនា​ទាហាន​ច្រើន ហើយ​ពូកែ​ផង ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​នាំ​សេនា​ទាហាន​ទៅ​ទៀត​ពុំ​បាន ត្បិត​មាន​ជំងឺ​ក្នុង​ខ្លួន​ច្រើន សូម​ទ្រង់​ចាត់​មន្ត្រី​ណា​ដែល​មាន​ស្វាហាប់ ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្ក្រាប​ទ័ព​ចោរ​ទាំង​នោះ​ឲ្យ​ឆាប់ , ឯ​កូន​ប្រសា​ប្រុស​ម្នាក់​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ជា​មនុស្ស​មាន​ចិត្ត​ទាហាន​ហានក្លា​ដែរ ចំណេះ​វិជ្ជា​ក្នុង​ខ្លួន​វា​ក៏​មាន​ច្រើន, បើ​ទ្រង់​ចាត់​ឲ្យ​វា​ទៅ​វា​នឹង​ហ៊ាន​ទៅ​មិន​ខ្លាច» ។ ការ​ដែល​លោក​ក្រឡា​ហោម​ទូល​ដូច្នេះ គឺ​ជា​ឧបាយ​ដោយ​ស្អប់​កូន​ប្រសា​នោះ​ណាស់ ព្រោះ​យល់​ថា បើ​វា​លើក​ទ័ព​ទៅ​ហើយ​ទ័ព​ចោរ​ទាំង​នោះ នឹង​សម្លាប់​វា​មិន​ខាន ។ ស្ដេច​ទ្រង់​ព្រះ​សណ្ដាប់ ក៏​ឲ្យ​ហៅ​កូន​ប្រសា​នោះ​មក ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ប្រាប់​ថា « នៅ​ខេត្ត​ក្រៅ​ មាន​ទ័ព​ចោរ​បះ​បោរ​ច្រើន, ឥឡូវ យើង​ប្រើ​អ្នក​ឯង​ឲ្យ​នាំ​សេនា​ទាហាន​ទៅ​បង្ក្រាប​ទ័ព​ចោរ​ទាំង​នោះ អ្នក​ឯង​ហ៊ាន​ទៅ​ឬ​ទេ ? បើ​ហ៊ាន​ទៅ ហើយ​ឈ្នះ​ចោរ​ផង យើង​នឹង​ឲ្យ​រង្វាន់ » ។

បុរស​នោះ​ទូល​ថា « ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ហ៊ាន​ទទួល​ទៅ​ធ្វើ​រាជការ​ថ្វាយ» ។ ទ្រង់​មាន​ព្រះ​រាជ​ឱង្ការ​ថា « បើ​ដូច្នោះ ចូល​អ្នក​ឯង​នាំ​សេនា​ទាហាន​ទៅ​ជា​ឆាប់ » ។ បុរស​ថ្វាយ​បង្គំ​លា​មក​ផ្ទះ​ជម្រាប​លោក​ក្រឡា​ហោម​ជា​បិតា​ក្មេក តាម​រឿង​គ្រប់​ប្រការ រួច​លើក​ទ័ព​ចេញ​ទៅ ទ័ព​ចោរ​បាន​ដឹង​ ក៏​លើក​ទ័ព​មក​តាំង​ច្បាំង​គ្នា​ជា​ខ្លាំង​ក្លា ។ ទ័ព​ចោរ​ទ្រាំ​ពុំ​បាន​ក៏​បរាជ័យ បាក់បប​ខ្លប​ខ្លាច​រត់​ខ្ចាត់​ខ្ចាយ​វិនាស​អស់​ទៅ ។ បុរស​លើក​ទ័ព​បង្ក្រាប​រាប​គ្រប់​អន្លើ រួច​នាំ​សេនា​ទាហាន​ត្រឡប់​មក​វិញ ក្រាប​បង្គំ​គាល់ ទូល​រឿង​ច្បាំង​នឹង​ទ័ព​ចោរ​គ្រប់​សេចក្ដី ។ ស្ដេច​ជ្រាប​ទ្រង់​ព្រះ​អំណរ​ពន់​ប្រមាណ ។

ឯ​លោក​ក្រឡា​ហោម ដឹង​ថា «កូន​ប្រសា លើក​ទ័ព​ទៅ​បង្ក្រាប​ចោរ​រាប​ទាប​អស់​ដូច្នោះ ក៏​មាន​ចិត្ត​ទោមនស្ស​រឹត​តែ​ខ្លាំង​ឡើង ពីព្រោះ​គិត​ថា ដែល​ឲ្យ​វា​ទៅ​បង្ក្រាប​ទ័ព​ចោរ​នោះ ដើម្បី​ឲ្យ​ពួក​ចោរ​សម្លាប់​វា ឥឡូវ​ទៅ​ជា​វា​មាន​ជ័យ​ជម្នះ​វិញ» ។ ឯ​រោគ​លោក​ក្រឡា​ហោម​រឹង​រឹត​តែ​រើ​ខ្លាំង​ឡើង​លើស​ដើម ពេទ្យ​មើល​ពុំ​ជា ក៏​ទទួល​មរណភាព​ទៅ ។ ស្ដេច​ជ្រាប​ទ្រង់​ព្រះ​ចិន្ដា​ថា «នឹង​ឲ្យ​ឈ្មោះ​ណា​ធ្វើ​ក្រឡា​ហោម ?» ទ្រង់​ព្រះ​ចិន្ដា​ទៅ​ឃើញ​តែ​បុរស​ដែល​វាយ​ទ័ព​ចោរ រាប​ទាប​នោះ​ឯង​មាន​គុណ​បំណាច់​នឹង​រាជការ គួរ​តែ​ឲ្យ​ធ្វើ​ជា​ក្រឡា​ហោម​បាន » ទ្រង់​ព្រះ​ចិន្ដា​ដូច្នោះ​ហើយ ក៏​ត្រាស់​ឲ្យ​ហៅ​បុរស​នោះ​មក​គាល់ ហើយ​ទ្រង់​ព្រះ​មេត្តា​ប្រោស តាំង​ឲ្យ​ធ្វើ​ទី​ក្រឡា​ហោម តំណាង​បិតា​ក្មេក​ទៅ ៕

(មនុស្ស កុំមើលងាយមនុស្ស)

រឿង​ បុរសជីកក្ដាម

kkkចំនួនអ្នកទស្សនា: Views

 


រឿង​ បុរសជីកក្ដាម

និទានមួយ ថា មាន​បុរស​ប្ដី​ប្រពន្ធ មាន​កូន​ប្រុស​មួយ កូន​នោះ​អាយុ​បាន ១២ ឆ្នាំ មាតា​ស្លាប់​ទៅ នៅ​តែ​ឪពុក​ពោះម៉ាយ ។ ឪពុក​ក៏​ធ្វើ​របរ​លក់​ដូរ​តែ​ពីរ​នាក់​នឹង​កូន លក់​មិន​ដាច់​រឹត​តែ​ក្រ​ទៅ​ៗ ក្រោយ​មក ឪពុក​អនិច្ចកម្ម​ទៅ​ទៀត នៅ​តែ​កូន​ម្នាក់​ឯង​រក្សា​ផ្ទះ​សំបែង ។ ឪពុក​ស្លាប់​ទៅ​បាន ៥​ថ្ងៃ​ក៏​មក​ពន្យល់​សប្ដិ​ថា «កូន​ឯង​ក្រ​លំបាក​ណាស់ យើង​ជា​ឪពុក​គ្មាន​របស់​អ្វី​នឹង​ឲ្យ​ទេ ដូច្នេះ​ឲ្យ​កូន​ទៅ​ជីក​ក្ដាម​នៅ​ក្រោម​ខ្ទម​អ្នកតា នា​ទិស​ឦសាន​ផ្ទះ​យើង យក​ទៅ​លក់​ចិញ្ចឹម​ជីវិត​រៀង​រាល់​ថ្ងៃ​ចុះ វេលា​ព្រឹក ថ្ងៃ​រះ​ឡើង​កាល​ណា ឲ្យ​កូន​ទៅ​ជីក​យក​រាល់​ថ្ងៃ​កុំ​ខាន » ។

លុះ​ភ្លឺ​ច្បាស់ កូន​នោះ​ភ្ញាក់​ឡើង ចាំ​ជាក់​នូវ​និមិត្ត​សព្វ​គ្រប់ ក៏​ចាប់​យក​ចប​ដើរ​តម្រង់​ទៅ​ខ្ទម​អ្នកតា ជីក​ទៅ​ឃើញ​ក្ដាម​មួយ​ប្រាកដ​មែន រួច​យក​ក្ដាម​នោះ​ទៅ​លក់​ឲ្យ​អ្នក​ផ្សារ​ៗ ក៏​ទិញ​យក ។ បុរស​នោះ​បាន​ប្រាក់​ហើយ​ត្រឡប់​មក​វិញ ។

ថ្ងៃ​ក្រោយ​វេលា​ព្រឹក បុរស​ទៅ​ជីក​ក្ដាម​នៅ​កន្លែង​ដដែល​នោះ បាន​ក្ដាម​មួយ​យក​ទៅ​លក់​ឲ្យ​អ្នក​ផ្សារ គេ​ក៏​ទិញ​យក​ទៅ​ទៀត ។ បុរស​នោះ​ត្រឡប់​មក​ផ្ទះ​វិញ ។

នៅ​ទី​នោះ មាន​មហា​សេដ្ឋី​ម្នាក់​មាន​កូន​ស្រី​ក្រមុំ​ច្រើន កូន​ស្រី​បង​ៗ​ទាំង​ប៉ុន្មាន មហា​សេដ្ឋី​រៀប​ឲ្យ​មាន​ប្ដី​អស់ នៅ​តែ​កូន​ស្រី​ពៅ​ម្នាក់ ឈ្មោះ​នាង​ពៅ​ប្រកែក​មិន​ព្រម​យក​ប្ដី សូម្បី​មហា​សេដ្ឋី​ជា​ឪពុក​ម្ដាយ បង្ខំ​ឲ្យ​មាន​ប្ដី​ម្ដេច​ម្ដា ក៏​នាង​មិន​ព្រម ។

រី​ឯ​បុរស​នោះ លុះ​ថ្ងៃ​ក្រោយ ទៅ​ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​បាន​មួយ​ទៀត ហើយ​កាន់​យក​ទៅ​លក់ ។ នាង​ពៅ កូន​ក្រមុំ​មហា​សេដ្ឋី​បាន​ឃើញ​ ក៏​ហៅ​មក​សួរ​ថា « អ្នក​កំឡោះ យួរ​ក្ដាម​ទៅ​ណា ? » ។ បុរស​នោះ​ជម្រាប​ថា « ខ្ញុំ​យក​ទៅ​លក់ » ។ នាង​ពៅ​ក៏​ទិញ​យក ហើយ​នាង​ប្រាប់​ថា « ពី​ថ្ងៃ​នេះ​ទៅ បើ​អ្នក​បាន​ក្ដាម កុំ​លក់​ឲ្យ​អ្នក​ណា ត្រូវ​អ្នក​យក​មក​លក់​ឲ្យ​ខ្ញុំ រាល់​ថ្ងៃ​កុំ​ខាន » ។ ដែល​ទៅ​ជា​យ៉ាង​នេះ ដោយ​នាង​នោះ​មាន​ចិត្ត​ប្រតិព័ទ្ធ​នឹង​បុរស​នោះ​ណាស់​ តែ​អ្នក​នោះ​មិន​ដឹង​ខ្លួន​ទេ ។ បុរស​នោះ​បាន​ប្រាក់​ហើយ​ត្រឡប់​មក​ផ្ទះ​វិញ ។ ថ្ងៃ​ក្រោយ​បុរស​នោះ ទៅ​ជីក​ក្ដាម​នៅ​ទី​កន្លែង​ដដែល​បាន​ទៀត រួច​យក​មក​លក់​ឲ្យ​តែ​នាង​ពៅ​នោះ​រាល់​ៗ​ថ្ងៃ ។ នាង​ពៅ​ក៏​ចេះ​តែ​ទទួល​ទិញ​យក​ក្ដាម​មិន​ដែល​ខាន ហើយ​មាន​ចិត្ត​រឹត​តែ​ស្រឡាញ់​បុរស​នោះ​ខ្លាំង​ឡើង ក៏​ធ្វើ​ឫកពា​កិរិយា​ឲ្យ​បុរស​នោះ​ដឹង ។ បុរស​នោះ​ដឹង​ជាក់​ថា « នាង​នោះ​ស្រឡាញ់​ខ្លួន​ប្រាកដ » តែ​ដោយ​ពិចារណា​ថា​ សព្វ​ថ្ងៃ​នេះ​ខ្លួន​ជា​អ្នក​ក្រីក្រ​លំបាក​ណាស់ ហើយ​កំព្រា​ផង ក៏​មិន​ហ៊ាន​និយាយ​ថា​ម្ដេច​ឡើយ ។

ចំណែក​បង​ស្រី​ៗ​ប៉ុន្មាន​នាក់ បាន​ឃើញ​នាង​ពៅ​ជា​ប្អូន ធ្វើ​ឫកពា​កិរិយា​ស្រឡាញ់​បុរស​លក់​ក្ដាម​នោះ​ពន់​ពេក ក៏​នាំ​គ្នា​ទៅ​ជម្រាប​មហា​សេដ្ឋី​ជា​មាតា​បិតា « នាង​ពៅ​ជា​ប្អូន ធ្វើ​ឫកពា​ស្រឡាញ់​បុរស​ជីក​ក្ដាម​នោះ​ក្រៃ​ពេក បុរស​នោះ​បាន​ក្ដាម​យក​មក​លក់​ឲ្យ​តែ​នាង​ពៅ ឯ​នាង​ពៅ​ចេះ​តែ​ទទួល​ទិញ​រាល់​តែ​ថ្ងៃ រួច​ធ្វើ​ឫកពា​កិរិយា​ស្រឡាញ់​បុរស​នោះ​ណាស់ ទោះ​បី​ខ្ញុំ​ទាំង​អស់​គ្នា និយាយ​ទូន្មាន​ដូចម្ដេច ក៏​មិន​ស្ដាប់​មិន​តាម រឹត​តែ​ធ្វើ​ខ្លាំង » ។ សេដ្ឋី​ជា​បិតា​មាតា ឮ​ដូច្នោះ​ខឹង​ច្រឡោត​ឲ្យ​ហៅ​នាង​ពៅ​មក​ជេរ​បន្ទោស ត្មះ​តិះដៀល​ថា «ហង​នេះ ជា​មនុស្ស​រឹង​ត្អឹង​ទទឹង​នឹង​ចិត្ត​មាតា​បិតា អញ​ឲ្យ​មាន​ប្ដី​ទៅ​មនុស្ស​មាន​ទ្រព្យ​សម្បត្តិ ហង​ឯង​ប្រកែក​មិន​ព្រម​យក ឥឡូវ​ហង​ស្រឡាញ់​អា​មនុស្ស​កម្សត់​លក់​តែ​ក្ដាម​វិញ ហង​ឯង​នេះ​អាក្រក់​ណាស់ ចុះ​ចេញ​ពី​ផ្ទះ​អញ​ឲ្យ​ឆាប់​​ទៅ​យក​អា​កម្សត់​លក់​ក្ដាម​នោះ​ចុះ, ចាប់​ពី​ថ្ងៃ​នេះ​ទៅ​ហង​ឯង កុំ​មក​ឡើង​ផ្ទះ​អញ សូម្បី​តែ​ក្នុង​ភូមិ​ក៏​ចូល​មិន​បាន អញ​កាត់​ចោល​ហើយ » ។ ចំណែក​មាតា​កាត់​ចិត្ត​មិន​ដាច់​ពី​កូន​ពៅ ក៏​លប​វេច​របស់​ស្រាល​ៗ ដែល​មាន​តម្លៃ​ឲ្យ​នាង​ពៅ​ជា​កូន ។ នាង​ពៅ​ក៏​សំពះ​លា​មាតា​យក​បង្វេច​ដែល​មាតា​ឲ្យ​នោះ ចុះ​ចេញ​ពី​ផ្ទះ សំដៅ​ទៅ​ផ្ទះ​បុរស​លក់​ក្ដាម និយាយ​ពី​រឿង​ដែល​បិតា​ខឹង​បណ្ដេញ​សព្វ​គ្រប់ ប្រាប់​បុរស​នោះ​ៗ បាន​ស្ដាប់​ហើយ ឆ្លើយ​តប​ថា « សព្វ​ថ្ងៃ ខ្លួន​ខ្ញុំ​នេះ​ក្រី​ក្រ​ជា​ទី​បំផុត ហើយ​កំព្រា​តែ​ម្នាក់​ឯង​ផង នាង​ត្រឡប់​ទៅ​វិញ​ចុះ​ខ្ញុំ​មិន​ហ៊ាន​ទទួល​យក​នាង​ទេ ខ្ញុំ​ខ្លាច​មហា​សេដ្ឋី​ជា​បិតា​នាង​ចាប់​ទោស យក​ខ្ញុំ​ទៅ​សម្លាប់» ។ នាង​ពៅ​តប​ថា «ខ្ញុំ​មិន​ទៅ​វិញ​ទេ ស៊ូ​ស្លាប់​នឹង​អ្នក​ហើយ ! » ។ បុរស​នោះ​សួរ​ថា « បើ​ដូច្នេះ យើង​គិត​ដូចម្ដេច ? » ។ នាង​ពៅ​ឆ្លើយ​ថា « បើ​អ្នក​គិត​ឃើញ​យ៉ាង​ណា ខ្ញុំ​ទទួល​ធ្វើ​តាម​យ៉ាង​នោះ​ទាំង​អស់ » ។

បុរស​នោះ នាំ​នាង​ពៅ​ចេញ​ចោល​ផ្ទះ ទៅ​នៅ​ស្រុក​ក្រៅ ហើយ​ធ្វើ​ផ្ទះ ១ ខ្នង​សម្រាប់ លុះ​ព្រឹក​ឡើង​មក​ជីក​ក្ដាម​នៅ​ទី​ដដែល យក​ទៅ​លក់​ដូច​ថ្ងៃ​មុន​ទៀត បាន​ប្រាក់​ហើយ​ទិញ​វត្ថុ​ផ្សេង​ៗ​ផ្ញើ​ប្រពន្ធ ហើយ​ប្រព្រឹត្ត​យ៉ាង​នេះ​ជា​ច្រើន​ថ្ងៃ ។ ហេតុ​តែ​ជា​ស្រី​គ្រប់​លក្ខណ៍​នាង​ពៅ​នោះ ក៏​ប្រណិប័តន៍​ប្ដី​មិន​ឲ្យ​ទាស់​ចិត្ត វេលា​យប់​ចូល​ដំណេក​នាង​ពៅ​និយាយ​នឹង​ប្ដី​ថា «ខ្ញុំ​សូម​ចិត្ត​ប្ដី ! តាំង​ពី​ថ្ងៃ​នេះ​ត​ទៅ សូម​អ្នក​កុំ​ទៅ​ជីក​ក្ដាម​ទៀត​ឡើយ ព្រោះ​ប្រាក់​កាស​យើង​មាន​ច្រើន​ហើយ បើ​អ្នក​ចង់​ទិញ​របស់​អ្វី​ៗ ក៏​ទិញ​តាម​ចិត្ត​អ្នក​ចុះ » ។ ប្ដី​មិន​ព្រម​តាម ។

លុះ​ព្រឹក​ឡើង ប្ដី​កាន់​ចប​ទៅ​ជីក​ក្ដាម​ទៀត ។ ប្រពន្ធ​ឃើញ​ដូច្នោះ​ក៏​លប​ដើរ​តាម​ទៅ​មើល​ដល់​ទី​កន្លែង ឲ្យ​ឃើញ​ច្បាស់​មិន​ឲ្យ​ដឹង លុះ​ឃើញ​ច្បាស់​ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ ។ ចំណែក​ប្ដី​ជីក​បាន​ក្ដាម​ហើយ​យក​ទៅ​លក់ រួច​ទិញ​ម្ហូប​ចំណី​ផ្ញើ​ប្រពន្ធ ។

