ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Monday, November 25, 2024

រឿងឪពុករើសកូនប្រសា

kkkចំនួនអ្នកទស្សនា: Views

 

រឿងឪពុករើសកូនប្រសា

កាល​ពីព្រេងនាយ មាន​តា​ចាស់​ម្នាក់ និង​ដូន​ចាស់​ម្នាក់ នៅ​ស្រុក​មួយ ។ តា​ចាស់​យាយ​ចាស់​នោះ មាន​កូន​ក្រមុំ​ម្នាក់ រូប​ល្អ​ណាស់ អ្នក​ណា​ទៅ​ដណ្ដឹង​ក៏​គាត់​មិន​ព្រម​ឲ្យ​គាត់​ថា « អ្នក​ណា​តម​មិន​ជេរ​ម្ដាយ​គេ​បាន ទើប​គាត់​ឲ្យ​កូន​ជា​ប្រពន្ធ​អ្នក​នោះ » ។

ជួន​ជា​ថ្ងៃ​មួយ​នោះ មាន​កំលោះម្នាក់រូបរាងស្អាតបាត ចូល​ទៅ​ដណ្ដឹង​កូន​គាត់ ៗ ថា «អើ​អញ​ឲ្យ​ឯងៗ កុំ​ព្រួយ​ចិត្ត ប៉ុន្តែ​ឯង​ត្រូវ​តម​ជេរ​ម្ដាយ​គេ ហើយ​ទទួល​បម្រើ​អញ​តាម​ពាក្យ​អញ ទើប​បាន​អញ​ឲ្យ​ឯង បើ​តម​មិន​បាន​អញ​ផ្ដាច់​មិន​ឲ្យ​ឯង​ទេ អញ​ប្រាប់​ឯង​ឲ្យ​ដឹង​ជា​មុន, លុះ​ក្រោយ​ទៅ ឯង​កុំ​ថា​អញ​កាច​ណា» ។

កំលោះ​នោះ​ថា «ខ្ញុំ​បាទ​តម​ជេរ​ម្ដាយ​គេ​បាន ហើយ​ធ្វើ​ការ​អ្វីៗ ក៏​បាន​ទាំងអស់ ខ្ញុំ​បាទ​ទទួល​សព្វ​គ្រប់​ប្រការ តាម​ប្រសាសន៍​លោក​ឪពុក » ។ តា​នោះ​ថា « អើ​បើ​ឯង​តម​ជេរ​ម្ដាយ​គេ​បាន​មែន ឯង​ទៅ​សិន​ចុះ ព្រឹក​ត្រូវ​ឯង​មក​វិញ​ពី​ព្រលឹម »កំលោះ​នោះ​ ក៏​លា​វិល​ទៅ​ផ្ទះ​វិញ ។

ព្រឹក​ឡើង កំលោះ​នោះ​មក​វិញ ចូល​ទៅ​បម្រើ​ឪពុក​ម្ដាយ​ក្មេក ៗ​នោះ ប្រើ​កូន​ក្រមុំ​គាត់​ឲ្យ​រៀប​បាយ​ទឹក ឲ្យ​អ្នក​កំលោះ​នោះ​ស៊ី ៗ រួច​ហើយ​តា​នោះ ក៏​ប្រាប់​ទៅ​កូន​ប្រសា​ថា « នែ​កូន ! ចូរ​កូន​ទៅ​ចាប់​ក្របី​ទៅ​ភ្ជួរ​ស្រែ, កូន​ឯង​ភ្ជួរ​ដរាប​ដល់​ថ្ម​នៅ​ឯ​ស្រែ​នោះ​យំ​តេវៗ ហើយ​សឹម​ឯង​ដោះ​ក្របី» ។ អ្នក​កំលោះ​ទៅ​ចាប់​ក្របី​មក​ទឹម ហើយ​ទៅ​ភ្ជួរ​ស្រែ​តាំង​ពី​ព្រលឹម​ដល់​ថ្ងៃ​ត្រង់​ក៏​ថ្ម​ពុំ​យំ, ក្របី​ដើរ​ពុំ​រួច​ក៏​ថ្ម​ចេះ​តែ​ឈឹង​ពុំ​យំ​សោះ ។ អ្នក​កំលោះ​ឃ្លាន​បាយ​ណាស់​ទ្រាំ​ពុំ​បាន​ជេរ​ម្ដាយ​ថា «ម្ដាយ​អា​ថ្ម​នេះ​កាល​ណា​នឹង​យំ​ឡើង» ។ កំលោះ​នោះ​ជេរ​តែ​ប៉ុណ្ណោះ​តា​នោះ​ក៏​ស្ទុះ​ចេញ​ពី​ក្រោយ​ថ្ម​មក​ថា «ណ្ហើយ​ចុះ ! ឯង​ដោះ​ក្របី​លែង ហើយ​ទៅ​ផ្ទះ​ឯង​ចុះ អញ​ផ្ដាច់​កូន​ហើយ ត្បិត​ឯង​តម​ជេរ​ម្ដាយ​មិន​បាន » ។ កំលោះ​នោះ​ក៏​ដោះ​ក្របី​លែង ហើយ​ទៅ​ផ្ទះ​វិញ ។

ថ្ងៃ​ក្រោយ​មក មាន​កំលោះ​ម្នាក់​ចូល​ទៅ​ដណ្ដឹង​កូន​តា​នោះ​ទៀត គាត់​ក៏​បង្គាប់​ដូច​កំលោះ​មុន, តែ​អ្នក​កំលោះ​ក្រោយ​គេ​មាន​ប្រាជ្ញា គេ​ទៅ​ភ្ជួរ​ស្រែ​វេច​បាយ​ទៅ​ស៊ី​ផង លុះ​ភ្ជួរ​ដល់​ថ្ងៃ​ខ្ពស់​ឃ្លាន​បាយ ក៏​បញ្ឈប់​ក្របី​ស៊ី​បាយ, រួច​ហើយ​ក៏​ភ្ជួរ​ទៀត​ទល់​ថ្ងៃ​ជ្រេ​ពី​ត្រង់​ក៏​ថ្ម​ពុំ​យំ ក្របី​ក៏​អស់​ជើង​ដើរ​ពុំ​រួច ។ កាល​បើ​អ្នក​កំលោះ​បរ​ក្របី​ទៅ​ដល់​ជិត​ថ្ម​នោះ​អ្នក​ធ្វើ​ជា​ស្ដី​ថា « ! លោក​ថ្ម​អើយ យំ​ឡើង, ក្របី​ដើរ​ពុំ​រួច​ទេ អាណិត​ក្របី​ផង​ទៅ, ខ្លួន​ខ្ញុំ​ឥត​បើ​អី​ទេ ខ្ញុំ​មាន​បាយ​ស៊ី​ហើយ ភ្ជួរ​ដល់​យប់​ក៏​បាន​ដែរ, បើ​មិន​អាណិត​ខ្ញុំ​អាណិត​តែ​ក្របី​ចុះ​ ត្បិត​វា​ជា​សត្វ» ។ កំលោះ​នោះ​អង្វរ​ដូច​ម្ដេច​ក៏​ថ្ម​ពុំ​យំ, អ្នក​កំលោះ​នោះ​ក៏​ពុំ​ជេរ​ត្បិត​វា​ដឹង​ថា​តា​នោះ​ទៅ​ពួន​ក្រោយ​ថ្ម លុះ​និយាយ​យូរ ៗ ទៅ​តា​នោះ​មើល​មក​ឃើញ​ក្របី​ដើរ​ពុំ​រួច​មែន គាត់​នឹក​អាណិត​ក្របី​គាត់ ក៏​យំ​ក្រោយ​ថ្ម​នោះ​ឮ​តែ​តេវ​ៗ, អ្នក​កំលោះ​នោះ​ក៏​ដោះ​ក្របី​ឲ្យ​ស៊ី​ស្មៅ ហើយ​មក​ផ្ទះ​ឪពុក​ក្មេក​វិញ ។ តា​នោះ​ក៏​ឲ្យ​កូន​គាត់​លើក​បាយ​មក​ឲ្យ​អ្នក​កំលោះ​នោះ​ស៊ី ។ លុះ​ល្ងាច​តា​នោះ​ប្រាប់​ថា « កូន​អើយ ! ទៅ​ផ្ទះ​ឯង​ចុះ, ព្រឹក​សឹម​ឯង​មក​វិញ » ។ កំលោះ​នោះ​ក៏​លា​ទៅ​ផ្ទះ លុះ​យប់​មក​លប​ចាំ​ស្ដាប់​យក​ការណ៍ នៅ​ក្រោម​ដំណេក​តា​នោះ ព្រោះ​គាត់​និយាយ​គិត​គូរ​នឹង​ប្រពន្ធ​គាត់​ទាល់​តែ​ដេក​លក់ ។ វេលា​យប់​តា​ចាស់​ចូល​ដេក ក៏​និយាយ​នឹង​យាយ​ថា « ដូន ! អា​នេះ​វា​តម​ជេរ​ម្ដាយ​បាន ប៉ុន្តែ​រូប​រាង​វា​អាក្រក់ មិន​សម​នឹង​កូន​យើង​ដូច្នេះ យើង​រក​ឧបាយ​យ៉ាង​ណា​ឲ្យ​វា​ខឹង​ជេរ​ម្ដាយ ហើយ​យើង​នឹង​ផ្ដាច់​វា​ទៅ ? »។

1

 ដូន​ឆ្លើយ​ថា «ងាយ​ទេ, បើ​ដូច្នេះ​ចូរ​តា​ឯង​ចូល​ក្នុង​ការុង​មួយ ការុង​មួយ​ទៀត​ដាក់​អង្ករ, ព្រឹក​ឡើង​វា​មក​ខ្ញុំ​ប្រាប់​វា​ថា តា​ទៅ​កាប់​ឧស​លើ​ភ្នំ​មុន ហើយ​ខ្ញុំ​ឲ្យ​វា​រែក​តា​ឯង​និង​អង្ករ​ទៅ​លើ​ភ្នំ, បើ​វា​ធ្ងន់ វា​ខឹង​វា​ជេរ​នោះ តា​ឯង​នៅ​ក្នុង​ការុង​ស្រាប់​នឹង​ឮ ហើយ​មក​វិញ​ផ្ដាច់​វា​បាន​ដោយ​ងាយ » ។ តា​យាយ​គិត​គ្នា​ដូច្នោះ​ហើយ ក៏​ដេក​ទៅ ។ ឯ​អ្នក​កំលោះ​លប​ស្ដាប់​ក្រោម​ផ្ទះ​ឮ​ដឹង​ការណ៍​ហើយ ក៏​វិល​ទៅ​ដេក​ឯ​ផ្ទះ ។ ព្រឹក​ឡើង​អ្នក​កំលោះ នោះ​ទៅ​បម្រើ​ម្ដាយ​ក្មេក​ឪពុក​ក្មេក ក៏​ស្រាប់​តែ​ឃើញ​យាយ​ចាស់​បង្ហាញ​អម្រែក​ហើយ​ប្រាប់​ថា « កូន​អើយ ! ឪ​ឯង​ទៅ​កាប់​ឧស​លើ​ភ្នំ​ហើយ គាត់​ផ្ដាំ​ថា​ឲ្យ​កូន​ឯង​រែក​អង្ករ​នេះ ឡើង​ទៅ​តាម​ឲ្យ​ឆាប់ ត្បិត​គាត់​ទៅ​តាំង​តែ​ពី​ព្រឹក មិន​ទាន់​ទាំង​ហូប​បាយ​ផង មាន​តែ​កូន​ឯង​រែក​ទៅ​ឲ្យ​ឆាប់ និង​អាល​ដណ្ដាំ​បាយ​ឲ្យ​ឪ​ឯង​ហូប» ។ កំលោះ​នោះ​ទទួល​អម្រែក​ហើយ ក៏​រែក​ទៅ​តាម​ជើង​ភ្នំ, ដល់​រែក​ឡើង​បន្តិច​ទៅ​ធ្ងន់​ណាស់ ក៏​រែក​ចុះ​មក​វិញ ហើយ​ស្ដី​ថា ឱ ! ឪ​អើយ, ខ្ញុំ​ឃ្លាន​បាយ​ណាស់ ខ្ញុំ​រែក​ឡើង​ទៅ​ឲ្យ​ឆាប់​មិន​បាន​ទេ បើ​វា​ធ្ងន់​ម្ល៉េះ​នរណា​នឹង​រែក​ឡើង​ទៅ​វិញ​រួច បើ​ឪ​មិន​អាណិត​គាត់​ជេរ​បន្ទោស​ដូចម្ដេច​ក៏​ទទួល » ។ និយាយ​ហើយ​រែក​ចុះ​មក​វាល​វិញ, លុះ​រែក​ទៅ​ដល់​កន្លែង​មួយ​ឃើញ​ស្បូវ​ស្ងួត​ល្អ ក៏​រែក​ទៅ​ដាក់​ឈប់​កណ្ដាល​ស្បូវ​នោះ ហើយ​ដើរ​ទៅ​បាត់​មួយ​ស្របក់ ទើប​ដើរ​ត្រឡប់​មក​វិញ​ យក​ភ្លើង​ដុត​អម្រែក, លុះ​ភ្លើង​ឆេះ​ស្បូវ​ជុំវិញ ហើយ​ក្ដៅ​ដល់​តា​ចាស់​ដែល​នៅ​ក្នុង​អម្រែក​នោះ គាត់​ក៏​បម្រះ​ញ័រ​រង្គើ​ទាំង​ការុង ភ័យ​ក្រែង​ភ្លើង​ឆេះ​ស្លាប់ ប៉ុន្តែ​ចេញ​មិន​រួច ។ អ្នក​កំលោះ​ធ្វើ​ជា​រត់​មក​ពី​ណា​ស្រែក​ថា «ជើ ! នរណា​ដុត​ភ្លើង​ឆេះ​អម្រែក​អញ​អស់ ធ្វើ​ដូចម្ដេច​អញ​នឹង​ចូល​ទៅ​បាន បើ​ភ្លើង​ឆេះ​ជុំវិញ​ដូច្នេះ ចូល​មិន​ចុះ​ទេ » ថា​ហើយ​ឈរ​ស្រែក​នៅ​ក្រៅ, លុះ​ភ្លើង​ឆេះ​ដល់​ការុង​ដឹង​ថា តា​ចាស់​ក្ដៅ​ណាស់​ហើយ ទើប​ស្ទុះ​ចូល​ទៅ​អូស​អម្រែក​ចេញ​ពី​ភ្លើង រួច​ហើយ​ភ្លើង​ក៏​ឆេះ​ដាច់​ខ្សែ​ការុង លោក​តា​ចាស់​បម្រះ​ញ័រ ៗ ទើប​អ្នក​កំលោះ​ស្រាយ​ការុង​ចេញ ឃើញ​តា​ឪពុក​ក្មេក​រលាក​ភ្លើង ឆេះ​ទាំង​សក់​ក្បាល​ក៏​ជម្រាប​ថា « ជើ លោក​ឪ ! ម្ដេច​ក៏​មិន​ប្រាប់​កូន កុំ​អី​ភ្លើង​ឆេះ​ស្លាប់​ចោល​ម៉ែ​ឲ្យ​នៅ​មេម៉ាយ » ។ តា​ចាស់​ខឹង​ណាស់​តែ​ពុំ​ដឹង​ជា​ធ្វើ​ដូចម្ដេច ឡើង​ដើរ​តយង៉យ​មក​ផ្ទះ​វិញ ទ្រម​ខ្លួន​មួយ​ថ្ងៃ ណា​មួយ​ដោយ​វា​អូស​ចេញ​ពី​ភ្លើង ណា​មួយ​ដោយ​រលាក​ភ្លើង ។ មក​ដល់​ផ្ទះ​វិញ​គ្មាន​ស្ដី​មួយ​ម៉ាត់, ដល់​ផ្ទះ​ហើយ​ប្រាប់​កូន​ប្រសា​ថា «ទៅ​ផ្ទះ​ចុះ, ព្រឹក​សឹម​មក» ។ ឯ​កូន​ប្រសា​លា​ទៅ​ផ្ទះ, ដល់​យប់​ក៏​មក​ពួន​ក្រោម​ផ្ទះ​លប​ចាំ​ស្ដាប់​ទៀត ។

លុះ​យប់​ តា​ចាស់​ដូន​ចាស់ ចូល​ដេក ក៏​និយាយ​គិត​គ្នា​ទៀត ។ តា​ថា​គិត​ដូចម្ដេច​នឹង​ផ្ដាច់​វា​បាន ? អា​នេះ​មាន​ប្រាជ្ញា​ណាស់ តែ​បើ​ឲ្យ​កូន​យើង​ទៅ​វា វា​មិន​សម​នឹង​កូន​យើង, ពី​ថ្ងៃ​មិញ​វា​ដឹង​ថា​ឯង​នៅ​ក្នុង​ការុង វា​រែក​ទៅ​ដល់​កណ្ដាល​ផ្លូវ​វា​ថា​ធ្ងន់​ណាស់ តែ​វា​មិន​ជេរ​ម្ដាយ​ទេ វា​រក​ទី​ណា​មាន​ស្បូវ​ស្ងួត វា​រែក​អម្រែក​ទៅ​ដាក់​កណ្ដាល​ស្បូវ ហើយ​វា​ដើរ​ទៅ​រក​ភ្លើង​មក​ដុត​ជុំវិញ, លុះ​ដល់​ភ្លើង​ឆេះ​វា​ធ្វើ​ជា​ស្រែក​ថា «នរណា​ដុត​ភ្លើង​នេះ​ឆេះ​អម្រែក​វា​អស់» ។ ហើយ​វា​ឈរ​ស្រែក​មិន​ចូល​យក​ទុក​ទាល់​តែ​ភ្លើង​ឆេះ​ដល់​ក្ដៅ​រលាក​ឯង ទៅ​ហើយ​ទើប​បាន​វា​រត់​ចូល​ទៅ​អូស​ចេញ​មក, អញ​ភ័យ​ណាស់ ប៉ុន្តែ​ចេញ​មិន​រួច​ព្រោះ​វា​ចង​មាត់​ការុង​ជាប់ អញ​រលាក​អស់​ទាំង​ខ្លួន, ឥឡូវ​នេះ​យើង​គិត​ដូចម្ដេច​នឹង​ផ្ដាច់​វា​បាន ? ។ យាយ​ថា «ឥឡូវ​នេះ យើង​គិត​ថា តា​ឯង​ធ្វើ​ម្ចាស់ ឲ្យ​វា​ធ្វើ​ឆ្កែ​នាំ​ទៅ​បណ្ដើរ​រក​អណ្ដើក​ឲ្យ​វា​វារ​ដូច​ឆ្កែ, បើ​វា​រក​អណ្ដើក​មិន​បាន ឬ​វា​បោល​មិន​ទាន់​ទេ នោះ​យើង​ផ្ដាច់​វា​បាន » ។ តា​ចាស់​ថា «អើ ! ដូន​គិត​ដូច្នេះ​ត្រូវ, ព្រឹក​អញ​ធ្វើ​ដូច​ជា​ឯង​ថា » ។ តា​យាយ​គិត​គ្នា​ហើយ ដេក​ទៅ ។ ឯ​អ្នក​កំលោះ​នោះ ស្ដាប់​ដឹង​ការណ៍​អស់​ហើយ វិល​ទៅ​ដេក​ឯ​ផ្ទះ​វិញ , ដល់​មាន់​រងាវ​ទើប​ពុន​អណ្ដើក​យក​ទៅ​ចង​ទុក​ក្នុង​គុម្ពោត​ស្មៅ​វាល ឯ​នេះ ឯ​នោះ ពាស​ពេញ​តែ​វាល ដែល​តា​ចាស់​គាត់​គិត​ទៅ​រក​អណ្ដើក​នោះ ហើយ​វិល​មក​ផ្ទះ ដេក​ធ្វើ​ព្រងើយ​ទៀត ។

2

លុះ​ព្រឹក​ព្រហាម​ឡើង ចៅ​នោះ​ទៅ​ដល់​ផ្ទះ​ឪពុក​ក្មេក​ម្ដាយ​ក្មេក ៗ ក៏​ឲ្យ​កូន​ក្រមុំ​គាត់​រៀប​បាយ​លើក​យក​មក​ឲ្យ​ស៊ី ៗ រួច​ហើយ​ក៏​ប្រាប់​ថា «កូន ! ឥឡូវ​នេះ យើង​ទៅ​បណ្ដើរ​អណ្ដើក ប៉ុន្តែ​យើង​គ្មាន​ឆ្កែ កូន​ឯង​ធ្វើ​ឆ្កែ ឪ​ធ្វើ​ម្ចាស់ យើង​ទៅ​រក​ក្រែង​បាន​មួយ​ពីរ​យក​មក​ស៊ី » ។ ចៅ​នោះ​ឆ្លើយ​បាទ ! ហើយ​តា​ចាស់​ពុន​បាយ​សំណុំ ទឹក​បំពង់ ដើរ​ចេញ​ពី​ផ្ទះ​ទៅ ។ ចៅ​នោះ​ក៏​បោល​ជើង ៤ តាម​ក្រោយ​ ទៅ​ដល់​វាល​កន្លែង​វា​ចង​អណ្ដើក​នោះ​ វា​ក៏​បោល​ទៅ​មុខ​ចូល​គុម្ពោត​ស្មៅ​មួយ ធ្វើ​ជា​កោះ​ង៉ុងៗ ។ តា​ចាស់​រត់​ទៅ​ដល់​វា​ខាំ​បាន​អណ្ដើក​មួយ ហើយ​ទៅ​ទៀត ខាំ​បាន​អណ្ដើក​ប្រាំមួយ​ប្រាំពីរ, ដល់​ថ្ងៃ​ត្រង់​តា​ចាស់​ឃ្លាន​ពេក​ណាស់ ក៏​អង្គុយ​គិត​នឹង​ស្រាយ​បាយ​ស៊ី ។ ឆ្កែ​មើល​ទៅ​ខាង​ឃើញ​ក្របី​មួយ​ហ្វូង ក៏​បោល​ទៅ​ដេញ​ខាំ​ក្របី ៗ បោល​ចូល​ស៊ី​ស្រូវ​ស្រែ​អ្នក​ស្រុក ។ តា​ចាស់​ឃើញ​ហើយ រត់​ទៅ​ដេញ​ក្របី​ចេញ​ពី​ស្រែ, ឆ្កែ​បោល​មក​ស៊ី​បាយ​អស់ ហើយ​បោល​ទៅ​បាត់ ។ ឯ​ឪពុក​ក្មេក​ជា​ម្ចាស់​ឆ្កែ​វិល​មក​វិញ​ រក​បាយ​ស៊ី​គ្មាន ព្រោះ​ឆ្កែ​ស៊ី​អស់​ខឹង​ណាស់ ដេញ​វាយ​វា​ពុំ​ទាន់ ណា​អស់​កម្លាំង​ឃ្លាន​បាយ ណា​ផ្លូវ​ឆ្ងាយ ក៏​ខំ​ដើរ​មក​ផ្ទះ​វិញ​ទាំង​អត់​បាយ ដើរ​ពុំ​ចង់​រួច បន្ទោស​ឆ្កែ​មិន​បាន ត្បិត​វា​ចំណាំ​អីចឹង ។ ដល់​ផ្ទះ​ស៊ី​បាយ​រួច​ហើយ ប្រាប់​កូន​ប្រសា​ថា «ទៅ​ផ្ទះ​ចុះ​ព្រឹក​សឹម​មក​វិញ» ដល់​យប់​កូន​ប្រសា​មក​ស្ដាប់​តា​យាយ​គិត​គ្នា​ទៀត ។

លុះ​ដល់​យប់ តា​យាយ​ចូល​ដេក, តា​ប្រាប់​យាយ​ពី​រឿង​ដែល​កូន​ប្រសា​នោះ​ធ្វើ​សព្វគ្រប់ ហើយ​តា​ឲ្យ​យាយ​ជួយ​គិត​ទៀត ។ ដូន​ចាស់​ប្រាប់​ថា « ពី​មុន​វា​ធ្វើ​ឆ្កែ តា​ឯង​ធ្វើ​ម្ចាស់ បាន​ជា​វា​ធ្វើ​បាប​តា​ឯង​បាន ដូច្នោះ​ព្រឹក​នេះ តា​ឯង​ឲ្យ​វា​ធ្វើ​ម្ចាស់​ម្ដង ឯ​តា​ឯង​ធ្វើ​ឆ្កែ​វិញ » ។ តា​យាយ​គិត​គ្នា ហើយ​ដេក​ទៅ ។ ចៅ​នោះ​លប​ស្ដាប់​បាន​ការណ៍​ហើយ ក៏​ទៅ​ដេក​ឯ​ផ្ទះ​វា​ហី ។

ព្រឹក​ឡើង​ចៅ​នោះ ទៅ​បម្រើ​ឪពុក​ក្មេក​ម្ដាយ​ក្មេក​ទៀត ។ តា​យាយ​ឲ្យ​កូន​ក្រមុំ​លើក​បាយ​មក​ឲ្យ​វា​ស៊ី ។ រួច​ហើយ​តា​ក៏​ប្រាប់​ថា « កូន​អើយ ! ពី​ម្សិល​មិញ​ឯង​ធ្វើ​ឆ្កែ, ថ្ងៃ​នេះ​ឯង​ធ្វើ​ម្ចាស់​អញ​ម្ដង​ អញ​ធ្វើ​ឆ្កែ​វិញ » ។ ចៅ​នោះ​ឆ្លើយ​បាទ ! ហើយ​ពុន​បាយ​និង​ទឹក​ទៅ ឯ​តា​វារ​ធ្វើ​ជា​ឆ្កែ​បោល​តាម​ក្រោយ ។ លុះ​ហួស​ពី​ផ្ទះ​បន្តិច​ទៅវា​ខំ​ដើរ​យ៉ាង​លឿន​កុំ​ឲ្យ​ឪពុក​ក្មេក​វា​បោល​ទាន់ ។

តា​បោល​ពុំ​ទាន់ ត្បិត​ខ្លួន​ចាស់ ដើរ​ត្រុកៗ​តាម​ក្រោយ​វា, ឯ​វា​ក៏​បែរ​មក​ថា «ឆ្កែ​អី​ស៊ី​តែ​បាយ​បង្អស់ ទៅ​មុខ​មិន​ទៅ ដើរ​តែ​ក្រោយ​ម្ចាស់ រក​អណ្ដើក​ម្ដេច​បាន ? ថា​ហើយ​វាយ​ឆ្កែ​ឲ្យ​បោល​ទៅ​មុខ ។ តា​បោល​ក្នុង​ស្មៅ​មិន​រួច​ចេះ​តែ​ដើរ​តាម​ក្រោយ រក​អណ្ដើក​ក៏​មិន​បាន, កូន​ប្រសា​វាយ​ស្ទើរ​ស្លាប់ ហត់​ស្ទើរ​ដាច់​ខ្យល់ តែ​ពុំ​ហាន​ស្ដី ព្រោះ​ខ្មាស​កូន​ប្រសា ។