ថ្ងៃ​ក្រោយ ប្ដី​ទៅ​កាប់​ឧស​ក្នុង​ព្រៃ​ឆ្ងាយ នាង​ពៅ​បាន​ឃើញ​ប្ដី​ទៅ​រក​ឧស ក៏​កាន់​ចប​ទៅ​ជីក​រំលើង នៅ​ទី​កន្លែង​ដែល​ប្ដី​ជីក​ក្ដាម​នោះ​អស់ រួច​ត្រឡប់​មក​ផ្ទះ​ដាំ​បាយ​ធ្វើ​ម្ហូប​ចំណី​ទុក​ឲ្យ​ប្ដី​បរិភោគ , ថ្ងៃ​ល្ងាច​ត្រជាក់ ប្ដី​មក​ពី​ព្រៃ ក៏​បរិភោគ​បាយ​ជា​មួយ​គ្នា ។

លុះ​ព្រឹក​ឡើង ប្ដី​កាន់​ចប​ទៅ​ជីក​ក្ដាម​ទៀត ឃើញ​ទី​កន្លែង​ដី​នោះ​ធ្លុះ​ធ្លាយ​រលើង​រលុះ​ខ្ចាត់​ខ្ចាយ​អស់ ហើយ​បាន​ឃើញ​សំបក​ក្ដាម​មួយ​ធំ​ប្លែក​ស្ងួត​ស្អាត ដូច​ជា​ហាល​ថ្ងៃ​យូរ​ហើយ អ្នក​នោះ ក៏​កាន់​សំបក​ក្ដាម​យក​មក​ទុក​ក្រោម​ផ្ទះ មិន​បាន​ប្រាប់​ភរិយា​ឲ្យ​ដឹង​ទេ ភរិយា​ក៏​សួរ​ប្ដី​ថា​ដូចម្ដេច​ឡើយ ។ ដល់​វេលា​យប់​ចូល​ដំណេក នាង​ពៅ​កាន់​ប្រាក់​របូត​ពី​ដៃ​ជ្រុះ​មួយ​ណែន​ទៅ​ក្រោម​ផ្ទះ ធ្លាក់​ទៅ​លើ​សំបក​ក្ដាម​នោះ នាង​មិន​ហ៊ាន​ប្រាប់​ឲ្យ​ប្ដី​ដឹង ដោយ​គិត​ថា « ចាំ​ព្រឹក​ភ្លឺ​ច្បាស់​ឡើង សឹម​ចុះ​ទៅ​យក​ប្រាក់​មក​ទុក​វិញ» ។ លុះ​ព្រឹក​ឡើង នាង​ចុះ​ពី​ផ្ទះ​ទៅ​យក​ប្រាក់​មួយ​ណែន​ដែល​ធ្លាក់​នោះ ស្រាប់​តែ​ឃើញ​ប្រាក់​ណែន​ពេញ​សំបក​ក្ដាម នាង​អរ​ណាស់​ យក​មក​ឲ្យ​ប្ដី​ៗ​សួរ​ថា « នាង​បាន​ប្រាក់​ពី​ណា​ច្រើន​ម្ល៉េះ ? ។ នាង​ពៅ​ជម្រាប​ប្ដី​ថា « កាល​ពី​យប់​មិញ ខ្ញុំ​កាន់​ប្រាក់​ដើម្បី​យក​ទៅ​ទុក​ខាង​ក្នុង ក៏​របូត​មួយ​ណែន​ពី​ដៃ ធ្លាក់​ទៅ​ក្រោម​ផ្ទះ ខ្ញុំ​ពុំ​បាន​ចុះ​ទៅ​យក ពី​ព្រោះ​គិត​ឃើញ​ថា «ផ្ទះ​នៅ​ឆ្ងាយ​ពី​គេ គ្មាន​នរណា​ដឹង​ឬ​ឃើញ ចាំ​ព្រឹក​ភ្លឺ​ច្បាស់​សឹម​ចុះ​ទៅ​យក​មក​ទុក ខ្ញុំ​ចុះ​ទៅ​យក​ស្រាប់​តែ​ឃើញ​ប្រាក់​ណែន​ពេញ​សំបក​ក្ដាម ខ្ញុំ​ក៏​យក​មក​ជូន​អ្នក​»។ ប្ដី​មាន​អំណរ​ពន់​ប្រមាណ ហើយ​និយាយ​ប្រាប់​ប្រពន្ធ​ថា «ពី​ថ្ងៃ​នេះ​តទៅ បង​ឈប់​ជីក​ក្ដាម​ហើយ » ។ ប្រពន្ធ​អរ​ណាស់ រាល់​តែ​វេលា​យប់​ អ្នក​ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទម្លាក់​ប្រាក់​ទៅ​ចំ​សំបក​ក្ដាម​ធំ ព្រឹក​ឡើង​ចុះ​ទៅ​មើល ឃើញ​ប្រាក់​ពេញ​សំបក​ក្ដាម​នោះ ក៏​យក​មក​ទុក​រៀង​រាល់​ថ្ងៃ ទើប​ទម្លាក់​ប្រាក់​រៀល ព្រឹក​ឡើង​ឃើញ​ប្រាក់​រៀល ទើប​ទម្លាក់​​ប្រាក់​ណែន ព្រឹក​ឡើង​ឃើញ​ប្រាក់​ណែន​​ទើប​ទម្លាក់​គ្រឿង​មាស​ពេជ្រ ព្រឹក​ឡើង​ឃើញ​គ្រឿង​មាស​ពេជ្រ ពេញ​សំបក​ក្ដាម ។ អ្នក​ទាំង​ពីរ​ប្រព្រឹត្ត​យ៉ាង​នេះ​ចំនួន​មួយ​ឆ្នាំ​មាន​ប្រាក់​មាស និង​គ្រឿង​ប្រដាប់​ប្រើ​ប្រាស់ ច្រើន​ណាស់​រាប់​មិន​អស់ ទើប​ប្រឹក្សា​គ្នា​ថា «យើង​មាន​ប្រាក់​មាស និង​គ្រឿង​ប្រដាប់​ច្រើន​ម្ល៉េះ តើ​យើង​បាន​អ្វី​នឹង​ទុក​របស់​ទាំង​អស់​នេះ ?» លុះ​គិត​ឃើញ ក៏​នាំ​គ្នា​យក​ប្រាក់ និង​គ្រឿង​មាស​ពេជ្រ​ទាំង​អស់​ទៅ​ជីក​កប់​ទុក​ច្រើន​អន្លើ ។

ក្រោយ​ពី​នោះ​មក​ ទាំង​ពីរ​នាក់​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទៅ​សួរ​មហា​សេដ្ឋី​ជា​មាតា​បិតា ទៅ​ដល់​បង​ស្រី​ទាំង​អស់​បាន​ឃើញ​ជេរ​ថា «មេ​ចោរ​ចង្រៃ​ឯង នាំ​ប្ដី​កម្សត់​លក់​តែ​ក្ដាម​មក​រក​អ្វី ? ហង​ឯង​បាន​ឮ​ឬ​ទេ លោក​ឪពុក​បណ្ដេញ​កាត់​កាល់​ចោល​ហើយ សូម្បី​តែ​ក្នុង​ភូមិ ក៏​លោក​ហាម​មិន​ឲ្យ​ចូល​ដែរ ? មេ​ចង្រៃ​ឯង​ចេញ​ពី​ភូមិ​ឲ្យ​ឆាប់ >> ។ នាង​ពៅ​ឆ្លើយ​ថា « បង​ទាំង​អស់​កុំ​មើល​ងាយ​ខ្ញុំ​ៗ​មក​នេះ​ដើម្បី​សួរ​មាតា​បិតា​​ព្រោះ​លោក​មាន​គុណ​លើ​ខ្ញុំ​ៗ មិន​មក​សុំ​ទ្រព្យ​សម្បត្តិ​លោក​ទេ, សម្បត្តិ​បង​ឯង​ទាំង​អស់ ក៏​ខ្ញុំ​មិន​សុំ​ដែរ ខ្ញុំ​មើល​ទៅ​ទ្រព្យ​សម្បត្តិ​បង​ទាំង​អស់​មាន​ប៉ុណ្ណោះ ខ្ញុំ​មិន​កោត មិន​ព្រឺ​ឡើយ សូម្បី​តែ​រោម​ជើង​ខ្ញុំ​ ក៏​វា​មិន​ព្រឺ​ផង >> ។

បង​ទាំង​អស់​ខឹង​ណាស់​ ជេរ​ប្រទេច​ថា «ហង​ឯង​នេះ​អួត​ណាស់ អញ​មិន​ជឿ​ទេ» ។ នាង​ពៅ​ថា «បើ​មិន​ជឿ ភ្នាល់​គ្នា​ចុះ» ។ បង​ទាំង​នោះ​ថា «ភ្នាល់​ដូចម្ដេច?»។ នាង​ពៅ​ថា «ឲ្យ​បង​ទាំង​អស់​រាប់​ប្រាក់​ខ្ញុំ​មើល ឲ្យ​អស់​ក្នុង​មួយ​ថ្ងៃ បើ​រាប់​អស់ ខ្ញុំ​បែង​ចែក​ឲ្យ​រាល់​គ្នា បើ​រាប់​មិន​អស់ ខ្ញុំ​មិន​ឲ្យ​ទេ តែ​ខ្ញុំ​យល់​ថា កុំ​ថា​ឡើយ​រាប់​មួយ​ថ្ងៃ ទោះ​ជា​រាប់​ពីរ​ឬ​បី​ថ្ងៃ ក៏​មិន​អស់​ដែរ» ។ បង​ទាំង​នោះ​ឆ្លើយ​ថា «អញ​ព្រម​ទៅ​រាប់ តែ​ហង​កុំ​កុហក អញ​វាយ​ហង​សម្លាប់ » ។ នាង​ពៅ​ប្រាប់​ថា « តាម​ចិត្ត » ។ បង​ៗ​នាំ​គ្នា​ទៅ​រាប់​ប្រាក់​នាង​ពៅ រាប់​តាំង​ពី​ព្រឹក​ទល់​ល្ងាច​ក៏​មិន​អស់ នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​វិញ​ជម្រាប​សេដ្ឋី​ជា​មាតា​បិតា​ថា «នាង​ពៅ​ជា​ប្អូន​វា​អួត​ថា​ខ្លួន​វា​មាន​ប្រាក់​ច្រើន ខ្ញុំ​ទាំង​អស់​គ្នា​មិន​ជឿ ហើយ​វា​ថា​បើ​មិន​ជឿ ឲ្យ​ទៅ​មើល​ឯ​ផ្ទះ​វា​ចុះ ខ្ញុំ​ទាំង​អស់​គ្នា​ក៏​ទៅ​មើល ឃើញ​វា​មាន​ប្រាក់​ច្រើន​មែន ក៏​ភ្នាល់​នឹង​វា​ៗ​ថា បើ​ខ្ញុំ​ទាំង​អស់​គ្នា​រាប់​ប្រាក់​វា​អស់​ក្នុង​មួយ​ថ្ងៃ វា​នឹង​ឲ្យ​ខ្ញុំ​យក​ចែក​គ្នា​ចុះ​ បើ​រាប់​មិន​អស់​វា​មិន​ឲ្យ​ទេ ទោះ​ខ្ញុំ​ទាំង​អស់​គ្នា

ចាប់​រាប់​តាំង​ពី​ព្រឹក​ទាល់​ល្ងាច ក៏​មិន​អស់​ប្រាក់​វា បាន​ជា​ត្រឡប់​មក​ជម្រាប​មាតា​បិតា​សូម​ជ្រាប» ។ មហា​សេដ្ឋី​បាន​ស្ដាប់ ក៏​ចាត់​ក្រម​ការ​ឲ្យ​ទៅ​មើល​ប្រាក់​នាង​ពៅ​ឲ្យ​ជាក់​ច្បាស់ ។ នាង​ពៅ​ក៏​នាំ​ទៅ​មើល​គ្រប់​កន្លែង ។ ក្រម​ការ​ទាំង​នោះ​បាន​ឃើញ​ប្រាក់​នាង​ពៅ មាន​ច្រើន​ប្រាកដ​មែន ក៏​ត្រឡប់​មក​ជម្រាប​មហា​សេដ្ឋី​តាម​ដំណើរ​សព្វ​គ្រប់ ។ មហា​សេដ្ឋី​បាន​ជ្រាប​មាន​ចិត្ត​ត្រេកអរ​ណាស់​ក៏​ចាត់​បម្រើ​ឲ្យ​ទៅ​ហៅ​នាង​ពៅ និង​កូន​ប្រសា​មក​ប្រាប់​ថា «កូន​ឯង​មក​នៅ​ជា​មួយ​នឹង​មាតា​បិតា​វិញ​ចុះ» ទើប​មហា​សេដ្ឋី​បង្គាប់​ក្រមការ​ឲ្យ​កេណ្ឌ​រទេះ​ក្របី​គោ​ជា​ច្រើន ទៅ​ដឹក​ជញ្ជូន​ប្រាក់​និង​ទ្រព្យ​សម្បត្តិ​នាង​ពៅ យក​មក​ទាំង​អស់ ដាក់​លើ​ផ្ទះ​ពាស​ពេញ​ល្វែង ។ មហា​សេដ្ឋី​ឃើញ​ប្រាក់​នាង​ពៅ​ច្រើន​មែន មាន​អំណរ​ពន់​ប្រមាណ ក៏​សរសើរ​ថា « កូន​អញ​នេះ​ពេញ​ជា​មាន​បុណ្យ អំណឹះ​ត​ទៅ​កូន​ទាំង​ពីរ​នឹង​បាន​ធ្វើ​ជា​សេដ្ឋី​ដំណ​វង្ស​ពុំ​ខាន ឯ​ការណ៍​ដែល​បិតា​ខឹង​បណ្ដេញ​កូន​នោះ អ្នក​កុំ​ប្រកាន់​ខឹង​នឹង​បិតា » ។ នាង​ពៅ​និង​ប្ដី​ក៏​នៅ​ផ្ទះ​ជា​មួយ​មាតា​បិតា​ដូច​ដើម​វិញ ។ ចំណែក​បង​ស្រី​ទាំង​ប៉ុន្មាន​ក៏​កោត​ខ្លាច​នាង​ពៅ និង​ប្អូន​ថ្លៃ​នោះ​ណាស់ ។ លុះ​មហា​សេដ្ឋី​ជា​បិតា​ទទួល​មរណភាព​ទៅ​វេលា​ណា ប្ដី​នោះ​និង​នាង​ពៅ​ភរិយា ក៏​បាន​ឡើង​ធ្វើ​ជា​សេដ្ឋី​ជំនួស​បិតា​ត​ទៅ ៕

(ឈើ​ពុក កុំដាក់គូថអង្គុយ)


រឿង​ តាចន្ទរំលៀក

kkkចំនួនអ្នកទស្សនា: Views

 


រឿង​ តាចន្ទរំលៀក

មាន​រឿង​មួយ​ដំណាល​ថា  កាល​នោះ មាន​ព្រៃ​មួយ​ធំ​មាន​ខ្លា​សាហាវ តែង​ខាំ​មនុស្ស​ជា​ច្រើន នឹង​ចូល​ទៅ​រក​បោច​ផ្ដៅ​វល្លិ​ពុំ​បាន ។ គ្រា​ដែល​តា​ចន្ទ​គាត់​ចូល​ទៅ​បោច​វល្លិ​ក្នុង​ព្រៃ​នោះ ខ្លា​វា​លប​ចេញ​ពី​ក្នុង​ព្រៃ ប៉ង​នឹង​ខាំ​តា​ចន្ទ​ដែល​ចូល​ទៅ​បោច​វល្លិ ។ តា​ចន្ទ​ឃើញ​វា​មុន ហើយ​គាត់​រក​ពុទ្ធោ​ថា

ឱ ! ពុទ្ធោ​ៗ អើយ ! ឆ្នាំ​នេះ​ឆ្នាំ​ខាល ទឹក​បែក​ពាស​វាល ស្លាប់​ខ្លា​ដំរីស្លាប់​អស់​បក្សា ម្រឹគា​បក្សី ស្លាប់​ខ្លា​ដំរីគ្មាន​គង់​តូច​មួយ ។

ផ្ដៅ​អញ​នេះ​ អា​ណា​វែង​ៗ អញ​ព្យួរ​កូន​ចៅ អា​ណា​ខ្លី​ៗ អញ​ព្យួរ​ត្បាល់​អង្រែ ឱ​សត្វ​ទាំង​ឡាយ​អើយ ! ក្នុង​ឆ្នាំ​ខាល​នេះ នឹង​ស្លាប់​អស់​ហើយ​ គ្មាន​គង់​ទេ ។

តា​ចន្ទ​និយាយ​រក​ពុទ្ធោ​យ៉ាង​នេះ​ជា​ច្រើន​ដង ខ្លា​ស្ដាប់​បាន​ឮ​ច្បាស់ គិត​ថា «គួរ​អញ​សួរ​តា​នេះ​ចង់​ដឹង​មើល» ។ ទើប​ខ្លា​សួរ​ទៅ​តា​ចន្ទ​វិញ​ថា «តា​អើយ​តា ! ក្នុង​ឆ្នាំ​ខាល​នេះ​ទឹក​ធំ​មែន​ឬ? » ។ តា​ចន្ទ ធ្វើ​ភ្ញាក់​និយាយ​ទៅ​នឹង​ខ្លា​ថា «ឱ ! ចៅ ! ឆ្នាំ​នេះ​ទឹក​ធំ​ណាស់ បាន​ជា​តា​ភ័យ​នឹង​កូន​ចៅ ទើប​តា​រក​ផ្ដៅ ដើម្បី​ចង​ព្យួរ​កូន​ចៅ​ឲ្យ​ផុត​ពី​ទឹក » ។ ខ្លា​ក៏​មាន​ចិត្ត​ភិត​ភ័យ​នឹង​ពាក្យ​តា​ចន្ទ, គិត​ខ្លាច​ស្លាប់ ក៏​ចូល​មក​ជិត ហើយ​និយាយ​នឹង​តា​ចន្ទ​ថា « តា​អើយ អាណិត​ចង​ព្យួរ​ខ្ញុំ​ ឲ្យ​ផុត​ពី​ទឹក​ផង​បាន​ឬ​ទេ ? » ។ តា​ចន្ទ​ឆ្លើយ​ថា « បាន​ មិន​អី​ទេ​ចៅ ! អង្គុយ​មក​ចាំ​តា​នៅ​ទី​នេះ​សិន​ចុះ » ។ ខ្លា​ក៏​ចូល​មក​អង្គុយ​ចាំ ។ លុះ​តា​ចន្ទ​បោច​វល្លិ​ផ្ដៅ​បាន ក៏​ត្រកួញ​ធ្វើ​ជា​រំងក ហើយ​ចូល​ទៅ​ចង​ចង្កេះ​ខ្លា ។ តា​ចន្ទ​កាន់​គល់​ផ្ដៅ​ឡើង​ទៅ​លើ​ដើម​ឈើ​ខ្ពស់​ហើយ​បង្គាប់​ខ្លា​ឲ្យ​លោត​ឡើង ។ តា​ចន្ទ​ក៏​ស្រាវ​ទាញ​ឡើង​ឲ្យ​ផុត​ជើង​ខ្លា​ពី​ដី រួច​គាត់​ចុះ​មក​វិញ ។ ខ្លា​សួរ​ថា «តា!ប៉ុណ្ណេះ​ផុត​ពី​ទឹក​ហើយ​ឬ​អ្វី ?» ។ តា​ចន្ទ​ឆ្លើយ​ថា «ផុត​ហើយ​ចៅ ! ។ តា​ចន្ទ​ក៏​កាន់​កាំបិត​ទៅ​កាប់​ឈើ​ជា​ដំបូង ។ ខ្លា​ឃើញ​សួ​ថា «តា ! តា​កាប់​ដំបង​ធ្វើ​អ្វី ?» ។ តា​ចន្ទ​ថា «កាប់​យក​ទៅ​ផ្ទះ ក្រែង​ប្រទះ​នឹង​សត្វ​ឯ​ទៀត វា​ប្រមាទ​តា » ។ ខ្លា​ឆ្លើយ​ថា «គ្មាន​ខ្លា​ឯ​ណា​ទេ​តា ! មាន​តែ​ខ្ញុំ​នេះ​ឯង តែង​តែ​ខាំ​គេ​រាល់​ថ្ងៃ» ។ តា​ចន្ទ​ដឹង​ថា «ឱ ! អា​នេះ​ជា​សត្វ​កាច បើ​ដូច្នេះ អញ​នឹង​វាយ​ឲ្យ​អស់​ចិត្ត​ក្នុង​គ្រា​នេះ » ។ ទើប​តា​ចន្ទ​កាន់​ដំបង​ចូល​ទៅ​ដល់​ខ្លា​ថា «ចៅ​នៅ​ឲ្យ​ស្ងៀម​តា​នឹង​មើល​ចំណង​ឲ្យ ក្រែង​វា​របូត​លង់​ទឹក​ស្លាប់» ។ ខ្លា​ក៏​នៅ​ស្ងៀម ទើប​តា​ចន្ទ​លើក​ដំបង​វាយ​ខ្លា​ៗ ក៏​ប្រឹង​រើ​បម្រះ ស្រែក​រោទ៍ រលាក​រលួត​ស្បែក​ហើម​ខ្លួន​ជា​ខ្លាំង មុខ​គួរ​វេទនា ហើយ​ខ្លា​ក៏​ប្រឹង​រើ​បម្រះ ក្រឡះ​ខាំ​ខ្សែ​ផ្ដៅ​ដាច់ គេច​រត់​ទៅ ។ តា​ចន្ទ ក៏​វិល​ទៅ​ខ្ទម​ចាំ​ស្រែ​វិញ ។ និយាយ​ពី​ខ្លា​ដែល​រត់​រួច​ទៅ​នោះ បាន​ទៅ​ជួប​នឹង​ដំរី​មួយ ដំរី​ឃើញ​ខ្លា​បោល ក៏​ស្រែក​សួរ​ថា «បង​ខ្លា​ឯង​ភ័យ​នឹង​អ្វី ក៏​បាន​ជា​បោល​មិន​មើល​ក្រោយ​សោះ» ។ ខ្លា​ប្រាប់​ទៅ​ដំរី​វិញ​ថា «បង​អើយ ! អា​ចន្ទ​រំលៀក បញ្ឆោត​វាយ​ខ្ញុំ​ហើម​ខ្លួន​អស់ » ។ ដំរី​សួរ​ថា «អា​ចន្ទ​រំលៀក​នោះ​នៅ​ឯ​ណា?» ។ ខ្លា​ប្រាប់​ថា «វា​ធ្វើ​ស្រែ​នៅ​មាត់​បឹង​ឯ​នោះ ។ ដំរី​ថា «អញ​នឹង​ព្រេច​ឲ្យ​វា​ល្អិត កុំ​ឲ្យ​វា​ធ្វើ​បាប​គេ» ។ ខ្លា​បោល​ហួស​ទៅ ដំរី​ក៏​ដើរ​រក​តា​ចន្ទ​នឹង​ព្រេច ជួប​នឹង​តា​ចន្ទ​ហើយ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ តែ​ដំរី​មិន​ស្គាល់​សួរ​ថា «តា​ៗ​ស្គាល់​អា​ចន្ទ​រំលៀក​ដែរ​ឬ ?» ។ តា​ចន្ទ​សួរ​ដំរី​ថា «ចៅ​ឯង​សួរ​រក​គាត់​ធ្វើ​អ្វី ? ដំរី​ថា «ខ្ញុំ​ខឹង​ណាស់ វា​បញ្ឆោត​វាយ​ខ្លា​ហើម​ខ្លួន​អស់ » ។ តា​ចន្ទ​ឆ្លើយ​ថា «តា​ចន្ទ គាត់​នៅ​ខ្ទម​ស្រែ​ត្រើយ​ខាង​កើត​មាត់​បឹង, ហ្ន ! ខ្ទម​គាត់​ស​ៗ​នុះ​ឯង » ។ ដំរី​ថា «តា​អាណិត​ជូន​ខ្ញុំ​ទៅ បើ​ខ្ញុំ​ព្រេច​វា​ស្លាប់ បាន​របស់​អ្វី​ប៉ុន្មាន​ខ្ញុំ​ជូន​តា​ទាំង​អស់ » ។ តា​ចន្ទ​ឆ្លើយ​ថា «តា​អរ​ណាស់ ចៅ​អើយ ! ប៉ុន្តែ​ទឹក​បឹង​នេះ​ជ្រៅ​ណាស់ តា​ទៅ​មិន​រួច​ទេ» ។ ដំរី​ថា «បើ​ទឹក​ជ្រៅ តា​ជិះ​លើ​ក្បាល​ខ្ញុំ​មក» ។ តា​ចន្ទ​ឆ្លើយ​ថា «អើ​ បើ​ដូច្នោះ ទៅ​ក៏​ទៅ» ។ តា​ចន្ទ​ក៏​កាន់​កាំបិត​ព្រា​មួយ​ទៅ​ផង លុះ​ទៅ​បាន​ចម្ងាយ​មួយ​ស្រែ​តា​ចន្ទ ក៏​កាប់​ក្បាល​ដំរី ៣ –៤ កាំបិត មុត​ចេញ​ឈាម ។ ដំរី​ក៏​គេច​បោល​មក​វិញ ដល់​គោក​រលាស់​ទម្លាក់​តា​ចន្ទ ហើយ​ដំរី​ក៏​បោល​ទៅ​​ជួប​នឹង​ខ្លា​ឃ្មុំ​ៗ ស្រែក​សួរ​ថា «បង​ដំរី​បោល​អ្វី​ក៏​គ្មាន​មើល​ក្រោយ​សោះ» ។ ដំរី​ប្រាប់​ថា «បង​ខ្លា​ឃ្មុំ​អើយ ! អា​ចន្ទ​រំលៀក​បញ្ឆោត​កាប់​ក្បាល​ខ្ញុំ​ឈាម​អស់ » ។ ឯ​ខ្លា​ឃ្មុំ​ក៏​ជួយ​ខឹង​ដំរី ហើយ​សួរ​ទៅ​ដំរី​វិញ​ថា « អា​ចន្ទ​នោះ​ វា​នៅ​ឯ​ណា ?»» ។ ដំរី​ប្រាប់​ថា «វា​នៅ​ធ្វើ​ស្រែ​នៅ​មាត់​បឹង​ធំ​ឯ​នោះ » ។ ដំរី​ក៏​បោល​បាត់ ។ ខ្លា​ឃ្មុំ​ក៏​មាន​ចិត្ត​ខឹង​គុំកួន ប្រមាថ នឹង​ខាំ​បំបែក​ក្បាល​តា​ចន្ទ​ឲ្យ​ស្លាប់ ។ លុះ​ថ្ងៃ​ក្រោយ ខ្លា​ឃ្មុំ​ដើរ​ៗ​ទៅ ឃើញ​តា​ចន្ទ​ភ្ជួរ​ស្រែ​ពេល​ព្រឹក ។ ខ្លា​ឃ្មុំ​នឹក​ថា «នេះ​ហើយ តើ​អា​ចន្ទ​រំលៀក​នោះ ដូច្នេះ​អញ​ពួន​ចាំ​នៅ​នេះ​ចុះ ចាំ​វា​មក​ជិត អញ​លោត​ទៅ​ខាំ​វា​ឲ្យ​បាន» ។ ខ្លា​ឃ្មុំ​កាល​ ខ្លា​ធំ​កាយ​កណ្ដាល​ខ្លួន ។ ឯ​ដំរី​ឈរ​ចាំ​មើល​ ឃើញ​សត្វ​ទាំង ៣ មុត​ជើង​ពិការ​ជា​ខ្លាំង ដួល​ដេក​អស់។ ដំរី​ខឹង​នឹង​ខ្មោច​តា​ចន្ទ​ថា « ជើ ! អា​ចន្ទ​ កាច​តាំង​ពី​រស់​ទាល់​តែ​ស្លាប់ មិន​លែង​កាច​សោះ ទុក​ឲ្យ​អញ​ឈូស​តែ​ម្ដង​ឲ្យ​ប៉ើង​ខ្មោច​មក​នៅ​លើ​គោក » ។ ដំរី​ខឹង​ណាស់ លើក​ជើង​ឈូស​ជា​ខ្លាំង ត្រូវ​នឹង​កាំបិត​មុត​ពេញ​ជើង ក៏​ដេក​ដួល​ទាំង​អស់​គ្នា ។

ដល់​កំណត់​ថ្ងៃ ៧ កូន​ចៅ​តា​ចន្ទ​នាំ​គ្នា​ទៅ​មើល​ខ្មោច ស្រាប់​តែ​ឃើញ​ដំរី ខ្លា ចចក​ស្លាប់​ខាង​ផ្នូរ ក៏​នាំ​គ្នា​ពន្លះ​យក​សាច់ ស្បែក ឆ្អឹង ភ្លុក មក​លក់​យក​ប្រាក់​ធ្វើ​បុណ្យ ឧទ្ទិស​បញ្ជូន​ឲ្យ​ខ្មោច​តា​ចន្ទ​រំលៀក​ជា​សូរេច​ហោង៕

ខឹងខាត ប្រមាថខុស)

រឿងស្រីមាយាដកខ្ញី

kkkចំនួនអ្នកទស្សនា: Views

 


រឿងស្រីមាយាដកខ្ញី

មាន​បុរស​ម្នាក់​និង​ស្រី​ម្នាក់ ជា​ប្ដី​ប្រពន្ធ នៅ​ក្នុង​ស្រុក​មួយ ប្ដី​ជា​មនុស្ស​ចិត្ត​ត្រង់ តែ​គ្មាន​ប្រាជ្ញា ឯ​នាង​ប្រពន្ធ​នោះ ជា​ស្រី​ចិត្ត​មិន​ត្រង់​នឹង​ប្ដី តែ​ចេះ​មាយា​ច្រើន ។

ថ្ងៃ​មួយ​នាង​ប្រពន្ធ មាន​ចិត្ត​ប្រាថ្នា​ចង់​ជួប​នឹង​សហាយ​ណាស់ ដោយ​ឃ្លាត​គ្នា​យូរ​ហើយ តែ​មិន​ដឹង​ជា​ធ្វើ​ម្ដេច​នឹង​ទៅ​ជួប​បាន ព្រោះ​ភូមិ​នោះ​នៅ​ឆ្ងាយ​ពី​គ្នា បើ​ដើរ​ទៅ​ខ្លាច​ខ្មោច​លង ។ នាង​ប្រពន្ធ​ក៏​និយាយ​នឹង​ប្ដី​ខ្លួន​ថា «អ្នក! ល្ងាច​នេះ​យើង​គិត​ទៅ​រក​ទិញ​មាន់​មួយ មក​ធ្វើ​ស៊ី​បាយ​ម្ដង អ្នក​ចង់​ស៊ី​ទេ ?» ។ ប្ដី​តប​វិញ​ថា «ចង់​ស៊ី​ដែរ » ។ ប្រពន្ធ​ថា «ខ្ញុំ​ចង់​ស៊ី​ខួរ​ខ្ញី» ។ ប្ដី​ថា « អើ! អញ​ក៏​ចង់​ស៊ី​ខួរ​ខ្ញី​ដែរ» ថា​ហើយ ក៏​បបួល​គ្នា​ចុះ​ដើរ​ទៅ​ទិញ​មាន់​អ្នក​ស្រុក នៅ​ភូមិ​ជិត​ផ្ទះ​សហាយ​នោះ ។ ប្ដី​និង​ប្រពន្ធ​បបួល​គ្នា​សួរ​រក​ទិញ​គ្រប់​តែ​ផ្ទះ ។ នាង​ប្រពន្ធ​ដើរ​បែក​ពី​ប្ដី​ទៅ​ជួប​សហាយ វា​និយាយ​កិច្ចកល​ផ្សេង​ៗ​ រួច​មក​ជួប​នឹង​ប្ដី​វិញ ហើយ​ប្រាប់​ប្ដី​ថា «អ្នក ! ផ្ទះ​ឯណោះ​គេ​មាន​មាន់​លក់ គេ​ប្រាប់​ខ្ញុំ​អម្បាញ់មិញ » ។ ប្ដី​ព្រម​ទៅ​តាម​ប្រពន្ធ​ប្រាប់ ក៏​ទិញ​បាន​មេ​មាន់​មួយ យួរ​ត្រឡប់​មក​ផ្ទះ​វិញ ពេល​នោះ​ជា​ពេល​ពន់​ព្រលប់ ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ ស្រាប់​តែ​នាង​ប្រពន្ធ​ធ្វើ​មាយា​គក់​ដើម​ទ្រូង ហើយ​ថា «ឱ ! អ្នក​អើយ ! ភ្លេច​ដូច​គេ​លត់​ទៅ​ហើយ » ។ ប្ដី​សួរ​ថា «ភ្លេច​អី ?» ។ ប្រពន្ធ​ថា « ភ្លេច​ខ្ញី​ទៅ​ហើយ​អ្នក ! បើ​ដូច្នោះ​អ្នក​ឯង​នៅ​ៗ​នេះ​សិន​ចុះ ខ្ញុំ​រត់​ទៅ​វា​ឆាប់» ហើយ​នាង​នោះ​រត់​ទៅ ។ ប្ដី​ក៏​ឈរ​ចាំ​ប្រពន្ធ ឯ​នាង​ប្រពន្ធ កាល​ឃ្លាត​ពី​ប្ដី​ហើយ ក៏​គេច​ទៅ​ជួប​នឹង​ប្រុស​សហាយ​ខ្លួន ហេតុ​តែ​រឭក​សហាយ​ខ្លាំង​ណាស់​ក៏​ប្រះ​ដេក​ទៅ​ដី មិន​រក​ផ្ទះ​សម្បែង​ទេ ដោយ​ប្រញាប់​ទៅ​ជួប​ប្ដី​វិញ ។

ឯ​បុរស​សហាយ​នោះ ក៏​ទទួល​ភារៈ​នាង​នោះ​ទៅ រួច​នាង​នោះ​យក​ខ្ញី​ពី​សហាយ ហើយ​ផ្ដាំ​ថា «ល្ងាច​នេះ ឲ្យ​អ្នក​បង​ចាំ​មើល បើ​មាន​ពេល​ស្រួល ចូល​ទៅ​ដេក​ម្ដង​ទៀត​ចុះ » និយាយ​កិច្ចការ​សព្វ​គ្រប់​ហើយ នាង​នោះ​ក៏​ត្រឡប់​មក​ឯ​ប្ដី​ដើម​វិញ ។ ដី​ដែល​ប្រះ​ដេក​នោះ ក៏​នៅ​ជាប់​នឹង​ខ្នង មិន​ទាន់​បោស​នៅ​ឡើយ ព្រោះ​ដើរ​មក​ដោយ​ប្រញាប់ លុះ​ដើរ​មក​ដល់​ប្ដី​ខ្លួន​ហើយ ក៏​សើច​ក្អាកក្អាយ និយាយ​ទៅ​កាន់​ប្ដី​ថា « បើ​អ្នក​ឃើញ​អំមិញ​ប្រហែល​ជា​សើច​ដាច់​ខ្យល់​ស្លាប់​ហើយ » ។ ប្ដី​សួរ​ថា «សើច​អី ? »។ ប្រពន្ធ​តប​ថា « នែ ! អ្នក​មើល​ខ្នង​ខ្ញុំ បោស​ឲ្យ​បន្តិច​មក៍ ! ហ្នឹង​ហើយ​ខ្ញុំ​ដក​ខ្ញី វា​របូត​ដៃ​ទាំង​អស់ ខ្ញុំ​ដួល​ផ្ងារ​ទៅ​ក្រោយ​បះ​ជើង​ច្រោង បាន​ជា​ដី​ប្រឡាក់​ខ្នង​ខ្ញុំ​អស់» ។ ប្ដី​មិន​ដឹង​ក៏​បោស​ខ្នង​ឲ្យ​ប្រពន្ធ​ទៅ រួច​ហើយ​នាំ​គ្នា​ដើរ​ទៅ​ផ្ទះ ធ្វើ​បាយ​និង​មាន់​ស៊ី ធ្វើ​រួច​ហើយ​ពេល​ងងឹត​ស៊ី​បាយ​រួច ប្រពន្ធ​និយាយ​នឹង​ប្ដី​ថា «អ្នក ! ផ្លុំ​ប៉ី​ទៅ ខ្ញុំ​នឹង​ស្ដាប់» ប្ដី​ក៏​យក​ប៉ី​មក​ផ្លុំ ។ ប្រពន្ធ​ដេក​ស្ដាប់​ៗ​បន្តិច​ទៅ ក៏​កិល​មក​ដេក​លើ​ភ្លៅ​ប្ដី​ ហើយ​ថា « ពីរោះ​ណាស់​អ្នក! អ្នក​ផ្លុំ​ប៉ី​ ភ្នែក​មើល​រន្ធ​ដែរ​ឬ​ទេ ? បើ​អ្នក​មិន​មើល​រន្ធ ធ្វើ​ម្ដេច​នឹង​ចាប់​បើក​បទ​ឲ្យ​ត្រូវ​ទំនុក ? ប្ដី​តប​ថា​ទេ ! « មិន​បាច់​មើល​រន្ធ​ទេ​ព្រោះ​ដៃ​ចាំ​ស្ទាត់ ហើយ​ចំណាំ​រន្ធ​ផង » ។ ប្រពន្ធ​ថា « បើ​ដូច្នេះ​ ខ្ញុំ​បិទ​ភ្នែក​អ្នក​ទាំង​ពីរ​មើល អ្នក​នៅ​តែ​ផ្លុំ​ពីរោះ​ដូច​ដែល​ឬ​ទេ ? ។ ប្ដី​តប​ថា « បិទ​ចុះ ក៏​នៅ​តែ​ផ្លុំ​ពីរោះ​ដូច​មុន​ដែរ » ។ ប្រពន្ធ​ យក​ដៃ​បិទ​ភ្នែក​ប្ដី​ខ្លួន​ទាំង​២ រួច​ហើយ​ក៏​កន្ធែក​ជើង​ឲ្យ​សហាយ​នោះ​ឃើញ ។ បុរស​សហាយ​ឃើញ​ស្រី​សហាយ​ខ្លួន​បិទ​ភ្នែក​ប្ដី​បាន ហើយ​កន្ធែក​ជើង​ឲ្យ​សញ្ញា​ដូច្នោះ ក៏​ចូល​ទៅ​រួម​សំវាស​នឹង​នាង​នោះ​ទៅ ។


លុះ​សហាយ​នោះ​ថយ​ចេញ ទើប​ប្រពន្ធ​លែង​បិទ​ភ្នែក​ប្ដី ។ ប្ដី​នាង​ក៏​មិន​អាច​ដឹង​ដល់​កិច្ចកល​នោះ​ឡើយ ។ ព្រោះ​ហេតុ​នេះ​ បាន​ជា​មាន​ពាក្យ​បុរាណ​ថា « មាយា​ដក​ខ្ញី» មាន​ទាំង​ទំនុក​ច្រៀង​ផង​ថា :


ស្រី​ទៅ​ដក​ខ្ញី ស្រី​អើយ​នាង​ស្រី ស្រី​ទៅ​ដក​ខ្ញី ដក​ដួល​ទាំង​ខ្លួន ។ កាល​ដក​លើក​មុន តូច​តន់​លាក់​ពួន ដក​ក្រោយ​សំនួន ផ្ទួញ​ឲ្យ​ប្ដី​ស្លាប់ ។ ប្ដី​នាង​អ្នក​ផ្លុំ នាង​សុំ​ធ្វើ​ត្រាប់ បន្ទរ​អឺងអាប់ ចប់​បទ​អុំ​ទូក ៕