លុះ​ទៅ​ឆ្ងាយ​ដល់​ថ្ងៃ​ត្រង់ វា​ស្រាយ​បាយ​ស៊ី​ហើយ​វា​ថា «ឆ្កែ​អី​រក​អណ្ដើក​មិន​បាន​ដើរ តែ​ក្រោយ​មនុស្ស ស៊ី​តែ​បាយ​បង្អស់» ហើយ​វា​បង្អត់​មិន​ឲ្យ​បាយ​ស៊ី វា​ឲ្យ​តែ​ឆ្អឹងឆ្អែង, ឆ្កែ​ចាស់​អង្កៀម​ក៏​មិន​បែក ត្បិត​គ្មាន​ធ្មេញ ឃ្លាន​ណាស់​អង្គុយ​មើល​តែ​មុខ​វា ទាល់​តែ​វា​ស៊ី​ហើយ​វា​វាយ​មួយ​ព្រនង់​ទៀត​វា​ថា «ណ្ហើយ ! ទៅ​ផ្ទះ​ចុះ បើ​មិន​ផេះ​ទេ ឆ្កែ​អី​ឆ្នែង​យ៉ាង​ហ្នឹង » ហើយ​វា​ឡើង​ដើរ​វិល​ទៅ​ផ្ទះ​វិញ ។ តា​ចាស់​ហត់​ណាស់ វារ​មិន​រួច​​ឡើង​ដើរ​ទៅ​តាម​ក្រោយ​កូន​ប្រសា ធ្វើ​មុខ​ស្រមេះ ។ លុះ​ទៅ​ដល់​ចៅ​កំលោះ​ប្រាប់​ម្ដាយ​ក្មេក​ថា « ម៉ែ ! រក​អណ្ដើក​មិន​បាន​ទេ ព្រោះ​ឆ្កែ​មិន​ស្វាក់ » ។ តា​ចាស់​ខឹង​ណាស់ ប្រាប់​កូន​ប្រសា​ថា « ឯង​ទៅ​ផ្ទះ​ចុះ ព្រឹក​សឹម​មក​វិញ » ។ ចៅ​នោះ​ក៏​លា​ទៅ, ដល់​យប់​មក​ពួន​លប​ស្ដាប់​ក្រោម​ផ្ទះ​ទៀត ។

3

លុះ​ដល់​យប់ តា​យាយ​ចូល​ដេក, តា​និយាយ​ប្រាប់​យាយ​ពី​រឿង​កូន​ប្រសា​បាប ហើយ​បង្អត់​ទាំង​បាយ​ផង ។ ដូន​ថា « ណ្ហើយ ! ឲ្យ​កូន​ទៅ​វា​ទៅ ផ្ដាច់​វា​មិន​បាន​ទេ, អា​នេះ​មាន​ប្រាជ្ញា​ណាស់ ឯង​គិត​អី​ក៏​វា​ដឹង​មុន​ទាំងអស់, វា​ធ្វើ​បាប​ស្ទើរ​តែ​ស្លាប់ ម្ដេច​ក៏​មិន​រាង » ។ តា​ចាស់​ឆ្លើយ​ថា « នឹង​ឲ្យ​វា​ទៅ​មើល​ទៅ​រូបរាង​វា មិន​សម​នឹង​កូន​យើង​សោះ, ប៉ុន្តែ​យើង​ធ្វើ​កល​ឲ្យ​វា​ខឹង ឲ្យ​វា​ជេរ​ម្ដាយ វា​មិន​ជេរ ដូច្នេះ​ដូន​ជួយ​គិត​អញ​ម្ដង​ទៀត បើ​វា​ធ្វើ​តាម​មិន​បាន​សឹម​ផ្ដាច់​វា » ។ ដូន​ចាស់​ថា « អើ ! ឥឡូវ​នេះ​ មាន​តែ​ដល់​ពេល​មាន់​រងាវ តា​ឯង​លុប​មុខ ស៊ី​ស្លា ហូប​បាយ ចូល​ទៅ​ក្នុង​ការុង​មួយ ការុង​មួយ​ទៀត​ច្រក​អង្ករ បើ​ព្រឹក​ឡើង​វា​មក​ខ្ញុំ​នឹង​ប្រាប់​វា​ថា តា​ឯង​ទៅ​ផ្សារ​ទិញ​អីវ៉ាន់, ហើយ​ខ្ញុំ​ប្រាប់​ឲ្យ​វា​រែក​ទៅ​តាម​ឲ្យ​ទាន់ នៅ​វេលា​ស៊ី​បាយ​ព្រឹក ត្បិត​ផ្លូវ​ផ្សារ ក៏​ឆ្ងាយ​ដែរ, បើ​វា​រែក​ទៅ​មិន​ទាន់​ទេ​នោះ លុះ​មក​វិញ​នឹង​ផ្ដាច់​កូន​ពី​វា​បាន​ងាយ មួយ​ទៀត​តែ​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ​វា​មុខ​ជា​ធ្ងន់ វា​ប្រហែល​ជា​វា​គិត​ឃើញ​ថា​ស្ងាត់​ហើយ វា​ជេរ​មិន​ខាន » ។ តា​ចាស់​និង​យាយ​គិត​គ្នា​ហើយ ក៏​ដេក​ទៅ ។ ឯ​កូន​ប្រសា​លប​ស្ដាប់​នៅ​ក្រោម​ផ្ទះ​ដឹង​ការណ៍​ហើយ ក៏​ទៅ​ដេក​ផ្ទះ ។

លុះ​ព្រឹក​ឡើង ចៅ​នោះ​រៀប​ខ្លួន ដើរ​ចេញ​ទៅ​បម្រើ​ឪពុក​ក្មេក​ទៀត, ដល់​ហើយ​ម្ដាយ​ក្មេក​ឲ្យ​កូន​ក្រមុំ​លើក​បាយ យក​មក​ឲ្យ​ចៅ​នោះ​ស៊ី​ទៀត, ស៊ី​ហើយ​ក៏​ប្រគល់​អម្រែក​ឲ្យ​កូន​ប្រសា រែក​ទៅ​តាម​ឪពុក​ក្មេក​ឯ​ផ្សារ ដូច​គិត​គ្នា​ពី​ល្ងាច​នោះ ។ ចៅ​នោះ​រែក​ដើរ​ទៅ​ហើយ​គិត​ថា «ម្ដង​នេះ​អញ​ធ្វើ​ឲ្យ​ឪពុក​ក្មេក​អញ​នេះ ឲ្យ​កូន​មក​អញ កុំ​ឲ្យ​គាត់​រក​កល​ធ្វើ​បញ្ឆោត​អញ​ក្រោយ​ទៀត» ។ ហើយ​គិត​តែ​រែក​ដើរ​ទៅ​ដល់​កណ្ដាល​ផ្លូវ ដាក់​អម្រែក​ចុះ ហើយ​ថា ការុង​នេះ​ចង​មាត់​មិន​ជាប់ ។ វា​យក​ខ្សែ​ចង​ថែម​ទៀត, លុះ​រែក​ទៅ​ដល់​កន្លែង​មាន​ព្រែក មាន​ស្ពាន ក៏​ដាក់​អម្រែក​លើ​ស្ពាន ឲ្យ​ប្របេះ​ត្រង់​ចុង​ក្ដារ នៅ​តែ​បន្តិច​នឹង​ធ្លាក់​ពី​ស្ពាន ហើយ​ថា «អញ​អើយ ថ្ងៃ​ណាស់​ហើយ ម្ល៉េះ​សម​ឪ​អញ​ជេរ​មិន​ខាន អម្រែក​ធ្ងន់ រែក​ម្ដេច​ឲ្យ​ទាន់ ! ណ្ហើយ ឪ​ជេរ​ក៏​ជេរ​ចុះ អញ​ដាក់​នៅ​នេះ ទៅ​វាល​សិន​រួច​សឹម​ទៅ​ទៀត » ។ និយាយ​បណ្ដើរ​ដើរ​បណ្ដើរ ។ មួយ​ស្របក់​ក៏​កាន់​ឈើ​មួយ​ធំ​ដើរ​មក​ពី​នាយ បុក​ក្ដារ​ស្ពាន​ឮ​គ្រាំៗ ធ្វើ​ហាក់​ដូច​ជា​ដំរី​ឆ្លង​ស្ពាន ហើយ​ស្រែក​ថា « នរណា​ដាក់​អម្រែក​នៅ​លើ​ស្ពាន ដំរី​អញ​វា​ជាន់​ខូច​អស់​ហើយ យក​ចេញ​ឲ្យ​ឆាប់ ស្រែក​ហើយ​បុក​ក្ដារ​គ្រាំងៗ​ដើរ​ចូល​មក ។ ឯ​តា​ចាស់​នៅ​ក្នុង​ការុង​គិត​ស្មាន​ថា​ដំរី​មែន ភ័យ​ក្រែង​ជាន់​ស្លាប់ ក៏​ខំ​បម្រះ​ជៀស​ផ្លូវ​ដំរី ហួស​ពី​ក្ដារ​ធ្លាក់​ទៅ​ក្នុង​ទឹក ៗ ចូល​ការុង​គាត់​ឈ្លក់​ទឹក​ត្រដរ​ញ័រ​ទាំង​ការុង ស្ទើរ​តែ​នឹង​ស្លាប់ ។ ឯ​កូន​ប្រសា​ឃើញ​ដូច្នោះ ក៏​ទុក​ឲ្យ​ផឹក​ទឹក​បន្តិច ឲ្យ​អស់​ខូច​ទៀត ហើយ​ធ្វើ​ជា​ដើរ​មក​ពី​វាល​ស្រែក​ថា «នរណា​ហ៊ាន​បរ​ដំរី​ឆាយ​អម្រែក​អញ ឲ្យ​ធ្លាក់​ក្នុង​ទឹក ទទឹក​អង្ករ​អញ​អស់ ! ឱ​អញ​អើយ ! ឱ​ជេរ​ថែម​ទៀត​ហើយ ថ្ងៃ​ក៏​កាន់​តែ​ខ្ពស់​ហើយ អង្ករ​ទទឹក​ថែម​ទៀត» ។ អ្នក​កំលោះ​ឃើញ​ឪពុក​ក្មេក​បម្រះ​ញ័រ​ក្នុង​ការុង ក៏​ថា «ឱ ! មាន​ត្រី​មក​ប្របេះ​ផង, ណ្ហើយ ! អញ​ចុះ​ទៅ​ស្រង់​មក​មើល » ថា​ហើយ​ក៏​លោត​ទៅ​ស្រង់​ឡើង​មក​មើល ហើយ​ថា «អើយ ! បើ​វា​ទទឹក​នឹង​ស្រាយ​ហាល​ថ្ងៃ ហើយ​រែក​យក​ទៅ​ឲ្យ​ម៉ែ​ធ្វើ​នំ​បញ្ចុក​ទុក​ឲ្យ​ឪ» ។ ថា​ហើយ​ស្រាយ​មើល ឃើញ​តា​នៅ​ក្នុង​ការុង​ក៏​ថា ឪ​អើយ ! ម្ដេច​មិន​ស្រែក​ប្រាប់​ខ្ញុំ​ កុំ​អី​ស្លាប់​ទៅ​ហើយ គេ​បរ​ដំរី​មក​ពី​ណា​មិន​ដឹង គេ​ឲ្យ​ដំរី​ឆាយ​ធ្លាក់​ទៅ​ក្នុង​ទឹក» ។ តា​ឮ​ហើយ​ឡើង​ឈរ ដើរ​វិល​មក​ផ្ទះ​វិញ​មិន​មាន​ស្ដី​មួយ​ម៉ាត់ ដល់ទៅ​ផ្ទះ​អស់​ចំណេះ ពុំ​ហាន​គិត​ទៀត ក៏​រៀប​ការ​កូន​ក្រមុំ​ឲ្យ​ទៅ​អ្នក​កំលោះ​នោះ​ទៅ ៕

(និយាយ​យប់ផ្ទប់​ព្រៃ និយាយ​ថ្ងៃ ព្រៃមានត្រចៀក)

រឿង​​ ​ក្មេង​កំព្រា

kkkចំនួនអ្នកទស្សនា: Views


រឿង​ក្មេង​កំព្រា

កាល​ពី​ព្រេង​នាយ មាន​បុរស​អ្នក​ស្រែ​ម្នាក់ ប្រកប​របរ​ចិញ្ចឹម​ជីវិត​តែ​នឹង​ដាក់​ជុច​យក​ត្រី មក​លក់​ដូរ​ប៉ុណ្ណោះ ។ បុរស​នោះ មាន​កូន​ប្រុស​ពីរ​នាក់ កូន​បង​ អាយុ ១៣ ឆ្នាំ កូន​ប្អូន​អាយុ ១១ ឆ្នាំ ។ ប្រពន្ធ​ស្លាប់​ទៅ គាត់​នៅ​ពោះ​ម៉ាយ​ជា​មួយ​នឹង​កូន​ទាំង​ពីរ ហើយ​រក​ស៊ី​ចិញ្ចឹម​កូន​តែ​នឹង​ដាក់​ជុច​ដដែល ។ វេលា​ដែល​បុរស​នោះ​ទៅ​ព្រៃ រក​វល្លិ​ផ្ដៅ​ធ្វើ​ជុច តែង​យក​កូន​បង​ទៅ​ជា​មួយ, ឯ​កូន​ប្អូន​ទុក​ឲ្យ​នៅ​ចាំ​ផ្ទះ ។


ថ្ងៃ​មួយ កូន​ប្អូន​មាន​សេចក្ដី​សង្ស័យ​នឹង​ឪពុក​ទៅ​ព្រៃ​បោច​វល្លិ​ផ្ដៅ​ធ្វើ​ជុច​ពេក​ណាស់ ព្រោះ​ចង់​ដឹង​ថា តើ​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា ខ្លួន​មិន​ដែល​ឃើញ​សោះ ក៏​និយាយ​​ប្រាប់​ឪពុក​ថា «ឪ! ខ្ញុំ​មិន​ហ៊ាន​នៅ​ផ្ទះ​តែ​ម្នាក់​ឯង​ទេ ខ្ញុំ​ខ្លាច​ណាស់! សូម​យក​ខ្ញុំ​ទៅ​ព្រៃ​ជា​មួយ​ផង» ។ 


ឪពុក​ក៏​ព្រម​យក​កូន​ប្អូន​ទៅ​ជា​មួយ ។ លុះ​ទៅ​ដល់​ព្រៃ​ឪ ពុក​ក៏​ខំ​ប្រឹង​រក​បោច​វល្លិ​ផ្ដៅ​បាន​ហើយ យក​មក​ពុះ​ច្រៀក​ជា​ចម្រៀក​តូច ៗ ល្មម​នឹង​ធ្វើ​ជា​សរសៃ​ជុច គាត់​ក៏​រែង​ធ្វើ​ជា​ជុច​ទៅ ។ កូន​បង​ដែល​ធ្លាប់​តែ​តាម​ឪពុក​ទៅ​ព្រៃ​ធ្វើ​ជុច​សព្វ ៗ​ថ្ងៃ មិន​ដឹង​ជា​ឪពុក​ធ្វើ​ជុច​យ៉ាង​ណា​ឡើយ ព្រោះ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ការ​ងារ​នោះ​សោះ គ្រាន់​តែ​បាន​ឃើញ​ជុច​ជាប់​ត្រី​ប៉ុណ្ណោះ ។ ឯ​កូន​ប្អូន​ដែល​ទើប​តែ​នឹង​បាន​តាម​ទៅ​ក្នុង​ថ្ងៃ​នោះ ក៏​ខំ​ពិនិត្យ​មើល​ឪពុក​ធ្វើ​ជុច ចាប់​តាំង​ពី​កាន់​កាំបិត​យក​ទៅ​កាប់​វល្លិ​ផ្ដៅ រហូត​ដល់​កើត​ជា​រាង​ជុច យក​ទៅ​ដាក់​ត្រី ជាប់​បាន​ត្រី​ហើយ យក​ត្រី​មក​ដុត​មក​អាំង ចម្អិន​ជា​ចំណី​អាហារ ។


ជួន​ជា​ថ្ងៃ​មួយ​នោះ ឪពុក​ភ្លេច​មិន​បាន​យក​ដែក​ភ្លើង​ទៅ គ្មាន​អ្វី​នឹង​បង្កាត់​ភ្លើង អាំង​ត្រី​ឲ្យ​កូន​បរិភោគ ក៏​ទៅ​កាប់​ឫស្សី​ស្ងួត​មួយ​កំណាត់ យក​មក​កូត​នឹង​គ្នា​ឲ្យ​ទាល់​តែ​ក្ដៅ កើត​ជា​ភ្លើង​ឆេះ​បាន ហើយ​គាត់​បង្កាត់​អាំង​ត្រី ឲ្យ​កូន​ទាំង​ពីរ​នាក់​បរិភោគ​ចម្អែត​ផ្ទៃ​មួយ​ពេល​ទៅ ។


ចំណេរ​ចេរ​កាល​មក​ខាង​ក្រោយ ឪពុក​មាន​ជំងឺ​ជា​ទម្ងន់ ស្លាប់​ទៅ ។ កូន​ទាំង​ពីរ​នៅ​កំព្រា​រញង់ ឥត​មេ​បា​នឹង​ចិញ្ចឹម​បី​បាច់​ថែ​រក្សា រស់​នៅ​ដោយ​ទ្រព្យ​បន្តិច​បន្តួច​ដែល​សល់​ពី​ឪពុក មិន​យូរ​ថ្ងៃ​ខែ​ប៉ុន្មាន​ក៏​អស់​ទ្រព្យ​នោះ​ទៅ ទើប​ប្អូន​និយាយ​នឹង​បង​ថា 

«ឱ បង​អើយ! កាល​ពី​ដើម​យើង​បាន​ឪពុក​ទំនុក​បម្រុង រក​ស៊ី​ចិញ្ចឹម​យើង​ទាំង​ពីរ​នាក់​យើង​ឥត​មាន​សេចក្ដី​ព្រួយ​លំបាក​អ្វី​ឡើយ ចាំ​តែ​បរិភោគ​ស្រាប់ ៗ ឥឡូវ​នេះ​ឪពុក​យើង​ស្លាប់​ចោល​ទៅ​ហើយ ឯ​យើង​ទាំង​ពីរ​នាក់​សោត​ទៀត ក៏​មិន​ទាន់​ពេញ​កម្លាំង​ល្មម​នឹង​រក​ស៊ី​ចិញ្ចឹម​ជីវិត​បាន​ដោយ​ខ្លួន​ឯង ទាំង​បង​ក៏​នៅ​តូច ទាំង​ខ្ញុំ​ក៏​នៅ​តូច​នឹង​ទៅ​រក​ស៊ី​ឈ្នួល​ជួល​ព័ទ្ធ​អ្នក​ជិត​ខាង ក្រែង​គេ​មិន​ព្រម​ទទួល ពី​ព្រោះ​យើង​ជា​មនុស្ស​កំព្រា​អនាថា រក​ទី​ពឹង​គ្មាន គេ​មិន​ហ៊ាន​ឲ្យ​នៅ​ជា​មួយ គេ​មិន​ទុក​ចិត្ត​យើង ហេតុ​តែ​យើង​គ្មាន​មេបា​ថែរក្សា បើ​ដូច្នេះ តើ​បង​គិត​យ៉ាង​ណា ឲ្យ​បាន​រស់​នៅ​ជា​មួយ​នឹង​គេ​ឯង បង! អង្ករ​យើង ថ្ងៃ​នេះ​នៅ​តែ ១ ទូក​ដៃ ល្មម​តែ​ល្ងាច​នេះ ថ្ងៃ​ស្អែក​គ្មាន​អង្ករ​ដាំ​បាយ​បរិភោគ​ទេ, បង! ដើរ​សូម​ទាន​គេ​ឬ​ដូចម្ដេច​ហ៎ះ! ខ្ញុំ​មិន​ទៅ​សូម​ទេ​ខ្មាស​គេ​ណាស់ ស៊ូ​តែ​ពី​ស្លាប់» ។

 បង​សួរ​ប្អូន «ម្ដេច​ក៏​អូន​ថា​យ៉ាង​នេះ?» ។ ប្អូន​ឆ្លើយ​តប​ទៅ​នឹង​បង​ថា «ខ្ញុំ​មាន​ដៃ​ពីរ​ជើង​ពីរ គំនិត​មារយាទ ដូច​អ្នក​ទាំង​ពួង​ដែរ»។ «ឱ! ប្អូន​ឯង​គិត​យ៉ាង​ហ្នឹង? ពិត​មែន​តែ​មាន​ដៃ​ពីរ​ជើង​ពីរ គំនិត​មារយាទ​ដូច​អ្នក​ទាំង​ពួង​មែន​ហើយ តែ​ខ្លួន​យើង​នៅ​តូច​ណាស់ មិន​អាច​នឹង​ពុន​រែក កាប់​គាស់ លី​សែង​អ្វី​បាន​ឡើយ » ។

 «ឱ! បង​អើយ សត្វ​ចាប​វា​ដែល​ទៅ​ពុន​រែក លីសែង​ឯណា​ដែរ​ឬ​? ម្ដេច​ក៏​វា​ចិញ្ចឹម​កូន​វា​រស់ ហើយ​កូន​វា​ទៀត ធំ​ឡើង​រក​ស៊ី​ដូច​មេ​វា​ទៀត​បាន, ចុះ​បង ម្ដេច​ក៏​មិន​គិត​ដល់​ការ​ងារ​របស់​ឪពុក​យើង​ផង?» ។ «ប្អូន! លាក់​បាំង​អ្វី! កាល​ពី​ខ្មោច​ឪ​យើង​នៅ​រស់​នៅ​ឡើយ គាត់​រក​ស៊ី​ចិញ្ចឹម​យើង​តែ​នឹង​ដាក់​ជុច ប៉ុន្តែ​បង​មិន​ដឹង​ថា​គាត់​ធ្វើ​ជុច យក​ទៅ​ដាក់​ត្រី​យ៉ាង​ណា​ទេ បង​ចាំ​តែ​ឆ្អិន​តែ​ម្យ៉ាង ។

 ម្យ៉ាង​ទៀត​កាល​គាត់​យក​របស់​អ្វី​មក​ធ្វើ​ជុច ក៏​បង​មិន​ចាំ ហើយ​គាត់​ធ្វើ​ជុច​នោះ​មាន​សណ្ឋាន​បែប​ណា ក៏​បង​មិន​ដឹង​ទាំង​អស់ បើ​ដូច្នោះ ឲ្យ​បង​ធ្វើ​ដូច​ម្ដេច​កើត ឃើញ​តែ​ការ​សុំ​ទាន​រក​ស៊ី​ឈ្នួល​គេ​ហ្នឹង​ហើយ ដូច​ជា​ស្រួល​គ្រាន់​បើ ប្អូន! ណ្ហើយ​ចុះ! កាត់​កេរ្តិ៍​ខ្មាស​សិន​ទៅ​ចុះ ទម្រាំ​យើង​ធំ​ល្មម​រក​ស៊ី​ខ្លួន​ឯង​

បាន! ។ «ទេ! បង ខ្ញុំ​មិន​ទៅ​សូម​ទាន​ឬ​ស៊ី​ឈ្នួល​គេ​ទេ ខ្មាស​គេ​ណាស់ ពី​ព្រោះ​ពូជ​យើង​មិន​ដែល​សុំ​ទាន ឬ​ស៊ី​ឈ្នួល​គេ​បើ​ទុក​ជា​ពី​ជីតា​ទួត​លួត​លា​មក ធ្លាប់​សុំ​ទាន ឬ​ស៊ី​ឈ្នួល​ឲ្យ​កម្លាំង​គេ​ប្រើ​ដូច​ជា​សត្វ​តិរច្ឆាន​ក៏​ដោយ ខ្ញុំ​មិន​ព្រម​ប្រព្រឹត្ត​តាម​បវេណី​វង្ស​ត្រកូល​នោះ​ដែរ នៃ​បង! ប្អូន​គិត​ឃើញ​ថា «កាល​បើ​មាន​អ្នក​

សប្បុរស​ចិត្ត​ល្អ ដាក់​ទាន​ឲ្យ​យើង ឬ ក៏​បាន​ទៅ​ច្រក​កោន​នឹង​ចៅហ្វាយ​នាយ យើង​ក៏​បាន​ស្រួល​បន្តិច​ទៅ, តែ​បើ​ប្រទះ​ពារ​ទៅ​លើ​អ្នក​ចិត្ត​តក់​ម៉ក់​អាក្រក់​សម្លក់​ភ្នែក​ស្លែ ដូច​ភ្នែក​មៀម គំហក​គំរាម​យើង​ដូច​សត្វ​តិរច្ឆាន តើ​យើង​យក​មុខ​ទៅ​ទុក​ឯណា? ម្យ៉ាង​ទៀត អ្នក​ចិត្ត​ល្អ​ក្ដី អ្នក​ចិត្ត​អាក្រក់​ក្ដី កាល​គេ​

ហុច​របស់​មក​ឲ្យ​យើង​ដោយ​ដៃ​គេ យើង​យក​ដៃ​ទៅ​ទទួល​ទាន​គេ ចុះ​ដៃ​ជា​ដៃ ជើង​ជា​ជើង​មាត់​ជា​មាត់ ដូច​គ្នា​ទាំង​អស់ ម្ដេច​ក៏​ដៃ​គេ​គ្មាន​សំពះ​សុំ​អ្នក​ណា? មាត់​គេ​មិន​ហា​និយាយ​សុំ​អ្នក​ណា? អន់​អ្វី​តែ​ដៃ​ជើង​មាត់​យើង​ជាង​គេ​ម្ល៉េះ ? បង​គិត​មើល​ចុះ ប្អូន​ថា​ប៉ុណ្ណេះ​ខុស​ឬ​ត្រូវ?» ។ «បើ​ដូច្នោះ ប្អូន​ចេះ​ចាំ​ការ​ងារ​

របស់​ឪពុក​យើង​ដែរ​ឬ? »បង​សួរ​ទៅ​ប្អូន​វិញ ។ «អើ! មិន​អី​ទេ​បង! ប្អូន​ចាំ​ទាំង​អស់ បង​កុំ​ព្រួយ! កុំ​គិត​ទៅ​សូម​ទាន ឬ​ស៊ី​ឈ្នួល​ឲ្យ​កម្លាំង​គេ​ប្រើ វា​ថោក​ខ្លួន​ណាស់ យើង​នេះ​មិន​មែន​ជា​សត្វ​តិរច្ឆាន គេ​វាយ​ឯ​កើត​វាយ​ឯ​លិច​ដូច​សុនខ​ពេក​ទេ ឪពុក​គាត់​ទុក​កាំ​បិត​ព្រា​ឲ្យ​មួយ​ដែរ​តើ! យើង​ទៅ​ព្រួយ​អ្វី សព្វ​បើ​គ្រាន់​ចិញ្ចឹម​ជីវិត​មួយ​ប៉ុណ្ណឹង ។ «អើ! បើ​យ៉ាង​ហ្នឹង ប្អូន​គិត​ការ​ងារ​ឪពុក​ទៅ​ចុះ ។