(កុំ​ពត់​ស្រឡៅ កុំប្រដៅស្រីខូច)



រឿង តម្លង់៧សន្ដាន

kkkចំនួនអ្នកទស្សនា: Views

 


រឿង តម្លង់៧សន្ដាន

កាល​ពី​ព្រេង​នាយ មាន​បុរស​ប្ដី​ប្រពន្ធ នាំ​គ្នា​ទៅ​សួរ​បង​ប្អូន​នៅ​ភូមិ​ត្រៃ​សណ្ដែក​ដើរ ៗ ទៅ​ប្រទះ​នឹង​អា​តម្លង់ ៧ សន្តាន កំពុង​តែ​ទឹម​គោ​ភ្ជួរ​ស្រែ ។ បុរស​ប្ដី​ប្រពន្ធ​នោះ សួរ​ថា «អ្នក​អើយ​អ្នក! ផ្លូវ​ណា​កាត់​ត្រង់​ទៅ​លើ​ភូមិ​ព្រៃ​សណ្ដែក ត្បិត​ខ្ញុំ​ខាន​មក​យូរ​ឆ្នាំ​ហើយ មិន​ដឹង​ជា​ផ្លូវ​ណា​គាត់​ទៅ​ឲ្យ​ត្រង់ ?» ។

បុរសតម្លង់ឆ្លើយថា” កូន​ក្រោល​បង្គោល​ស្នឹង អា​ក្រហម​មួយ​នេះ ម្ដាយ​ក្មេក​គាត់​ចែក ឯ​អា​ស្នែង​កន្ទែក​ឪ​អញ​គាត់​ឲ្យ អញ​មិន​លួច​គោ​របស់​អាណា​មក​ទឹម​ទេ» ។

ឯ​បុរស​ប្ដី​ប្រពន្ធ​ដែល​សួរ​ផ្លូវ​នោះ ឮ​ហើយ​និយាយ​គ្នា​ថា «អ្នក​នេះ យើង​សួរ​ផ្លូវ​គាត់ ៗ​និយាយ​ពី​គោ ហើយ​ស្ដី​គំរោះ​គំរើយ​ឲ្យ​យើង​ផង ណ្ហើយ​គេហ៍! យើង​កុំ​ខ្ចី​សួរ​វា យូរ​ឆាប់​គង់​តែ​នឹង​ទៅ​ដល់​ផ្ទះ​បង​ប្អូន​មិន​ខាន» ហើយ​ក៏​បណ្ដើរ​គ្នា​ហួស​ទៅ ។ ឯ​អា​តម្លង់​៧ សន្តាន​នោះ ក៏​ខំ​ភ្ជួរ​ស្រែ​មិន​ឈប់ ដល់​ពេល​ថ្ងៃ​ជិត​ត្រង់ មេ​តម្លង់​ជា​ប្រពន្ធ​ក៏​ទូល​បាយ​ទៅ​ឲ្យ​ប្ដី​បរិភោគ លុះ​ទៅ​ដល់​ក៏​ដាក់​ល្អី​បាយ​ក្រោមម្លប់ឈើ នៅ​ភ្លឺ​ស្រែ ។ ប្ដី​ឃើញ​ប្រពន្ធ​យក​បាយ​មក​ឲ្យ ក៏​ឈប់​ភ្ជួរ​ស្រែ បរិភោគ​បាយ និយាយ​ទាំង​ខឹង​ប្រាប់​ប្រពន្ធ​ថា «មាន​បុរស​ប្ដី​ប្រពន្ធ​បណ្ដើរ​គ្នា​មក​ពី​ណា​ចោទ​ប្រកាន់​ថា អញ​លួច​គោ​វា ឯ​គោ ១ នឹម​នេះ ប្រាកដ​ជា​ម៉ែ​ឪ​ឯង​ចែក​មក» ។ ប្រពន្ធ​ឃើញ​មាត់​ប្ដី​និយាយ​ម្ហបៗ នឹក​ស្មាន​ថា​ស្ដី​ឲ្យ​ខ្លួន ស្រាប់​តែ​ខឹង ហើយ​ឆ្លើយ​តប​ទៅ​វិញ​ថា «អញ​គិត​ថា​ប្ដី​មក​ភ្ជួរ​ស្រែ​ទាន់​ថ្ងៃ​ត្រង់ ខំ​ប្រញាប់​ប្រញាល់​ទូល​បាយ​មក​ឲ្យ​ស៊ី ឥឡូវ​ទៅ​ជា​ថា ឯង​មាន​សហាយ អញ​សហាយ​នឹង​ឈ្មោះ​អាណា គាត់​រក​មុខ​ឲ្យ​ឃើញ» ។ ឯ​ប្ដី​មិន​ទាល់​តែ​ពម​បាយ​អស់​មួយ​កូន​ល្អី ប្រពន្ធ​ថា​អ្វី​ក៏​មិន​ឮ​ផង ។ លុះ​ប្ដី​បរិភោគ​រួច ប្រពន្ធ​កន្ត្រាក់​យក​ល្អី ។ ប្ដី​សួរ​ថា «ឯង​មាន​ការ​អ្វី​ឯ​ផ្ទះ បាន​ជា​ប្រញាប់​ម្ល៉េះ?» ប្រពន្ធ​ថា «អញ​មុខ​ជា​ប្រាប់​ម៉ែ​ឪ​អញ​មិន​ខាន» ហើយ​កណ្ដៀត​ល្អី​ត្រឡប់​ទៅ​ដល់​ផ្ទះ ជួប​នឹង​ម្ដាយ និយាយ​ទាំង​ខឹង​មុខ​ក្រហម​ប្រាប់​ម្ដាយ​ថា «កូន​ប្រសា​ម៉ែ​ឯង​វា​ល្អ​ហើយ! ខ្ញុំ​ទូល​បាយ​ទៅ​ឲ្យ​ស៊ី ដាក់​ល្អី​ស្ទើរ​តែ​មិន​ទាន់ វា​ស្ដី​ឲ្យ​ខ្ញុំ​ថា​មាន​សហាយ» ។

ចំណែក​ម្ដាយ​នោះ ខឹង​ញ័រ​ឡើង​ថា «ហង​ឯង ដូច្នេះ​ទេ​តើ បាន​ជា​មុខ​ក្រហម អញ​ថា​កូន​ថា​ចៅ បាន​ជា​ចាំ​ផ្ទះ​ឲ្យ​វា ឥឡូវ​វា​ថា​ឯង​លួច​ថ្នាំ​វា​យក​ទៅ​ដូរ​ដូង មេ​អន្តរធាន​ឯង​ក្រោយៗ កុំ​និយាយ​ដូច្នេះ មិន​ត្រូវ​ទេ សូម្បី​តែ​ថ្នាំ​១​ឆ្នុក ក៏​អញ​មិន​លួច​យក​ផង បើ​ទុក​ជា​អញ​យក​មែន ម្ដាយ​នឹង​កូន​មិន​ត្រូវ​ហង​ឯង​ពោល​ឲ្យ​អញ​ខ្មាស​គេ​ទ ចាំ​ឪ​ហង​ឯង​មក អញ​ប្រាប់​ឲ្យ​ជេរ​វាយ​ប្រដៅ​ហង​ឯង​មិន​ខាន» ។

លុះ​យូរ​បន្តិច ប្ដី​មក​ពី​កាប់​បង្គោល​ធ្វើ​របង​បង្ការ​មិន​ឲ្យ​គោ​ក្របី​ចូល​ស៊ី​សំណាប​សន្ទូង ប្រពន្ធ​និយាយ​ប្រាប់​ប្ដី​ថា «កូន​ស្រី​យើង​វា​យក​បាយ​ទៅ​ឲ្យ​ប្ដី ខ្ញុំ​ចាំ​ផ្ទះ​ឲ្យ​វា លុះ​មក​វិញ វា​ថា​ខ្ញុំ​ជា​ម្ដាយ​លួច​ថ្នាំ​វា​ដូរ​ដូង ខ្ញុំ​ខឹង​ណាស់» ។

ប្ដី​ស្ដាប់​មិន​ឮ ខឹង​នឹង​ប្រពន្ធ​ក៏​ជេរ​ថា «មេ​ចោរ​គ្រហរ! ហង​ឯង​ប្រចណ្ឌ​អញ​អី​ម្ល៉េះ ! អញ​មាន​ស្លៀក​ពាក់​តែង​តួ​ដើរ​លេង​ចង់​ស្រី​ឯណា អញ​ទៅ​កាប់​ឈើ​ធ្វើ​បង្គោល​របង​ទេ​តើ! អញ​អត់​តែ​ម្ដង​នេះ ក្រោយៗ​បើ​ហង​ឯង​នៅ​តែ​ស្ដី​ប្រចណ្ឌ​អញ​ទៀត មុខ​ជា​អញ​ធាក់​ឲ្យ​ដួល​ទាំង​ជំហរ​មិន​ខាន» ហាម​ប្រពន្ធ​ហើយ បរិភោគ​បាយ រួច​ទៅ​ចង​សន្ទូច​បាន​ត្រី ត្រឡប់​មក​ផ្ទះ​វិញ ។ វេលា​ថ្ងៃ​ល្ងាច ប្រពន្ធ​ក៏​ធ្វើ​ត្រី​ស្ល​អាំង​ឲ្យ​ប្ដី​បរិភោគ​ខ្លះ រំ​លែក​ទុក​ព្រឹក​ខ្លះ ដើម្បី​នឹង​ធ្វើ​សម្រាប់​យក​ទៅ​ប្រគេន​លោក​កូន​ឯ​វត្ត និង​កូន​ប្រុស​តូច​ម្នាក់​ឲ្យ​នៅ​រៀន​អក្សរ​ជា​មួយ​នឹង​លោក​បង​នោះ ។

លុះ​ព្រឹក​ឡើង ម្ដាយ​នោះ​ដាំ​បាយ​ដួស​ដាក់​ចាន មាន​ម្ហូប​ពី​ល្ងាច​ស្រាប់ ទូល​យក​ទៅ​ដល់​កុដិ​ប្រគេន​លោក​កូន ហើយ​និយាយ​ថា « ខ្ញុំ​ព្រះ​ករុណា​រលឹក​លោក​កូន​ណាស់! មួយ​ទៀត​ប្អូន​តូច​វា​រៀន​អក្សរ​គ្រាន់​បើ​ទេ?» ។ លោក​កូន​នោះ​ប្រាប់​ថា «ចម្រើន​ពរ​ញោម! អាត្មា​សព្វ​ថ្ងៃ​នេះ កំពុង​ស្រឡាញ់​សីល​ផ្នួស​ណាស់, អាត្មា​មិន​សឹក​ទេ» ។ ម្ដាយ​ក៏​ហៅ​កូន​តូច​ដែល​នៅ​បម្រើ​បង​នោះ​ថា «អានាង! លា​លោក​បង​ទៅ​ផ្ទះ​នឹង​ម្ដាយ​បាន​មួយ​ថ្ងៃ​សិន ត្បិត​ឪពុក​ឯង​រឭក​ណាស់» ។ កូន​តូច​ឆ្លើយ​ប្រាប់​ម្ដាយ​ថា «ត្រី​ងៀត​លោក​បង នៅ​ពីរ​កន្ទុយ​ទុក​ក្នុង​កុដិ, ពេល​ល្ងាច ខ្ញុំ​យក​ពីរ​ចម្រៀក ដុត​ស៊ី​បាយ ដែល​សល់​ពី​លោក​ឆាន់​ពេល​ព្រឹក​នោះ» ។

ឯ​លោក​សង្ឃ ដែល​គង់​នៅ​ជិត​កុដិ​ទាំង​ប៉ុន្មាន បាន​ឮ​ម្ដាយ​នឹង​កូន​និយាយ​តែ​ដោយ​ខ្លួន មិន​ទទួល​សម្រុង​គ្នា​ដូច្នេះ លោក​ទាំង​អស់​ទប់​ពុំ​បាន ក៏​សើច​ទ្រហឹង​អឺងអាប់ ។ សិកា​នោះ ក៏​សំពះ​លា​លោក​កូន​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ហើយ​លុត​ជង្គង់​ជូន​បុណ្យ​ប្ដី​ថា «ខ្ញុំ​ជូន​បុណ្យ​អ្នក​ផង» ។ ប្ដី​ឆ្លើយ​ថា «អើ! អញ​ឃើញ​បាយ​សម្ល​ខ​អាំង ព្យួរ​ទុក​នៅ​សង្រែក អញ​ស៊ី​អស់​ទៅ​ហើយ» ។ ប្រពន្ធ​ក៏​មើល​មុខ​ប្តី ៗ មើល​មុខ​ប្រពន្ធ ប៉ប្រិច​ភ្នែក​ម៉ក់ៗ ធ្វើ​វា​ហឺ​តែ​ដោយ​ខ្លួន ។ លុះ​យូរ​បន្តិច ស្រាប់​តែ​ប្អូន​ស្រី​បង្កើត​ខាង​ប្ដ

ី នៅ​ភូមិ​ដទៃ​ឆ្ងាយ​មក​ដល់ បាន​ផ្លែ​ពង្រ​មួយ​ផ្តិល​និង​ស្លឹក​ប្រស់​ស្វា​មួយ​សំណុំ​មក​ផ្ញើ​បង និយាយ​សួរ​បង​ថា «បង​បាន​ភ្ជួរ​រាស់​ដក​ស្ទូង​បាន​ស្រែ​ប៉ុន្មាន​ហើយ?» ។ បង​ទាំង​ប្ដី​ប្រពន្ធ​ឆ្លើយ​ប្រាប់​ទៅ​ប្អូន​ស្រី​វិញ​ថា «អើ​ហង! ល្មម​ទុក​ដាក់​ឲ្យ​វា​មាន​ប្ដី​ទៅ​ចុះ តែ​ហង​មើល​កុំ​ឲ្យ​តែ​ចេះ​លេង​បៀ​ផឹក​ស្រា​ជក់​អាភៀន» ។

ប្អូន​ស្រី​ស្ដាប់​មិន​ឮ​ទៀត ក៏​ប្រាប់​ទៅ​បង​ទាំង​ពីរ​នាក់​ថា «ខ្ញុំ​ស្ដាយ​ត្រឡាច​ខ្ញុំ​មួយ​ទ្រើង​ណាស់ កំពុង​តែ​ផ្កា​ក្បិប​តូច ៗ ស្រាប់​តែ​មេ​ជ្រូក​វា​ទៅ​ឈ្មុស​គល់​ដាច់​ងាប់​អស់» ។ បង​ទាំង​ពីរ​នាក់​ថា «អើ​ហង! ល្មម​ទៅ​ផ្ទះ​ក៏​ទៅ​ចុះ ល្ងាច​ណាស់​ហើយ ក្រែង​កូន​វា​យំ​រក» ។ ប្អូន​ស្រី​នោះ ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ព្រោះ​អ្នក​ទាំង ៧ នាក់ គឺ​បុរស-ស្ត្រី ប្ដី​ប្រពន្ធ, ម្ដាយ​ឪពុក, លោក​ភិក្ខុ-កុមារ​ជា​កូន​និង​ប្អូន​ស្រី សុទ្ធ​តែ​ថ្លង់​និយាយ​មិន​ចុះ​សម្រុង​គ្នា បាន​ជា​រឿង​នេះ​គេ​ហៅ​ថា រឿង​តម្លង់​៧​សន្តាន ៕

(ស្ដាប់​មិន​ជាក់ កុំអាលញាក់ចិញ្ចើម)

រឿង មាយា​ស្រី

kkkចំនួនអ្នកទស្សនា: Views

 


រឿង មាយា​ស្រី

កាល​ពីព្រេងនាយ មាន​បុរស​ម្នាក់ មាន​ប្រពន្ធ​នៅ​ជាមួយ​គ្នា តែ​ពុំ​មាន​កូន លុះ​យូរ​ទៅ​ ប្រពន្ធ​នោះ​មាន​សហាយ នាំ​មក​ដេក​ក្នុង​ផ្ទះ​សឹងតែរាល់​ថ្ងៃ ។

ថ្ងៃ​មួយ ប្ដី​ទៅ​ជីក​ដំឡូង​ក្នុង​ព្រៃ ដល់​ថ្ងៃ​ក្ដៅ​ចូល​ទៅ​អាស្រ័យ​នៅ​ខ្ទម​អ្នកតា ១ ។ ប្រពន្ធ​រៀប​ចំ​អីវ៉ាន់​ទៅ​បន់​អ្នកតា​នោះ ឲ្យ​ទៅ​ធ្វើ​ប្ដី​ឲ្យ​ស្លាប់​នឹង​យក​សហាយ​ធ្វើ​ប្ដី, រៀប​ស្រេច​ហើយ​ ក៏​យក​អីវ៉ាន់​នោះ​ដើរ​ចូល​ទៅ​ក្នុង​ខ្ទម​អ្នកតា​នោះ ។ ប្ដី​ឃើញ​ប្រពន្ធ​ដើរ​ចូល​​ទៅ​ខ្ទម​អ្នកតា ក៏​នឹក​ឆ្ងល់​ថា​ប្រពន្ធ​អញ វា​មក​រក​អ្វី​ក្នុង​ខ្ទម​អ្នកតា​នេះ ? គិត​ហើយ​ក៏​ចូល​ទៅ​ពួន​ក្រោយ​ខ្នង​អ្នកតា លប​ស្ដាប់​ប្រពន្ធ ។

ឯ​ប្រពន្ធ ក៏​ចូល​ទៅ​អុជ​ទៀន​ធូប ហើយ​បន់​អ្នកតា​ថា «ខ្ញុំ​មិន​ចង់​យក​ប្ដី​ខ្ញុំ​ទេ ខ្ញុំ​យក​ប្ដី​ទៀត សូម​អ្នកតា​កាច់​ប្ដី​ខ្ញុំ​ឲ្យ​ស្លាប់​ទៅ ខ្ញុំ​នឹង​ថ្វាយ​ជ្រូក​មួយ» ។

ប្ដី​ឮ​ដូច្នោះ ក៏​ឆ្លើយ​ឡើង​ពី​ក្រោយ​ខ្នង​អ្នកតា «អើ​ បើ​នាង​មាន​សហាយ​ហើយ​បើ​ចង់​ឲ្យ​កាច់​ប្ដី​នាង​ឯង​ឲ្យ​ស្លាប់​នោះ ងាយ​ទេ វិល​ទៅ​ផ្ទះ​វិញ ត្រូវ​រក​មាន់​ក្រាប​ទាំង​មេ​ទាំង​ពង​មួយ​សំបុក ស្ងោរ​ឲ្យ​ប្ដី​នាង​ឯង​ស៊ី​ទៅ វា​ស្លាប់​ហើយ» ។

មេ​នោះ​ឮ​ដូច្នោះ ស្មាន​ថា​អ្នកតា​បង្គាប់ ក៏​ប្រញាប់​វិល​មក​ផ្ទះ​វិញ​រក​ទិញ​បាន​មេមាន់​ក្រាប​មួយ​សំបុក ស្ងោរ​ទុក​ឲ្យ​ប្ដី​ស៊ី ដើម្បី​នឹង​ឲ្យ​ស្លាប់ ហើយ​នឹង​បាន​យក​សហាយ ។

លុះ​ដល់​ព្រលប់ ប្ដី​មក​ពី​ជីក​ដំឡូង ដល់​ផ្ទះ​ហើយ សូរ​ថា «គេហ៍​អើយ ! បាន​អី​ស៊ី​បាយ ?» ។មេ​នោះ​ឆ្លើយ​ថា «ខ្ញុំ​បាន​មេ​និង​ពងមាន់​ក្រាប​មួយ​សំបុក​ស្ងោរ​ទុក​ឲ្យ​អ្នក» ។ ប្ដី​ថា «រៀប​បាយ​មក​ស៊ី» ។