ឯ​ប្អូន​ជា​ក្មេង​មាន​ប្រាជ្ញា ក៏​ប្រារព្ធ​ធ្វើ​ជុច​កើត យក​ទៅ​ដាក់​ត្រី​បាន​ដូច​បំណង ។ លុះ​ថ្ងៃ​ក្រោយ​​កន្លង​មក​ទៀត ប្អូន​អង្គុយ​គិត​តែ​ម្នាក់​ឯង មិន​ចេញ​វាចា​ប្រាប់​បង​សោះ​ថា «ឪពុក​អញ គាត់​ចេះ​ធ្វើ​ជុច​ដាក់​ត្រី​ប៉ុណ្ណោះ ឯ​សត្វ​ឯ​ទៀត​ៗ គាត់​ដាក់​ជុច​មិន​បាន​ឃើញ​ថា ប្រាជ្ញា​គាត់​នៅ​ខ្សោយ​ណាស់, បើ​ដូច្នោះ អញ​រក​ឧបាយ​នឹង​ធ្វើ​ជុច​ដាក់​សត្វ​ម្រឹគ មាន​សត្វ​ជ្រូក​ព្រៃ ឈ្លូស រមាំង​ជា​ដើម ។

 លុះ​គិត​ឃើញ​ដូច្នោះ​ហើយ ក៏​និយាយ​ប្រាប់​បង «បង! យើង​គិត​ទៅ​រក​ដាក់​ជុច​ឯ​ព្រៃ​វិញ ក្រែង​បាន​ជាប់​ជ្រូក​ព្រៃ ឈ្លូស រមាំង ជា​សត្វ​ធំ ៗ មាន​សាច់​ច្រើន» ។ បង​ក៏​សុខ​ចិត្ត​តាម​ប្អូន​ទាំង​អស់​ ព្រោះ​យល់​ឃើញ​ថា ប្អូន​ចេះ​ចាំ​កិច្ច​ការ​របស់​ឪពុក​ពិត​ប្រាកដ​មែន, ហើយ​ក៏​បណ្ដើរ​គ្នា​ពីរ​នាក់​បង​ប្អូន ចូល​ទៅ​ក្នុង​ព្រៃ​ស្រោង​ជា​ទី​រហោស្ថាន ។

 ទៅ​ដល់​ពាក់​កណ្ដាល​ព្រៃ បង​ស្រេក​ទឹក​យ៉ាង​ខ្លាំង ក៏​និយាយ​ប្រាប់​ប្អូន​ថា «ប្អូន! បង​ស្រេក​ទឹក​ណាស់! រក​ទឹក​ឯណា​ផឹក​បាន?» ។ ប្អូន​ឆ្លើយ​ថា «កាល​ឪពុក​យើង​រស់​នៅ បើ​ដើរ​ទៅ​ទី​ណា​ដែល​គ្មាន​ទឹក គាត់​តែង​ជី​ដី​ត្រង់​កន្លែង​ណា​សើម​ៗ យូរ​ៗ​ទៅ ចេញ​ទឹក​បាន, បើ​ដូច្នេះ បង​ជីក​ល​មើល!» ។ 

«ជីក​ឯណា​កើត បើ​អស់​កម្លាំង​យ៉ាង​នេះ» ។ «អើ! បើ​ដូច្នោះ ចាំ​ដើរ​ទៅ​ខាង​មុខ​បន្តិច​សិន ក្រែង​ជួន​ប្រទះ​ទឹក» ។ ដើរ​បាន​បន្តិច​ទៅ ក៏​ជួប​ប្រទះ​ត្រពាំង​មួយ​មាន​ទឹក​ថ្លា ពាស​ពេញ​ដោយ​ផ្កា​ឈូក​ផ្លែ​ឈូក បង​ប្អូន​ទាំង​ពី​នាក់ ក៏​នាំ​គ្នា​ងូត​ទឹក ផឹក​ទឹក បេះ​ផ្លែ​ឈូក​ស៊ី​តាម​សប្បាយ​ហើយ​ក៏​ទៅ​សម្រាន្ត​នៅ​ក្បែរ​មាត់​ត្រពាំង​នោះ​មួយ​ស្របក់ ។

 លុះ​មាន​កម្លាំង​ល្មម​នឹង​ដើរ​ទៅ​ទៀត​បាន ក៏​នាំ​បង​ប្អូន​ដើរ​ទៅ ទៅ​ដល់​ព្រៃ​ធំ​មួយ ឈ្មោះ​ព្រៃ​ហិមពាន្ត មិន​ដែល​មាន​មនុស្ស​ណា​ទៅ​ដល់​សោះ បាន​ឃើញ​ពួក​សត្វ​ម្រឹគ​ជា​ច្រើន​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នោះ ប្អូន​និយាយ​នឹង​បង​ថា «បង! យើង​ឈប់​នៅ​ក្នុង​ព្រៃ​នេះ​ហើយ មើល​ទៅ​ព្រៃ​នេះ​សម្បូណ៌​សត្វ​ម្រឹគីម្រឹគា​ណាស់, យើង​គិត​ធ្វើ​ជា​ធ្នះ​មួយ​នៅ​លើ​ចុង​ឈើ ហើយ​ខ្ញុំ​រក​ផ្ដៅ​មក​ធ្វើ​ជុច​ដាក់​សត្វ​ទាំង​នោះ យក​មក​ធ្វើ​ជា​ចំណី​អាហារ» ។

 ប្អូន​ធ្វើ​ហើយ ឲ្យ​បង​នៅ​អាស្រ័យ​លើ​ធ្នះ​នោះ​ទៅ ខ្លួន​ទៅ​រក​បោច​ផ្ដៅ យក​មក​ធ្វើ​ជុច​ដាក់​សត្វ​ព្រៃ រៀប​ធ្វើ​ជា​ចំណារ​ចារ​ជុំ​វិញ​ព្រៃ ហើយ​ទុក​តែ​ផ្លូវ​១ ល្មម​សត្វ​នោះ​ដើរ​ចូល​បាន ដូច​ជា​ធ្វើ​កន្លែង​ដាក់​ត្រី​ដែរ ។ ពេល​នោះ មាន​ជ្រូក​ព្រៃ​មួយ​ដើរ​សំដៅ​ពី​នាយ​មក ហាក់​ដូច​ជា​គ្មាន​កោត​ក្រែង​ដល់​អ្វី​សោះ ដើរ​មក​តាម​ចន្លោះ​ផ្លូវ​ដែល​កុមារ​នោះ​ចារ ទៅ​ដល់​ត្រង់​កន្លែង​ដាក់​ជុច ក៏​ស្រាប់​តែ​ជាប់​ក្នុង​ជុច​កុមារ ។ ជ្រូក​នោះ​ខំ​បម្រះ​ននៀល​រើ​យ៉ាង​ណា​ក៏​មិន​រួច ជុច​រឹត​រួត​ជ្រូក​ព្រៃ​នោះ​យ៉ាង​តឹង ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច ។

 មិន​យូរ​ប៉ុន្មាន​ជ្រូក​នោះ​ក៏​ដាច់​ខ្យល់​ស្លាប់​ទៅ ។ កុមារ​ទាំង​ពីរ ឃើញ​ជ្រូក​ព្រៃ​ជាប់​ជុច​ស្លាប់​ដូច្នោះ​ហើយ ក៏​ត្រេក​អរ​ពេក​ណាស់ នាំ​គ្នា​ដោះ​អូស​ចេញ​ពី​ជុច គិត​យក​មក​អាំង​ឆ្អើរ ធ្វើ​ជា​អាហារ​បរិភោគ ។ ជួន​ជា​វេលា​នោះ ដែក​ភ្លើង​ដែល​ដាក់​ក្នុង​ហោ​ប៉ៅ​អាវ​បង ក៏​អស់​ប្រឆេះ​រលីង គ្មាន​អ្វី​ធ្វើ​ភ្លើង​នឹង​បង្កាត់​អាំង​

ឆ្អើរ​ជ្រូក, បង​ទាល់​គំនិត មិន​ដឹង​គិត​ធ្វើ​យ៉ាង​ណា ។ ឯ​ប្អូន​ជា​ក្មេង​មាន​គំនិត បាន​ដឹង​ជាក់​ប្រាកដ​ពី​កាល​ឪពុក​នៅ នាំ​ទៅ​ព្រៃ បើ​គ្មាន​ភ្លើង​បង្កាត់​ចម្អិន​អ្វីៗ គាត់​តែង​ទៅ​កាប់​ឫស្សី​ស្ងួត​មក​កួត​គ្នា ឲ្យ​កើត​ជា​ភ្លើង ដុត​អាំង​បាន​តាម​ប្រាថ្នា ហើយ​បាន​ចាំ​ទុក​ក្នុង​ចិត្ត​រួច​ស្រេច ។ 

វេលា​នោះ ប្អូន​និយាយ​ប្រាប់​បង​ថា «កាល​ពី​ឪពុក​យើង​គាត់​នៅ បើ​គាត់​ទៅ​ព្រៃ​គ្មាន​ភ្លើង​ដុត​អាំង​អ្វីៗ គាត់​កាប់​ឫស្សី​យក​មក​កួត​គ្នា ឲ្យ​កើត​ជា​ភ្លើង​បាន, បើ​ដូច្នោះ បង​ទៅ​ចាំ​សត្វ​ក្នុង​ទី​នេះ​ចុះ ខ្ញុំ​ទៅ​រក​កាប់​ឫស្សី​ស្ងួត​យក​មក​កួត​ធ្វើ​ភ្លើង​អាំង»

 ថា​តែ​ប៉ុណ្ណេះ​ហើយ ក៏​ទៅ​រក​កាប់​ឫស្សី​បាន​យក​មក ធ្វើ​តាម​តម្រា​ឪ​ពុក​កើត​មែន អាំង​ឆ្អើរ​ជ្រូក​នោះ​ទៅ​តាម​បំណង ឆ្អិន​បាន​បរិភោគ​ក្នុងវេលា​នោះ​ទៅ ។ កុមារ​ទាំង​ពីរ​នៅ​អាស្រ័យ​ក្នុង​ព្រៃ​នោះ​អស់​កាល​ជា​យូរ​បាន​សេចក្ដី​សុខ​សប្បាយ រក​ស៊ី​តែ​នឹង​ដាក់​ជុច​សត្វ​ព្រៃ​ប៉ុណ្ណោះ ។

 ពួក​សត្វ​ដែល​ដើរ​មក​ជាប់​ជុច​កុមារ​ទាំង​ពីរ​នោះ តាំង​តែ​ពី​សត្វ​ជ្រូក​ព្រៃ រមាំង​ ឈ្លូស រហូត​ដល់​ដំរី ។ រាត្រី​មួយ កុមារ​ប្អូន​បាន​ឃើញ​ដំរីស្ដ​មួយ​យ៉ាង​ធំ ដើរ​ក្បែរ​ធ្នះ​នោះ ក៏​មាន​បំណង​ចង់​ស៊ី​សាច់​ដំរី ទើប​និយាយ​ប្រាប់​បង​ថា «ខ្ញុំ​ចង់​ស៊ី​សាច់​ដំរី​ណាស់ ត្បិត​មាន​ដំរីស្ដ​មួយ​យ៉ាង​ធំ​ធាត់ ដើរ​មក​ក្បែរ​ធ្នះ​យើង​រាល់​រាត្រី ខ្ញុំ​គិត​ដាក់​ជុច​យក​ដំរី​នេះ​ឲ្យ​បាន» ។

 បង​និយាយ​ឃាត់​ថា «ណ្ហើយ​ប្អូន កុំ!​ដំរី​នេះ​ធំ​ណាស់ ប្អូន​ដាក់​វា​មិន​ជាប់​ទេ ឬ​ថា ប្រសិន​ជា​វា​ដើរ​មក​ជាប់​ជុច​ប្អូន​ហើយ វា​បម្រះ​ត្រដរ​រួច​ទៅ​នោះ វា​ខឹង, កាល​បើ​វា​ខឹង​ហើយ ថ្ងៃ​ក្រោយ​វា​មក​ព្រេច​ធ្នះ​យើង, ល្អិត​ល្អោច​ខ្ទេច​ខ្ទី ហើយ​វា​ជាន់​សម្លាប់​យើង ស៊ី​ជា​ចំណី​អាហារ ពុំ​លែង​ឡើយ» ។ «ទេ មិន​អី​ទេ​បង កុំ​ព្រួយ! នៅ​ឲ្យ​តែ​ស្ងៀម​ទៅ​ចុះ ចាំ​មើល​ខ្ញុំ​ធ្វើ​ជុច​ដាក់​ដំរី​នេះ​ឲ្យ​ទាល់​តែ​បាន » ។ ប្អូន​ថា​ដូច្នោះ​ហើយ ក៏​រក​កាប់​ផ្ដៅ​ក្រែក​យ៉ាង​ធំ​ៗ យក​មក​រែង​ធ្វើ​ជុច ដាក់​ត្រង់​កន្លែង​ដែល​ដំរី​គោចរ ។

ឯ​ដំរី​ដែល​ដើរ​មក​សព្វ​រាត្រី ឥត​មាន​គិត​ក្រែង​អ្វី​សោះ​ឡើយ ដោយ​គិត​ថា «ព្រៃ​នេះ ស្រេច​លើ​អញ​ហើយ គ្មាន​អ្នក​ណា​ជា​ចម្បង​លើ​អញ​ទៀត​ទេ» ក៏​ដើរ​តម្រង់​ត្រង់​មក​កន្លែង​ដែល​កុមារ​ដាក់​ជុច​ ស្រាប់​តែ​ចូល​ទៅ​ក្នុង​ជុច ជាប់​ខ្លួន​ចង្អៀត​ណែន​ក្ដន់ ខំ​បម្រះ​ននៀល​ស្រែក​រោទ៍​រំពង​ព្រៃ​ធំ​យ៉ាង​ណា ក៏​មិន​រួច, មិន​យូរ​ប៉ុន្មាន​ដាច់​ខ្យល់​ស្លាប់​ទៅ ។

កុមារ​ទាំង​ពីរ​នាក់ បាន​ឃើញ​ដំរី​ជាប់​ជុច​ស្លាប់​ហើយ បបួល​បង​ប្អូន​បំពក់​ភ្លើង​ភ្នក់​យ៉ាង​ធំ ដុត​ឆ្អើរ​ដំរី ។ វេលា​នោះ ក្លិន​ឈ្ងុយ​សាច់​ដំរី ក៏​ផ្សាយ​រហូត​ភព​ជា​ទី​អាស្រ័យ​នៃ​យក្ស ដែល​មាន​អំណាច​គ្រប​សង្កត់​ពួក​យក្ស​ឯ​ទៀត​ៗ ។

 យក្ស​នោះ​លាន់​មាត់​ថា ថ្ងៃ​នេះ​ធុំ​ក្លិន​អ្វី ក៏​ឈ្ងុយ​ឈ្ងប់​ម្ល៉េះ? មាន​អ្នក​ណា​ឆ្អើរ​សាច់​ឯណា​អេះ? បើ​ដូច្នេះ អញ​នឹង​ទៅ​រក​មើល ក្រែង​បាន​មួយ​ចម្អែត ពី​ព្រោះ​សាច់​នេះ​ក្លិន​ឆ្ងាញ់​ណាស់ ហើយ​ដោយ​ស្មាន​ទៅ​ប្រហែល​ជា​ច្រើន​ផង បាន​ជា​ធុំ​ក្លិន​ផ្សាយ​មក​ដល់​ទី​អញ​យ៉ាង​នេះ​អញ​ទៅ​គំរាម​យក​ស៊ី​ទាំង​អស់ កុំ​ឲ្យ​អ្នក​ឆ្អើរ​នេះ​នោះ​វា​បាន​ស៊ី »

 គិត​ដូច្នេះ​ហើយ ក៏​ចាប់​យក​ដំបង​ពេជ្រ គ្រវី​ហោះ​ឡើង​លើ​អាកាស​វេហា ងាក​មើល​ចុះ​ឡើង ឃើញ​ផ្សេង​ហុយ​ៗ ត្រង់​ព្រៃ​ធំ ក៏​ហោះ​ចុះ​សំដៅ​ទៅ​ត្រង់​កន្លែង​ផ្សែង​នោះ ក្រឡេក​មើល​ទៅ​ឃើញ​ក្មេង​តូច​ពីរ​នាក់​កំពុង​ឆ្អើរ​ដំរី, គិត​ថា «ថ្ងៃ​នេះ ពេញ​ជា​មហា​លាភ​ហើយ បាន​ទាំង​ចំណី បាន​ទាំង​ម្ចាស់​, បើ​ដូច្នេះ តើ​អញ​នឹង​ស៊ី​ដំរី​មុន ឬ​ស៊ី​ក្មេង​មុន​អេះ? បើ​ស៊ី​ដំរី​មុន ក្រែង​ក្មេង​នេះ​វា​ភ័យ​នឹង​អញ រត់​ពួន​បាត់​ទៅ ឥឡូវ​នឹង​ស៊ី​ក្មេង គ្មាន​អ្វី​គ្រាន់​ធ្វើ​ជា​បង្អែម សម្រាប់​លាង​មាត់​ខាង​ក្រោយ» ។

 នៅ​ទី​បំផុត​នោះ យក្ស​សម្រេច​ចិត្ត​ថា «ណ្ហើយ! អញ​ស៊ី​ដំរី​មុន​ចុះ ទុក​ក្មេង​ស៊ី​ក្រោយ​ជា​បង្អែម​វិញ ទើប​ជ្រះ​មាត់​ស្រួល, ក្មេង​នេះ វា​មិន​មែន​រត់​ពួន​ទៅ​ឯណា​ឡើយ ទុក​ជា​វា​រត់​ពួន​កន្លែង​ណា​ក៏​មិន​កំបាំង​នឹង​ភ្នែក​អញ​ដែរ, វា​មក​ពី​ស្រុក​ភូមិ​របស់​មនុស្ស​លោក ចូល​មក​ដល់​ព្រៃ​នេះ​ម្ល៉េះ​ហើយ វា​រត់​ទៅ​ណា​នឹង​រួច» ទើប​យក្ស​ចូល​ទៅ​គំរាម​កុមារ​ដែល​កំពុង​ឆ្អើរ​ដំរី​នោះ​ថា « វ៉ី​អា​ក្មេង​ច្រមក់! អាឯង​មក​ពី​ណា? ដើរ​ចេញ​ឲ្យ​ឆាប់» ។ កុមារ​ទាំង​ពីរ​ដើរ​ចេញ​ពី​ទី​នោះ​ទៅ ។

ប៉ុន្តែ កុមារ​បង​មាន​សេចក្ដី​ភិត​ភ័យ​តក្កមា ព្រោះ​ខ្លួន​ស្គាល់​ច្បាស់​ជា​យក្ស​ហើយ បាន​ដឹង​ប្រាកដ​អំពី​សម្នាក់​ចាស់ៗ គេ​និយាយ​ប្រាប់​ថា «យក្ស​ខ្លួន​ធំ មាន​ចង្កូម​ពីរ សម្រាប់​ស៊ី​មនុស្ស​លោក» តែ​មិន​ចេញ​វា​ជា​ប្រាប់​ប្អូន​ឡើយ ។ ចំណែក​ខាង​កុមារ​ប្អូន​គិត​ថា «មនុស្ស​នេះ​មក​ពី​ណា រូប​រាង​ធំ​គម្រាំង ធ្មេញ​ធំ​ៗ ស

ស្ងាច​ប៉ុន​ៗ​ចប​កាប់ ភ្នែក​ឡើង​ក្រឡោត​ៗ ក្រហម​ត្លែត ដូច​ភ្នែក​អាអូត ស្បែក​មុខ​ឡើង​គគ្រីតគគ្រាត ដូច​ស្បែក​គីង្គក់ ដង​ខ្លួន​ដូច​ក្របី​ដេក​ភក់ សំឡេង​ឮ​គ្រក់ៗ ដូច​ជា​ទឹក​ដក់​ក្នុង​រន្ធ​ឈើ ដុះ​ពុក​មាត់ ពុក​ចង្កា​ស្រមេម​ស្រមាម ដូច​បី​សាច​រាជ​ភូត, អា​នេះ​ប្រហែល​ជា​មិន​ខ្លាច​កោត​ញញើត​ចិត្ត​អញ​ទេ បាន​ជា​ហ៊ាន​មក​និយាយ​កំហែង​អញ​ដូច្នេះ មិន​អី​ទេ! អាឯង​ព្រហើន​ហ៊ាន​ស៊ី​ដំរី» ។

 កុមារ​ប្អូន​ថយ​ចេញ​ពី​កន្លែង​នោះ​មិន​ឆ្ងាយ​ប៉ុន្មាន ទៅ​ឈរ​មើល​យក្ស​ស៊ី​ដំរី តែ​ក្នុង​ចិត្ត​នឹក​ក្នាញ់​ពេក​ណាស់ មិន​ទាន់​ចេញ​ស្ដី ថា​ដូច​ម្ដេច​ៗ​ឡើយ គ្រាន់​តែ​នឹក​ក្នុង​ពោះ​ប៉ុណ្ណោះ ។ ពេល​នោះ​យក្ស​សួរ​ថា «នែ​អា​ក្មេង! អា​ឯង​ធ្វើ​ដូច​ម្ដេច បាន​ជា​បាន​ដំរី​នេះ​យក​មក​ឆ្អើរ?» ។

 ពេល​នោះ​កុមារ​តូច​បាន​ឱកាស ក៏​ឆ្លើយ​តប​ទៅ​យក្ស​វិញ​ថា «ពូ​ឯង​សួរ​ចង់​ដឹង​អ្វី? គិត​តែ​បរិភោគ​ទៅ​ចុះ! កុំ​ចាំ​បាច់​ដឹង​ហេតុការណ៍​អ្វី​ឡើយ» ។ «យើ! អា​ច្រមក់! ប្រាប់​ឲ្យ​ឆាប់ៗ អញ​ស៊ី​អាឯង​ឥឡូវ​នេះ​ហើយ» យក្ស​សួរ​គំរាម​កុមារ​តូច ។ «អើ! ដំរី​នេះ វា​ដើរ​មក​ជាប់​ជុច​ខ្ញុំ» កុមារ​ឆ្លើយ​តប​នឹង​យក្ស ។

 «យីអើ! អា​ឯង​ធ្វើ​ជុច​ដូច​ម្ដេច​ក៏​ដាក់​ដំរី​បាន អាឯង​និយាយ​កុហក​ទេ​ឬ? ក្រែង​ដំរី​វា​ស្លាប់​ខ្លួន​វា​ទេ​ដឹង​? ហើយ​អា​ឯង​និយាយ​បញ្ឆោត​អញ​យ៉ាង​នេះ​ទៅ មើល​អាឯង​និយាយ​ឲ្យ​ត្រង់ តែ​កុហក អញ​ស៊ី​ឯង​ទៀត ឥឡូវ​នេះ​មិន​ខាន» ។

 «ខ្ញុំ​មិន​ចេះ​និយាយ​កុហក​ទេ, ពូឯង​មើល​ចុះ ! ជុច​ខ្ញុំ​នៅ​ឯ​ណោះ​ហ្ន» ។ «ប្រាកដ​ជា​អាឯង​ដាក់​ជុច​ដំរី​នេះ​បាន​មែន?» យក្ស​សួរ​សង្កត់​សង្កិន​កុមារ ។ «មែន» កុមារ​ឆ្លើយ​តប​យ៉ាង​យក​ជុច​មក​ហើយ​ប្រាប់​យក្ស​ថា «ពូឯង​ចង​ដឹង ចូល​ទៅ​ក្នុង​ជុច​ខ្ញុំ​លង​មើល!» ។

 ដោយ​ហេតុ​តែ​ការ​មើល​ងាយ​ថា «សត្វ​បើ​ជុច​សរសៃ​រ៉ើងៗ​ប៉ុណ្ណោះ អញ​គ្រាន់​តែ​កម្រើក ក៏​ដាច់​ខ្ទេច​ខ្ទី​ដែរ» ថា​ហើយ​ក៏​ត្បុរ​ក្បាល​ចូល​ទៅ​ក្នុង​ជុច ផុត​ដៃ​ផុត​ជើង​ទាំង​អស់ ស្រាប់​តែ​ជុច​រឹត​រួត​តឹង​ខ្លួន​ដូច​គេ​ចាក់​ស្រែះ បម្រះ​ននៀល​បាក់​ឈើ​ព្រៃ​ល្អិត​ល្អោច ស្រែក​ទ្រហោ​រំពង​ព្រៃ រឹទ្ធិ​យក្ស​ដែល​ធ្លាប់​ពូកែ​យ៉ាង​ណា ក៏​ប្រមូល​យក​មក​អស់ ថែម​ទាំង​នឹក​សូធ្យ​មន្ត​របៀន​សិល្បសាស្ត្រ 

ដែល​ធ្លាប់​ចេះ​ធ្លាប់​រៀន​មក​ប៉ុន្មាន ក៏​នៅ​តែ​រើ​មិន​រួច​ពី​ជុច​នោះ រឹត​តែ​តឹង​ឡើង​ៗ ស្ទើរ​នឹង​ដាច់​ខ្យល់​រក​តែ​ស្ដី​និយាយ​ស្ទើរ​តែ​មិន​រួច ។ យក្ស​ទើប​ដឹង​ថា «ជុច​ក្មេង​នេះ ពូកែ​មែន បើ​អញ​មិន​និយាយ​អង្វរ​ឲ្យ​វា​ស្រាយ​ជុច​នេះ​ចេញ​ទេ​នឹង​ស្លាប់​អសារ​ឥត​ការ​មិន​ខាន» ទើប​និយាយ​អង្វរ​កុមារ​ថា «ឱ​លោក​អើយ​!