ប្រពន្ធ​ក៏​លើក​បាយ ព្រម​ទាំង​មេ និង​ពង​មាន់​ក្រាប មក​ឲ្យ​ប្ដី​ស៊ី ។ ប្ដី​ស៊ី​អស់​ហើយ​ធ្វើ​ជា​ឈឺ ដេក​ថ្ងូរ​ហ៊ឹ ៗ ។ មេ​នោះ អរ​ណាស់​គិត​ស្មាន​ថា ប្ដី​ឈឺ​មែន ត្រូវ​នឹង​ពាក្យ​អ្នកតា​បង្គាប់​ហើយ ត្បិត​ឮ​ថ្ងូរ ។ ឯ​ប្ដី​ក៏​ធ្វើ​ជា​ដេក​ទៅ ។ មេ​នោះ​គិត​ស្មាន​ថា​ប្ដី​ស្លាប់ ក៏​បើក​ទ្វារ​នាំ​យក​សហាយ​ចូល​ទៅ​ដេក​ជាមួយ ។

អ្នក​ទាំងពីរ​កំពុង​តែ​និយាយ​គ្នា ប្ដី​ក៏​ក្រោក​ឡើង​អង្គុយ​ហៅ​ប្រពន្ធ​មក​ប្រាប់​ថា «រងា​ណាស់» ។

ឯ​ប្រុស​សហាយ​ឃើញ​ប្ដី​មេ​នោះ ក្រោក​ឡើង​អង្គុយ​ដូច្នោះ​ស្ទុះ​រត់​ពុំ​ទាន់ ក៏​ចូល​ទៅ​ពួន​ក្នុង​ពាង​ធំ ១ នៅ​ខាង​ដំណេក សម្ងំ​ចាំ​ប្ដី​នោះ​ដេក ខ្លួន​នឹង​ចេញ​ពី​ពាង​ទៅ​ដេក​នឹង​មេ​នោះ​ទៀត ។

ប្ដី​បាន​ឃើញ តែ​ធ្វើ​មិន​ឃើញ​មិន​ដឹង ប្រាប់​ប្រពន្ធ​ថា «រងា​ណាស់ ឯង​ដាំ​ទឹក​ឲ្យ​គ្នា​ងូត​បន្តិច នឹង​អាល​ស្លាប់» ។ មេ​នោះ ឮ​ថា​ចង់​ស្លាប់​ដូច្នោះ អរ​ណាស់ ត្បិត​ត្រូវ​នឹង​ពាក្យ​ដែល​ត្រូវ​បន់​អ្នកតា ។

លុះ​ប្រពន្ធ​ដាំ​ទឹក​ពុះ​ហើយ ប្ដី​ថា «ទៅ​ដង​ទឹក​ត្រជាក់​បាន ១ ក្អម​មក​យក​មក​លាយ​នឹង​ទឹក​ក្ដៅ​នេះ» ។ ប្រពន្ធ​ឮ​ប្ដី​ប្រើ​ដូច្នោះ ក៏​យក​ក្អម​ចេញ​ទៅ​ដង​ទឹក ។ ប្ដី​ឃើញ​ប្រពន្ធ​ចេញ​ទៅ​បាត់ ក៏​ក្រោក​ឡើង​ដើរ​ទៅ​លើក​ទឹក​ពុះ ១ ខ្ទះ នោះ​យក​ទៅ​ស្រោច​លើ​សហាយ ដែល​នៅ​ក្នុង​ពាង​នោះ​ស្លាប់​ទៅ ហើយ​ចូល​ទៅ​ដេក​វិញ ធ្វើ​ជា​ថ្ងូរ​ហ៊ឹ ៗ​ទៀត ។

មេ​នោះ​វិល​ពី​ដង​ទឹក​មក​វិញ មើល​ទៅ​ឃើញ​សហាយ​ត្រូវ​ទឹក​ក្ដៅ​រួញ​សរសៃ​ដូច​គេ​ដក​ចេញ​ពី​ពាង​មក ក៏​ឱន​ខ្សឹប​ថា «ថ្វី​ក៏​មិន​ឱន​ទៅ​វា​មិន​ទាន់​ទេ» ។ អា​នោះ​ឆ្ងក់​ដដែល ។ មេ​នោះ​យក​ដៃ​ទៅ​ចាប់​ជ្រមុជ​ទៅ ត្រូវ​ស្លឹក​ត្រចៀក រលេះ​ជ្រុះ​ទាំង​សក់ មើល​បាន​ដឹង​ជា​ប្ដី​ស្រោច​ទឹក​ក្ដៅ​ស្លាប់​សហាយ​ទៅ​ហើយ ក៏​ពុំ​ស្ដី យក​គម្រប​ពាង​មក​គ្រប ហើយ​យក​ទឹក​ឲ្យ​ប្ដី​ងូត ។ ឯ​ប្ដី​ក៏​មិន​ស្ដី ទឹក​ក៏​មិន​ងូត ប្រាប់​ប្រពន្ធ​ថា អញ​គ្រាន់​បើ​ហើយ ។ ហើយ​ហៅ​ប្រពន្ធ​ចូល​ទៅ​ដេក​ទៅ ។

លុះ​ព្រឹក​ព្រហាម​ឡើង មេ​នោះ ពុំ​ដឹង​បើ​គិត​ដូចម្ដេច និង​យក​ខ្មោច​ឲ្យ​រួច​ចេញ​ផុត​ពី​ផ្ទះ​ ក៏​នឹក​ឃើញ​ថា «ក្នុង​ស្រុក​នេះ មាន​ចោរ ៤ នាក់​ តែង​តែ​លប​លួច​អីវ៉ាន់​អ្នក​ផង​សព្វ​ថ្ងៃ សព្វ​យប់​គ្រប់​ភូមិ, ដូច្នេះ​អញ​នឹង​គិត​ឲ្យ​ចោរ​ទាំង ៤ នាក់​នោះ យក​ខ្មោច​ចេញ​ពី​ផ្ទះ​អញ​ទៅ​ចោល​ក្នុង​ព្រៃ​ឲ្យ​បាន» គិត​ហើយ​ក៏​ដើរ​ខ្ចី សំពត់ ហូល អាវ​ព្រែ​គេ យក​មក​ហាល​ជុំវិញ​ផ្ទះ ។ ឯ​ចោរ​ទាំង ៤​នាក់​នោះ​​ឃើញ​ហើយ​គិត​គ្នា​ថា «ជើ! មេ​នោះ​មាន​ណាស់​តើ! យប់​នេះ យើង​ទៅ​លប​លួច​វា​ឲ្យ​បាន​កុំ​ខាន, សព្វ​ថ្ងៃ​យើង​ស្មាន​ថា​វា​ក្រ»

មេ​នោះ​ក៏​ហាល​សំពត់​ហូល​​អាវ​ព្រែ​នោះ លុះ​ដល់​ពេល​ល្ងាច​យក​ទៅ​ជូន​គេ​វិញ ហើយ​យក​ខ្សែ​ចង​រឹត​រូត​ពាង​ខ្មោច​នោះ​ឲ្យ​ជាប់ ទុក​ឲ្យ​ចោរ​ចូល​លួច​មក​សែង​យក​ទៅ ។



ឯ​ចោរ​ទាំង ៤ នាក់ លុះ​យប់​​ក៏​បបួល​គ្នា​ទៅ​លួច​ ចូល​ទៅ​រក​របស់​ទាំងនោះ​ពុំ​ឃើញ ប្រទះ​ឃើញ​តែ​ពាង​មួយ ចង​មាត់​ជាប់ បើក​ពុំ​រួច ។ ចោរ​ទាំង ៤ នាក់​ និយាយ​គ្នា​ថា «របស់​អស់​នោះ​វា​ដាក់​ក្នុង​ពាង​នេះ​ហើយ, បើ​ដូច្នេះ​ត្រូវ​យើង​សែង​ពាង​នេះ» ថា​ហើយ​ក៏​នាំ​គ្នា​សែង​ពាង​នេះ​ទៅ ដល់​ព្រៃ​ឆ្ងាយ​ក៏​ស្រាយ​លូក​មើល ។

អា​មួយ​លូក​ដៃ​ទៅ ត្រូវ​សក់​ថា «វើយ សូត្រ» ដក​ដៃ​ចេញ ។ អា​មួយ​លូក​ដៃ​ទៅ​ត្រូវ​ស្លឹក​ត្រចៀក ត្រូវ​ភ្នែក ច្រមុះ ស្រែក​ថា វើយ​ខ្មោច​ទេ ។ អា​មួយ មិន​ជឿ លូក​ដៃ​ទៀត ត្រូវ​ដើម​ទ្រូង ដឹង​ថា​ខ្មោច​មែន ក៏​ស្ទុះ​រត់​ចោល​ហើយ​ខឹង​ណាស់​ថាត្បិត​មេ​នោះ បញ្ឆោត​ឲ្យ​សែង​ខ្មោច​ចោល​បាន ។ ចោរ​ទាំង ៤ នាក់​គិត​គ្នា​ថា «យើង​ឃ្លាំ​មើល​មេ​នោះ បើ​ឃើញ​វា​ដើរ​ទៅ​ណា​តែ​ម្នាក់​ឯង ត្រូវ​គ្នា​យើង​ចោមរោម ចាប់​វា​វាយ ឲ្យ​វា​រាង កុំ​ឲ្យ​វា​បញ្ឆោត​យើង​ទៀត ។

ជួន​ជា​ថ្ងៃ​មួយ មេ​នោះ​ចុះ​ទៅ​កំពង់​រក​ទិញ​អីវ៉ាន់ ត្បិត​មាន​សំពៅ​ទើប​នឹង​មក​ដល់​ពី​ស្រុក​ក្រៅ ។ មេ​នោះ ដើរ​ដល់​កណ្ដាល​ផ្លូវ​​ក៏​ជួប​នឹង​ចោរ​ទាំង ៤ នាក់​នោះ ចោរ​ឃើញ​ក៏​នាំ​គ្នា​ព្រួត​ចាប់​នឹង​វាយ ហើយ​ជេរ​ពី​រឿង​ដែល​វា​បញ្ឆោត​នោះ ។ មេ​នោះ ឆ្លើយ​ថា «ណ្ហើយ​អ្នក​ បើ​អ្នក​វាយ​ខ្ញុំ ក៏​ឥត​ប្រយោជន៍​ដែរ ត្បិត​ខ្ញុំ​ទៅ​ទារ​ប្រាក់​ពី​នាយ​សំពៅ, ដូច្នេះ​ចូរ​មក ! អញ្ជើញ​ទៅ​នឹង​ខ្ញុំ​ៗ ទារ​ប្រាក់​បាន ចែក​គ្នា​ចាយ​លេង »។

ចោរ​ទាំង ៤ នាក់​ឮ​ថា​វា​ទៅ​ទារ​ប្រាក់​ដូច្នោះ ក៏​ចូលចិត្ត​បបួល​គ្នា​ទៅ មេ​នោះ​ផ្ដាំ​ចោរ​ទាំង ៤ នាក់​ថា «អស់​អ្នក​ឈរ​ចាំ​ខ្ញុំ នៅ​លើ​ច្រាំង​ចុះ បើ​កាលណា​ឃើញ​ខ្ញុំ​បោយ​ដៃ​នោះ អ្នក​នាំ​គ្នា​ចុះ​ទៅ​ចុះ បាន​ប្រាក់​ហើយ» ។

មេ​នោះ និយាយ​ផ្ដាំ​ចោរ​ទាំង ៤ នាក់ ហើយ​ក៏​ចុះ​ទៅ​សំពៅ​និយាយ​នឹង​នាយ​សំពៅ លក់​ចោរ​ទាំង ៤ នាក់, វា​ថា​ចោរ​នេះ​ជា​ខ្ញុំ​របស់​វា ហើយ​ចង្អុល​បង្ហាញ​នាយ​សំពៅ​ថា «នុះ​ន៍ ! វា​ទាំង ៤ នាក់ បើ​វា​ចុះ​មក ខ្ញុំ​ឡើង​ទៅ​លើ​គោក សូម​អ្នក​ចាប់​ដាក់​ច្រវាក់​វា​ឲ្យ​ជាប់​ទៅ កុំ​ឲ្យ​វា​រត់​បាន» ។ នាយ​សំពៅ​ព្រម​ហើយ​សួរ​ថា «ខ្ញុំ​នាង​ឯង​ទាំង ៤ នាក់​លក់​ថ្លៃ​ប៉ុន្មាន ? ។ មេ​នោះ​ថា «ម្នាក់​ថ្លៃ​ពីរ​ណែន» ។ នាយ​សំពៅ​ឲ្យ​មួយ​ណែន​កន្លះ វា​ក៏​ព្រម​លក់ ហើយ​ចេញ​មក​ក្រៅ បក់​ដៃ​ហៅ​ចោរ​ទាំង ៤ នាក់ ។ ចោរ​ទាំង ៤ នាក់​គិត​ស្មាន​ថា វា​ហៅ​ឲ្យ​ទៅ​យក​ប្រាក់ ក៏​នាំ​គ្នា​ចុះ​ទៅ, ដល់​ហើយ ស្រាប់​តែ​នាយ​សំពៅ​ប្រើ​មនុស្ស​ឲ្យ​ដាក់​ច្រវាក់ នៅ​បាត​សំពៅ​ទាំងអស់​គ្នា ។ មេ​នោះ​ក៏​យក​ប្រាក់​ឡើង​មក​បាត់ ។ បាន​ប្រាក់​ហើយ មេ​នោះ ដើរ​វិល​មក​ផ្ទះ​វិញ ដល់​កណ្ដាល​ផ្លូវ​ចួន​ជា​យប់​ពុំ​ហ៊ាន​ដើរ​ទៅ​ទៀត ក៏​ឡើង​ទៅ​ដេក លើ​ដើម​ឈើ​មួយ​នៅ​ប្រប​ផ្លូវ​នោះ ។

ឯ​ចោរ​ទាំង ៤ នាក់ លុះ​នាយ​សំពៅ​ដាក់​ច្រវាក់​ជាប់​ហើយ ក៏​និយាយ​គ្នា​ថា ជើ​មេ​នេះ​ហៅ​ពេញ​ជា​ប្រាជ្ញា​ធំ វា​បញ្ឆោត​ឲ្យ​យើង​សែង​ខ្មោច​ទៅ​ចោល​ក្នុង​ព្រៃ​ហើយ ឥឡូវ​វា​លក់​យើង​បាន​ទៀត» ។ ចោរ​ទាំង ៤ នាក់​ខឹង​ណាស់ កាច់​ច្រវាក់​បាក់​រត់​ចេញ​ពី​សំពៅ ដើរ​ឡើង​មក​លើ​គោក រត់​មក​ទាំង​យប់​នោះ ជួន​ជា​យប់​យូរ​ណាស់ ក៏​នាំ​គ្នា​ឡើង​ទៅ​ដេក​លើ​ដើម​ឈើ​ធំ ដែល​មេ​នោះ​ដេក ។ ចោរ​បី​នាក់​ឡើង​ទៅ​ដេក​លើ​មែក​​ដោយ​ខ្លួន​ពី​គ្នា ។ ចោរ​ម្នាក់​ឡើង​ទៅ​ក៏​ជួប​នាង​នោះ នៅ​លើ​ចុង​ឈើ, អា​ចោរ​នោះ​ថា «អី ! ហង​ឯង​ស្លាប់​ហើយ​ម្ដង​នេះ ! ហង​ឯង​ធ្លាប់​បញ្ឆោត​យើង ឥឡូវ​ហង​ឯង​រត់​ចុះ​បើ​រួច !» ។ មេ​នោះ​លើក​ប្រាក់​បង្ហាញ ហើយ​ឱន​ខ្សឹប​ថា «ណ្ហើយ​អ្នក ! អ្នក​កុំ​ស្ដី​​កុំ​ឲ្យ​អ្នក​ទាំង​បី​នាក់​ទៀត​ដឹង, ហើយ​យើង​ត្រូវ​យក​គ្នា​ជា​ប្ដី​ប្រពន្ធ នឹង​យក​ប្រាក់​នេះ​ទៅ​ចាយ​រក​ស៊ី​ស្រួល​ជាង អ្នក​កុំ​ធ្វើ​បាប​ខ្ញុំ​ធ្វើ​អ្វី » ។

អា​ចោរ​ឮ​ដូច្នោះ ក៏​មិន​ស្ដី​​ខិត​ចូល​ទៅ​ជិត លូក​ឱប​កៀក​មេ​នោះ​ហើយ​ថា អើ​ប្អូន​ឯង​ហៅ​ប្រាជ្ញា​ធំ បញ្ឆោត​ខ្ញុំ​ពីរ​បី​ដង​ហើយ ឥឡូវ​បង​បាន​នាង​ជា​ប្រពន្ធ ដោយ​សារ​ព្រេង​សំណាង​យើង និយាយ​ហើយ​ក៏​ឱប​តាម​ចិត្ត​មេត្រី ។ មេ​នោះ​ពុំ​បម្រះ​ហើយ​ថា «ខ្ញុំ​ខ្លាច​ក្រែង​អ្នក​ស្រឡាញ់​ខ្ញុំ​មិន​ស្មោះ, ឯ​ខ្ញុំ​ស្រឡាញ់​អ្នក​ស្មោះ ចិត្ត​មួយ​ហើយ» ។ អា​ចោរ​នោះ​ថា «បង​ស្រឡាញ់​ស្មោះ​ហើយ នាង​ពុំ​ដឹង​ចិត្ត​បង ចង់​ឲ្យ​បង​ស្បថ ឬ​ឲ្យ​បង​ធ្វើ​ម្ដេច ?» ។ មេ​នោះ​ថា «បង​ស្រឡាញ់​ចិត្ត​មួយ​នឹង​គ្នា មាន​តែ​លិទ្ធ​អណ្ដាត​គ្នា» ទើប​មេ​នោះ​លៀន​អណ្ដាត ហើយ​ឱន​ទៅ​រក​អា​ចោរ​នោះ ។ ឯ​អា​ចោរ​លិទ្ធ​អណ្ដាត​មេ​នោះ ហើយ​លៀន​អណ្ដាត​ឲ្យ​មេ​នោះ​លិទ្ធ​វិញ, មេ​នោះ​ខាំ​អណ្ដាត​អា​ចោរ​នោះ​ដាច់​អស់​មួយ​កំណាត់ ហើយ​ច្រាន​ទម្លាក់​ពី​លើ​ចុង​ឈើ​ធ្លាក់​ដល់​ដី​ ស្រែក​ឮ​តែ​ឡុលៗ ។

ឯ​ចោរ​បី​នាក់ គិត​ស្មាន​ថា នាយ​សំពៅ​ចោម​ចាប់ ក៏​លោត​ពី​លើ​មែក​ឈើ​រត់​ទៅ​ហើយ​ស្រែក​ហៅ​គ្នា​ថា «វ៉ឺយ ! គ្នា​យើង​រត់​​នាយ​សំពៅ​ដេញ​ហើយ» ។ អា​ចោរ​ដែល​ដាច់​អណ្ដាត​នោះ ស្រែក​ហៅ​គ្នា​វា​ថា «មេ​នោះ នៅ​លើ​ចុង​ឈើ ត្រូវ​មក​ចាប់» ប៉ុន្តែ​វា​ដាច់​អណ្ដាត​ដូច្នោះ និយាយ​មិន​ច្បាស់ ឮ​តែ​ឡុលៗ , គ្នា​វា​គិត​ស្មាន​ថា​គេ​ដេញ​ចាប់​ចេះ​តែ​ប្រឹង​រត់​យក​តែ​ព្រះ​អាយុ​រៀង​ខ្លួន ។

ឯ​មេ​នោះ​ចុះ​ពី​លើ​ចុង​ឈើ យក​ប្រាក់​ទៅ​ផ្ទះ​ឲ្យ​ប្ដី នៅ​រក​ស៊ី​ជា​មួយ​នឹង​ប្ដី​​ជា​សុខ​សប្បាយ​ត​ទៅ ។

(អ្នក​មាន​ប្រាជ្ញា តែង​នតែងនាំអាត្មាឲ្យសុខចម្រើន)


រឿង អា​សំគម​បាញ់​លលក

kkkចំនួនអ្នកទស្សនា: Views

 


រឿង អា​សំគម​បាញ់​លលក

មាន​មនុស្ស​ម្នាក់ ជា​កូន​នៃ​អ្នក​ត្រកូល​ក្រី​ក្រ, បុរស​នេះ តាំង​ពី​ចម្រើន​ធំ​ឡើង គ្មាន​រក​ស៊ី​អ្វី​សោះ ខំ​ប្រឹង​សង្វាត​តែ​ខាង​ការ​បរ​បាញ់ ទាល់​តែ​ស្ទាត់​ជំនាញ, បើ​បុរស​នោះ​បាញ់​តម្រង់​សព្វ​ណា ចង់​ឲ្យ​ត្រូវ​ក្បាល ត្រូវ​ក ឬ​ទ្រូង រមែង​ត្រូវ​តាម​បំណង, តែ​រូប​ឆោម​លោម​ពណ៌​បុរស​នោះ អាក្រក់​មាឌ​ស្គម​កំព្រឹង សក់​ក្រញាង មុខ​ក្រញុះ អ្នក​ស្រុក​គេ​ដាក់​ឈ្មោះ​ហៅ​ថា «អា​សំគម​បាញ់​លលក» ព្រោះ​វា​តែង​ដើរ​បាញ់​លលក​រាល់​ថ្ងៃ ។

ថ្ងៃ​មួយ អា​សំគម​បាញ់​លលក លី​ស្នា​ដើរ​ទៅ​ស្វែង​រក​បាញ់​លលក បាន​ប្រទះ​ឃើញ​ភូមិ​សេដ្ឋី​១ មាន​ដើម​ឈើ​ដុះ​ត្រសាយ​ត្រសុំ​ដង្គុំ​ដង្គោល ជា​ទី​លំ​នៅ​នៃ​បក្សី​មាន​លលក​ជា​ដើម ។ សេដ្ឋី​នោះ​ជា​អ្នក​សម្បូណ៌​សំបុក​សម្បត្តិ ព្រម​ទាំង​មាន​កូន​ក្រមុំ​ពីរ​នាក់​ផង ។ អា​សំគម​បាញ់​លលក លី​ស្នា​ដើរ​សៀរ​តាម​របង​ភូមិ​សេដ្ឋី ក៏​ជួប​ជា​កូន​ស្រី​សេដ្ឋី​ទាំង​ពីរ​បណ្ដើរ​គ្នា​លេង​តាម​សួន​ច្បារ ក្នុង​ភូមិ​របស់​ខ្លួន ដ៏​ដេរដាស​ដោយ​ផ្ការីក​ស្គុស​ស្គាយ​ផ្សាយ​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់ នៅ​ពេល​ព្រឹក​ព្រហាម ។ អា​សំគម​បាញ់​លលក​ដើរ​សៀរ​តាម​ភូមិ ងើប​មើល​លើ ក្រែង​មាន​សត្វ​លលក​ទំ​នៅ​ចុង​ឈើ ។ កាល​បើ​អា​សំគម​បាញ់​លលក ងាក​ភ្នែក​ចុះ​ឡើង ចោល​កន្ទុយ​ភ្នែក​ទៅ​ក្នុង​ភូមិ, ខ្សែ​ភ្នែក​ក៏​រត់​ទៅ​ប៉ះ​ទង្គិច​នឹង​រូប​រាង​នាង​ក្រមុំ​ទាំង​ពីរ ដែល​ប្រកប​ដោយ​គ្រឿង​តែង​ប្រាណ មាន​លំអ​ស្រស់​ស្រងៅ ទាំង​មាន​ព្រលឹង​សាច់​ទ្រលុក​ទ្រលន់ នាំ​ឲ្យ​ភ្ញាក់​កន្ទ្រាក់​ដួង​ចិត្ត​ប្រុស​នៅ​វេលា​ឃើញ​ដំបូង ។ ឯ​អា​សំគម​បាញ់​លលក គ្រាន់​តែ​ចោល​ភ្នែក​ទៅ​ប៉ះ​រូប​នាង​នោះ​ភ្លាម ក៏​ស្រឡាំងកាំង​ភាំង​ស្មារតី ភ្លេច​ខ្លួន ជ្រុះ​ទាំង​ស្នា​ទាំង​ព្រួញ​ដល់​ដី ។ អា​សំគម​បាញ់​លលក តាំង​ពី​បាន​ឃើញ​កូន​សេដ្ឋី ក៏​ស្រឡាញ់​ជាប់​ក្នុង​ចិត្ត នឹក​ឥត​ភ្លេច ហើយ​ក៏​ទៅ​ដល់​ផ្ទះ ថ្លែង​ប្រាប់​ឪពុក​ម្ដាយ និយាយ​នឹង​ម្ដាយ​ឲ្យ​ទៅ​ដណ្ដឹង​កូន​សេដ្ឋី​ឲ្យ ។ ម្ដាយ​និយាយ​នឹង​កូន​ថា «នៃ​កូន​! ម្ដេច​ក៏​ឯង​ទៅ​ស្រឡាញ់​កូន​សេដ្ឋី​អីចេះ! បើ​ឯង​ក្រី​ក្រ​ភោគ​សម្បត្តិ ទាំង​រូប​ឯង​ទៀត​ក៏​អាក្រក់ មិន​សម​នឹង​កូន​គេ ធ្វើ​ម្ដេច​គេ​នឹង​ឲ្យ​ឯង ?» អា​សំគម​បាញ់​លលក ក៏​និយាយ​នឹង​ម្ដាយ​ថា «ម៉ែ! បើ​ម៉ែ​មិន​ទៅ​ដណ្ដឹង​ឲ្យ​ខ្ញុំ​ទេ ខ្ញុំ​ក៏​អស់​ឃើញ​មុខ​ម៉ែ, ម៉ែ​ក៏​លែង​បាន​ឃើញ​មុខ​ខ្ញុំ តាំង​ពី​ថ្ងៃ​នេះ​ទៅ​ហើយ» ។

ម្ដាយ​ដែល​មាន​ចិត្ត​អាណិត​កូន ឮ​កូន​និយាយ​ដូច្នោះ ក៏​ស៊ូ​កាត់​កេរ្តិ៍​ខ្មាស ទៅ​និយាយ​ស្នើ​ការ​នឹង​សេដ្ឋី ៗ ​ក៏​តប​វិញ​ថា «ខ្ញុំ​ឥត​បើ​ស្អប់​ខ្ពើម​អី​កូន​នាង​ទេ ប៉ុន្តែ​កូន​ខ្ញុំ​ៗ នឹង​ឲ្យ​ពុំ​បាន ត្បិត​មិន​ទាន់​គ្រប់​ការ, ណ្ហើយ​នាង! ប៉ុណ្ណេះ​ទុក​ជា​ស្រេច​ចុះ កុំ​បាច់​ទៅ​មក​ទៀត» សំដី​ប៉ុណ្ណេះ ជា​សំ​ដី​បង្វែង​ដាន​មិន​ចង់​ឲ្យ ។ ម្ដាយ​អា​សំគម​បាញ់​លលក ទញ់​តុះ​គំនិត​រក​ឧបាយ​កល​និយាយ​ទៀត​គ្មាន ក៏​លា​សេដ្ឋី​ត្រឡប់​ទៅ​ផ្ទះ​ប្រាប់​កូន ។ អា​សំគម​បាញ់​លលក គ្រាន់​តែ​ម្ដាយ​ប្រាប់​ដូច្នោះ​ភ្លាម ក៏​ផ្លាស់​ទឹក​មុខ​ក្រៀម​ក្រំ អង្គុយ​ត្របោម​ក្បាល​ជង្គង់ ដង្ហើម​ឃូរៗ បាយ​លេង​នឹក ទឹក​លេង​ស្រេក​ចេះ​តែ​នឹក​មមៃ​ៗ ហាក់​ដូច​ជា​កូន​សេដ្ឋី​នៅ​ចំពោះ​មុខ​ស្រស់ៗ ដោយ​កម្លាំង​សេចក្ដី​ស្នេហា​ខ្លាំង​ពេក ហើយ​បែរ​ជា​មិន​បាន​ដូច​បំណង ។ នៅ​វេលា​ដែល​អា​សំគម​បាញ់​លលក​ចូល​ដេក ក៏​ចូល​ទៅ​ទាំង​នឹក​អាល័យ​ទៅ​ជា​មមើ ស្រែក​ច្រៀង​ទាំង​យប់​ថា ៖ «ឆោម​អើយ​ឆោម​ឆើត​ទាំង​ពីរ​ប្រាណ ធ្វើ​ម្ដេច​នឹង​បាន​មក​កៀក​កើយ ឲ្យ​ដូច​ជា​ពូក​និង​ខ្នល់​ខ្នើយ បើ​ម្ល៉េះ​ទៅ​ហើយ​អស់​សង្ឃឹម» ។

អា​សំគម​បាញ់​លលក ទុក​ជា​ដឹង​ថា គេ​លែង​ឲ្យ​ហើយ​ដូច្នោះ លុះ​ព្រឹក​ឡើង ក៏​នៅ​តែ​លី​ស្នា និង​ស្ពាយ​បំពង់​ព្រួញ ដើរ​ទៅ​សំដៅ​ភូមិ​សេដ្ឋី​រាល់​ថ្ងៃ​ឥត​ខាន​សោះ ពួន​ចាំ​លប​មើលកូន​សេដ្ឋី ។

ថ្លែង​ពី​បុរស​ម្នាក់​ទៀត ជា​កូន​អ្នក​មាន​សម្បត្តិ ទាំង​រូប​ឆោម​នោះ​ក៏​ស័ក្ដិសម ទឹក​មុខ​ឡើង​ស្រស់​បំព្រង ជា​ទី​ពេញ​ចំណង់​នៃ​ស្ត្រី​ភាព ។ បុរស​នោះ​ក៏​ស្រឡាញ់​កូន​សេដ្ឋី​នោះ​ដែរ លុះ​ទៅ​ដណ្ដឹង សេដ្ឋី​ក៏​មិន​ព្រម​ឲ្យ ។ បុរស​នោះ ទុក​ជា​ដឹង​ថា​គេ​មិន​ព្រម​ឲ្យ ក៏​នៅ​តែ​លប​មើល​កូន​សេដ្ឋី​រាល់​ថ្ងៃ ។ ចួន​ជា​ពេល​មួយ បុរស​នោះ​ក៏​ទៅ​អា​សំគម​បាញ់​លលក​ក៏​ទៅ ហើយ​បាន​ជួប​គ្នា អា​សំគម​បាញ់​លលក​សួរ​ថា «អ្នក​ឯង​ទៅ​ណា?» ។ បុរស​នោះ​ឆ្លើយ​ថា «ខ្ញុំ​មក​លប​មើល​កូន​សេដ្ឋី» ឆ្លើយ​ហើយ​សួរ​ថា «ចុះ​ឯង​មក​ធ្វើ​អ្វី​ដែរ?» ។ អា​សំគម​បាញ់​លលក​ថា «ខ្ញុំ​ក៏​មក​មើល​កូន​សេដ្ឋី​ដែរ» ។ បុរស​នោះ​ថា «យើ !រាង​នេះ អួត​ឯង​ចង់​បាន​កូន​សេដ្ឋី​ផង ! ប៉ុន​អម្បាល​រូប​ខ្ញុំ គេ​នៅ​តែ​មិន​ឲ្យ» ។ អា​សំគម​បាញ់​លលក​ថា «បង​ឯង​ចាំ​មើល ខ្ញុំ​យក​ទាល់​តែ​បាន» ។

ជួន​ជា​ថ្ងៃ​នោះ សេដ្ឋី​ប្ដី​ប្រពន្ធ​នាំ​គ្នា​ទៅ​វត្ត នៅ​តែ​កូន​ក្រមុំ​ពីរ​នាក់​ចាំ​ផ្ទះ ។ អា​សំគម​បាញ់​លលក​ដឹង​ដូច្នោះ កំពុង​តែ​គិត​រក​ឧបាយ ក៏​ចួន​ជា​ក្រឡេក​ទៅ​ឃើញ​សត្វ​លលក​មួយ​ទំ​នៅ​ចុង​ឈើ​មុខ​ផ្ទះ​សេដ្ឋី ។ អា​សំគម​បាញ់​លលក បាន​ឱកាស​ក៏​យឺត​ស្នា​បាញ់​ឮ​សូរ​ក្លឹង​ប៉ាប់ ស្រាប់​តែ​លលក​ទធាក់​ផើង ទទះ​ស្លាប​នៅ​ទី​ធ្លា​មុខ​ផ្ទះ ។ លំដាប់​នោះ កូន​ក្រមុំ​សេដ្ឋី​ម្នាក់​ចុះ​ទៅ​ដី ឃើញ​លលក​នោះ​ហើយ ក៏​ស្រែក​ប្រាប់​បង​ថា «អ្នក​បង ! អ្នក​ណា​បាញ់​លលក​ធ្លាក់​មក​នេះ?» ថា​ហើយ​ក៏​រើស​លលក​ទៅ ។ អា​សំគម​បាញ់​លលក​ធ្វើ​ដូច​ជា​មិន​ដឹង ដល់​គេ​បោច​រួច​ហើយ ស្រាប់​តែ​ឡូឡា​រក​លលក ដែល​ខ្លួន​បាញ់​នោះ​ថា «នរណា​លួច​លលក​អញ​ទៅ​ណា? តែ​អញ​រក​ឃើញ​មុខ​ជា​ប្ដឹង​រាជការ​ឲ្យ​យក​ទៅ​ដាក់​គុក​ពុំ​ខាន» ។ នាង​ក្រមុំ​ទាំង​ពីរ​នាក់ ឮ​ដូច្នោះ​ក៏​ភ័យ​ស្រែក​ប្រាប់​ថា «លលក​បង​ឯង​ខ្ញុំ​យក​មក​នេះ​ហើយ» ។ អា​សំគម​បាញ់​លលក​ស្ដី​គំរាម​ថា «ម្ដេច​ក៏​ហ៊ាន​លួច​លលក​អញ ត្រូវ​យក​មក​ឲ្យ​អញ» កូន​ស្រី​សេដ្ឋី​ក៏​យក​លលក​មក​ឲ្យ ។ អា​សំគម​បាញ់​លលក​ថា «ទេ! លលក​អញ​នៅ​រោម​នៅ​ស្លាប ឥឡូវ​នាង​ឯង​យក​ទៅ​បោច​រោម​ស្លាប​អស់​ហើយ ក្រែង​តែ​អាំង​ឲ្យ​ឆ្អិន​ឲ្យ​អញ​បាន​អញ​យក ។ «នាង​ក្រមុំ​ទាំង​ពីរ​នាក់ ក៏​យក​ទៅ​អាំង ឆ្អិន​ហើយ​យក​មក​ឲ្យ ។ អា​សំគម​បាញ់​លលក​ថា «នរណា​ស៊ី​តែ​សាច់​លលក ក្រែង​តែ​មាន​ស្រា​ផឹក​ផង ទើប​ស៊ី​កើត» ។ នាង​ទាំង​ពីរ​នាក់ ហេតុ​តែ​ខ្លួន​ជា​ស្រី​ប្រកប​ដោយ​សេចក្ដី​ភ័យ​ច្រើន ក៏​ទៅ​យក​ស្រា​មក​ឲ្យ ឲ្យ​មួយ​ពែង​ហើយ​ថា​មួយ​ពែង​ទៀត​ទាល់​តែ​ស្រវឹង​ដួល​ដេក​លើ​ផ្ទះ​នោះ​ទៅ ។ ឯ​នាង​ក្រមុំ​ទាំង​ពីរ​នាក់​គិត​គ្នា​ថា «បើ​យើង​បណ្ដោយ​ឲ្យ​វា​នៅ​ក្នុង​ទី​ហ្នឹង តែ​ឪ​ម៉ែ​មក​វិញ​ឃើញ យើង​មុខ​ជា​មាន​រឿង «គិត​ហើយ មិន​ដឹង​យក​ទៅ​ណា ក៏​នាំ​គ្នា​សែង​អា​សំគម​បាញ់​លលក យក​ទៅ​លាក់​ក្នុង​ផ្ទះ ។ ដល់​ពេល​យប់ អា​សំគម​បាញ់​លលក​ដឹង​ខ្លួន ក៏​ស្រែក​ថា «មូស​ខាំ​ណាស់ » ។ កូន​សេដ្ឋី​ភ័យ ក្រែង​ឪពុក​ដឹង ក៏​នាំ​គ្នា​សែង​ទៅ​ដាក់​ក្រោម​គ្រែ​ដេក​របស់​ខ្លួន ។ អា​សំគម​បាញ់​លលក​ស្រែក​ទៀត​ថា «សង្កើច​ខាំ​ណាស់ » ។ នាង​ទាំង​ពីរ​នាក់​ក៏​លើក​មក​ឲ្យ​ដេក​លើ​គ្រែ ក្នុង​មុង​ជា​មួយ ដោយ​គិត​ថា វា​ស្រវឹង​ស្រា នឹង​ធ្វើ​អ្វី! ។ ពេល​នោះ អា​សំគម​បាញ់​លលក​បាន​ឱកាស ក៏​តាំង​លូក​ប្រឡែង​ស្ទាប​អង្អែល ដោយ​សេចក្ដី​ស្រឡាញ់​ដរាប​ដល់​បាន​រួម​ដំណេក ជា​មួយ​នឹង​នាង​ក្រមុំ​ទាំង​ពីរ​នាក់​នោះ​ទៅ ៕

សូមថ្លែងអំណរគុណ ពុកម៉ែ បងប្អន ចំណាយពេលវេលា ដ៏មានតម្លៃ ស្តាប់ រឿងតាំងពីដើមរហូតដល់ចប់ និង ជូនពរ អោយមាន​ សុខភាពល្អ  រកទទួលទានមានបាន ហេង ហេង ហេង


គ្រប់ក្រុមគ្រួសារ  

រឿង អាឡេវ

kkkចំនួនអ្នកទស្សនា: Views

 


រឿង អាឡេវ

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់​ឈ្មោះ​អ្នក​ង៉េះ ប្រពន្ធ​នាង​ង៉ោះ មាន​កូន​ប្រុស​ម្នាក់​ឈ្មោះ អាឡេវ ។

 កូន​នោះ លុះ​ធំ​ឡើង​អាយុ ៧ ឆ្នាំ ជា​ក្មេង​មាន​ប្រាជ្ញា​ដឹង​ថា​ម្ដាយ​ឪពុក​ល្ងង់ មិន​ចេះ​ធ្វើ​ការ​រក​ស៊ី ជា​អ្នក​ក្រលំបាក វា​ក៏​និយាយ​នឹង​ម្ដាយ ឪពុក​ថា

 «ម៉ែ​អើយ! ឪ​អើយ! ឥឡូវ​នេះ យើង​គ្មាន​របរ​ធ្វើ​ការ​រក​ស៊ី​អ្វី​នឹង​គេ​បាន​ជា​យើង​ក្រ 

បើ​ដូច្នេះ ខែ​វស្សា​យើង​ធ្វើ​ស្រែ ខែ​ប្រាំង​យើង​ទៅ​ធ្វើ​ចម្ការ ឯ​ខ្ញុំ​ទៅ​ធ្វើ​ស្រែ​ជា​មួយ​នឹង​ឪ​ឯង បើ​យើង​អត់​ស្លា​ម្លូ​អង្ករ​ម្ហូប​ចំណី​អ្វី សឹម​ខ្ញុំ​មក​រក​យក​ពី​ផ្ទះ​នេះ ទៅ​ស៊ី» ។

 អាឡេវ​និង​ឪពុក​ម្ដាយ គិត​គ្នា​ព្រម​ហើយ ក៏​រៀប​ប្រដាប់​ប្រដា​ឡើង​ទៅ​ធ្វើ​ស្រែ ។ លុះ​នៅ​ស្រែ​យូរ​ទៅ អាឡេវ​នឹក​ចង់​ស៊ី​នំ ហើយ​វា​គិត​ថា