 កាល​ពី​ដើម ខ្ញុំ​មើល​ងាយ​ជុច​លោក​ដោយ គិត​ឃើញ​ថា មើល​ទៅ​មិន​ល្មម​នឹង​កម្លាំង​ខ្ញុំ​សោះ ហេតុ​តែ​សេចក្ដី​មើល​ងាយ​នេះ​ហើយ បាន​ជា​ខ្ញុំ​ស្ទើរ​តែ​ស្លាប់​ខ្លួន​យ៉ាង​នេះ ហេតុ​នេះ សូម​លោក​អាណិត​ខ្ញុំ​ម្ដង​ទៅ​ចុះ​ខុស​ម្ដង​ឆ្គង​មួយ​ថ្ងៃ សូម​លោក​អធ្យាស្រ័យ​ឲ្យ​តែ​រស់​ជីវិត កុំ​ឲ្យ​តែ​ខ្ញុំ​ស្លាប់» ។

ឯ​កុមារ បាន​ឃើញ​យក្ស​បម្រះ​ននៀល​មិន​រួច​អំពី​ជុច​របស់​ខ្លួន​ហើយ ថែម​ទាំង​ឮ​និយាយ​អង្វរ​ទៀត កាំបិត​នៅ​ដៃ និយាយ​ត​ទៅ​នឹង​យក្ស​វិញ​ថា «ម៉េច​អា​ឯង​ជឿ​អញ​ទេ? ឥឡូវ មក​ធ្វើ​ជា​និយាយ​អង្វរ, ឯ​សាច់​ដំរី​អញ ឯង​ស៊ី​អស់ ហើយ​គិត​នឹង​ស៊ី​អញ​ទៀត អាឯង​ថ្លើម​ធំ​ណាស់ អញ​មិន​យក​អង្វរ​អាឯង​ទេ, ល្ងាច​នេះ អញ​គ្មាន​អ្វី​ស៊ី​សោះ ម្ដង​នេះ​អញ​ស៊ី​ថ្លើម​អាឯង​ហើយ ចុះ​មក​បង! ទៅ​រក​កាប់​ឫស្សី​មក​ធ្វើ​ត្រណោត​ ដោត​ថ្លើម​អា​ខូច​នេះ​អាំង​ស៊ី» ។ 

បង​ក៏​ចុះ​ពី​ធ្នះ​មក​ទាំង​ភ័យ​ញញី​ញញ័រ​ដល់​មក​ជិត​ប្អូន​ឃើញ​យក្ស​គួរ​សម្បើម ក៏​រឹង​រឹត​តែ​ញាប់​ញ័រ ។ ប្អូន​និយាយ​ថា «ឈប់​បង! កុំ​ញ័រ​ចង់​ស៊ី​សាច់​វា​ពេក ឈប់​សិន! ចាំ​ឆ្អិន​សិន, ហ៎ះ! ញ័រ​ចង់​អ្វី​ទៀត​ហើយ! កុំ​ញ័រ​អ្វី​ពេក ហើយ​ស៊ី​ឆៅ​មិន​ឆ្ងាញ់​ទេ ហើម​ពោះ​ពុង​ណា៎​បង!» ។

 យក្ស​ឮ​សម្ដី​កុមារ​និយាយ​នឹង​បង​ដូច្នោះ​ហើយ រឹង​រឹត​តែ​ភិត​ភ័យ​ស្លុត​ព្រលឹង ហើយ​និយាយ​អង្វរ​កុមារ​ទៀត​ថា «ឱ​លោក​ម្ចាស់​ថ្លៃ​អើយ! សូម​លោក​អាណិត​ខ្ញុំ យក​តែ​បុណ្យ​ម្ដង​ទៅ​ចុះ, ខ្ញុំ​នឹង​ជូន​កន្លែង​បក់​កន្សែង​បោយ​មួយ ឲ្យ​តែ​លោក​លែង​ខ្ញុំ​ឲ្យ​បាន​រស់​មាន​ជីវិត, ត្បិត​ខ្ញុំ​ជា​ស្ដេច​យក្ស គ្រប់​គ្រង​អាណា​

ប្រជានុរាស្ត្រ បើ​លោក​ឲ្យ​ខ្ញុំ​ស្លាប់​ទៅ​សម​ជា​ស្រុក​ទេស​របស់​ខ្ញុំ​អន្តរ​ធាន​មិន​ខាន ទាំង​កូន​ប្រពន្ធ​ខ្ញុំ ក៏​ពុំ​មាន​ទីពឹង» ។

 កុមារ​ប្អូន​សួរ​បញ្ជាក់​យក្ស​ថា «ចុះ​ឯង​ឲ្យ​កន្សែង​បក់​កន្លែង​បោយ​ដល់​យើង កន្លែង​នោះ បើ​បក់​បោយ​ទៅ អាច​ឲ្យ​សម្រេច​ប្រយោជន៍​ដូច​ម្ដេច​ខ្លះ?» ។ «តាម​តែ​លោក​ចង់​បាន​អ្វី បក់​មក បាន​តាម​ប្រាថ្នា បើ​ចង់​ឲ្យ​បាត់​ទៅ​វិញ គ្រាន់​តែ​បោយ​ថា ទៅ​វិញ​ចុះ ក៏​ស្រាប់​តែ​បាត់​អស់​រលីង» ។ «ប្រាកដ​ជា​ឯង​ឲ្យ​យើង​មែន​ឬ?» ។ «មែន» ។ «ក្រែង​កុហក​អញ​ទេ​ដឹង?» ។

 «មិន​កុហក​ទេ​លោក» ។ «បើ​កុហក តើ​ឲ្យ​យើង​ធ្វើ​ដូច​ម្ដេច? យើង​មិន​ទុក​ចិត្ត​ទេ ពី​ព្រោះ​ឯង​ជា​ស្ដេច​សោយ​រាជ្យ ក្រែង​រួច​ពី​កណ្ដាប់​ដៃ​យើង​ទៅ បបួល​រេហ៍ពល​មក​ច្បាំង​នឹង​យើង​វិញ? បង! យក​កាំ​បិត​មក​ពន្លះ​សាច់​វា អាំង​ស៊ី​សម្រន់​សេចក្ដី​ឃ្លាន​១​ស្របក់ សិន» ។

 បង​នោះ​នៅ​តែ​មិន​ទាន់​បាត់​ភ័យ​នឹង​យក្ស ។ យក្ស​ឮ​កុមារ​តូច​ឲ្យ​បង​យក​កាំ​បិត មក​ពន្លះ​សាច់​ខ្លួន​ដូច្នោះ ក៏​ញាប់​ញ័រ​ស្ទើរ​បាត់​ស្មារតី ហើយ​និយាយ​អង្វរ​កុមារ​នោះ​ទៀត​ថា «សូម​លោក​ទុក​តែ​ជីវិត​ឲ្យ​ចុះ ខ្ញុំ​នឹង​ប្រគល់​រាជ្យ​ទាំង​អស់​ព្រម​ទាំង​ស្រុក​សួយ​ទាំង​អម្បាល​ម៉ាន ជូន​លោក​ទៀត ខ្ញុំ​សូម​រួច​តែ​ខ្លួន​នឹង​ភរិយា​បុត្រី​បុត្រា ហើយ​នៅ​ធ្វើ​ជា​សេនា​រក្សា​លោក​ទៀត » ។

 កុមារ​ប្អូន​ក៏​សួរ​បញ្ជាក់​យក្ស​ថា «បើ​ឯង​និយាយ​ទៀត​ត្រង់​មែន ណ្ហើយ! យើង​អត់​ទោស​ឲ្យ​បាន, តែ​យើង​មិន​ដឹង​ជា​ឯង​ស្ដេច​សោយ​រាជ្យ​នៅ​នគរ​ណា ចុះ​ធ្វើ​ម្ដេច​ឲ្យ​យើង​ទៅ​តាម​យក​នគរ​ឯង​បាន? » ។ «ឱ​លោក មិន​សល់​ក្រ​អ្វី​នឹង​អញ្ជើញ​ទៅ​ឯ​នគរ​ខ្ញុំ​នោះ​ទេ ឲ្យ​តែ​លោក​លែង​ខ្ញុំ​ចុះ ខ្ញុំ​នឹង​ធ្វើ​តម្រុយ​ជា​លំអាន​រហូត​ដល់​ទៅ​នគរ​ខ្ញុំ​ឯណោះ » ។ 

«ឯង​ធ្វើ​តម្រុយ​បែប​ណា?» ។ ខ្ញុំ​កាច់​មែក​ឈើ​ស្រស់​បោះ ហែៗ តាម​ផ្លូវ​ទៅ​កាល​បើ​លោក​អញ្ជើញ​ទៅ សូម​ទៅ​តាម​មែក​ឈើ​ដែល​ខ្ញុំ​កាច់​បោះ​នេះ​ចុះ »។ កុមារ​ទាំង​ពីរ​ក៏​ព្រម​ដោះ​យក​ចេញ​ពី​ជុច ។ 

ឯ​យក្ស​បាន​រួច​ខ្លួន​ពី​ជុច​ហើយ ក៏​ក្រាប​ថ្វាយ​បង្គំ​កុមារ​ទាំង​ពីរ ដើរ​ទៅ​នគរ​ខ្លួន​វិញ ហើយ​កាច់មែក​ឈើ​ជា​តម្រុយ ដើម្បី​ជា​ទី​សម្គាល់​ដល់​កុមារ​ទាំង​ពីរ​ប្រាណ ឥត​មាន​កុហក​ភូត​ភរ​អ្វី​ឡើយ លុះ​ដល់​ទៅ​នគរ​ហើយ​ចូល​ទៅ​និយាយ​ប្រាប់​ពួក​ពល​សេនា​យោធា​ទាហាន ដែល​នៅ​ចាំ​ក្លោង​ទ្វារ​ទាំង ៧ ជាន់​ថា «នែ​វ៉ឺយ! ថ្ងៃ​ស្អែក​នេះ​មាន​ក្មេង​តូច​ៗ ពីរ​នាក់ ជា​ក្មេង​មនុស្ស​លោក មក​ដណ្ដើម​រាជ្យ​អញ បើ​ឯង​ឃើញ​វា​មក​

ហើយ ត្រូវ​ឃាត់​កុំ​ឲ្យ​វា​ចូល តែ​កុំ​ធ្វើ​ទុក​បុក​ម្នេញ​វា​ឡើយ គ្រាន់​តែ​ស្រែក​ឃាត់​ប៉ុណ្ណោះ​បាន​ហើយ ពី​ព្រោះ​ក្មេង​នោះ​ពូកែ​ណាស់ អម្បាល​អញ​ដែល​មាន​រឹទ្ធិ មាន​អំណាច​ច្បាំង​ដណ្ដើម​យក​នគរ​ឯ​ទៀត​ៗ បាន​មក​ធ្វើ​ជា​ប្រទេស​រាជ​ទាំង​ប៉ុន្មាន ក៏​វា​ដាក់​ជុច​អញ​ជាប់​ស្ទើរ​តែ​នឹង​ស្លាប់​អសារ​ឥត​ការ, តែ​ពួក​ឯង​រាល់​គ្នា​

ឃាត់​វា​ល្បង​មើល​សិន​ចុះ​បើ​វា​មិន​ខ្លាច​ទេ បើក​ផ្លូវ​ឲ្យ​វា​ចូល​មក​ចុះ» ។ យក្ស​បាន​ប្រាប់​គ្រប់​សេនា​អ្នក​ចាំ​ក្លោង​ទ្វារ​ទាំង​៧ ជាន់​សព្វ​គ្រប់​ហើយ ក៏​ចូល​ទៅ​ក្នុង​ប្រាសាទ សម្ងំ​ដេក​លក់ ស្រមុក​ក​ក្រើក​ប្រឹថពី ។ ឯ​កុមារ​បង​ប្អូន​ទាំង​ពីរ​នាក់ ក៏​បណ្ដើរ​គ្នា​ទៅ​នគរ​យក្ស​តាម​តម្រុយ​មែក​ឈើ លុះ​បាន​ទៅ​ដល់​ហើយ​ក៏​ជួប​

ប្រទះ​នឹង​ពួក​កង​ទ័ព​មួយ​កង ដែល​នៅ​ចាំ​ក្លោង​ទ្វារ​ទី ៧ នោះ​កុមារ​បង កាល​បាន​ឃើញ​យក្ស​ច្រើន​ដល់​ម្ល៉ោះ ក៏​ភ័យ​ញាប់​ញ័រ​ស្ទើរ​នឹង​បាត់​ស្មារតី, ប្អូន​និយាយ​កម្លា​បង​ឡើង​ថា «នែ​បង កុំ​ញ័រ​ចង់​ពេក! ឈប់! កុំ​អាល​ចង់​ចាប់​កាប់​ធ្វើ​បាប​វា ឈប់​ៗ កុំ​ៗ យើ​បង! ស្ទើរ​តែ​ឃាត់​មិន​ឈ្នះ​ណ្ហើយ កុំ​ញ័រ​ចង់​ពេក វា​ខ្លាច​បង​ឯង​ហើយ» ។

 ពួក​ទាហាន យក្ស​បាន​ឮ​កុមារ​និយាយ​ដូច្នោះ ក៏​ខ្លាច​រួញ​ខ្លួន ឥត​ហ៊ាន​មាត់​ក​អ្វី​សោះ បើក​ផ្លូវ​ឲ្យ​កុមារ​ទៅ​ដោយ​ស្រួយ​រហូត​ដល់​ទៅ​ទ្វារ​ក្នុង​គម្រប់​៧​ជាន់ យក្ស​ខ្លាច​ទាំង​អស់ ។ ទើប​នាំ​បង​ប្អូន​ឡើង​ទៅ​លើ​ប្រាសាទ​យក្ស​ ឃើញ​យក្ស​កំពុង​ដេក​ស្រមុក​ខ្ទ័រ​ប្រាសាទ ឃើញ​ពួក​ស្រី​ស្នំ​កំពុង​តែ​អង្គុយ​បក់​ខាង​ស្ដាំ​មួយ​រយ ខាង​ឆ្វេង​មួយ​រយ ។ ឯ​បង​ឃើញ​យក្ស​ច្រើន​សម្បើម​ណាស់​ពេក ក៏​ភ័យ​ស្លុត​ស្មារតី ប្អូន​ស្រែក​ហៅ​យក្ស​ថា «នែ​! អា​នេះ​ក្រោក​ឡើង ! អញ​មក​ដល់​ហើយ​ដេក​ដល់​ណា​ទៀត» ។ យក្ស​ឮ​សំឡេង​កុមារ​តូច​ស្រែក​ហៅ​ខ្លួន ដែល​កំពុង​ដេក​លក់​ដូច្នោះ ក៏​ភ្ញាក់​ដឹង​ខ្លួន​ឡើង ក្រឡេក​មើល​ទៅ ស្គាល់​ជាក់​ជា​កុមារ​ម្ចាស់​ជុច ក៏​ភិត​ភ័យ​មហិមា ស្ទុះ​មក​ម្នីម្នា​ក្រាប​ថ្វាយ​បង្គំ​កុមារ​តូច​ទាំង​ពីរ ហើយ​ប្រាប់​ពួក​ស្រី​ស្នំ​ដែល​កំពុង​អង្គុយ​គាល់ ប្រើ​អមាត្យ​ឲ្យ​ហៅ​ពួក​សេនាបតី នាហ្មឺន​មុខ​មន្ត្រី ព្រាហ្មណ៍​ព្រឹទ្ធ បុរោហិត បណ្ឌិត​កវី ឲ្យ​ចូល​មក​ក្នុង​បុរី​យ៉ាង​ឆាប់​វៃ​ៗ ។ លុះ​ពួក​រាជ​សេវកាមាត្យ​មក​ជួប​ជុំ​គ្នា​សព្វ​គ្រប់​ហើយ យក្ស​ស្រែក​ប្រកាស​ថា «អ្នក​រាល់​គ្នា​ចូរ​ក្រាប​ថ្វាយ​បង្គំ​ស្ដេច​មនុស្ស​ទាំង​ពីរ​នាក់​នេះ ហើយ​ត្រូវ​គោរព​កោត​ខ្លាច​យក​ចិត្ត​ទុក​ដាក់​ឲ្យ​ដូច​ជា​ខ្លួន​អញ ត្បិត​អញ​ប្រគល់​រាជ្យ ឲ្យ​ស្ដេច​មនុស្ស​លោក​នេះ​សោយ​ហើយ ។ អញ​សូម​រួច​តែ​ខ្លួន​ប៉ុណ្ណោះ​ទេ, ឯ​អ្នក​ទាំង​អស់​ត្រូវ​នៅ​ជ្រក​ក្រោម​ម្លប់​បុណ្យ​ស្ដេច​មនុស្ស​លោក​នេះ​ចុះ» ។ ពួក​រាជ​សេវកាមាត្យ​ទាំង​អស់ ក្រាប​ថ្វាយ​បង្គំ​កុមារ​ទាំង​ពីរ​គ្រប់​គ្នា ឥត​មាន​នរណា​មួយ​ហ៊ាន​និយាយ​ថា​ដូច​ម្ដេច​ឡើយ ។


យក្ស​ក៏​បាន​រៀប​ពិធី​អភិសេក​ជា​ឯក​មង្គល ប្រជុំ​ពួក​ពល​យោធា​ជា​អនេក​ប្រការ ហើយ​ប្រគល់​ធីតា​របស់​ខ្លួន​ឲ្យ​ជា​មហេសី ។ ប៉ុន្តែ​កុមារ​ប្អូន​មិន​សោយ​រាជ្យ​ខ្លួន​ឯង​ទេ ឲ្យ​បង​សោយ​រាជ្យ​វិញ ព្រោះ​យល់​ឃើញ​ថា បង​បាន​ចិញ្ចឹម​បី​បាច់​ថែ​រក្សា​ខ្លួន ។ កុមារ​ទាំង​ពីរ សឹង​នៅ​ជា​សុខ​សប្បាយ​ក្នុង​នគរ​យក្ស​នោះ រហូត​អវ​សាន​កាល​ទៅ​ហោង ៕



រឿង ចៅកាំបិតបន្ទោះ

kkkចំនួនអ្នកទស្សនា: Views

 រឿង ចៅកាំបិតបន្ទោះ

កាល​ដើម​ឡើយ មាន​បុរស​ពីរ​នាក់ ជា​បង​ប្អូន​នឹង​គ្នា ម្ដាយ​ឪពុក​ស្លាប់​អស់​ទៅ​នៅ​តែ​ពីរ​នាក់​បង​ប្អូន ក៏​បបួល​គ្នា​ទៅ​នៅ​វត្ត រៀន​អក្សរ ធម៌​អាថ៌ សាស្ត្រា​បាលី​នឹង​លោក​សង្ឃរាជ លោក​ក៏​មេត្តា​ករុណា​ប្រៀន​ប្រដៅ​ឲ្យ​រៀន​សូត្រ ។ ក្មេង​ទាំង​ពីរ​នាក់​ព្យាយាម​ណាស់​ រក​ក្មេង​ណា​ស្មើ​គ្មាន ដល់​រៀន​ចេះ​ចប់ លោក​គ្រូ​បំបួស​នេន ។ នេន​ទាំង​ពីរ​ពុំ​ខ្ជិល​សោះ ខំ​រៀន​សូត្រ​និង​បម្រើ​គ្រូ​ពុំ​ឲ្យ​គ្រូ​អាក់​អន់​ព្រះទ័យ​ឡើយ ។ នេន​ទាំង​ពីរ​បួស​បាន ៥ វស្សា នឹក​ចង់​សឹក ក៏​ចូល​ទៅ​វន្ទា​លា​គ្រូ​សឹក ។ គ្រូ​ក៏​ព្រម​ឲ្យ​សឹក​ៗ​រួច​លោក​គ្រូ​ផ្ដាំ​បុរស​បង ឲ្យ​ទៅ​នៅ​រក​ស៊ី​ស្រុក​ចិន នឹង​បាន​ជា​ចៅ​សួ​ធំ​ក្នុង​ស្រុក​ចិន ។ ឯ​បុរស​ប្អូន គ្រូ​ពុំ​បាន​ផ្ដាំ​អ្វី​ឡើយ​ត្បិត​គ្រូ​មើល​ឲ្យ​ឃើញ​ថា បុរស​ប្អូន​នឹង​បាន​សោយ​រាជ្យ​ជា​សម្ដេច​នគរ​ពីរ ទើប​លោក​គ្រូ​ផ្ដាំ​ថា «ចៅ​ឯង​ទៅ​រក​ស៊ី​បើ​នឿយ​ណាស់​កុំ​ដេក យក​ប្រពន្ធ​ត្រូវ​មើល​ម្ដាយ​ក្មេក ចូល​ដំណេក​កុំ​និយាយ​នឹង​ប្រពន្ធ បើ​ឯង​រក្សា​ពាក្យ​ទាំង ៣​ម៉ាត់​នេះ​បាន ស្មើ​បាន​នគរ​ពីរ អញ​គ្មាន​អ្វី​ឲ្យ​ឯង​ទេ» ។ បុរស​ទាំង​ពីរ​នាក់​បង​ប្អូន ក៏​លា​គ្រូ​ដើរ​ទៅ ។


បុរស​បង​ទៅ​រក​ស៊ី​ឯ​ស្រុក​ចិន​តាម​ពាក្យ​គ្រូ​ផ្ដាំ ក៏​បាន​ជា​ចៅ​សួ​ធំ​មែន ។ បុរស​ប្អូន​មិន​ដឹង​រក​ស៊ី​អ្វី ទៅ​នៅ​នឹង​បង​ប្អូន​ញាតិ​សន្តាន គេ​ក៏​អាណិត​ដណ្ដឹង​ប្រពន្ធ​រៀប​ការ​ធ្វើ​ផ្ទះ​ឲ្យ​នៅ ។ បុរស​នោះ​ភ្លេច​ពាក្យ​គ្រូ​ផ្ដាំ ក៏​នៅ​រក​ស៊ី​នឹង​ប្រពន្ធ ជួន​មាន​ស៊ី​ជួន​អត់ បាន​ព្រឹក​អត់​ល្ងាច បាន​ល្ងាច​អត់​ព្រឹក សំពត់​ស្លៀក​ក៏​គ្មាន មាន​តែ​ខោ​កញ្ចាស់​ពាក់​កណ្ដាល​ភ្លៅ​មួយ ដាច់​លេច​មុខ​លេច​ក្រោយ ។ បុរស​នោះ​តែង​ដើរ​ទៅ​កំពង់​ទឹក ក្រែង​មាន​គេ​មក​ពី​ស្រុក​ចិន នឹង​បាន​សួរ​ដំណឹង​ពី​បង​ខ្លួន ។


ថ្ងៃ​១​មាន​សំពៅ​មួយ​មក​ពី​ស្រុក​ចិន បុរស​នោះ​ក៏​ចុះ​ទៅ​សួរ​គេ​ថា «អ្នក​នាយ​សំពៅ​អើយ​! អ្នក​ដែល​បាន​ប្រទះ​ខ្មែរ​ម្នាក់​ដែរ​ឬ​ទេ ? គាត់​ទៅ​នៅ​រក​ស៊ី​ស្រុក​ចិន ៥​ឆ្នាំ​ហើយ» ។ នាយ​សំពៅ​ប្រាប់​ថា «ឃើញ​ខ្មែរ​ម្នាក់​ដែរ ឥឡូវ​គេ​បាន​ជា​ចៅ​សួ​មាន​ងារ​ធំ​ក្នុង​ស្រុក​ចិន គ្មាន​អ្នក​ណា​មាន​ស្មើ​ទេ?» ។ បុរស​សួរ​ទៅ​នាយ​សំពៅ​ទៀត​ថា «អ្នក​នាយ​សំពៅ​អញ្ជើញ​ទៅ​វិញ​ថ្ងៃ​ណា?» នាយ​សំពៅ​ថា «៣​ថ្ងៃ​ទៀត​ខ្ញុំ​វិល​ទៅ​វិញ​ហើយ» ។ បុរស​និយាយ​នឹង​នាយ​សំពៅ​ថា «អ្នក​នាយ​សំពៅ បើ​អ្នក​អញ្ជើញ​ទៅ​វិញ សូម​អ្នក​អាណិត​ឲ្យ​ខ្ញុំ​សូម​ដោយ​សារ​ទៅ​ផង»​។ នាយ​សំពៅ​ព្រម​ឲ្យ​ទៅ​។ បុរស​នោះ ក៏​លា​នាយ​សំពៅ​មក​ផ្ទះ​វិញ ។ ទៅ​ដល់​ផ្ទះ បុរស​និយាយ​នឹង​ប្រពន្ធ​ថា «នាង​អើយ​! យើង​សព្វ​ថ្ងៃ​នេះ ក្រលំបាក​ណាស់ ឥឡូវ​នេះ​ឮ​ដំណឹង​ថា​បង​អ្នក ដែល​ទៅ​នៅ​ស្រុក​ចិន​គេ​មាន គេ​បាន​ជា​ចៅ​សួ​ធំ​ក្នុង​ស្រុក​ចិន​ឥឡូវ​បង​ចង់​ទៅ​សួរ ក្រែង​បង​គេ​ឃើញ​ឯង​ក្រ គេ​អាណិត​ឲ្យ​ប្រាក់​កាស​ចាយ សំពត់​អាវ​ស្លៀក​ពាក់​ខ្លះ» ។ ប្រពន្ធ​ឮ​ប្ដី​ថា​ដូច្នោះ សួរ​ថា «ចុះ​អ្នក​ទៅ​ជា​មួយ​អ្នក​ណា?» ។ បុរស​ជា​ប្ដី​ប្រាប់​ថា បង​សុំ​ដោយ​សារ​សំពៅ​គេ គេ​ព្រម​ឲ្យ​ទៅ​៣​ថ្ងៃ​ទៀត គេ​ចេញ​សំពៅ​ហើយ» ។ ប្រពន្ធ​ថា «បើ​អ្នក​ទៅ​ក៏​ទៅ​ចុះ» ។ លុះ​ដល់​៣​ថ្ងៃ បុរស​ក៏​ចុះ​ទៅ ។ នាយ​សំពៅ​ឃើញ​បុរស​នោះ​ទៅ ក៏​គេ​ហៅ​ចុះ​សំពៅ​ចេញ​ទៅ ។ កាល​បើ​សំពៅ​រៀង​ទៅ បុរស​នោះ​មើល​ថែ​ទាំ ជួយ​រក្សា​របស់​ទ្រព្យ​នាយ​សំពៅ​ដូច​របស់​ខ្លួន ។ នាយ​សំពៅ​ឃើញ​បុរស​នោះ​មាន​គំនិត​មារយាទ​ល្អ ក៏​ស្រឡាញ់​រាប់​អាន​អាណិត ឲ្យ​បាយ​ទឹក​ស៊ី​តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។ ឯ​ប្រពន្ធ​បុរស​នោះ កាល​ក្រោយ​បុរស​ជា​ប្ដី​ទៅ​ស្រុក​ចិន ក៏​លួច​មាន​សហាយ​យក​មក​ដេក​យប់ ថ្ងៃ​ឲ្យ​ទៅ​វិញ ។ និយាយ​ពី​បុរស​ដែល​ទៅ​ជា​មួយ​នឹង​នាយ​សំពៅ លុះ​ដល់​ស្រុក​ចិន ក៏​សួរ​នាយ​សំពៅ​ថា «វិល​ទៅ​ស្រុក​ខ្មែរ​វិញ​ថ្ងៃ​ណា ប្រាប់​ខ្ញុំ​ផង» ។ នាយ​សំពៅ​ប្រាប់​ថា «៣​ថ្ងៃ​ទៀត​នឹង​ចេញ​ទៅ»​។ បុរស​ឮ​ដូច្នោះ​ក៏​ទៅ​សួរ​រក​បង ទៅ​ដល់​មាត់​ទ្វារ​ផ្ទះ​បង ឃើញ​មនុស្ស​ចាំ​ទ្វារ​សួរ​គេ​ថា «នេះ​ហើយ​ឬ ផ្ទះ​លោក​ចៅ​សួ​ខ្មែរ ?» ។ អ្នក​ចាំ​ទ្វារ​ប្រាប់​ថា «នេះ​ហើយ​ផ្ទះ​លោក​ចៅ​សួ» ។ អ្នក​ចាំ​ទ្វារ​សួរ​បុរស​វិញ​ថា «អ្នក​ឯង​មក​ពី​ណា​មក​សួរ​រក​ផ្ទះ​ចៅ​សួ?» ។ 