 «បើ​ដូច្នេះ​អញ​នឹង​បញ្ឆោត​ម៉ែ​ឪ​អញ​យក​នំ​ស៊ី» គិត​ហើយ​ប្រាប់​ឪពុក​វា​ថា

 «ឪ​ៗ! ខ្ញុំ​ទៅ​ផ្ទះ​យក​ស្លា​ម្លូ​មក​ស៊ី» ។ 

ឪពុក​ក៏​ឲ្យ​កូន​ទៅ​ផ្ទះ ។ 

អាឡេវ ដើរ​ទៅ​ដល់​កណ្ដាល​ផ្លូវ​បាន​ឃើញ​វត្ត​លោក ក៏​ចូល​ទៅ​ថ្វាយ​បង្គំ​រក​លោក​កោរ​សក់​ឲ្យ, លុះ​កោរ​រួច​ហើយ​ក្រាប​ថ្វាយ​បង្គំ​លា​លោក​ទៅ ។ 

លុះ​ទៅ​ដល់​ជិត​ផ្ទះ អាឡេវ មក​សំពត់​ទទូរ​ក្បាល​ហើយ​ធ្វើ​ជា​យំ ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ ។ 

ឯ​ម្ដាយ​ឃើញ​កូន​យំ​ដូច្នោះ ក៏​សួរ​ទៅ​កូន​ថា «ថ្វី​ក៏​កូន​យំ?» ។

 អាឡេវ ធ្វើ​ជា​យំ​ខ្លាំង​ឡើង​ទៀត ។

 ម្ដាយ​ឃើញ​កូន​រឹត​តែ​យំ​ខ្លាំង​ឡើង​ដូច្នោះ 

ក៏​ស្ទុះ​ទៅ​ឱប ហើយ​បើក​សំពត់​អំពី​ក្បាល​កូន​ចេញ ឃើញ​ក្បាល​កោរ​រលីង រឹត​តែ​សង្ស័យ ហើយ​សួរ​ទៀត​ថា «ហេតុ​អ្វី​ ក៏​បាន​ជា​កោរ​សក់​ហើយ​យំ​ដូច្នេះ?» ។ 

អាឡេវ​ប្រាប់​ម្ដាយ​ថា «ឪ​គាត់​ស្លាប់​ហើយ!» ។

 នាង​ង៉ោះ លុះ​ឮ​កូន​ថា​ដូច្នោះ 

ក៏​គក់​ទ្រូង​ស្រែក​ទួញ​យំ​អាឡោះ​អាល័យ រៀប​រាប់​ពី​កាល​ចាប់​ដៃ​គ្នា​បាន​ជា​ប្ដី​ប្រពន្ធ​រៀង​រាប​ដរាប​មក ។

 អាឡេវ ឃើញ​ម្ដាយ​យំ​សង្រេង​សង្រៃ​ដូច្នោះ 

ក៏​អង្វរ​លួង​លោម​ម្ដាយ​ថា «អ្នក​ម៉ែ​អើយ! អ្នក​កុំ​យំ! បើ​អ្នក​ចេះ​តែ​យំ តើ​ធ្វើ​ដូច​ម្ដេច​នឹង​បាន​ធ្វើ​បុណ្យ​ទាន​បញ្ជូន​ទៅ​ឲ្យ​ឪ!» ។

 នាង​ង៉ោះ​ជា​ម្ដាយ ឮ​អាឡេវ​ឃាត់​មិន​ឲ្យ​យំ ហើយ​សួរ​ទៅ​អាឡេវ​ថា «បាន​រៀប​បញ្ចុះ​ខ្មោច​ឪ​ឯង​រួច​ហើយ​ឬ​នៅ?» ។

 អាឡេវ​ប្រាប់​ម្ដាយ​ថា «ខ្ញុំ​បាន​ពឹង​អ្នក​ស្រុក ឲ្យ​គេ​ជួយ​រៀប​បញ្ចុះ​ខ្មោច​ឪ​រួច​ល្អ​ល្អិត​ហើយ» ។ 

នាង​ង៉ោះ​ឮ​កូន​ថា​ដូច្នោះ 

ក៏​ម្នីម្នា​រៀប​ធ្វើ​អន្សម​នំ​គម​ចំណី​ចំណុក ហើយ​និយាយ​នឹង​អាឡេវ​ថា «កូន​អើយ! ឯង​យក​នំ​ចំណី​នេះ ទៅ​ធ្វើ​បុណ្យ​​ឲ្យ​ឪ​ឯង​ចុះ! 

អញ​មិន​ទៅ​ទេ, បើ​អញ​ទៅ​ឃើញ​ស្រែ​ដែល​ឪ​ឯង​ធ្វើ កន្លែង​ដែល​ឪ​ឯង​ទៅ និង​ផ្នូរ​ខ្មោច​ឪ​ឯង​នោះ ម្ដាយ​រឹត​ជា​កើត​ទុក្ខ​ច្រើន​ឡើង​ទៀត បើ​ដូច្នោះ ឯង​ទៅ​ចុះ» ។

 អាឡេវ​ឮ​ម្ដាយ​ថា​ដូច្នោះ ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ត្បិត​ត្រូវ​នឹង​គំនិត​ខ្លួន​ដែល​កុហក​ម្ដាយ​នោះ 

ហើយ​ក៏​ម្នីម្នា​រៀប​សង្រែក រួច​ហើយ​ក៏​រែក​ទៅ លុះ​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ ដាក់​អម្រែក​ពី​លើ​ស្មា ហើយ​អង្គុយ​ស៊ី​នំ​និង​ចំណី​ចំណុក​លុះ​ត្រា​តែ​ឆ្អែត នៅ​សល់​ខ្លះ អាឡេវ​រៀប​ទុក​យក​ទៅ​ផ្ញើ​ឪ​វា ។ លុះ​ទៅ​ដល់​ជិត​ខ្ទម​ឪ​វា​ៗ ធ្វើ​ជា​យំ​ទៀត ។

 អ្នក​ង៉េះ​ជា​ឪពុក​ ឃើញ​កូន​យំ ហើយ​សក់​ទើប​នឹង​កោរ​ថ្មីៗ ដូច្នេះ ក៏​សួរ​ទៅ​ថា «កូន​អើយ! ថ្វី​ក៏​ឯង​យំ ហើយ​កោរ​ទាំង​សក់​ក្បាល​ដូច្នេះ» ។

 អាឡេវ​ប្រាប់​ឪពុក​ថា «ឪ​អើយ! ឥឡូវ​នេះ ម៉ែ​គាត់​ស្លាប់​ទៅ​ហើយ បាន​ជា​ខ្ញុំ​កោរសក់, អស់​បង​ប្អូន​គេ​រៀប​ធ្វើ​បុណ្យ​ឲ្យ​ម៉ែ បាន​ជា​មាន​ទាំង​នំ ឥឡូវ​នេះ ខ្ញុំ​យក​មក​ផ្ញើ​ឪ​ពិសា!» ។ 

ឯ​ឪពុក​ជា​មនុស្ស​ឆោត​ល្ងង់​ណាស់ ឮ​កូន​ប្រាប់​ដូច្នោះ ក៏​យំ​អាណិត​ប្រពន្ធ ហើយ​ក៏​និយាយ​នឹង​អាឡេវ​ថា «កូន​អើយ! អំពី​ថ្ងៃ​នេះ​ទៅ ឪពុក​លែង​ទៅ​ទន្លេ​ទៀត​ហើយ» ។

 អាឡេវ​ឮ​ថា​ឪពុក​លែង​ទៅ​ស្រុក​ដូច្នោះ ក៏​នឹក​អរ​ក្នុង​ចិត្ត​ណាស់ ព្រោះ​ត្រូវ​នឹង​គំនិត​ខ្លួន​គិត ។


1


លុះ​យូរ​បន្តិច​ទៅ អាឡេវ​និយាយ​នឹង​អ្នក​ង៉េះ​ជា​ឪពុក​ថា 

«ឪ​អើយ! ឥឡូវ​នេះ ឪ​នៅ​តែ​ពីរ​នាក់​នឹង​ខ្ញុំ ដូច​សព្វ​ថ្ងៃ​នេះ លំបាក​ណាស់,

 គ្មាន​អ្នក​ណា​នឹង​ដណ្ដាំ​បាយ​ស៊ី គ្មាន​អ្នក​ណា​នឹង​ដេរ​សំពត់​អាវ​ស្លៀក​ដណ្ដប់,

 បើ​ដូច្នោះ ឪ​ឯង​រក​ដណ្ដឹង​ប្រពន្ធ​យក​មក គ្រាន់​នឹង​ដាំ​បាយ ដង​ទឹក បុក​ស្រូវ ទើប​យើង​មិន​សូវ​នឿយ​ហត់​ដូច​សព្វ​ថ្ងៃ​ពេក» ។

 អ្នក​ង៉េះ​ជា​ឪពុក ឆ្លើយ​ឡើង​ថា «កូន​អើយ! ម្ដាយ​ឯង​ស្លាប់​ទៅ ពុំ​ទាន់​បាន​មួយ​ខែ​ទេ,

 ឥឡូវ​នេះ ឯង​ឲ្យ​ឪ​យក​ប្រពន្ធ​ទៀត កូន​មិន​អាណិត​ម៉ែ​ឯង​ទេ? ឬ​មួយ​ទៀត​ឪ​ខ្មាស​គេ ក្រែង​គេ​ថា​ប្រពន្ធ​ស្លាប់​ពុំ​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ ប្ដី​គិត​រក​ប្រពន្ធ​ថ្មី ឪ​ខ្មាស​គេ​ណាស់​មិន​យក​ប្រពន្ធ​ទៀត​ទេ» ។

 អាឡេវ​ចេះ​តែ​អង្វរ​ឪពុក​តែ​សព្វ​ថ្ងៃ ។ ថ្ងៃ​មួយ​អាឡេវ​ឃើញ​ឪពុក​មក​ពី​ស្រែ​នឿយ​ហត់​ណាស់ វា​ក៏​និយាយ​ថា 

«ឪ​អើយ! ឥឡូវ​នេះ ឪ​ឯង​នឿយ​ណាស់ ព្រោះ​គ្មាន​ប្រពន្ធ​នឹង​ជួយ​កម្លាំង មួយ​ទៀត ពាក្យ​បុរាណ​លោក​ថា មនុស្ស​គ្មាន​ប្រពន្ធ​ដូច​ជា​ឪ​ឯង​នេះ បើ​ទៅ​ធ្វើ​ការ​ឯ​ព្រៃ បាត់​ការ​ឯ​ផ្ទះ 

ធ្វើ​ការ​ផ្ទះ បាត់​ការ​ឯ​ព្រៃ, ធ្វើ​ដូច​ម្ដេច នឹង​បាន​ប្រាក់​ចាយ​បាយ​ស៊ី​នឹង​គេ ហើយ​ខ្លួន​ក៏​នឿយ​ណាស់​ផង» ។ 

អ្នក​ង៉េះ​ឮ​កូនអង្វរ​ដូច្នោះ ក៏​សួរ​ទៅ​ថា «បាន​នរណា​គេ​ទៅ​ដណ្ដឹង​ប្រពន្ធ​ឲ្យ​ឪ? ។ 

អាឡេវ​ឆ្លើយ​ឡើង​ថា «ឪ​កុំ​ព្រួយ សឹម​ខ្ញុំ​ទៅ​រក​ដណ្ដឹង​ជូន ឪ​នៅ​ចាំ​តែ​រៀប​របស់​នឹង​ទៅ​ការ​ចុះ» ។

 អ្នក​ង៉េះ​ជា​ឪពុក​ឮ​កូន​ថា ដូច្នោះ ក៏​ថា «តាម​តែ​កូន​គិត​ចុះ!» ។

 អាឡេវ​ឮ​ឪពុក​ព្រម​ដូច្នោះ​ហើយ ក៏​រៀប​ខ្លួន​ម្នីម្នា​ទៅ​ផ្ទះ​នាង​ង៉ោះ​ជា​ម្ដាយ នៅ​បាន​ពីរ​បី​ថ្ងៃ ទើប​វា​និយាយ​នឹង​នាង​ង៉ោះ​ជា​ម្ដាយ​ថា 

«ម៉ែ​អើយ! យើង​នៅ​តែ​ពីរ​នាក់, ខ្ញុំ​ក៏​ក្មេង មិន​ចេះ​រក​ស៊ី​ធ្វើ​ការ ម៉ែ​ជា​ស្រី​ហើយ​មេ​ម៉ាយ​ផង ឥឡូវ​មាន​គេ​ចង់​បាន​ម៉ែ​ៗ យក​ប្ដី​ទៅ គ្រាន់​គេ​នឹង​ចិញ្ចឹម សោះ​អត់​ឃ្លាន,

 យើង​ក៏​មិន​សូវ​លំបាក» ។ ឯ​នាង​ង៉ោះ​ឮ​អាឡេវ​ជា​កូន​ថា​ដូច្នោះ ក៏​ឆ្លើយ​ថា «កូន​អើយ! ឪ​ឯង​ទើប​តែង​នឹង​ស្លាប់​បាន ៥-៦ ថ្ងៃ ឥឡូវ​នេះ កូន​ឲ្យ​ម្ដាយ​យក​ប្ដី​ទៀត​ដូច្នេះ

 មិន​ត្រូវ​ទេ អ្នក​ផង​គេ​នឹង​សើច​តិះ​ដៀល​និន្ទា​ថា «ស្រី​ចើក​អាស ប្ដី​ស្លាប់​ពុំ​ទាន់​បាន​ប៉ុន្មាន​ថ្ងៃ ចង់​បាន​ប្ដី​ទៀត» ។ 

អាឡេវ​ឮ​ម្ដាយ​ថា​ដូច្នោះ ក៏​ឆ្លើយ​ឡើង​ថា

 «ម៉ែ​អើយ! បើ​ទុក​ជា​ម៉ែ​ខ្លាច​ពាក្យ​អ្នក​ផង​គេ​និន្ទា​ដូច្នោះ គេ​ក៏​មិន​បាន​មក​រក​ចិញ្ចឹម​យើង​ដែរ គេ​បាន​ប្រាក់​កាស គេ​មិន​ឲ្យ​ចាយ​ទេ កាល​ខ្ញុំ​នៅ​ឯ​ស្រែ មាន​ប្រុស​ម្នាក់ មុខ​មាត់​ខ្លួន​ប្រាណ​ដូច​ខ្មោច​ឪ ហើយ​គាត់​ស្រឡាញ់​ខ្ញុំ​ដូច​ជា​កូន​គាត់ សួរ​ខ្ញុំ​ថា

 «ឯង​មាន​ម៉ែ​ឪ​ដែរ​ឬ​ទេ? ខ្ញុំ​ប្រាប់​គាត់​ថា «គ្មាន​ឪ​ទេ មាន​តែ​ម៉ែ ហើយ​គាត់​និយាយ​នឹង​ខ្ញុំ​ថា «ចង់​បាន​ម៉ែ​ជា​ប្រពន្ធ តើ​ម៉ែ​ឯង​ព្រម​ដូច​ម្ដេច?» 

បើ​ម៉ែ​ព្រម​គាត់​នឹង​រៀប​រណ្ដាប់​មក​ចែចូវ មាន​អ្នក​ផ្លូវ​ចៅ​មហា មាន​ខាន់​ស្លា​ក្រយា​សំពេះ តាម​ច្បាប់​សណ្ដាប់​ប្រពៃ​ណី​ពី​បុរាណ​មក,

 បើ​ម៉ែ​មិន​ព្រម ខ្ញុំ​ក៏​មិន​ដឹង​ដែរ តាម​តែ​ម៉ែ​គិត ធ្វើ​ការ​រក​ស៊ី​ចុះ» ។

 នាង​ង៉ោះ​ជា​ម្ដាយ ឮ​កូន​និយាយ​អង្វរ​ផ្ទញ់​ផ្ទាល់​ដូច្នោះ ក៏​ឆ្លើយ​តប​ទៅ​វិញ​ថា «តាម​តែ​កូន​គិត​ចុះ» ។ អាឡេវ ឮ​ម្ដាយ​ថា​តាម​តែ​ចិត្ត​ដូច្នោះ 

ក៏​អរ​ណាស់​គិត​ថា​«ពេល​នេះ អញ​បាន​នំ​ស៊ី​ទៀត​ហើយ» ហើយ​ក៏​រៀប​ចំ​ផ្ទះ​សម្បែង​រួច​ប្រាប់​នាង​ង៉ោះ​ជា​ម្ដាយ​ថា

 «ត្បិត​គេ​ចង់​រៀប​ការ​ឆាប់ៗ ខ្ញុំ​លា​ម៉ែ​ទៅ​ស្រែ​ ដើម្បី​រក​មាន់​ទា​បន្លែ​បង្ការ ហើយ​នឹង​ប្រាប់​អ្នក​ដែល​ចង់​បាន​ម៉ែ​ជា​ប្រពន្ធ​នោះ​ផង ដើម្បី​ឲ្យ​គេ​រក​រណ្ដាប់​រៀប​ការ» ។ 

អាឡេវ ក៏​ម្នីម្នា​រៀប​ខ្លួន​ទៅ​ស្រែ ទៅ​ដល់​ហើយ ក៏​និយាយ​ប្រាប់​អ្នក​ង៉េះ​ជា​ឪពុក​ថា 

«ឪ​អើយ! ខ្ញុំ​ទៅ​រក​ប្រពន្ធ​ឲ្យ​ឪ​បាន​ហើយ នាង​នោះ​មុខ​មាត់​សំដី​សំដៅ​កម្ពស់កំព​សម្បុរ​សំបក​ដូច​ម៉ែ​បេះ​បិទ ឥឡូវ​ខ្ញុំ​ឲ្យ​គាត់​នៅ​លើ​ផ្ទះ​យើង​ហើយ បើ​ដូច្នេះ​ឪ​រៀប​រណ្ដាប់​ទៅ​ការ​ឲ្យ​ឆាប់» ។ 

អ្នក​ង៉េះ​ឮ​អាឡេវ​ប្រាប់​ថា​គេ​ឲ្យ​រៀប​ការ​ជា​ឆាប់​ដូច្នោះ ក៏​ម្នីម្នា​ពឹង​អ្នក​ស្រុក​ជិត​ខាង​ ឲ្យ​ជួយ​ធ្វើ​នំ​នែក​ចំណី​ចំណុក ហើយ​ខ្លួន​គាត់​ទៅ​រក​ទិញ​មាន់​ទា បន្លែ​បង្ការ​បាន​សព្វ​គ្រប់​មុខ ។ 

ឯ​អាឡេវ​ចេះ​តែ​ស៊ី​នំ​រាល់​ថ្ងៃ ហើយ​និយាយ​នឹង​ឪពុក​ថា ប្រពន្ធ​ដែល​ខ្ញុំ​ដណ្ដឹង​ឲ្យ​នោះ មេបា​បើក​ឲ្យ​រៀប​ការ​តែ​យប់ បើ​មិន​ព្រម​ដូច្នោះ មេបា​មិន​បើក​ឲ្យ​ការ​ទេ» ។ 

អ្នក​ង៉េះ​ឮ​អាឡេវ​ថា​ដូច្នោះ ហេតុ​តែ​ជា​មនុស្ស​ឆោត​ល្ងង់ តាម​តែ​ពាក្យ​អាឡេវ​បង្គាប់​ដូច​ម្ដេច ក៏​តាម​ទាំង​អស់ ទើប​រក​វេលា​ទៅ​រៀប​ការ​ឲ្យ​តែ​វេលា​យប់ ។ 

ពេល​ល្ងាច អ្នក​ង៉េះ​ក៏​ពឹង​អស់​បង​ប្អូន ដែល​នៅ​ជិត​ខាង ឲ្យ​ជួយ​ជញ្ជូន​អស់​បណ្ណាការ នាំ​ទៅ​រៀប​មង្គល​ការ ។

 លុះ​ទៅ​ដល់​កន្លែង​ការ​ក៏​រៀប​ដណ្ដាំ​បាយ​ស្ល​ស្លុក អ្នក​ខ្លះ​ក៏​រៀប​ផ្លែ​ឈើ​ចំណី​ចំណុក​ទៅ​ជូន​មេបា​តាម​ទំនៀម ។