2

បុរស​ប្រាប់​ថា «ខ្ញុំ​មក​ពី​ស្រុក​ខ្មែរ​លោក​ចៅ​សួ​នេះ ជា​បង​ខ្ញុំ​បង្កើត» ។ មនុស្ស​ចាំ​ទ្វារ​មើល​ទៅ​បុរស​នោះ រូប​អាក្រក់ ស្លៀក​ខោ​ពាក់​កណ្ដាល​ភ្លៅ សំពត់​គ្មាន​ដណ្ដប់​ លេច​មុខ​ចេញ​ក្រោយ មិន​សម​ប្អូន​លោក​ចៅ​សួ​ខ្លួន​សោះ។ អ្នក​ចាំ​ទ្វារ​មិន​ស្ងៀម ទៅ​ប្រាប់​លោក​ចៅ​សួ​ៗ​មិន​នៅ ទៅ​គាល់​ស្ដេច ក៏​ជម្រាប​ប្រពន្ធ​ថា «អ្នក​ចៅហ្វាយ​ស្រី! មាន​មនុស្ស​ម្នាក់​មក​ពី​ស្រុក​ខ្មែរ រូប​អាក្រក់​ស្លៀក​ខោ​ពាក់​កណ្ដាល​ភ្លៅ គន់​ទៅ​ខោ​ដាច់​ដាច​លេច​មុខ​លេច​ក្រោយ ហើយ​ប្រាប់​ខ្ញុំ​ថា «ត្រូវ​ជា​បង​ប្អូន​លោក​ចៅហ្វាយ​ប្រុស​បង្កើត​ឥឡូវ​ខ្ញុំ​បាន​ឲ្យ​ចាំ​នៅ​មាត់​ទ្វារ» ។ នាង​ជា​ប្រពន្ធ​ចៅ​សួ​នោះ នឹក​ខឹង​ថា «អា​មនុស្ស​កម្សត់​ទុគ៌ត​នេះ​មក​ពី​ណា ក៏​ហ៊ាន​មក​បង្កាច់​កេរ្តិ៍​ថា ប្ដី​អញ​ជា​បង​វា​បង្កើត» ក៏​ប្រើ​មនុស្ស​ឲ្យ​ទៅ​ចាប់​បុរស​នោះ ដាក់​ច្រវាក់​ទុក​នៅ​រោង​សេះ​ថា «ចាំ​ប្ដី​មក​នឹង​ឲ្យ​យក​ទៅ​សម្លាប់» ។ បុរស​នោះ លុះ​គេ​យក​ទៅ​ដាក់​ច្រវាក់​ក៏​នឹក​ថា «ឱ​អញ​អើយ! សង្វាត​មក​ពី​ស្រុក​ខ្មែរ ដល់​ស្រុក​ចិន​ព្រោះ​តែ​បង ឥឡូវ​គេ​មាន គេ​ពុំ​គិត​អាណិត​ឈាម ដែល​កើត​មក​ពោះ​ជា​មួយ​គ្នា​សោះ គេ​ឆ្មើង​មាន គេ​ហ៊ាន​ចាប់​ឯង​មក​ដាក់​ច្រវាក់​នឹង​សម្លាប់​ផង «ឱ​អញ​អើយ​!បើ​ទៅ​ស្រុក​ខ្មែរ​វិញ រក​ស៊ី​តាម​ខ្លួន​ក្រ​គ្មាន​នរណា​ហ៊ាន​ធ្វើ​បាន​ទេ» ។ បុរស​នោះ​ពុំ​ដឹង​ជា​បង​ទៅ​គាល់​ស្ដេច​ ។ លុះ​ចៅ​សួ​ជា​បង​វិល​មក​ដល់​ផ្ទះ ប្រពន្ធ​ប្រាប់​ថា «មាន​បុរស​កម្សត់​ម្នាក់​មក​ពី​ស្រុក​ខ្មែរ​និយាយ​ថា លោក​ជា​បង​បង្កើត តែ​ខ្លួន​នោះ​អាក្រក់ ស្លៀក​ខោ​ពាក់​កណ្ដាល​ភ្លៅ​ដាច់​ដាច​លេច​មុខ​លេច​ក្រោយ ឥឡូវ​ខ្ញុំ​ឲ្យ​ដាក់​ច្រវាក់​ទុក​នៅ​រោង​សេះ ចាំ​លោក​អញ្ជើញ​មក ឲ្យ​នាំ​ទៅ​សម្លាប់» ។ ចៅ​សួ​ជា​បង​ឮ​ហើយ​ថា «ទៅ​យក​វា​មក​មើល ក្រែង​ប្អូន​បង្កើត​មែន» ហើយ​ចៅ​សួ​ឲ្យ​ដោះ​ច្រវាក់​បុរស​នោះ ។ លុះ​បុរស​នោះ​មក​ដល់​ស្គាល់​ជា​ប្អូន​បង្កើត​មែន ក៏​រៀប​បាយ​ឲ្យ​ស៊ី មើល​ទៅ​ប្អូន​ឃើញ​ស្លៀក​ខោ​ពាក់​កណ្ដាល​ភ្លៅ​ចៅ​សួ​ក៏​ឲ្យ​ខោ​មួយ​ស្លៀក ហើយ​សួរ​ប្អូន​ថា «ប្អូន​នៅ​ឯ​នាយ មិន​ដឹង​រក​ស៊ី​អ្វី​ទេ ក្រ​ណាស់​ ហើយ​មាន​ប្រពន្ធ​ផង​បាន​អី​ស៊ី» ។ បង​ឮ​ប្អូន​និយាយ​ក៏​នឹក​អាណិត​ប្អូន មិន​ចេញ​ស្ដី ហើយ​សួរ​ថា «ប្អូន​មក​ជា​មួយ​អ្នក​ណា?» ។ បុរស​ប្អូន​ជម្រាប​ថា «ខ្ញុំ​មិន​នឹង​នាយ​សំពៅ គេ​ឲ្យ​ដោយ​សារ​មក​» ។ ចៅ​សួ​បង​ថា «ចុះ​គេ​ទៅ​វិញ​ថ្ងៃ​ណា» ។ បុរស​ប្អូន​ប្រាប់​បង​ថា «៣​ថ្ងៃ​ទៀត គេ​ចេញ​សំពៅ​ទៅ​វិញ» ។ ចៅ​សួ​បង​ដឹង​ដូច្នោះ ក៏​ស្ងៀម​ទៅ​ឲ្យ​លើក​បាយ​មក ហៅ​បុរស​ជា​ប្អូន​ស៊ី​ជា​មួយ​គ្នា លុះ​ស៊ី​រួច​ប្រាប់​ប្អូន​ថា «ប្អូន​នៅ​ដេក​ផ្ទះ​នេះ​ចុះ បង​ទៅ​លេង​ផ្ទះ​ចិន​សែ» ។ ចៅ​សួ​ទៅ​ផ្ទះ​ចិន​សែ ចិន​សែ​ឃើញ​ក៏​រៀប​កៅអី ថ្នាំ​ចិន​ខ្សៀ​ទឹក​តែ​ទទួល ហើយ​ចៅ​សួ​និយាយ​នឹង​ចិន​សែ​ថា «អ្នក​ចិន​សែ​ខ្ញុំ​មក​រក​មើល​ឲ្យ​ប្អូន​ខ្ញុំ​បន្តិច វា​ចេះ​តែ​ក្រី​ក្រ​អីចឹង​ទៅ ឬ​វា​នឹង​គ្រាន់​បើ​នឹង​ឡើង​ដែរ?» ។ ចិន​សែ​ទាញ​សៀវភៅ​រក​មើល​សព្វ​ៗ ទៅ​ទាយ​ថា «ប្អូន​លោក​មិន​ជា​អ្នក​ក្រ​រហូត​ទេ ៧​ឆ្នាំ​ទៀត នឹង​បាន​សោយ​រាជ្យ​ជា​ស្ដេច​នគរ​ពីរ លោក​នឹង​បាន​ជា​ធំ​ក្នុង​រាជការ​ដោយ​សារ​ប្អូន ប៉ុន្តែ​ឥឡូវ​នេះ​លំបាក​ណាស់ ដល់​វិល​ទៅ​ស្រុក​វិញ​ពាក់​កណ្ដាល​ផ្លូវ និង​បាន​ទ្រព្យ​តម្លៃ​នគរ​ពីរ​ជា​សម្រាប់​ខ្លួន តែ​ថា​ឃ្លាត​ទៅ​វិញ ដល់​កំណត់​បាន​សោយ​រាជ្យ នឹង​បាន​ទ្រព្យ​នោះ​មក​ជា​សម្រាប់​បុណ្យ​វិញ​ទាំង​អស់»។ ចៅ​សួ​បាន​ដឹង​ដំណឹង​ប្អូន​ដូច្នោះ ក៏​លា​ចិន​សែ​ទៅ​ផ្ទះ​វិញ ។ ដល់​៣​ថ្ងៃ នាយ​សំពៅ​គេ​ផ្ទុក​សំពៅ រៀប​នឹង​ចេញ​ទៅ​ថ្ងៃ​នោះ ចៅ​សួ​ជា​បង​យក​ផាឌិប​មក ហែក​មួយ​ត្បូង ហុច​ទៅ​ឲ្យ​បុរស​ជា​ប្អូន ។ បុរស​ជា​ប្អូន ក៏​ទទួល​យក​ផាឌិប​មួយ​ត្បូង​លា​បង​ចុះ​ទៅ ដើរ​បណ្ដើរ​គិត​បណ្ដើរ នឹក​តូច​ចិត្ត​ស្ទើរ​មិន​ចង់​កាន់​ផាឌិប​នោះ​សោះ ចេះ​តែ​នឹក​តូច​ចិត្ត​ថា «ឱ! បង​ប្អូន​នឹង​គ្នា តាំង​ពី​ឪពុក​ម្ដាយ​ស្លាប់​ចោល​ទៅ នៅ​កំព្រា​តែ​បង​ប្អូន​ពីរ​នាក់ កាល​វេលា​ក្រ ចេះ​ស្រឡាញ់​រាប់​អាន​គ្នា ដល់​វេលា​មាន​ទាត់​គ្នា​ចោល ឆ្មើង​មាន ស្ទើរ​មិន​រាប់​គ្នា មាស​ប្រាក់ ដាក់​ឃ្លាំង​គរ​គោក មិន​ហ៊ាន​យក​ឲ្យ​គ្នា​មួយ​ស្លឹង យក​តែ​ខ្មោច​ផាឌិប​ឲ្យ​គ្នា​មួយ​ត្បូង» ។ លុះ​បុរស​នោះ​ដើរ​ទៅ​ដល់​កំពង់ ក៏​ឡើង​លើ​សំពៅ នាយ​សំពៅ ឲ្យ​កូន​ឈ្នួល​ស្រាវ​យុថ្កា​សា​ក្ដោង​បើក​ទៅ ហើយ​នាយ​សំពៅ​សួរ​បុរស​នោះ​ថា «ប្អូន​ទៅ​ឯ​លោក​ចៅ​សួ តើ​លោក​ឲ្យ​អ្វី​ខ្លះ?» ។ បុរស​ប្រាប់​នាយ​សំពៅ​ថា «គ្មាន​ឲ្យ​អ្វី​ទេ​ឲ្យ​តែ​ផាឌិប​មួយ​ត្បូង​និង​ខោ​មួយ» ។ នាយ​សំពៅ​បាន​ដឹង​ហើយ​ក៏​នៅ​ស្ងៀម ។ លុះ​បើក​សំពៅ​ទៅ​ដល់​ពាក់​កណ្ដាល​ផ្លូវ យប់​ងងឹត​នឹង​ទៅ​ពុំ​រួច ក៏​ឲ្យ​បោះ​យុថ្កា​ដេក ។ ហេតុ​តែ​បុណ្យ​ដល់​បុរស​ក៏​នឹង​ឃើញ​ពាក្យ​ដែល​គ្រូ​ផ្ដាំ​ថា «នឿយ​ណាស់​កុំ​ដេក ឥឡូវ​អស់​អ្នក​សំពៅ​នេះ​ដេក​អស់​ ដូច្នេះ​អញ​កុំ​ឲ្យ​ដេក» ក៏​អង្គុយ​នៅ​ក្បែរ​ដង​ក្ដោង ពុំ​ហ៊ាន​ដេក ។ លុះ​ដល់​អធ្រាត្រ មាន​យក្ខ​១ ហោះ​មក​ឃើញ​សំពៅ វា​ចុះ​មក​ប៉ង​នឹង​ស៊ី​មនុស្ស ហើយ​វា​ឈ្ងោក​មើល​ទៅ​ក្នុង​សំពៅ ធ្លាក់​ពុក​មាត់​ទៅ​លើ​បុរស​នោះ​ៗ ក៏​ស្ទុះ​ទៅ​ស្រវា​ចាប់​ជាប់​ហើយ​ស្រែក​ថា «អា​ឯង ស្លាប់​នឹង​ដៃ​អញ​ឥឡូវ​នេះ​ហើយ» ។ យក្ខ​ឮ​បុរស​ថា​ដូច្នោះ ភិត​ភ័យ​ណាស់ តែ​ស្ទុះ​ទៅ​មិន​រួច ដ្បិត​បុរស​នោះ​ចាប់​ពុក​មាត់​ជាប់ យក្ខ​ភ័យ​ក្រែង​ស្លាប់ ក៏​និយាយ​នឹង​បុរស​នោះ​ថា «អ្នក​បុរស​អើយ! បើ​អ្នក​អាណិត​លែង​ខ្ញុំ​ៗ​នឹង​តប​គុណ​អ្នក ជា​ខ្សែ​ចង​ដៃ ដំបង​វាយ​ឯង ឆ្នាំង​ឆ្អិន​ឯង ។ ខ្សែ​និង​ដំបង​នេះ បើ​មាន​បច្ចាមិត្ត​ពី​ណា​មក​ប្រមាថ ឲ្យ​តែ​ខ្សែ​ទៅ​ចង​ដំបង​ទៅ​វាយ បច្ចាមិត្ត​នោះ នឹង​ស្លាប់​វិនាស​អន្តរាយ​អស់ ។ ឯ​ឆ្នាំ​នេះ បើ​ឃ្លាន​អាហារ​ចំណី ហើយ​និង​ចង់​បរិភោគ​អាហារ​ចំណី​អ្វី ប្រាប់​ឆ្នាំង​ថា «ឆ្អិន​ឡើង​អញ​ស៊ី» ក៏​ឆ្អិន​ឯង​ឡើង​បាន​បរិភោគ មិន​បាច់​ដាំ​ឡើយ» ។ បុរស​ឮ​ដូច្នោះ​ក៏​ថា «បើ​ដូច្នោះ​យក្ខ​ឯង ឲ្យ​មក​អញ​សិន សឹម​អញ​លែង» ។ យក្ខ​ក៏​ហុច​ប្រដាប់​ទាំង​នោះ​មក​បុរស បុរស​នោះ​ទទួល​យក ហើយ​លែង​យក្ខ​នោះ​ទៅ យក្ខ​ក៏​ហោះ​ទៅ​លំនៅ​វា​វិញ ។ លុះ​ព្រឹក​ឡើង បុរស​និយាយ​ប្រាប់​នាយ​សំពៅ​ថា «អ្នក​នាយ​សំពៅ! យប់​មិញ​មាន​យក្ខ​មួយ​មក​គិត​នឹង​ស៊ី​យើង​រាល់​គ្នា កុំ​តែ​បាន​ខ្ញុំ​ កុំ​អី​យក្ខ​វា​ស៊ី​អស់​ទៅ​ហើយ បើ​អ្នក​នាយ​សំពៅ​មិន​ជឿ​ខ្ញុំ សូម​មើល​សំណូក​យក្ខ​ដែល​វា​លូក​ខ្ញុំ​នេះ មាន​ខ្សែ​ចង​ឯង ដំបង​វាយ​ឯង ឆ្នាំង​ឆ្អិន​ឯង​ផង​» ។ នាយ​សំពៅ​ឮ​ដូច្នោះ សួរ​ថា «នៅ​ឯ​ណា​ប្អូន? យក​មក​ឲ្យ​បង​មើល​ផង​!» ។ បុរស​នោះ ហេតុ​តែ​ជា​មនុស្ស​ត្រង់ ក៏​យក​របស់​ទាំង​នោះ​មក​បង្ហាញ​នាយ​សំពៅ ។ នាយ​សំពៅ​ឃើញ​របស់​ទាំង​នោះ នឹក​ថា «របស់​ទាំង​នេះ​មាន​តម្លៃ ឥត​ស្ដេច​នា​ហ្មឺន​ណា​មាន​ឡើយ បុរស​នេះ​មាន​សំណាង​ខ្ពស់​អី​ម្ល៉េះ បាន​ទ្រព្យ​យ៉ាង​នេះ » ។ នាយ​សំពៅ​ នឹក​ទៀត​ថា «បុរស​នេះ​ល្ងង់​ឆោត​ណាស់, អញ​គិត​បញ្ឆោត​ថា​ទុក​រក្សា​ឲ្យ បើ​សំពៅ​ទៅ​ដល់​គោក​ត្រង់​ណា​អញ​នឹង​បញ្ឆោត​ឲ្យ​វា​ឡើង ហើយ​អញ​បើក​សំពៅ​ទៅ​ចោល អញ​នឹង​យក​ទ្រព្យ​ទាំង​អស់​នេះ» ។ នាយ​សំពៅ​គិត​ដូច្នោះ​ហើយ និយាយ​ថា «សូម​ប្អូន​ឲ្យ​ទ្រព្យ​របស់​ទាំង​នេះ មក​បង​រក្សា​ទុក ត្បិត​ប្អូន​ឯង​គ្មាន​ហិប​ដាក់» ។ បុរស​គិត​ស្មាន​ថា «នាយ​សំពៅ គេ​យក​មក​រក្សា​ទុក​ឲ្យ​តាម​ត្រង់» មិន​ដឹង​ជា​គេ​ទុច្ចរិត​នឹង​ខ្លួន​ឡើយ ទើប​យក​របស់​ប្រគល់​ទៅ​នាយ​សំពៅ​ទាំង​អស់ ។ នាយ​សំពៅ ក៏​បើក​សំពៅ​ទៅ​ដល់​ចុង​កោះ​មួយ ដែល​មាន​ដើម​ល្វា​មួយ​ដើម​ដុះ​ក្នុង​ទឹក នាយ​សំពៅ​ឲ្យ​ចាប់​ដើម​ល្វា​នេះ​ឈប់ ហើយ​និយាយ​នឹង​បុរស​ថា «បង​ចង់​ប្រើ​ប្អូន​ឲ្យ​ឡើង​បេះ​ផ្លែ​ល្វា​ស៊ី» ។ បុរស​ឮ​នាយ​សំពៅ​ប្រើ ក៏​ឡើង​ដើម​ល្វា​បេះ​ផ្លែ មិន​ដឹង​ជា​គេ​នឹង​ចេញ​សំពៅ​ទៅ​ចោល​សោះ ហើយ​នាយ​សំពៅ​ចង្អុល​ថា «ហ៍! ប្អូន​ឡើង​ទៅ​មែក​លើ ប្អូន​បោះ​អា​ចង្កោម​ធំ​នោះ​ឲ្យ​បង​!» ។ បុរស​ក៏​ឡើង​ទៅ​លើ​មែក​លើ ។ 

3

នាយ​សំពៅ​ឲ្យ​កូន​ឈ្នួល​ច្រាន​សំពៅ បើក​ចោល​បុរស​នោះ​ទៅ ។ បុរស​ស្រែក​ហៅ​គេ​ឲ្យ​មក​យក គេ​ក៏​ពុំ​មក ។ បុរស​គិត​ថា «ឱ​អញ​អើយ!​ គេ​បញ្ឆោត​ឲ្យ​ឡើង​ដើម​ល្វា គេ​ចេញ​សំពៅ​ទៅ​ចោល, គេ​គិត​យក​របស់​ឯង ខ្លួន​ឯង​គេ​ចោល​ឲ្យ​ស្លាប់​ម្នាក់​ឯង​កណ្ដាល​សមុទ្រ បើ​នឹង​ស្លាប់​និង​រស ឲ្យ​តែ​ឆ្នាំង​ឆ្អិន​ឯង​នៅ​ទៅ​រ៉ា គ្រាន់​នឹង​ឲ្យ​ចម្អិន​បាយ​ចំណី​ស៊ី ទម្រាំ​មាន​សំពៅ​គេ​មក នឹង​សុំ​ដោយ​សារ​គេ​ទៅ ឥឡូវ​បាយ​ក៏​អត់​សំពត់​ដណ្ដប់​ក៏​គ្មាន សម​នឹង​ស្លាប់​ពុំ​លែង ។ បុរស​នោះ នឹក​អាណិត​អាត្មា ក៏​យំ​សោក ។ លុះ​យប់​មាន​​ជ្រូក​មួយ​តែង​មក​ស៊ី​ផ្លែ​ល្វា​ទុំ ជ្រូក​នោះ​មាន​កែវ​ពាំ​ដើរ​លើ​ទឹក​បាន លុះ​អធ្រាត្រ​ស្ងាត់ ជ្រូក​នោះ​ពាំ​កែវ​ដើរ​លើ​ទឹក​មក​នឹង​រើស​ផ្លែ​ល្វា​ស៊ី ។ បុរស​ ឃើញ​ជ្រូក​ដាក់​កែវ​នៅ​គល់​ល្វា ក៏​បេះ​ផ្លែ​ល្វា​ចោល​ទៅ​ឆ្ងាយ ឲ្យ​ជ្រូក​តាម​ទៅ​ស៊ី ខ្លួន​នឹង​ឆក់​យក​កែវ​ជ្រូក​នោះ ។ ហេតុ​តែ​កុសល​នោះ​ត្រូវ​មាន​បុណ្យ ជ្រូក​នោះ​ក៏​ទៅ​ស៊ី​ឆ្ងាយ​ពី​កែវ ។ បុរស ក៏​សម្រូត​ចុះ​មក​ឆក់​កែវ​ជ្រូក​បាន រត់​ចេញ​ទៅ​ខំ​ដើរ​ទៅ​ទាំង​យប់ ។ លុះ​ព្រឹក ក៏​បាន​ទៅ​ទាន់​សំពៅ ក៏​ស្រែក​ហៅ​ថា «អី!​អ្នក​នាយ​សំពៅ ចាំ​ខ្ញុំ​ផង!» ។ នាយ​សំពៅ​ឮ​មាត់ បែរ​មើល​ទៅ​ឃើញ​ស្គាល់​ថា​បុរស ក៏​ឲ្យ​មូរ​ក្ដោង​ឈប់​ចាំ ។ បុរស​ទៅ​ដល់​ឡើង​លើ​សំពៅ និយាយ​ថា «ឱ! អ្នកបង​នាយ​សំពៅ មិន​គួរ​គិត​អាក្រក់ មក​ចោល​ខ្ញុំ ឲ្យ​ស្លាប់​កណ្ដាល​សមុទ្រ​សោះ, កុំ​តែ​កុសល​ខ្ញុំ​មាន កុំ​អី​ស្លាប់​បង់​អសារ​តែ​ម្នាក់​ឯង» ។ នាយ​សំពៅ​ឆ្លើយ​ដោះ​ថា «ឱ​ប្អូន​អើយ! បង​ស្មាន​ថា​ប្អូន​ចុះ​មក​ខាង​ក្បាល​សំពៅ​ហើយ បង​មិន​មាន​គិត​ចង់​ចោល​ប្អូន​ទេ» ហើយ​នាយ​សំពៅ​ថា «អើ​! ប្អូន​បាន​អី​ក៏​ដើរ​លើ​ទឹក​បាន? » ។ បុរស​ថា «ខ្ញុំ​មាន​កែវ​ជ្រូក បាន​ជា​ខ្ញុំ​ដើរ​លើ​ទឹក​បាន» ។ នាយ​សំពៅ ហេតុ​តែ​មាន​ចិត្ត​អកតញ្ញូ​ក៏​ថា «​ប្អូន​ឲ្យ​បង​ទុក​ឲ្យ» ។ បុរស​គិត​ឃើញ​ថា « នាយ​សំពៅ​នេះ វា​គិត​បញ្ឆោត​អញ​ទៀត​ហើយ» ក៏​និយាយ​ថា «សូម​អ្នក​នាយ​សំពៅ​យក​របស់​ទាំង​នោះ​មក​ឲ្យ​ខ្ញុំ​សិន ខ្ញុំ​ប្រមូល​ឲ្យ​មូល សឹម​ជូន​ទៅ​អ្នក​វិញ ត្បិត​របស់​នេះ​មាន​ប្រយោជន៍​អី​ដល់​ខ្ញុំ គង់​តែ​ខ្ញុំ​ជូន​អ្នក​ទាំង​អស់​ទេ!» ។ នាយ​សំពៅ​ឮ​ដូច្នោះ​នឹក​ថា «បុរស​នេះ​វា​ជា​អ្នក​ល្ងង់ គង់​តែ​បាន​មក​ដៃ​អញ​វិញ​ទាំង​អស់​ទេ» ក៏​យក​ខ្សែ​ចង ដំបង​វាយ​ឯង ឆ្នាំង​ឆ្អិន​ឯង និង​ផាឌិប​មួយ​ត្បូង ព្រម​ទាំង​ខោ​មក​ឲ្យ​បុរស​ៗ​ទទួល រៀប​វេច​រួច​សព្វ​គ្រប់ ក៏​សំពះ​លា​នាយ​សំពៅ ចុះ​ដើរ​លើ​ទឹក​ទៅ ។ នាយ​សំពៅ​នឹក​ស្ដាយ​ក្រោយ មិន​ចេញ​ស្ដី​មួយ​ម៉ាត់ ។ បុរស​ខំ​ដើរ​ដោយ​អំណាច​កែវ ផ្លូវ​ដើរ ៧ យប់ បុរស​ដើរ​តែ​មួយ​ថ្ងៃ ទាល់​ព្រលប់​ដល់​ផ្ទះ ។ លុះ​បុរស​ទៅ​ដល់​ផ្ទះ ក៏​ស្រែក​ហៅ​ប្រពន្ធ​ថា «នាង​អើយ​នាង! បើក​ទ្វារ​ឲ្យ​បង​ទៅ​ផង បង​មក​ដល់​ហើយ!» ។ ឯ​ប្រពន្ធ ជា​ស្រី​អាក្រក់ ក្បត់​ចិត្ត​ប្ដី កំពុង​តែ​ដេក​ឱប​សហាយ ឮមាត់​ប្ដី​ហៅ ធ្វើ​ជា​ថា «អ្នក​ណា​ហៅ​អី? ប្ដី​អញ​មិន​នៅ​ទេ​ កុំ​មក​ហៅ​អញ!» ។ បុរស​ឮ​ប្រពន្ធ​ថា​ដូច្នោះ នឹក​ថា​ប្រពន្ធ​ចិត្ត​ត្រង់​នឹង​ខ្លួន ក៏​ឆ្លើយ​ថា «បង​មក​ហើយ​នាង!» ។ ប្រពន្ធ​ថា «យី!​អ្នក​ទេ​ឬ? ខ្ញុំ​គិត​ថា​មនុស្ស​ផ្ដេសផ្ដាស​វា​ហៅ​ខ្ញុំ» ហើយ​មេ​នោះ​ថា «អ្នក​ចាំ​ខ្ញុំ​អុជ​ចន្លុះ​សិន!» តែ​វា​បណ្ដោះ​សហាយ​វា​សោះ ។ បុរស ក៏​ជីក​ដី​ក្រោម​ជណ្ដើរ កប់​កែវ​និង​ខ្សែ​ចង​ដំបង​វាយ​ឯង​ឆ្នាំង​ឆ្អិន​ឯង​រួច លប់​ដី​ទៅ ។ មេ​នោះ​បណ្ដោះ​សហាយ​វា​រួច វា​អុជ​ចន្លុះ​មក​ទទួល​ប្ដី​ឡើង​ទៅ​លើ​ផ្ទះ រៀប​បាយ​ទឹក​ឲ្យ​ប្ដី​ស៊ី​រួច វា​នាំ​ប្ដី​ចូល​ដេក ពេល​ដេក វា​និយាយ​ថា «អ្នក​ទៅ​ស្រុក​ចិន បាន​អី​មក​ផ្ញើ​ខ្ញុំ​ខ្លះ? » ។ បុរស​ជា​ប្ដី​ប្រាប់​ប្រពន្ធ​ថា «បង​គ្មាន​បាន​អី​ទេ បង​គេ​ឲ្យ​ខោ​មួយ ផាឌិប​មួយ​ត្បូង» ។ មេ​នោះ ធ្វើ​ជា​ស្រែក​យំ​ថា «មិន​មែន​ទេ! អ្នក​កុហក​ខ្ញុំ មិន​ដែល​អ្នក​ណា​ទៅ​ដល់​បង​ហើយ គេ​មាន​ក៏​នឹង​ឲ្យ​ផាឌិប​មួយ​ត្បូង ខោ​មួយ​ដូច្នេះ​ទេ» ។ បុរស​នឹក​ពាក្យ​គ្រូ​ផ្ដាំ​ថា «ចូល​ដំណេក​កុំ​និយាយ​នឹង​ប្រពន្ធ» បុរស​នោះ​ក៏​ថា «ណ្ហើយ​នាង ចាំ​ព្រឹក​សឹម​បង​ប្រាប់» ។ ឯ​សហាយ​មេ​នោះ វា​លប​ស្ដាប់​ក្រោម​ផ្ទះ ។ មេ​នោះ សួរ​ប្ដី​ទៀត ។ បុរស​ស្មាន​ថា ប្រពន្ធ​ចិត្ត​ត្រង់​នឹង​ខ្លួន អាណិត​ប្រពន្ធ នឹង​ចង់​ប្រាប់​តែ​ក្រែង​ខុស​នឹង​បណ្ដាំ​គ្រូ ក៏​រា​រែក​ក្នុង​ចិត្ត ។ ដល់​មេ​នោះ​ចេះ​តែ​ទទូច​សួរ បុរស​ក៏​ភ្លេច ដោយ​យល់​ឃើញ​ថា យប់​នេះ​ស្ងាត់ និង​ដោយ​មិន​ដឹង​ជា​សហាយ​ប្រពន្ធ​នោះ​នៅ​ក្រោម​ផ្ទះ ក៏​ប្រាប់​ប្រពន្ធ​ថា «បង​កប់​កែវ​ជ្រូក​១ ខ្សែ​ចង​ឯង​១ ដំបង​វាយ​ឯង​១ ឆ្នាំង​ឆ្អិន​ឯង​១ នៅ​ក្រោម​ជណ្ដើរ​មុខ​ផ្ទះ» ។ សហាយ​ឮ​ក៏​មក​គាស់​យក​អស់ ។ បុរស​និង​ប្រពន្ធ ក៏​ដេក​លក់​ទៅ ។ លុះ​ព្រឹក​ឡើង បុរស​នោះ​ទៅ​រក​របស់​បាត់​អស់​ឃើញ​តែ​ស្នាម ។ បុរស​នោះ​មិន​ចេញ​ស្ដី ដោយ​ដឹង​ច្បាស់​ថា «ប្រពន្ធ​មាន​សហាយ» ក៏​ធ្វើ​ឃ្នាង​ដាក់​ជណ្ដើរ​យក​ខ្សែ​ចង​អូស​ទៅ​ប្ដឹង​ចៅ​ក្រម ។ ចៅ​ក្រម​ទទួល​ជម្រះ វាយ​ជណ្ដើរ​ពិចារណា​សួរ​ថា «ជណ្ដើរ​ឯង​ទទួល​បញ្ញើ​បុរស​នេះ ម្ដេច​ឯង​ឲ្យ​មនុស្ស​លួច​របស់​គេ​អស់?» ។ ចៅ​ក្រម ហេតុ​តែ​ជា​អ្នក​ឥត​ប្រាជ្ញា មិន​យល់​ការ​រាក់​ជ្រៅ​អាថ៌កំបាំង ក៏​បបួល​គ្នា​សើច​នឹង​បុរស ស្ដី​ឲ្យ​បុរស​ថា​នាំ​បង្កើត​ក្ដី​ថា «បុរស​ឯង​ឆ្កួត គ្មាន​ជី​ដូន​ជី​តា​នរណា​គេ​ក្ដី​នឹង​ជណ្ដើរ ដូច​នៅ​ឯង​ទេ ចៅ​ឯង​ទៅ​រក​នរណា​គេ​ជម្រះ​ឲ្យ​ចុះ» ។ បុរស​ក៏​ចង​ជណ្ដើរ​អូស​ចូល​ទៅ​ក្នុង​ព្រះ​រាជ​វាំង ។ ពេល​នោះ ជួន​ជា​ស្ដេច​ទ្រង់​ចេញ​ប្រថាប់​នៅ​ចុង​ព្រះរាជ​រោង ទ្រង់​បាន​ទត​ឃើញ ។ ស្ដេច​ទ្រង់​ឲ្យ​អាមាត្យ​រត់​ទៅ​ហៅ​បុរស​នោះ​មក ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​បុរស​ថា «ដំណើរ​ដូច​ម្ដេច បាន​ជា​អ្នក​ដាក់​ឃ្នាង​ជណ្ដើរ ហើយ​ចង​អូស​ដូច្នោះ! តើ​មក​ពី​ហេតុ​អ្វី?» ។ បុរស​នោះ​ក្រាប​បង្គំ​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! កាល​ដើម​ឡើយ ទូល​ព្រះ​បង្គំ បាន​យក​របស់​ទៅ​ជីក​កប់​ក្រោម​ជណ្ដើរ​នេះ ផ្ញើ​នឹង​ជណ្ដើរ​ឲ្យ​ជណ្ដើរ​រក្សា​ឲ្យ ជណ្ដើរ​នេះ ឲ្យ​មនុស្ស​លួច​យក​អស់ បាន​ជា​ទូល​ព្រះ​បង្គំ​ពុំ​សុខ​ចិត្ត​នឹង​ជណ្ដើរ​នេះ» ។ ស្ដេច​មាន​ព្រះ​បន្ទូល​សួរ​បុរស​ថា «របស់​អ្វី​ខ្លះ?» ។ 

4

បុរស​ក្រាប​ទូល​ថា «ខ្សែ​ចង​ឯង ឆ្នាំង​ឆ្អិន​ឯង និង​កែវ​ដើរ​លើ​ទឹក​បាន» ។ ស្ដេច​ទ្រង់​ជ្រាប ទ្រង់​ឲ្យ​បុរស​យក​ជណ្ដើរ​នោះ​មក​ថ្វាយ​ព្រះអង្គ ។ ទ្រង់​ឲ្យ​អាមាត្យ​យក​ទុក ហើយ​ទ្រង់​មាន​បន្ទូល​ថា «ប្រពន្ធ​ចៅ​ឯង​មាន​សហាយ ចៅ​ឯង​នៅ​នឹង​យើង​ចុះ» រួច​ទ្រង់​ក៏​ព្រះ​រាជ​ទាន​សំពត់​អាវ​ឲ្យ​បុរស​នោះ​ស្លៀក​ពាក់ ។ បុរស​នោះ ក៏​នៅ​គាល់​បម្រើ​ស្ដេច​ប្រមាណ ៣​ថ្ងៃ ។ ស្ដេច​ទ្រង់​ព្រះរាជ​ទាន​ព្រះភូសា​ឲ្យ​បុរស​នោះ ទ្រង់​ផ្ដាំ​ថា «ចូរ​ឯង​យក​សំពត់​ដែល​យើង​ឲ្យ​នេះ ទៅ​ផ្ទះ បើ​មាន​គេ​បបួល​ថា ឲ្យ​មក​មើល​របាំ ចូរ​ឯង​កុំ​មក ឯង​ឲ្យ​តែ​សំពត់​នេះ ទៅ​ប្រពន្ធ​ឯង​ស្លៀក​ពាក់​មក​មើល​របាំ​ចុះ» ។ បុរស​នោះ ទទួល​ព្រះ​រាជឱង្ការ​ហើយ ក៏​ថ្វាយ​បង្គំ​លា​វិល​ទៅ​ផ្ទះ​វិញ ។ ឯ​ប្រពន្ធ​ឃើញ​ប្ដី​បាន​សំពត់​ល្អ​ធ្វើ​ឫក​ជា​ស្រឡាញ់​ប្ដី​ណាស់ លុះ​ព្រឹក​ឡើង ស្ដេច​ឲ្យ​ប៉ាវ​គង​ថា «ឲ្យ​អស់​អាណា​ប្រជានុរាស្ត្រ​ទាំង​អស់​មើល​របាំ ត្បិត​ស្ដេច​ចាត់​ចែង​របាំ​ឲ្យ​អស់​រាស្ត្រ​មើល!» ។ អស់​អ្នក​ស្រុក ក៏​បបួល​គ្នា​ទៅ​មើល​ល្ខោន​ទ្រហឹង​អឺងកង ។ មេ​ប្រពន្ធ វា​បបួល​បុរស​នោះ​ថា «អ្នក​ទៅ​មើល​រាំ​នឹង​គេ​ឬ​ទេ?» ។ បុរស​ថា «នាង​ឯង​យក​សំពត់​នេះ​ស្លៀក​ទៅ​មើល​រាំ​នឹង​គេ​ចុះ បង​មិន​ទៅ​ទេ» ។ មេ​នោះ ឮ​ប្ដី​ឲ្យ​សំពត់​ល្អ​ទៅ​ស្លៀក​មើល​រាំ ក៏​នឹក​អរ ចង់​យក​ទៅ​ឲ្យ​សហាយ​វា​ស្លៀក ត្បិត​ប្ដី​មិន​ទៅ​មើល​ទេ ។ មេ​នោះ​បាន​សំពត់ ក៏​រលះ​រលាំង​ចុះ​ដើរ​ទៅ​ស្កាត់​រក​សហាយ ឃើញ​ហើយ ក៏​ឲ្យ​សំពត់​នោះ ទៅ​សហាយ​ស្លៀក រួច​បណ្ដើរ​គ្នា​ទៅ​ក្នុង​ព្រះរាជវាំង ចូល​ទៅ​មើល​ល្ខោន ឈរ​ទន្ទឹម​គ្នា ។ ស្ដេច​ទ្រង់​ឲ្យ​ទាហាន​ក្រុម​វាំង​ដើរ​ល្បាត​មើល បើ​ឃើញ​នរណា​ស្លៀក​សំពត់ ដែល​ទ្រង់​ព្រះ​រាជ​ទាន​ឲ្យ​ទៅ​បុរស​នោះ ទ្រង់​ឲ្យ​ហៅ​មក​ទាំង​ប្រុស​ទាំង​ស្រី ។ អស់​ពួក​ទាហាន​ក្រុម​វាំង ក៏​ហៅ​អា​នោះ​មេ​នោះ​មក​ថ្វាយ​ស្ដេច​ៗ​ទត​ឃើញ​មិន​មែន​បុរស ទើប​ទ្រង់​ឲ្យ​ទៅ​ហៅ​បុរស​នោះ​មក ទ្រង់​សួរ​ថា «ឯ​ណា ប្រពន្ធ​ចៅ​ឯង?» ។ បុរស​ក្រាប​ទូល​ថា «នាង​នេះ​ហើយ​ជា​ប្រពន្ធ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ» ។ ស្ដេច​ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ចុះ​ប្រុស​នេះ ចៅ​ឯង​ស្គាល់​ទេ?» ។ បុរស​ក្រាប​ទូល​ថា «មិន​ស្គាល់​ទេ​!» ។ ស្ដេច​ទ្រង់​ឲ្យ​យក​សំពត់​កញ្ចាស់​មក ឲ្យ​អា​សហាយ​នោះ​ផ្លាស់​សំពត់​ថ្មី​ចេញ​ហើយ​ទ្រង់​សួរ​ថា «សំពត់​នេះ ចៅ​ឯង​បាន​មក​ពី​ណា?» ។ អា​សហាយ​ភិត​ភ័យ ក៏​ក្រាប​ទូល​ថា «នាង​នេះ​ឲ្យ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ស្លៀក» ។


ស្ដេច​ត្រាស់​សួរ​ថា «ឯង​លួច​ប្រពន្ធ​បុរស​នេះ​មែន​ទេ?»។ អា​សហាយ​ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​លួច​មែន» ។ ទ្រង់​សួរ​ថា «ឯង​លួច​របស់​ដែល​បុរស​នេះ គេ​កប់​ក្រោម​ជណ្ដើរ​មែន​ឬ​ទេ?» ។ អា​នោះ​ក្រាប​ទូល​ថា «មែន» ។ ស្ដេច​ទ្រង់​ឲ្យ​បណ្ដើរ​អា​នោះ​ទៅ​យក​របស់​ទាំង​នោះ​មក ទ្រង់​សួរ​បុរស​នោះ​ថា «របស់​នេះ ជា​របស់​ចៅ​ឯង​ហើយ​ឬ?» ។ បុរស​ក្រាប​ទូល​ថា «ហ្នឹង​ហើយ ណ្ហើយ! សូម​ទ្រង់​អភ័យ​ទោស​វា ឲ្យ​វា​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ចុះ ។ ស្ដេច​និង​នាហ្មឺន​កោត​ចិត្ត​បុរស​នោះ ក៏​ទ្រង់​លើក​លែង​ទោស​តាម​ពាក្យ​សុំ ។ បុរស​នោះ លើក​របស់​ទាំង​អស់​ថ្វាយ​ស្ដេច ដោយ​ក្រាប​ទូល​ថា «ខ្សែ​និង​ដំបង​នេះ បើ​មាន​នរណា​មក​ជា​បច្ចាមិត្ត សូម​ទ្រង់​ប្រើ​ខ្សែ​ឲ្យ​ចង​ដំបង​ឲ្យ​វាយ បច្ចាមិត្ត​នោះ​ស្លាប់​វិនាស​អស់​បាន ឯ​ឆ្នាំង​នេះ បើ​ទ្រង់​សព្វ​ព្រះ​រាជហឫទ័យ​នឹង​ព្រះ​ស្ងោយ​អ្វី គ្រាន់​តែ​ទ្រង់​ប្រាប់​ថា «ឆ្នាំង​ឆ្អិន​ឡើង!» ព្រះ​ស្ងោយ​នោះ​ក៏​ឆ្អិន​ដូច​ព្រះរាជ​ហឫទ័យ កែវ​ជ្រូក​នេះ​ទៀត​បើ​សព្វ​ព្រះ​រាជ​ហឫទ័យ​យាង​លើ​ទឹក ក៏​ទ្រង់​យាង​បាន» ។ ស្ដេច​នឹក​ក្នុង​ព្រះទ័យ​ថា ទ្រព្យ​ទាំង​នេះ​ជា​ទ្រព្យ​មាន​តម្លៃ​នឹង​រក​ទ្រព្យ​អ្វី ឲ្យ​ស្មើ​នឹង​តម្លៃ​របស់​បុរស​នោះ​គ្មាន ទុក​ជា​ខ្លួន​អញ​ក្ដី មហេសី​ក្ដី បុត្រី​ក្ដី ទាំង​ទ្រព្យ​ពេញ​នគរ​ក្ដី ក៏​ពុំ​ស្មើ​នឹង​របស់​បុរស​នោះ​ដែរ» ហើយ​ត្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​បុរស​ថា «អញ​គ្មាន​អ្វី​នឹង​តប​ថ្លៃ​ទ្រព្យ​ចៅ​ទេ មាន​តែ​បុត្រី​និង​រាជ​សម្បត្តិ អញ​លើក​ឲ្យ​ជា​តម្លៃ​ទ្រព្យ​ចៅ» ។ បុរស​ក្រាប​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ជា​មនុស្ស​កម្សត់ ពុំ​ប្រាថ្នា​រាជ​សម្បត្តិ​និង​ព្រះ​រាជបុត្រី​ល្អ​ធូលី​ព្រះ​បាទ​ទេ បើ​ទ្រង់​ព្រះ​មេត្តា​ប្រោស សូម​ព្រះ​រាជ​ទាន​តែ​កាំ​បិត​បន្ទោះ​១​ចុះ» ។

5

 ស្ដេច​ទ្រង់​ជ្រាប​ដូច្នោះ ទ្រង់​មាន​ព្រះ​បន្ទូល​ឲ្យ​ជាង​យក​ដែក​១០​ហាប ទៅ​សិត​ធ្វើ​កាំបិត​បន្ទោះ​១ ។ កាំ​បិត​បន្ទោះ​នោះ យក​ក្ដារ​ដាក់​ត្រួត ៧​ជាន់​គ្រាន់​តែ​អូស​កាត់​ក៏​ដាច់​មិន​ដឹង​ខ្លួន ទ្រង់​ឲ្យ​ធ្វើ​ស្រោម​ដាក់​ហើយ ទ្រង់​ព្រះ​រាជ​ទាន​ទៅ​បុរស​នោះ ។ ដោយ​ហេតុ​ស្ដេច​ព្រះ​រាជ​ទាន​ព្រះ​រាជ​បុត្រី​និង​រាជ​សម្បត្តិ បុរស​នោះ​មិន​យក ទៅ​យក​ឯ​កាំបិត​បន្ទោះ​ដង​មួយ បាន​ជា​អ្នក​ស្រុក​គេ​សន្មត​ហៅ​ថា «ចៅ​កាំបិត​បន្ទោះ​ដង​មួយ» តាម​ហេតុ​នោះ ។ ចៅ​កាំបិត​បន្ទោះ​នោះ​ដើរ​ទៅ​ដល់​នគរ​មួយ​ទៀត ក៏​ទៅ​សុំ​សម្នាក់​នៅ​ផ្ទះ​មហាសេដ្ឋី​១ ។ សេដ្ឋី​នោះ មាន​កូន​ស្រី​១ គ្មាន​កូន​ប្រុស កាល​បើ​ឃើញ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​មក​សុំ​សម្នាក់​ដូច្នោះ ក៏​មាន​ចិត្ត​អាណិត​ស្រឡាញ់ ឲ្យ​នៅ​ធ្វើ​ជា​កូន ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ តាំង​ពី​បាន​មហា​សេដ្ឋី​ធ្វើ​ឪពុក​ថ្ងៃ​ណា ក៏​ថែ​ទាំ​រក្សា​ទ្រព្យ​របស់ ដាស់​តឿន​ខ្ញុំ​កំដរ​ឲ្យ​ធ្វើ​ការ​រក​ស៊ី មិន​ឲ្យ​មហា​សេដ្ឋី​ព្រួយ​ចិត្ត​ឡើយ ។ មហាសេដ្ឋី​ក៏​មាន​ចិត្ត​អាណិត​ស្រឡាញ់​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​លើស​កូន​បង្កើត ។ ជួន​ជា​ពេល​នោះ ស្ដេច​ទ្រង់​ចង់​ពិសោធ​រក​នា​ហ្មឺន​មាន​ប្រាជ្ញា ចេះ​រក្សា​ទឹក​ដី​ជួស​ទ្រង់​បាន ទ្រង់​ក៏​ឲ្យ​រៀប​ទី​ព្រះ​ទែន​ក្រាល​ពូក​ព្រែ​ព្រំ ដាក់​ចំណី​អាហារ បើ​មន្ត្រី​ណា​ត្រូវ​វេន​ចាំ​វាំង ឲ្យ​ស៊ី​ដេក​រៀង​ទៅ ។ អស់​នាហ្មឺន ក៏​ទៅ​បរិភោគ​ចំណី​នោះ ហើយ​ដេក​នៅ​ទី​ព្រះ​ទែន​នោះ ។ ស្ដេច​ទ្រង់​លប​ចេញ​មក​ទត​ឃើញ​ដេក​ពុំ​ភ្ញាក់ ក៏​ទ្រង់​ឲ្យ​ដាស់​ឡើង​ចាប់​យក​ទៅ​កាប់​ចោល ។ តែ​ត្រូវ​នាហ្មឺន​ណា​ដេក​វេន នាហ្មឺន​នោះ​ស្លាប់ ។ ដល់​វេន​សេដ្ឋី សេដ្ឋី​ក៏​ឲ្យ​ប្រពន្ធ​រៀប​ចំ​ធ្វើ​បុណ្យ​ខ្លួន​ដោយ​នឹក​ថា តែ​ទៅ​ដេក​វេន​ហើយ មិន​ដែល​នរណា​រស់​មួយ​ទេ ។ អស់​ប្រពន្ធ​កូន បង​ប្អូន ញាតិ​សន្តាន ខ្ញុំ​កំដរ យំ​ទ្រហឹង​អឺងកង ។ សេដ្ឋី​ដេក​សន្ធឹក​សន្ធៃ អាហារ​ចំណី​ក៏​ពុំ​បរិភោគ ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ ឮ​គេ​យំ​រាល់​គ្នា ក៏​ទៅ​សួរ​មហាសេដ្ឋី​ជា​ឪពុក​ថា «លោក​ឪពុក! ហេតុ​អ្វី​បាន​ជា​គេ​យំ​ទ្រហឹង​អឺងកង ហើយ​លោក​ឪពុក​សម្រាន្ត​សន្ធឹក​សន្ធៃ អាហារ​ចំណី​ក៏​មិន​ពិសា​ដូច្នេះ តើ​មាន​ការណ៍​អ្វី? សូម​លោក​ឪពុក​ប្រាប់​ខ្ញុំ​ឲ្យ​បាន​ដឹង​ផង!»។ មហាសេដ្ឋី​ឮ​ចៅ​កាំបិតបន្ទោះ​ដង​មួយ​សួរ​ដូច្នោះ ក៏​ប្រាប់​កូន​ថា «ឱ​កូន​អើយ! ឪពុក​បាន​អ្នក​មក​ធ្វើ​កូន​ថ្ងៃ​ណា ឪពុក​គ្មាន​ទាស់​ចិត្ត​ទេ ឪពុក​នឹក​ថា​នឹង​បាន​នៅ​រក្សា​អ្នក នឹង​ទំនុក​បម្រុង​អ្នក​ឲ្យ​ស្នង​ឪពុក ឥឡូវ​ឪពុក​ស្លាប់​ល្ងាច​នេះ​ហើយ ត្បិត​ស្ដេច​ឲ្យ​ទៅ​ដេក​ចាំ​វាំង តែ​នាហ្មឺន​ណា​ទៅ​ដេក មុខ​ជា​ស្លាប់​ពុំ​ខាន​ឡើយ បើ​អត់​ពី​ឪពុក​ទៅ កូន​នៅ​ត្រូវ​អ្នក​រក្សា​ម្ដាយ​និង​ប្អូន​ស្រី​ផង!» ។ ឯ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ ឮ​ឪពុក​និយាយ​ប្រាប់​ដូច្នោះ ក៏​ជម្រាប​ឪពុក​ថា «សូម​លោក​ឪពុក​ក្រោក​ឡើង​ពិសា​ក្រយា​ចុះ! ការ​ដេក​ចាំ​វាំង លោក​ឪពុក​កុំ​ថប់ ទុក​ងារ​ឲ្យ​ខ្ញុំ ខ្ញុំ​សុំ​ទៅ​ដេក​ស្លាប់​ជួស​លោក​ឪពុក» ។ មហាសេដ្ឋី​ថា «ណ្ហើយ​កូន! ខ្លួន​អ្នក​នៅ​ក្មេង ខ្លួន​ឪពុក​ចាស់​ហើយ ក៏​ល្មម​ស្លាប់​ដែរ»។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ជម្រាប​មហា​សេដ្ឋី​ជា​ឪពុក​ថា «ការ​ទៅ​ដេក​ចាំ​វាំង​នេះ បើ​នរណា​ទៅ​ដេក​មិន​ដឹង​កល ក៏​ស្លាប់ បើ​ដឹង​កល មិន​ស្លាប់​ទេ ឯនាហ្មឺន​ទាំង​អស់​ដែល​ស្លាប់​នោះ សុទ្ធ​តែ​គ្មាន​ដឹង​កល​ទេ មាន​តែ​ខ្ញុំ​ទើប​ដឹង​កល​ស្ដេច» ។ 


មហា​សេដ្ឋី​ឮ​ចៅ​កាំបិត​បន្ទោះ​និយាយ​ដូច្នោះ ក៏​ក្រោក​ឡើង​បរិភោគ​បាយ​ងូត​ទឹក លុះ​ដល់​ល្ងាច ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ក៏​កាន់​កាំបិត​បន្ទោះ​ចុះ​ដើរ​ទៅ លុះ​ដល់​វាំង អស់​ពួក​ព្រះ​ក្រាល​ប្រគល់​របស់ ដែល​រៀប​បម្រុង​នោះ​ឲ្យ​ចៅ​កាំបិត​បន្ទោះ​ដង​មួយៗ នឹក​ថា «ឱ! ស្ដេច​នេះ ទ្រង់​សព្វ​ព្រះ​ទ័យ​រើស​រក​នាហ្មឺន​ណា​មាន​គំនិត​ល្អ អាច​រក្សា​ទឹក​ដី​បាន បាន​ជា​ទ្រង់​ពិសោធ​យ៉ាង​នេះ» ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ ពុំ​ដេក​សោះ​ថយ​ទៅ​អង្គុយ​ចម្ងាយ​ពីរ​ព្យាម​ពី​ទី​នោះ ។ លុះ​អធ្រាត្រ​ស្ងាត់ ស្ដេច​ក្លែង​ព្រះ​អង្គ​ចេញ​មក ។ ចៅ​កាំបិត​បន្ទោះ​ឃើញ​ស្គាល់​ជា​ស្ដេច ក៏​សម្ងំ​ពួន​បំបាំង​នៅ​សសរ ។