2

 នាង​ង៉ោះ​ពឹង​អស់​បង​ប្អូន មក​រៀប​បណ្ណាការ​ទទួល​តាម​ច្បាប់ ។

 ឯ​អាឡេវ គិត​តែ​ស៊ី​នំ​ឲ្យ​ឆ្អែត ។ នាង​ង៉ោះ​ឮ​មាត់​អ្នក​ង៉េះ នឹក​ឆ្ងល់​ក្នុង​ចិត្ត​ថា «មាត់​និយាយ​នោះ ដូច​ជា​សំឡេង​អ្នក​ង៉េះ​ប្តី​អញ» ។ អ្នក​ង៉េះ​ឮ​មាត់​នាង​ង៉ោះ​ក៏​ឆ្ងល់​ក្នុង​ចិត្ត​ថា

 «សំឡេង​និយាយ​នោះ ដូច​ជា​សំឡេង​នាង​ង៉ោះ​ប្រពន្ធ​អញ» ។

 អ្នក​ង៉េះ​សង្ស័យ​ណាស់ ក៏​ឡើង​ទៅ​លើ​ផ្ទះ ឃើញ​នាង​ង៉ោះ​ក៏​ថា «នាង​នេះ​ដូច​ជា​នាង​ង៉ោះ​ប្រពន្ធ​អញ » ។ ឯ​នាង​ង៉ោះ​ថា «អ្នក​នេះ ដូច​ជា​អ្នក​ង៉េះ​ប្តី​អញ» ។

 អស់​បង​ប្អូន​អ្នក​ស្រុក​គេ​ថា «អ្នក​ង៉េះ​ហើយ​ ថា​មិន​អ្នក​ង៉េះ នាង​ង៉ោះ​ហើយ​ថា​មិន​នាង​ង៉ោះ » ។

 លុះ​អ្នក​ង៉េះ​និង​នាង​ង៉ោះ ឃើញ​គ្នា​ជាក់​មែន​ទែន​ហើយ ទើប​ដឹង​ថា​អាឡេវ​វា​បញ្ឆោត​ ក៏​អៀន​រត់​ទៅ​ដោយ​ខ្លួន​ទីទៃៗ ។

 អាឡេវ​ដឹង​ថា​ម្ដាយ​ឪពុក​ដឹង​ដូច្នោះ ក៏​វេះ​ពួន លុះ​ព្រឹក​ឡើង អាឡេវ​រត់​ទៅ​នៅ​វត្ត ធ្វើ​ជា​កូន​សិស្ស​លោក ។ ឯ​អ្នក​ង៉េះ​និង​នាង​ង៉ោះ ក៏​នៅ​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ដូច​ដើម​ទៅ ។

 អាឡេវ​នៅ​រៀន​អក្សរ នឹង​លោក​គ្រូ​សង្គ្រាជ ។

 លុះ​នៅ​យូរ​ទៅ អាឡេវ​គិត​ថា

 «អញ​នឹង​បញ្ឆោត​លោក​សង្ឃ​ណា​ដែល​មាន​ប្រាក់​ច្រើន យក​ទៅ​ឲ្យ​ម៉ែ​ឪ​អញ» ។

 អាឡេវ​គិត​ដូច្នោះ​ហើយ​ក៏​ទៅ​និយាយ​នឹង​លោក​ភិក្ខុ​កំលោះ​មួយ​អង្គ ដែល​មាន​ប្រាក់​ច្រើន​ថា «មាន​ស្រី​ម្នាក់​ស្រឡាញ់​លោក​គ្រូ ស្រី​នោះ​ក្រមុំ​ល្អ​ល្អាច់​ណាស់» ។

 លោក​ឮ​អាឡេវ​ថា​ដូច្នោះ​អរ​ចង់​បាន ហើយ​និយាយ​នឹង​អាឡេវ​ថា

 «បើ​ប្រាកដ​ដូច​ឯង​ថា​មែន អញ​នឹង​ឲ្យ​ប្រាក់​ឯង​មួយ​បាទ» ។

 អាឡេវ​ថា «ចាំ​ដល់​ពេល​យប់​ងងឹត លោក​គ្រូ​ទៅ​ចាំ​នៅ​កន្លែង​នោះ ខ្ញុំ​ករុណា​នឹង​នាំ​ស្រី​នោះ​មក»

 ហើយ​វា​លា​លោក​ចុះ​ពី​លើ​កុដិ ដើរ​តម្រង់​ទៅ​ផ្ទះ​ចិន គិត​ទៅ​និយាយ​បញ្ឆោត​ចិន​ទៀត លុះ​ទៅ​ដល់​ហើយ ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ និយាយ​នឹង​ចិន​ថា «ចិក ៗ! ចង់​បាន​ស្រី​ក្រមុំ​ល្អ​ដែរ​ឬ​ទេ?» ។ ចិន​ឆ្លើយ​ថា «អើ​អញ​ចង់​បាន» ។

 អាឡេវ​ថា «បើ​ចិក​ចង់​បាន តើ​ឲ្យ​ប្រាក់​អញ​ប៉ុន្មាន?» ។

 ចិន​ថា «អញ​ឲ្យ​មួយ​បាត» ។ អាឡេវ​ថា «តិច​ណាស់ បើ​ឲ្យ​ពីរ​បាទ​នោះ​អញ​រក​ស្រី​ក្រមុំ​ស​ៗ​ល្អ​ៗ ឲ្យ​ចិក​ឯង» ។

 ចិន​ថា «អើ!» ។ អាឡេវ​ថា «បើ​ដូច្នោះ​ចាំ​ពេល​យប់​ងងឹត អញ​នឹង​នាំ​មក​ឲ្យ​ចិក​ឯង» 

ហើយ​អាឡេវ​ក៏​ត្រឡប់​ទៅ​វត្ត​វិញ​លុះ​ដល់​វេលា​យប់​ងងឹត​មើល​គ្នា​មិន​ស្គាល់ វា​ក៏​នាំ​លោក​នោះ ឲ្យ​ទៅ​អង្គុយ​ចាំ​ក្នុង​រោង​មួយ​ស្ងាត់ ហើយ​វា​និយាយ​ផ្កាំ​លោក​ថា 

«បើ​ខ្ញុំ​ករុណា​នាំ​ស្រី​នោះ​មក​ដល់ លោក​យក​ចីពរ​ទទូរ​ព្រះកេស​ឲ្យ​ជិត» ។

 អាឡេវ​ផ្ដាំ​លោក​នោះ​រួច​ហើយ ក៏​ដើរ​ចូល​ទៅ​ក្នុង​ផ្ទះ​ចិន ហៅ​ចិន​នោះ​ចេញ​មក ហើយ​និយាយ

 «ឥឡូវ​អញ​រក​ស្រី​ក្រមុំ ឲ្យ​ចិក​ឯង​បាន​ហើយ» ។ អាឡេវ​វា​ផ្ដាំ​ចិន​ថា «បើ​ចិក​ឯង​ចូល​ទៅ​ដេក​នឹង​ស្រី​នោះ​ ត្រូវ​ទទូរ​ក្បាល​ឲ្យ​ជិត» 

ទើប​នាំ​ចិក​នោះ​ទៅ​រៀប​រោង​ដែល​លោក​នៅ​ចាំ ហើយ​វា​ខ្សឹប​ប្រាប់​ចិន​ថា «ស្រី​នៅ​ក្នុង​នេះ​ហើយ ឲ្យ​ប្រាក់​មក​» ។ ចិន​មើល​ទៅ​ក្នុង​រោង​ឃើញ​លោក​អង្គុយ​ទទូរ​ចីពរ​នៅ​នោះ 

គិត​ស្មាន​ថា​ជា​ស្រី​មែន ក៏​ឲ្យ​ប្រាក់​ទៅ​អាឡេវ ។ 

អា​ឡេវ​បាន​ប្រាក់​ហើយ ក៏​វេះ​ជា​ប្រញាប់​ត្រឡប់​ទៅ​វត្ត​វិញ ។

 លុះ​ចិន​និង​លោក​បាន​ជួប​គ្នា​ហើយ ចិន​គិត​ថា «លោក​ជា​ស្រី» លោក​ក៏​គិត​ថា ចិន​ជា​ស្រី​ក៏​ប្រចាប់​គ្នា​ផ្ដួល ដោយ​លោក​អត់​ចង្ហាន់​ល្ងាច​មិន​មាន​កម្លាំង​ក៏​ដួល​ដេក​ទៅ ។ 

3

ចិន​ពាល់​ត្រូវ​ស្វាស​លោក ក៏​ដឹង​ថា​អាឡេវ​កុហក ។

 ទាំង​លោក​ទាំង​ចិន លុះ​ដឹង​ថា​អាឡេវ​បញ្ឆោត​ក៏​អៀន​ទៅ​កុដិ ទៅ​ផ្ទះ​ដោយ​ខ្លួន​ៗ​ទៅ ។

 អាឡេវ​នៅ​ចាំ​លោក​ឯ​កុដិ លុះ​លោក​មក​ដល់​កុដិ​ហើយ វា​ក៏​ទារ​ប្រាក់​អំពី​លោក​ៗ​នោះ​ថា «អាឡេវ​ឯង​បញ្ឆោត​អញ ហើយ​ឯង​មក​ទារ​ប្រាក់​ពី​អញ​ទៀត អញ​មិន​ឲ្យ​ឯង​ទេ» ។

 អាឡេវ​ថា «បើ​លោក​មិន​ឲ្យ​ប្រាក់​ទេ ខ្ញុំ​ករុណា​នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា

 «លោក​ទៅ​ដេក​នឹង​ស្រី» 

ហើយ​នឹង​ទៅ​ប្រាប់​អស់​ឧបាសក ទាយក អ្នក​ស្រុក ក្នុង​ភូមិ​ទាំង​អស់​ឲ្យ​គេ​ដឹង​ទៀត បើ​គេ​ដឹង​ហើយ គេ​មិន​ឲ្យ​បាយ​លោក​ឆាន់​ទេ ហើយ​លោក​ក៏​នឹង​ខ្មាស​គេ នៅ​វត្ត​ជា​មួយ​គេ​ពុំ​បាន»

 មួយ​ទៀត បើ​ខ្ញុំ​ករុណា​ទៅ​ដល់​ក្រុម​សង្ឃការី មុខ​ជា​គេ​មក​ចាប់​លោក​យក​ទៅ​ជំនុំ​ជម្រះ​ពិចារណា តាម​ដំណើរ​ដែល​លោក​ជួល​ខ្ញុំ​ករុណា​ឲ្យ​រក​ស្រី ហើយ​លោក​ថា ឲ្យ​បឲ្យប្រាក់ខ្ញុំករុណាមួយបាត ឥឡូវ​នេះ 

លោក​បាន​ដេក​នឹង​ស្រី​ហើយ លោក​គេច​ថា មិន​ឲ្យ​វិញ ខ្ញុំ​ករុណា​មិន​លែង​លោក​ទេ! មុខ​ជា​ទៅ​ពិត​លោក​គ្រូ​ធំ​ហើយ» ។ 

លោក​នោះ ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភិត​ភ័យ​ខ្លាំង​ណាស់ យក​ប្រាក់​មួយ​បាទតឲ្យទៅអាឡេវជាប្រញាប់ ។

 អាឡេវ​មិន​ព្រម​ទទួល​យក​វា​ថា

 «កាល​លោក​និយាយ​នោះ​ថា ឲ្យ​ប្រាក់​មួយ​បាត្រ​ដែល​ឆាន់​បាយ​សព្វ​ថ្ងៃ ឥឡូវ ត្រូវ​លោក​យក​ប្រាក់​វាល់​ពេញ​បាត្រ​ទើប​ខ្ញុំ​ករុណា​ទទួល​យក» 

បើ​លោក​មិន​រក​ឲ្យ​ទេ នឹង​ទៅ​ពិត​លោក​គ្រូ​ធំ​ថា លោក​ទៅ​ដេក​និង​ស្រី​ពី​យប់​មិញ​.. 

លោក​គ្រូ​ធំ​ជ្រាប​ហើយ នឹង​ចាប់​លោក​យក​ទៅ​វាយ​បណ្ដេញ​មិន​ឲ្យ​នៅ​ក្នុង​វត្ត​មួយ​ទៀត

 ខ្ញុំ​ករុណា​នឹង​ទៅ​ប្ដឹង​លោក​ឧកញ៉ា​ព្រះ​ស្ដេច​ជា​ធំ​ក្នុង​ក្រុម​សង្ឃការី ឲ្យ​មក​ចាប់​យក​ទៅ ពួក​សង្ឃ​ការី​

នឹង​យក​សំពត់​បោក​ក្បាល​លោក​ផ្សឹក​ចេញ​ពី​សង្ឃ​ហើយ​ដាក់​ជា​ពលរាជនិមន្ត ពុំ​នោះ​សោត​គេ​នឹង​ដាក់​ជា​ពល​បោច​ស្មៅ​ដំរី» ។ 

លោក​ឮ​អាឡេវ​ថា​ដូច្នោះ ក៏​ភ័យ​ណាស់​អង្វរ​ថា «ចាំ​រក​ប្រាក់​ឲ្យ​កុំ​ទៅ​ពិត​លោក​គ្រូ​ធំ! និង​ទៅ​ប្ដឹង​ក្រុម​សង្ឃការី​ឡើយ» ហើយ​ខំ​រក​ប្រាក់​លក់​ទាំង​ស្បង់​ចីពរ​ផ្សែ​ផ្សំ​ឲ្យ​អាឡេវ ។

 អាឡេវ​ឃើញ​លោក​លក់​ស្បង់​ចីពរ​ផ្សែ​ផ្សំ​ប្រាក់​ឲ្យ​ដូច្នោះ ក៏​និយាយ​នឹង​លោក​ថា

 «ណ្ហើយ​ចុះ! លោក​រក​ប្រាក់​ឲ្យ​ខ្ញុំ​ករុណា​ល្មម​តែ​ស្ពាយ​ទៅ​ផ្ទះ​រួច​បាន​ហើយ» ។

 លោក​ឮ​អាឡេវ​ថា​ដូច្នោះ ក៏​មាន​ចិត្ត​ត្រេក​អរ​ណាស់ រៀប​វេច​ប្រាក់​រួច​សម្ពាយ​ឲ្យ​អាឡេវ ហើយ​និយាយ​អង្វរ​ថា 

«កុំ​ឲ្យ​និយាយ​ប្រាប់​ឲ្យ​គេ​ដឹង, ដឹង​អាណិត​យក​តែ​បុណ្យ​ទៅ​ចុះ» ។

 អាឡេវ​ថា «លោក​កុំ​ព្រួយ​ព្រះទ័យ ខ្ញុំ​ករុណា​មិន​ប្រាប់​គេ​ទេ» ហើយ​ទទួល​យក​ប្រាក់​ពី​លោក​ដើរ​ទៅ​ផ្ទះ ។

4

លុះ​ទៅ​ដល់​ផ្ទះ​ជួប​នឹង​ម្ដាយ អាឡេវ​ក៏​ស្រែក​ប្រាប់​ម្ដាយ​ថា «ម៉ែ​ដេរ​ថង់​ៗ» ។ 

នាង​ងោះ​ឮ​ហើយ​សួរ​ទៅ​ថា «ដេរ​ធ្វើ​អ្វី?» ។ 

អាឡេវ​បង្ហាញ​ប្រាក់​ដែល​ស្ពាយ ។

 នាង​ង៉ោះ​ជា​ម្ដាយ​ឃើញ​អាឡេវ​បាន​ប្រាក់​មួយ​សម្ពាយ​ដូច្នោះ ក៏​ស្ទះ​ទៅ​ប្រាប់​អ្នក​ង៉េះ​ជា​ប្ដី ។ 

អ្នក​ង៉េះ​មក​ឃើញ​អាឡេវ​បាន​ប្រាក់​មួយ​សម្ពាយ ក៏​បាត់​ខឹង​នឹង​អាឡេវ​ដែល​បញ្ឆោត​អំពី​មុន​នោះ អរ​នឹង​អាឡេវ​ទាំង​ម្ដាយ​ឪពុក ហើយ​អ្នក​ង៉េះ​សួរ​ទៅ​អាឡេវ​ថា

 «កូន​បាន​ប្រាក់​នេះ​ពី​ណា! កូន​ធ្វើ​ម្ដេច​បាន​ជា​បាន? ។

 អាឡេវ​ប្រាប់​ឪពុក​វា​ថា «ក្រអី​សព្វ​បើ​ប្រាក់​ គ្រាន់​តែ​បង្ហាញ​កេរ្តិ៍​ខ្មាស​ឲ្យ​អ្នកផ្សា​រមើល​គ្រប់​គ្នា

 ខ្លះខ្លះគេឲ្យមួយបាត ខ្ខ្លះពីរបាត តែ​រាល់​គ្នា​ដូច្នេះ​ទៅ ក៏​បាន​ច្រើន​ហើយ បើ​ឪ​ចង់​បាន​ប្រាក់​ច្រើន​ទៅ​បង្ហាញ​កេរ្តិ៍​ខ្មាស​ឲ្យ​អ្នក​ផ្សារ​មើល​ម្ដង​ម្នាក់​ទៅ ឪ​យក​ប្រាក់​មិន​អស់» ។ 

អ្នក​ង៉េះ​ជា​ឪពុក​ឮ​អាឡេវ​ថា​ដូច្នោះ​ហើយ ហេតុ​តែ​ជា​មនុស្ស​ឆោត​ល្ងង់​ក៏​ទៅ​ធ្វើ​តាម​ពាក្យ​អាឡេវ លុះ​ទៅដល់​ផ្សារ ក៏​ឈរ​នៅ​មាត់​ទ្វារ​ផ្ទះ​គេ ហើយ​ស្រាត​ខោ​បង្ហាញ​កេរ្តិ៍​ខ្មាស ។

 អ្នក​ផ្ទះ​ឃើញ​ដូច្នោះ ក៏​អៀន​ខ្មាស​បបួល​គ្នា​ដេញ​វាយ ។ អ្នក​ង៉េះ​ចេញ​ពី​ផ្ទះ​មួយ​ចូល​ចូល​ទៅ​ផ្ទះ​មួយ​ទៀត ហើយ​បង្ហាញ​កេរ្តិ៍​ខ្មាស​គេ គេ​ដេញ​វាយ​ស្ទើរ​តែ​នឹង​ស្លាប់ អ្នក​ង៉េះ​ភ័យ​ក៏​រត់​ទៅ​ផ្ទះ ។

 ឯ​អាឡេវ​ចាំ​មើល​ឪពុក​ពាក់​កណ្ដាល​ផ្លូវ ឃើញ​ឪពុក​រត់​មក​ពី​ផ្សារ ហើយ​ជួន​ជា​មាន​ជ្វា​ស្ពាយ​ទំនិញ​ព្រែ ហូល​ប្រអប់​ប្រាក់ មាស ជា​ច្រើន​មក​អំពី​ចម្ងាយ ក៏​ប្រាប់​ទៅ​អ្នក​ក៏​ប្រាប់​ទៅ​អ្នក​ង៉េះ​ជា​ឪពុក​ថា

 «ហ្ន​ឪ! អ្នក​ផ្សារ​គេ​តាម​មក​វាយ​ឪ​ហើយ បើ​ដូច្នោះ​ឪ​រត់​កាត់​វាល​នេះ​ទៅ​ទើប​រួច​ខ្លួន» ។ 

អ្នក​ង៉េះ​ឮ​កូន​ប្រាប់​ដូច្នោះ ក៏​ក្រឡេក​មើល​ទៅ​ឃើញ​មនុស្ស​ដើរ​អំពី​ចម្ងាយ​តម្រង់​មក​មែន គាត់​គិត​ស្មាន​ថា​ជា​អ្នក​ផ្សារ​គេ​តាម​មក​វាយ​ទៀត​ភ័យ​ដែល​ស្ពាយ​ទំនិញ នោះ ក៏​មក​ដល់ ។