6

 ស្ដេច​យាង​មក​ដល់ ទ្រង់​ទត​ឃើញ​ចំណី​នៅ​ដដែល ក៏​ត្រង់​ព្រះ​សណ្ឋិត​ក្បែរ​សសរ ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ស្រែក​ថា «ពះ! កាប់​អា​ចោរ​មក​ពី​ណា មក​គិត​លួច​ទ្រព្យ​របស់​ស្ដេច» ។ ស្ដេច​ភ្ញាក់​ហើយ​ទ្រង់​រត់​ទៅ ។ ចៅ​កាំបិត​បន្ទោះ ក៏​ស្ទុះ​រត់​ចេញ​បណ្ដោយ ។ ស្ដេច​ទ្រង់​គេច​នឹង​សសរ​ចុះ​ព្រះ​រាជ​រោង ។ ចៅ​កាំបិត​បន្ទោះ​ធ្វើ​ជា​កាប់​ផុត​ៗ មិន​ឲ្យ​ត្រូវ ឲ្យ​ត្រូវ​តែ​សសរ​ចុង​ព្រះ​រាជ​រោង ។ ស្ដេច​ទ្រង់​គេច​ពី​សសរ​មួយ​ទៅ​សសរ​មួយ គ្រប់​តែ​សសរ ។ ចៅ​កាំបិត​បន្ទោះ កាប់​បង្ខុស​ពី​ស្ដេច ឲ្យ​ត្រូវ​សសរ គ្រប់​តែ​សសរ​ចុង​ព្រះរាជ​រោង ដោយ​មិន​ដឹង​ថា​ដាច់​ឡើយ ។ ទាល់​តែ​ស្ដេច​ស្រែក​ថា «អញ​ទេ​ៗ! អញ​ជា​ស្ដេច​ទេ!» ទើប​ចៅ​កាំ​បិត​បន្ទោះ​ដង​មួយ​លែង​ដេញ ។ ស្ដេច​ក៏​ចូល​ទៅ​ក្នុង​ព្រះរាជ​ដំណាក់ ។ ចៅ​កាំ​បិតបន្ទោះ ក៏​វិល​មក​កន្លែង​ដដែល ។ លុះ​ព្រឹក​ឡើង ចៅ​កាំបិត​បន្ទោះ​ទៅ​ដល់​ផ្ទះ មាន​ខ្យល់​បក់​មក​ឯ​ក្រោយ ក៏​រលំ​ចុង​ព្រះ​រាជ​រោង​ទាំង​អស់ ។ ស្ដេច​ទ្រង់​ឲ្យ​សួរ​ថា «វេន​នរណា​ដេក​ចាំ​វាំង​យប់​មិញ?» ។ អាមាត្យ​ក្រាប​ទូល​ថា «ត្រូវ​វេន​មហាសេដ្ឋី» ។


 ស្ដេច​ទ្រង់​ឲ្យ​អមាត្យ​ទៅ​សួរ​មហា​សេដ្ឋី​ថា «លោក! អ្នក​ណា​ដេក​ចាំ​វាំង​យប់​មិញ?» ។ មហា​សេដ្ឋី​ប្រាប់​ថា «កូន​ខ្ញុំ!» ។ អមាត្យ​ថា «ឥឡូវ សត្រូវ​កាប់​ចុង​ព្រះរាជ​រោង​រលំ​អស់ បាន​ជា​ស្ដេច​ទ្រង់​ឲ្យ​ហៅ​លោក​ទៅ» ។ មហា​សេដ្ឋី​ឮ​អាមាត្យ​ប្រាប់​ដូច្នោះ ក៏​ភិត​ភ័យ​នឹក​ថា «ឱ​កូន​អើយ! សុំ​ខ្លួន​ទៅ​ដេក​ចាំ​វាំង​ជួស​ឪពុក នឹក​ថា​ឲ្យ​បាន​សេចក្ដី​សុខ ឥឡូវ​ម្ដេច​ក៏​ឲ្យ​សត្រូវ​ចូល​កាប់​ចុង​ព្រះ​រាជ​រោង​បាន?» ។ មហាសេដ្ឋី​ក៏​បារម្ភ​ខ្លួន​ក្រែង​ស្លាប់ ។ លុះ​ដើរ​ទៅ​ដល់​ទី​ចុង​ព្រះ​រាជ​រោង ឃើញ​ចុង​ព្រះរាជ​រោង​រលំ​អស់ ក៏​រឹត​តែ​ភ័យ​ជា​ថ្មី​ទៀត ។ អាមាត្យ​នាំ​មហា​សេដ្ឋី​ទៅ​ដល់ ស្ដេច​ទ្រង់​សួរ​ថា «មហាសេដ្ឋី! ត្រូវ​វេន​អ្នក​ឬ អ្នក​ណា​យប់​មិញ?» ។ មហាសេដ្ឋី​ក្រាប​ទូល​ថា «ត្រូវ​វេន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ!» ។ ស្ដេច​មាន​ព្រះ​បន្ទូល​ថា «នរណា​ដេក​ចាំ​វាំង?» ។ សេដ្ឋី​ទូល​ថា កូន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ទទួល​ព្រះ​រាជ​ទាន​ដំណេក​ចាំ​វាំង» ។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា «មហា​សេដ្ឋី! អ្នក​មាន​កូន​ប្រុស​ពី​កាល​ណា? ក្រែង​អ្នក​មាន​តែ​កូន​ស្រី​ទេ​ឬ?» ។ មហាសេដ្ឋី​ក្រាប​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! កូន​របស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នេះ កំព្រា មិន​ដឹង​ជា​មក​ពី​ណា ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ឃើញ​កំព្រា ក៏​សុំ​ជា​កូន ត្បិត​គ្មាន​កូន​ប្រុស» ។ ស្ដេច​មាន​ព្រះ​បន្ទូល​ថា «បើ​ដូច្នោះ ឲ្យ​ទៅ​ហៅ​មក» ។ អាមាត្យ ក៏​រត់​តៅ​ហៅ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ ។ មហាសេដ្ឋី​រឹត​តែ​ភ័យ នឹក​ថា «ឱ​កូន​អើយ! សម​ស្លាប់​ជា​មួយ​ឪពុក​ថ្ងៃ​នេះ ជា​ប្រាកដ​ពុំ​លែង» ។ អាមាត្យ​ដែល​ទៅ​ហៅ​ចៅ​កាំបិត​បន្ទោះ លុះ​ទៅ​ដល់​ប្រាប់​ប្រពន្ធ​មហាសេដ្ឋី​ថា «អ្នក​ស្រី! ស្ដេច​ទ្រង់​ឲ្យ​ហៅ​កូន​ប្រុស​អ្នក ។ នាង​ជា​ប្រពន្ធ​មហាសេដ្ឋី​ថា «ឱ​អ្នក​អមាត្យ​អើយ! ឥឡូវ​វា​ដេក​ទៅ​ហើយ ព្រោះ​យប់​មិញ​ទៅ​ដេក​ចាំ​វាំង​អត់​ងងុយ​ទាល់​ព្រឹក» ។ អាមាត្យ​ថា «ទេ​អ្នក! បើ​ទុក​ជា​អត់​ងងុយ​យ៉ាង​ណា ក៏​ដាស់​ឡើង​ត្បិត​ស្ដេច​ទ្រង់​ហៅ​ប្រញាប់» ។ ប្រពន្ធ​មហាសេដ្ឋី​ប្រណី​កូន​មិន​ហ៊ាន​ដាស់ បញ្ជូន​កូន​ស្រី​ឲ្យ​ទៅ​ដាស់​ថា «នាង​ឯង​ទៅ​ដាស់​បង​ឡើង» ។ ឯ​នាង​កូន​ស្រី​ប្រកែក​ថា «ទេ​ម៉ែ! ខ្ញុំ​មិន​ហ៊ាន​ទៅ​ដាស់​ទេ ព្រោះ​គាត់​ទើប​នឹង​សម្រាន្ត​អំបាញ់មិញ» ។ ចៅ​កាំបិត​បន្ទោះ​ឮ​គេ​មាត់ ក៏​រឭក​ឡើង​ចេញ​ទៅ​ក្រៅ ។ ម្ដាយ​ឃើញ​កូន​រឭក​ ប្រាប់​កូន​ថា «កូន! ស្ដេច​ទ្រង់​ហៅ​កូន​ទៅ ឥឡូវ​រាជ​បម្រើ​គេ​អង្គុយ​តែ​ចាំ» ។ 

7

ចៅ​កាំ​បិត​បន្ទោះ ក៏​លុប​មុខ សិត​សក់ ឆ្លុះ​កញ្ចក់ ស្លៀក​សំពត់ ចុះ​ទៅ​ជា​មួយ​អាមាត្យ ទៅ​ដល់​ស្ដេច​មាន​ព្រះ​បន្ទូល​សួរ​ថា «ហ្នឹង​ហើយ​ឬ​កូន​អ្នក​ឯង​មហាសេដ្ឋី?» ។ មហា​សេដ្ឋី​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! ហ្នឹង​ហើយ​កូន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ» ។ ស្ដេច​ទ្រង់​សួរ​ថា «នរណា ដេក​ចាំ​វាំង​យប់​មិញ?» ។ ចៅ​កាំ​បិត​បន្ទោះ​ដង​មួយ ក្រាប​បង្គំ​ទូល​ថា «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ទទួល​ព្រះ​រាជ​មាន​ដំណេក​យប់​មិញ» ។ ស្ដេច​ទ្រង់​ព្រះ​សណ្ដាប់​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​មហា​សេដ្ឋី​ថា «មហាសេដ្ឋី! ការ​ដែល​ដាច់​រលំ​ព្រះ​រាជ​រោង​អញ​អស់​នេះ អញ​ពុំ​មាន​ចិត្ត​ខឹង​ទេ ធ្វើ​ឡើងជា​ថ្មី​ទៀត​បាន តែ​រើស​រក​មនុស្ស​ដូច​កូន​អ្នក​នេះ​មិន​បាន​ទេ នេះ​ហើយ ទើប​គេ​ហៅ​មនុស្ស​ពេញ​លក្ខណៈ» ហើយ​ទ្រង់​សួរ​ថា «ចៅ​ឯង​ឈ្មោះ​អ្វី?»។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ឈ្មោះ ចៅ​កាំបិត​បន្ទោះ​ដង​មួយ»។ ស្ដេច​មាន​ព្រះ​បន្ទូល​ថា «ចៅ​កាំបិត​បន្ទោះ! យប់​មិញ ដែល​ឯង​ដេញ​កាប់​អញ​នោះ តើ​កាប់​នឹង​អ្វី?» ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ក្រាប​ទូល​ថា «ទូល​ព្រះ​បង្គំ​កាប់​នឹង​កាំបិត​បន្ទោះ​ដង​មួយ» ។ ទ្រង់​មាន​ព្រះ​បន្ទូល​ថា «ចៅ​ឯង​យក​កាំបិត​បន្ទោះ​នោះ​មក​មើល! បើ​ថា​ឯង​កាប់​នឹង​កាំបិត​បន្ទោះ​នោះ​មែន» ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ទូល​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! បើ​ទ្រង់​ចង់​ជ្រាប​ថា កាំបិត​បន្ទោះ​នេះ​មុត​ឬ​មិន​មុត ទ្រង់​ឲ្យ​យក​ក្ដារ​មក​ដាក់​តម្រួត​គ្នា ៧ ជាន់ ទូល​ព្រះ​បង្គំ​គ្រាន់​តែ​អូស​ថ្វាយ​ទត» ។ ស្ដេច​ពុំ​ជឿ ទ្រង់​បង្គាប់​អាមាត្យ​ឲ្យ​យក​ក្ដារ​មក​ដាក់​ត្រួត​គ្នា ៧​ជាន់ ហើយ​ទ្រង់​ឲ្យ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​យក​កាំបិត​បន្ទោះ​ទៅ​អូស ដើម្បី​ទ្រង់​ទត ។ ចៅ​កាំ​បិត​បន្ទោះ​ដង​មួយ ក៏​យក​កាំបិត​បន្ទោះ​ទៅ​អូស​កាត់​ទទឹង រួច​ស្ដេច​ទ្រង់​សួរ​ថា «ដាច់​ហើយ​ឬ​នៅ?» ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ ក្រាប​ទូល​ថា «ដាច់​ហើយ» ។ ស្ដេច​មាន​ព្រះ​បន្ទូល​ថា «បើ​ដាច់​ហើយ ម្ដេច​ក៏​គ្មាន​ស្នាម?» ។ ចៅ​កាំបិត​បន្ទោះ​ដង​មួយ ក្រាប​ទូល​ទៀត​ថា «សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស! បើ​ទ្រង់​ពុំ​ជឿ ឲ្យ​មនុស្ស​ទាញ​ចុង​ទាញ​ដើម​មើល ទើប​ទ្រង់​ជ្រាប​ថា​ដាច់​ឬ​មិន​ដាច់» ។ ស្ដេច​ឮ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ក្រាប​ទូល​ដូច្នោះ​ទ្រង់​ឲ្យ​អាមាត្យ​ចាប់​ទាញ​ចុង​ដើម ឃើញ​ដាច់​ចេញ​ពី​គ្នា​ដូច​គេ​កាត់ ។ កាល​ទ្រង់​ទត​ឃើញ​ក្ដារ​ដាច់​ចេញ​ពី​គ្នា​ដូច្នោះ ទើប​ទ្រង់​ភ័យ​ជា​ក្រោយ ដោយ​ទ្រង់​នឹក​ក្នុង​ព្រះទ័យ​ថា «យប់មិញ បើ​ប្រសិន​ជា​ចៅ​កាំបិត​បន្ទោះ​ដង​មួយ វា​កាប់​ត្រូវ​អញ សម​អញ​ស្លាប់​បង​អសារ គ្មាន​នរណា​សម​សោះ នេះ​ហេតុ​តែ​បុណ្យ​អញ​មាន បាន​ជា​មិន​ស្លាប់! ។ ព្រះ​មហាក្សត្រ ទ្រង់​ទត​យល់​ដូច្នោះ​ហើយ ទ្រង់​មាន​ព្រះ​បន្ទូល​ប្រាប់​មហា​សេដ្ឋី​ថា «កូន​អ្នក​នេះ ទើប​ពេញ​ជា​មនុស្ស​ចេះ​រក្សា​ទឹក​ដី​មែន អាច​ធ្វើ​ជា​មន្ត្រី​រក្សា​ស្ដេច​បាន មន្ត្រី​អញ​ទាំង​អស់ ដែល​ស្លាប់​ទៅ​នោះ គ្មាន​នរណា​មួយ​ចេះ​ដឹង​ខុស​ត្រូវ រក្សា​ទឹក​ដី​រក្សា​ស្ដេច​បាន​ទេ ទី​កន្លែង​អញ វា​ហាន​ដេក ចំណី​អញ​វា​ហ៊ាន​ស៊ី បើ​ចំណី​និង​ដំណេក​អញ វា​ហ៊ាន​ធ្វើ​យ៉ាង​នេះ​ទៅ​ហើយ បើ​ប្រសិន​អញ​មិន​នៅ មើល​ទៅ​ចិត្ត​នាហ្មឺន ដែល​អញ​សម្លាប់​នេះ ប្រហែល​ជា​វា​ហ៊ាន​ឡើង​ដេក​នឹង​ប្រពន្ធ​កូន​អញ មិន​លែង​ឡើយ» ហើយ​ទ្រង់​បង្គាប់​មហា​សេដ្ឋី​ថា «មហា​សេដ្ឋី! កូន​ស្រី​របស់​អ្នក​ត្រូវ​អ្នក​រៀប​ផ្សំ​ផ្គុំ​ ឲ្យ​ជា​ប្រពន្ធ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ទៅ ។ ឯ​មហាសេដ្ឋី និង​ចៅ​កាំបិត​បន្ទោះ​ដង​មួយ ក៏​ថ្វាយ​បង្គំ​លា​ស្ដេច​វិញ​មក​ផ្ទះ​វិញ ។ 

8

មហាសេដ្ឋី ឲ្យ​រៀប​ធ្វើ​រោង​ផ្កា​ស្លា ដើម្បី​រៀប​ការ​កូន​ស្រី ផ្សំ​ផ្គុំ​នឹង​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​នោះ ហើយ​មហាសេដ្ឋី​អញ្ជើញ​អស់​អ្នក​មុខ​អ្នក​ការ ឧកញ៉ា ពញា​ព្រះ ជំទាវ ខុនណាង ញាតិ​សាច់​ជិត​ខាង​មក​ពិសា​ការ ។ ដល់​បាន​ឫក្ស​ពារ​ពេលា​ល្អ ក៏​រៀប​ពិធី​មង្គល​ការ​ចង​ដៃ​ឲ្យ​ពរជ័យ​សួស្ដី ផ្សំ​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​នឹង​កូន​ស្រី ជា​ប្ដី​ប្រពន្ធ​ស្រេច​បរិបូណ៌ ជា​សុខ​សប្បាយ​ទៅ ។ ឯ​ចៅ​កាំបិត​បន្ទោះ លុះ​មាន​ប្រពន្ធ​កាល​ណា ពុំ​មាន​ខ្ជិល​ច្រអូស​ឡើយ តែង​ទៅ​គាល់​ស្ដេច​តែ​សព្វ​ថ្ងៃ​រៀង​ទៅ ។ លុះ​ព្រះ​រាជា​កាន់​តែ​ចាស់​ជរា ទ្រង់​នឹក​ក្នុង​ព្រះ​ចិន្ដា​ថា «អញ​ចាស់​ជរា​ហើយ នឹង​រក​បុត្រា​គ្មាន មាន​តែ​បុត្រី​អំណើះ​ពី​អញ​ទៅ នគរ​អញ​នឹង​សូន្យ ព្រោះ​គ្មាន​កូន​ណា​នឹង​សោយ​រាជ្យ​ស្នង​អញ​នេះ​បាន ឥឡូវ​ឃើញ​តែ​ចៅ​កាំ​បិត​បន្ទោះ​នេះ វា​មាន​ចំណេះ​ប្រាជ្ញា​កិរិយា​មារយាទ​ល្អ​ណាស់ ដូច្នេះ គួរ​អញ​ផ្សំ​ផ្គុំ​បុត្រី​អញ​ឲ្យ​ទៅ​វា ឲ្យ​វា​សោយ​រាជ្យ​ស្នង​អញ រក្សា​អស់​អាណា​ប្រជានុរាស្ត្រ​ចុះ» ។ ស្ដេច​ទ្រង់​ព្រះ​តម្រិះ​ក្នុង​ព្រះ​ចិន្ដា​តែ​ប៉ុណ្ណោះ ក៏​ទ្រង់​ព្រះ​បញ្ជា​ឲ្យ​សង់​រោង​មង្គល​អាពាហ៍ពិពាហ៍ ទ្រង់​ឲ្យ​ហោរ​គន់​គូរ​រក​ឫក្ស​ពេលា​ល្អ​ហើយ ទ្រង់​ឲ្យ​មហាសេដ្ឋី​ចៅ​កាំបិត​បន្ទោះ​ដង​មួយ​ទៅ​ថ្វាយ​ព្រះ​អង្គ​ៗ ទ្រង់​អភិសេក​ឲ្យ​សោយ​រាជ​សម្បត្តិ​ជា​ស្ដេច រក្សា​អស់​អាណា​ប្រជានុរាស្ត្រ​ជា​សុខ​សប្បាយ​ត​ទៅ ។ ឯ​នាង​ជា​កូន​ស្រី​មហាសេដ្ឋី ក៏​ទ្រង់​ឲ្យ​យក​មក​នៅ​ជា​មួយ​គ្នា ។ ស្ដេច​កាំបិត​បន្ទោះ ទ្រង់​ឲ្យ​មហា​សេដ្ឋី​ធ្វើ​ជា​អគ្គមហាសេនា សម្រាប់​ធ្វើ​រាជការ​រក្សា​ព្រះ​នគរ​ស្នង​ព្រះ​អង្គ, ក្រោយ​មក​ព្រះ​មហា​ក្សត្រ​ជា​ព្រះ​វរបិតា ទ្រង់​ចាស់​ជរា ទ្រង់​ព្រះ​ទិវង្គត​ទៅ ។ ស្ដេច​កាំ​បិត​បន្ទោះ​ឲ្យ​ធ្វើ​សាលា សង់​មេរុ​ប្រាសាទ បូជា​ព្រះ​បិតា​មាតា ធ្វើ​បុណ្យ​ឆ្លង ហើយ​ធ្វើ​ព្រះ​ចេតិយ​បញ្ចុះ​ព្រះ​ធាតុ​ទាំង​ពីរ​ព្រះ​អង្គ ។ 

ស្ដេច​កាំបិត​បន្ទោះ​ក៏​គង់​នៅ​ជា​សុខ ឥត​ទុក្ខ​សោក​រោគា​បៀតបៀន​ឡើយ ហើយ​ទ្រង់​នឹង​ចង់​ទៅ​ថ្វាយ​បង្គំ​ស្ដេច ដែល​ទ្រង់​ឲ្យ​ធ្វើ​កាំបិត​បន្ទោះ​ព្រះ​រាជទាន​មក​កាល ដែល​ជា​បុរស​នៅ​ឡើយ រួច​ទ្រង់​ឲ្យ​ឲ្យ​មន្ត្រី​រៀប​កេណ្ឌ​ពល​ថ្មើរ​ជើង រៀប​ព្រះ​ទីន័ង​គជេន្ទ្រ ព្រះ​ទីន័ង​អស្សពាហ៍​រួច​ហើយ ទ្រង់​ផ្ដាំ​អគ្គមហាសេនា ឲ្យ​ថែរក្សា​ព្រះរាជវាំង មើល​ព្រះ​អគ្គមហេសី​ទាំង​ពីរ ហើយ​ស្ដេច​យាង​ឡើង​ព្រះ​ទីន័ង​គជេន្ទ្រ បរ​ចេញ​ទៅ ៣​ខែ ទើប​ដល់ ។ លុះ​ស្ដេច​យាង​ដល់​ហើយ ក៏​ទ្រង់​ឲ្យ​អមាត្យ​ចូល​ទៅ​ទូល​ថា «ត្បិត​ស្ដេច​កាំបិត​បន្ទោះ​ដង​មួយ ដែល​កាល​ពី​ដើម​បាន​ថ្វាយ​ខ្សែ​ចង ដំបង​វាយ​ឯង ឆ្នាំង​ឆ្អិន​ឯង និង​កែវ​ជ្រូក​ដើរ​លើ​ទឹក ហើយ​ទ្រង់​ឲ្យ​ធ្វើ​កាំបិត​បន្ទោះ​ដង​មួយ​ព្រះរាជទាន​ទៅ ឥឡូវ​បាន​សោយរាជ្យ​ជា​ស្ដេច ចូល​មក​ថ្វាយ​បង្គំ​ព្រះអង្គ» ។ អមាត្យ​ទទួល​ព្រះ​បណ្ដាំ ក៏​ថ្វាយ​បង្គំ​ទូល​ស្ដេច​នោះ​តាម​ព្រះរាជ​បញ្ជា ។ ស្ដេច​នោះ​ទ្រង់​ជ្រាប ក៏​ទ្រង់​ឲ្យ​រៀប​ទទួល​យ៉ាង​មហោឡារិក ។ អមាត្យ​វិល​ទៅ​ទូល​ស្ដេច​កាំបិត​បន្ទោះ​វិញ​ថា «ស្ដេច​ម្ចាស់​នគរ​សុំ​ព្រះអង្គ​ស្ដេច​យាង​ចូល​ទៅ​ជា​ឆាប់ ត្បិត​ទ្រង់​រឭក​ណាស់» ។ ឯ​ស្ដេច​កាំបិត​បន្ទោះ ក៏​ទ្រង់​ឲ្យ​ពួក​រេហ៍ពល​យោធា​ដង្ហែ​ព្រះ​អង្គ​យាង​ចូល​ទៅ ។ ស្ដេច​ម្ចាស់​នគរ​ទត​ទៅ​ស្ដេច​កាំបិត​បន្ទោះ ឃើញ​ប្លែក​ណាស់ ស្ទើរ​ពុំ​ស្គាល់ ក៏​ទ្រង់​ចុះ​ចុង​ព្រះរាជរោង មក​ទទួល​ចាប់​ព្រះហស្ត​នាំ​ឡើង​ទៅ ហើយ​ទ្រង់​រៀប​ជប់​លៀង​អស់​ពួក​ពល​នាហ្មឺន​សព្វ​មុខ​មន្ត្រី ឲ្យ​ស៊ី​ផឹក​សប្បាយ ហើយ​ស្ដេច​ម្ចាស់​នគរ​ទ្រង់​គិត​ក្នុង​ព្រះទ័យ​ថា «ខ្លួន​អញ​ចាស់​ហើយ, គ្មាន​បុត្រា​នឹង​សោយ​រាជ្យ​ស្នង ឥឡូវ ចៅ​កាំបិត​បន្ទោះ​នេះ មាន​បុណ្យ​ណាស់ បាន​សោយ​រាជ្យ​ជា​ស្ដេច អញ​មាន​បុត្រី​មួយ​នេះ មិន​ដឹង​ឲ្យ​ទៅ​អ្នក​ណា» ទ្រង់​ព្រះតម្រិះ​ដូច្នេះ​ហើយ ទ្រង់​ក៏​ឲ្យ​រៀប​មង្គល​អាពាហ៍ពិពាហ៍ ផ្សំ​ផ្គុំ​ព្រះ​រាជបុត្រី នឹង​ស្ដេច​កាំបិត​បន្ទោះ​នោះ អភិសេក​ឲ្យ​សោយ​រាជ្យ​ជា​ស្ដេច​ទៅ ។ ឯ​ខ្សែ​ចង​ដំបង​វាយ ឆ្នាំង​ឆ្អិន​ឯង កែវ​ជ្រូក ស្ដេច​ជា​ព្រះបិតា​លើក​ព្រះរាជទាន​ឲ្យ​ព្រះ​រាជបុត្រ​ទាំង​អស់ ។ ស្ដេច​កាំបិត​បន្ទោះ លុះ​បាន​សោយ​រាជ្យ​នគរ​ពីរ​ហើយ នឹក​ដល់​បង​នៅ​ស្រុក​ចិន ទ្រង់​ក៏​ប្រើ​ឲ្យ​ទៅ​យក​ពី​ស្រុក​ចិន​មក ឲ្យ​ធ្វើ​អគ្គមហាសេនា​ស្ដី​ការ​រាជការ​ជា​ធំ​ក្នុង​នគរ ។ ហើយ​ស្ដេច​កាំបិត​បន្ទោះ​ថ្វាយ​បង្គំ​លា​ព្រះមាតា​បិតា ផ្ដាំ​បង​ឲ្យ​មើល​ការ​រាជការ​រក្សា​វាំង ហើយ​ស្ដេច​យាង​វិល​ទៅ​នគរ​ដើម​វិញ តែង​យាង​ទៅ​យាង​មក​ទត​ការ​ខុស​ត្រូវ ថែ​ទាំ​រក្សា​អស់​អាណា​ប្រជានុរាស្ត្រ ជា​សុខ​សប្បាយ​រៀង​ទៅ ៕

Sunday, November 24, 2024

រឿង ដើមភ្លៅនាង

kkkចំនួនអ្នកទស្សនា: Views



រឿង ដើមភ្លៅនាង

 គ្រាន់តែឮឈ្មោះថាដើម “ភ្លៅនាង” គេនឹកឆ្ងល់ភ្លាម ចង់ដឹងប្រវត្តិដើមនេះថា តើរឿងរ៉ាវដូចម្ដេច បានជារុក្ខជាតិនេះមាននាមពីរោះម្ល៉េះ ? បើសង្កេតពីរូបភាពនៃដើមនេះវិញ គេឃើញថា មានដើ​ម​

នោះ​ត្រសូល​ស្អាត​ ពុំសូវមានថ្នាំងឬភ្នែករដិបរដុបទេ ឯសម្បុរសម្បកទៀតសោត ក៏សស្អាត នាំឲ្យនឹកថា ៖ ប្រហែលជាបុរាណលោកប្រដូចដើមនេះ ទៅនឹងសាច់ភ្លៅរបស់ស្រីណាមួយហើយមើលទៅ ។ ដើម្បីដោះស្រាយសេចក្ដីឆ្ងល់នេះ ក្រុមជំនុំទំនៀមទម្លាប់សូមជូនឯកសារមួយ ដែលមាននិទាន១ រឿងដូចតទៅនេះ ៖

កាលនោះមានព្រះរាជាមួយអង្គ ព្រះនាមពុំប្រាកដ រឿងនេះកន្លងទៅច្រើនសតវត្សមកហើយ ព្រះរាជាអង្គនោះទ្រង់មានស្នំមហេសីច្រើនអង្គ មានព្រះរាជបុត្រក៏ច្រើន ។ លុះយូរបន្តិចមក ព្រះ​រាជា​អង្គ​

នេះ ទ្រង់សព្វព្រះរាជហឫទ័យនឹងនាងមួយឈ្មោះនាងចាន់ ព្រះអង្គទ្រង់យកនាងនោះធ្វើជាស្នំពៅបង្អស់ ។ នាងនោះ មានរូបឆោមលោមពណ៌ ល្អយ៉ាងឆើតជាងស្នំមហេសីទាំងអស់ តែ​នាង​នោះ​ឥត​មាន​ព្រះ​រាជ​បុត្រ​ទេ ម្ល៉ោះហើយព្រះអង្គ ក៏សព្វព្រះរាជទ័យជាជាងស្នំមហេសីទាំងអស់ដែរ ព្រោះនាងចេះប្រកបកិច្ចការងារដណ្ដាំស្ល ធ្វើភោជនាហារត្រូវព្រះទ័យព្រះអង្គ ។ ព្រះ​រាជ​ក៏​លើក​តម្កើង​នាង​ចាន់ ធ្វើជាព្រះអគ្គមហេសី ធំលើសគេឯង ។ និយាយពីនាងចាន់នេះ នាងមានក្រចកម្រាមដៃល្អលូតលាស់វែង ៗ គ្រប់ទាំងដប់ បីដូចជាស្លាបព្រា បើ​ធ្វើ​ក្រយា​ស្ងោយ​ថ្វាយ​ស្ដេច​នាង​យក​ក្រចក​ដង​ទឹក ឬដួសដស់គ្រឿងផ្សេង ៗ ដើម្បីធ្វើជារង្វាល់ឲ្យដឹងប្រមាណ មិនឲ្យប្រៃពេកឬសាបពេកឲ្យតែល្មម សូម្បីនាងបង់ព្រហក់ អំបិល ស្លឹកគ្រៃ ឬគ្រឿងអ្វីក្នុងសម្លក្ដី នាង​ក៏យក​ក្រចក​ម្រាម​ដៃ​ធ្វើ​ជា​ស្លាប​ព្រា ម្ល៉ោះហើយនាងស្លដោយមានកម្រិតកំណត់ត្រឹមត្រូវ សម្លនោះមានឱជារសឆ្ងាញ់ណាស់ នាំឲ្យព្រះស្វាមីសព្វព្រះរាជហឫទ័យរាល់ពេលវេលា ។ លុះចំណេរយូរទៅ ព្រះមហេសីដើមទាំងអស់ ក៏​មាន​ការ​ក្ដៅ​ក្រហាយ​ច្រណែននិន្ទាថា ហេតុអ្វីក៏ព្រះអង្គ តាំងពីបាននាងចាន់ ដែលជាកូនរាស្ត្រសុទ្ធសាធធ្វើជាស្នំ ហើយលើកតម្កើងជាអគ្គមហេសីលើសយើងរាល់គ្នាយ៉ាងនេះ ? ហាក់ដូចជាព្រះអង្គបង់ស្នេហាអំពីយើងគ្រប់គ្នាហើយ ។ ដូច្នេះ យើងរាល់គ្នា មិនត្រូវនៅក្រអេះព្រងើយកន្តើយឡើយ ត្រូវតែរកឧបាយណាមួយ ដើម្បីឲ្យព្រះអង្គជាស្វាមីនៃយើង ឃ្លាតចាកសេចក្ដីស្នេហាអំពីនាងចាន់ចេញ ទើបយើងរាល់គ្នានឹងបានសេចក្ដីសុខ ។ គិតដូច្នោះហើយ ក៏នាំគ្នាឡើងទៅគាល់ព្រះរាជា ក្រាបទូលដោយសេចក្ដីពិតថា ៖

បពិត្រព្រះអង្គជាស្វាមី សូមព្រះអង្គជ្រាប ខ្ញុំម្ចាស់ទាំងអស់គ្នាបានឃើញហេតុច្បាស់ អំពីនាងចាន់ ។ ព្រះអង្គហាក់ដូចពុំបានជ្រាបការណ៍អ្វីសោះ ។ នាងនេះជាមនុស្សស្មោកគ្រោកជួជាតិអាក្រក់

សព្វ​ថ្ងៃ​នេះ បើនាងធ្វើក្រយាស្ងោយថ្វាយព្រះអង្គ ខ្ញុំម្ចាស់បានឃើញច្បាស់ នាងយក ក្រចកម្រាមដៃនាង ដួស ដងគ្រឿងដាក់ក្នុងសម្លនោះ។ ប៉ុន្តែ បើព្រះ​អង្គ​មិន​ជឿ​រឿង​នេះ​ដូច​ជា​ខ្ញុំ​ម្ចាស់​បាន​ក្រាប​ទូល​ទេ សូមព្រះអង្គចាត់រាជបម្រើណាមួយ លបមើលក្នុងពេលដែលនាងធ្វើក្រយាស្ងោយថ្វាយព្រះអង្គចុះ ទើបជ្រាបនូវហេតុពិតនោះពុំខាន ។


ព្រះរាជា កាលបានទ្រង់ព្រះសណ្ដាប់អំពីមហេសីទាំងអស់ក្រាបទូលដូច្នោះហើយ ក៏ព្រះអង្គទ្រង់ក្រោធ ទ្រង់ចាត់រាជបម្រើមួយឲ្យទៅតាមសង្កេតនូវហេតុនោះ តើពិតឬពុំពិត ។ លុះរា​ជ​បម្រើ​បាន​

សង្កេត​ទៅ ឃើញពិតដូច្នោះមែន ទើបព្រះមហាក្សត្រ ទ្រង់ចាត់នាយពេជ្ឈឃាដឲ្យយកនាងចាន់ទៅសម្លាប់ចោល ។

ឯនាងចាន់កាលបើនាងបានដឹងនូវហេតុដែលព្រះអង្គខ្ញាល់នឹងអំពើ ដែលនាងបានធ្វើដូច្នោះ នាងក៏មានសេចក្ដីតក់ស្លុត នាងបានភៀសខ្លួនរត់ចេញពីព្រះបរមរាជវាំង ដើម្បីឲ្យរួចពីសេចក្ដីស្លាប់ ។

ឯ​ពេជ្ឈ​ឃាដ​ក៏ទៅរកចាប់នាងតាមព្រះតម្រាស់ តែរកនាងពុំឃើញក្នុងប្រាសាទ ក៏ឡើងទៅក្រាបបង្គំទូលព្រះរាជា ។ ព្រះរាជាទ្រង់ឲ្យលើកទ័ពពលរេហ៍ទៅតាមចាប់នាងឲ្យបានយកមកសម្លាប់ចោល ។

កាលនោះ ពួកពលសេនាលើកទ័ពតាមរកនាងអស់ជាយូរថ្ងៃយូរខែពុំបានជួបនាងសោះ ។ ឯនាងក៏ខំរត់ឲ្យរួចពីព្រះអាជ្ញាដែរ តែចៃដន្យបុព្វកម្មអ្វីរបស់នាងពីអតីតជាតិ ក៏ឲ្យពួកពលសេនា តាម​នាង​

ទាន់​នៅទីកន្លែងមួយ ចាប់យកនាងបានហើយនាំទៅធ្វើឃាតចោលទៅ ។

និយាយអំពីនាងចាន់ មុននឹងស្លាប់ នាងបាននឹកដល់វាសនាអភ័ព្វរបស់ខ្លួន ដែលបានធ្វើជាមហេសីហើយ ជាអកុសលអ្វីមកបណ្ដាលឲ្យព្រះរាជាទ្រង់ក្រោធយកទោសដល់ជីវិត ។ ម្ល៉ោះហើយ

នាងក៏តាំងសច្ចាចំពោះទេវតាដែលស្ថិតនៅដើមព្រឹក្សាលតាវល្លិ សូមឲ្យលោកធ្វើជាសាក្សីថា ៖

ឱ ! ជីវិតសង្ខាររបស់ខ្ញុំ ពេលនេះមច្ចុរាជ គឺសេចក្ដីស្លាប់តាមមកទាន់ហើយ, នឹងបណ្ដាច់សេចក្ដីស្នេហារបស់ខ្ញុំអំពីអង្គព្រះស្វាមីឥឡូវហើយ, ដោយព្រះស្វាមីក្រោធចំពោះរូបខ្ញុំ ដែល​ទ្រង់​ពុំ​បាន​ពិចារ​

ណា​រក​ហេតុផលជាមុន ឬមួយព្រះអង្គ ពុំមានប្រោសមេត្តាដល់រូបខ្ញុំសោះទេ ។ នោះខ្ញុំសូមសច្ចាផ្សងថា “ អាការទាំង ៣២ របស់ខ្ញុំ ឲ្យបានទៅជាឈ្មោះរុក្ខាលតាវល្លិទាំងនេះ ហើយ​ឲ្យ​ព្រះ​អង្គ​បាន​ជួប​នឹង​ឈ្មោះ​ដែល​ជានាមនៅជាប់នឹងឈើទាំងនេះ កុំបីឲ្យរំលងរួចឡើយ ។ ឯនាមរបស់ខ្ញុំផ្ទាល់សូមផ្ញើនឹងដើមក្រិស្នាដែលមានក្លិនក្រអូប ហើយជាទីសព្វព្រះរាជហឫទ័យរបស់ព្រះអង្គផង ” ។

សច្ចាបួងសួងចប់ហើយ ពេជ្ឈឃាដក៏ប្រហារជីវិតនាងក្ស័យបង់ទៅ ។ ចំណែកនាមឈ្មោះរបស់នាង ក៏បានទៅប្រតិស្ឋជាប់នឹងដើមក្រិស្នាទៅជា “ ចន្ទន៍ក្រិស្នា ” ឯអាយតនៈដទៃទៀត ក៏​ទៅ​ប្រតិស្ឋ​រូបភាព​ទៅនឹង​រុក្ខជាតិផ្សេង ៗ ដូចជា ៖

– កេសា បាននៅជាប់នឹងផ្លែពោត ហៅថាសក់ពោត,

– លោមា គឺរោមបាននៅជាប់នឹងម្អម,

– មំសំ គឺសាច់នាងផ្ញើនឹងដើមចាក,

– ឯសាច់ភ្លៅដែលសទ្រលុកទ្រលន់នោះ បានផ្ញើនឹងដើមឈើមួយបែប ដែលមានដើមតូចល្មម គេហៅជាប់ថាដើម “ ភ្លៅនាង ៗ ” រហូតដល់សព្វថ្ងៃនេះ ៕ 

រឿង ភ្នំ​បាណន់​

kkkចំនួនអ្នកទស្សនា: Views

 រឿង ភ្នំ​បាណន់​

(នៅ​ខេត្ត​បាត់​ដំបង)

រឿង ភ្នំ​បាណន់​

នៅ​ខាង​លិច​ស្ទឹង​សង្កែ ស្រុក​សង្កែ ជ្រុង​អាគ្នេយ៍​ទី​ក្រុង​បាត់​ដំបង ចម្ងាយ​ប្រហែល​ជា ១០ គីឡូ​ម៉ែត្រ មាន​ភ្នំ​មួយ​ឈ្មោះ ភ្នំ​បាណន់ ជា​បូជនីយដ្ឋាន​សក្ដិសិទ្ធិ ដែល​អ្នក​ស្រុក​តែង​ធ្វើ​ពិធី​បូជា​តាំង​បុរាណ​កាល ។

រឿង​ព្រេង​ភ្នំ​នេះ មាន​ដូច​តទៅ ៖

តាម​ចាស់​ៗ​ដំណាល​ថា កាល​ពី​ព្រេង​នាយ មាន​សេដ្ឋី​ម្នាក់​​មាន​កូន​ស្រី​មួយ​ឈ្មោះ​នាង រំសាយ​សក់ នាង​នោះ​ចេះ​តែ​ឈឺ​ដោយ​ជំងឺ​រាំង​រដូវ​ជា​យូរ​ឆ្នាំ ។ ក្រោយ​មក​មាន​តាបស​ម្នាក់​ឈ្មោះ​តា គ្រាម បាន​ទទួល​មើល​ជំងឺ​នាង​នោះ​លុះ​ត្រា​តែ​ជា កាល​ជា​ហើយ មហា​សេដ្ឋី​ជា​ឪពុក​នាង បាន​ផ្សំ​ផ្គុំ​ឲ្យ​ជា​ភរិយា​តាបស​នោះ ។ តាបស​ បង្ហាត់​បង្រៀន​ឲ្យ​នាង​ចេះ​មន្ត​អាគម​ផ្សេងៗ​ជា​ច្រើន មាន​មន្ត​ហៅ​ខ្យល់​ព្យុះ​ជា​ដើម ។

តាបស​និង​ភរិយា​នៅ​ក្នុង​រូង​ភ្នំ​មួយ ហៅ​ថា ព្រះ​ទឹក ឬ ប្រទឹក តាម​សំដី​អ្នក​ស្រុក ។ រូង​ភ្នំ​នោះ​នៅ​ខាង​ត្បូង ភ្នំ​បាណន់ សព្វ​ថ្ងៃ តែ​កាល​នោះ ភ្នំ​បាណន់​ នោះ​គេ​ហៅ​ថា ភ្នំ​ប្រាសាទ ។ ខាង​ក្រោយ​មក មាន​ព្រះ​រាជ​បុត្រ​ស្ដេច​មួយ​ព្រះ​អង្គ ព្រះ​នាម​ចៅ​រាជកុល មក​សុំ​រៀន​មន្ត​វិជ្ជា​ផ្សេង​ៗ តា គ្រាម ។ តាបស​សុខ​ចិត្ត​បង្ហាត់បង្រៀន​ព្រះ​រាជ​បុត្រ​នេះ​លុះ​ត្រា​តែ​ចេះ ប៉ុន្តែ​ហាម​ព្រះ​រាជ​កុមារ​មិន​ឲ្យ​មើល​ប្រពន្ធ​សោះ ដោយ​គាត់​ខ្លាច​ចៅ​រាជកុល ស្រឡាញ់​ប្រពន្ធ​គាត់ ព្រោះ​នាង រំសាយ​សក់ រូប​ល្អ​ណាស់ ។

កន្លង​ជា​យូរ​ខែ​ក្រោយ​មក​, ពេល​មួយ ចួន​ជា​តាបស​មិន​នៅ​ចៅ រាជកុល ទៅ​លួច​មើល​ប្រពន្ធ​គាត់ ឃើញ​រូប​នាង​ល្អ​ឆើត ក៏​កើត​សេចក្ដី​ប្រតិព័ទ្ធ​លួច​សាកសួរ​ចិត្ត​នាង​ៗ ស្រឡាញ់​ចៅ រាជកុល ដែរ ក៏​ទទួល​ព្រម ។

ថ្ងៃ​មួយ តាបស​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​រក​វត្ថុ​ផ្សេង​ៗ អ្នក​ទាំង​ពីរ​បាន​ឱកាស​ល្អ ក៏​នាំ​គ្នា​ជិះ​សំពៅ​រត់​ចោល​តាបស​ទៅ ។

កាល​តាបស​ត្រឡប់​មក​ពី​ព្រៃ​វិញ ពុំ​ឃើញ​អ្នក​ទាំង​ពីរ​នៅ​ក្នុង​រូង​ភ្នំ គាត់​ក៏​ដឹង​ថា​ចៅ រាជកុល​និង​ភរិយា​គាត់​ពង្រត់​គ្នា​ទៅ គាត់​តាម​ទៅ​ដល់​មាត់​សមុទ្រ បាន​ឃើញ​សំពៅ​ឃ្លាត​ឆ្ងាយ​ទៅ​ដល់​កណ្ដាល​សមុទ្រ​ទៅ​ហើយ ។ តាបស​ខឹង​ណាស់​ក៏​សេក​មន្ត​វិជ្ជា​ហៅ​ខ្យល់​ព្យុះ​ដើម្បី​បំផ្លាញ​សំពៅ នៅ​កណ្ដាល​សាគរ ។ ប៉ុន្តែ ដោយ​នាង​រំសាយ​សក់ ចេះ​មន្ត​វិជ្ជា​ដែរ ក៏​ធ្វើ​ឲ្យ​ខ្យល់​បក់​ផាត់​ខ្យល់​កំណាច​នោះ​ផុត​អស់ ។ តាបស​ឈឺ​ចិត្ត​ខ្លាំង​ពេក ក៏​ដួល​ស្លាប់​នៅ​ឆ្នេរ​សមុទ្រ​នោះ​ទៅ ។

អ្នក​ទាំង​ពីរ​ដឹង​ហេតុ​ដូច្នោះ ក៏​នាំ​គ្នា​ត្រឡប់​សំពៅ​មក​កាន់​រូង​ភ្នំ​ប្រទឹក​វិញ នៅ​រួម​សុខ​ទុក្ខ​ជា​មួយ​គ្នា ។

ខាង​ក្រោយ​មក ចៅ​រាជកុល ត្រឡប់​មក​រក​នាង រំសាយ​សក់ វិញ នាង​ប្រពន្ធ​ដើម​ខឹង​ណាស់ ក៏​ប្រើ​ក្រពើ​នាង​ឈ្មោះ អាធន់ ឲ្យ​ទៅ​ឃាំង​ផ្លូវ​កុំ​ឲ្យ​ចៅ​រាជកុល ទៅ​វិញ​បាន ។ ឯ​នាង រំសាយ​សក់ លុះ​ក្រឡេក​ឃើញ​សំពៅ​ប្ដី​ទៀប​លិច ក៏​បន់​ទេវតា​ដែល​នៅ​រក្សា​ភ្នំ​ប្រាសាទ​ថា “សូម​ឲ្យ​តែ​ជួយ​ប្ដី​ខ្ញុំ​ឲ្យ​រួច​ពី​គ្រោះ​ថ្នាក់​ចុះ ខ្ញុំ​នឹង​ថ្វាយ​ភ្នំ​នេះ ” ។ ដោយ​អំណាច​បំណន់​នោះ នាង​​នឹង​ប្ដី​ក៏​បាន​សុខ​សប្បាយ ហើយ​ថ្វាយ​ភ្នំ​នោះ​លា​បំណន់ ។ តាំង​ពី​នាង​បន់​នោះ​មក គេ​ហៅ​ភ្នំ​ប្រាសាទ​នោះ​ថា ភ្នំ​បំណន់ តែ​សព្វ​ថ្ងៃ គេ​ហៅ​ក្លាយ​មក​ថា ភ្នំ​បាណន់ វិញ ។

នៅ​ជើង​ភ្នំ​នោះ មាន​រូង​ជ្រៅ​ធំ​ទូលាយ អាច​ឲ្យ​មនុស្ស​ចូល​ទៅ​​បាន​ដោយ​ស្រួល ដំបូល​រូង​កោង​ដូច​ដំបូល​ទូក មាន​កន្លែង​ទឹក​ស្រក់​មាន​តម្រង​ទឹក​ថ្ម​រាង​ដូច​ត្បាល់​បុក​អង្ករ ទំហំ​ប្រហែល​ជា​ប៉ុន​ល្អី ។ រូង​នោះ​មាន​ទំហំ​ប្រហែល ១២ ម៉ែត្រ​បួន​ជ្រុង ជញ្ជាំង​ថ្ម ពុំ​មាន​ចម្លាក់​អ្វី​ទេ ប៉ុន្តែ​នៅ​ខាង​ត្បូង​តម្រង​ទឹក​ក្បែរ​ជញ្ជាំង​មាន​ព្រះ​ពុទ្ធរូប​បាក់​បែក​ជា​ច្រើន ។ ពន្លឺ​ព្រះ​អាទិត្យ​ចូល​ទៅ​បំភ្លឺ​ពេញ​រូង​នោះ តាម​ប្រហោង​មួយ​​នៅ​លើ​ដំបូល ។ ផ្លូវ​ដែល​ចូល​ទៅ​ក្នុង​រូង​នោះ​តូច​ចុះ​តែ​មនុស្ស​ម្នាក់​ងងឹត​សូន្យ​, បើ​ចូល​ទៅ​តាម​ផ្លូវ​លុះ​តែ​អុជ​ចន្លុះ​បំភ្លឺ ហើយ​ដើរ​ជា​ជួរ​បន្ត​គ្នា ទើប​អាច​ចូល​ទៅ​ដល់​កន្លែង​ស្រក់​ទឹក​នោះ​បាន ។

តាម​អ្នក​ភ្នំ​បាណន់​នោះ​និយាយ​ថា ចួន​កាល​តម្រង​នោះ​មាន​ទឹក​ពេញ ចួន​កាល់​មាន​ទឹក​ត្រឹម​តែ​ពាក់​កណ្ដាល​, គេ​ថា​បើ​តម្រង​ថ្ម​មាន​ទឹក​ពេញ ជា​ប្រផ្នូល​ថា អ្នក​ស្រុក​បាន​ស្រូវ​បរិបូណ៌​, បើ​ទឹក​កន្លះ ថា អ្នក​ស្រុក​ធ្វើ​ស្រូវ​ពុំ​សូវ​បាន ។

ទឹក​ដែល​គេ​ឃើញ​នៅ​ក្នុង​តម្រង​នោះ ថ្លា​ឆ្វេង ហើយ​ជន់​ទាំង​ឡាយ​ដែល​ទៅ​ដល់​ទី​នោះ មិន​ដែល​ខាន​ក្បង់​ទឹក​នោះ មក​លុប​លាង​ក្បាល​សុំ​សេចក្ដី​សុខសប្បាយ​ទេ ។ រាល់​ៗ​ឆ្នាំ អ្នក​ស្រុក​តែង​ធ្វើ​ពិធី​បូជា​នៅ​ភ្នំ​បាណន់​នោះ​, នា​ពេល​ចូល​ឆ្នាំ​ថ្មី គេ​ធ្វើ​ខាង​លើ​ភ្នំ នូវ​ពិធី​ទាំង​ឡាយ មាន​ពិធី​ពូន​ភ្នំ​ខ្សាច់​ និង​និមន្ត​លោក​ឆាន់​ជាដើម ហើយ​មាន​របាំ មាន​ប្រដាល់ និង​មាន​ចែក​ទាន​ជា​ប្រាក់ ឬ​សំលៀក​បំពាក់​ដល់​អ្នក​ស្រុក​ផង ។

នៅ​ថ្ងៃ​ទី ១ ជា​ថ្ងៃ​ចូល​បុណ្យ គេ​តែង​ធ្វើ​ពិធី​បួង​សួង​សូម​ឲ្យ​ទេវតា​ថ្មី​ជួយ​ឲ្យ​អ្នក​ស្រុក​បាន​សេចក្ដី​សុខសប្បាយ ។ ពិធី​បួង​សួង​នោះ ចួន​កាល​អ្នក​រាជការ​ធ្វើ ចួន​កាល​អ្នក​ស្រុក​ធ្វើ ។ បើ​កាល​ណា​គេ​ភ្លេច​ធ្វើ​ពិធី​បួងសួង​នឹង​កើត​ជំងឺ​ពេញ​ទាំង​ភូមិ ។

ពិធី​បួងសួង​មាន ស្លា​ធម៌ បាយសី និង​ភ្លេង​លេង​បទ​បួង​សួង ។

អ្នក​ស្រុក​បាន​ឲ្យ​ការណ៍​ថា កាល​ពី​ដើម តែ​កាល​ណា​លេង​ភ្លេង​បទ​បួងសួង គេ​មើល​ទៅ​ក្នុង​ស្រះ តាសែន ដែល​នៅ​ជិត​ជើង​ភ្នំ បាណន់ នោះ ឃើញ​ក្រពើ​ងើប​ជា​ច្រើន ។ ស្រះ​នោះ​ពី​ដើម​ជ្រៅ​តែ​ឥឡូវ​រាក់​ទេ ហើយ​នៅ​ពេល​បួង​សួង​មិន​ឃើញ​ក្រពើ​ងើប​ឡើយ ។

រឿង ប្រវត្តិភ្នំសំពៅ

kkkចំនួនអ្នកទស្សនា: Views

រឿង ភ្នំ​សំពៅ

(នៅ​ខេត្ត​បាត់ដំបង)


នៅ​ខាង​លិច​ទីក្រុង​បាត់​ដំបង ចម្ងាយ​ប្រមាណ ១២ គីឡូម៉ែត្រ មាន​ភ្នំ​ជា​ច្រើន​នៅ​ជិត​ៗ​គ្នា មាន​ភ្នំ​សំពៅ ភ្នំ​ទ្រុង​មាន់ – ទ្រុង​ទា និង​ភ្នំ​រំសាយ​សក់​ជា​ដើម ។

រឿង​ព្រេង​និយាយ​តៗ​គ្នា ប្រចាំ​ភ្នំ​នោះ មាន​ដំណាល​ដូច​ត​ទៅ​នោះ ៖

កាល​ពី​ព្រេង​នាយ មាន​ព្រះ​មហា​ក្សត្រ​មួយ​អង្គ ព្រះ​នាម​រាជកុល សោយរាជ្យ​នៅ​ប្រទេស​កម្ពុជា តាំង​ព្រះរាជវាំង​នៅ​លើ​ជួរ​ភ្នំ​ដង​រែក ។ ព្រះ​បាទ រាជកុល ទ្រង់​សព្វ​ព្រះ​រាជ​ហឫទ័យ​នឹង​ស្ត្រី​ម្នាក់​ឈ្មោះ​នាង សុវណ្ណមសា(២) នាង​នេះ​ជា​កូន​ក្រី​ក្រ​ទេ ប៉ុន្តែ​នាង​មាន​រូប​ឆោម​សក្ដិ​សម​ល្អ​ឆើត នាង​ចិញ្ចឹម​ក្រពើ​មួយ ក៏​មាន​ឫទ្ធ​ក្លាហាន​ឈ្លាសវៃ​ណាស់ ទោះ​បី​ប្រើ​ឲ្យ​វា​ធ្វើ​អ្វី​បាន​ទាំង​អស់ ។ ក្រពើ​នោះ​មាន​ខ្លួន​ធំ​លើស​ប្រមាណ​នាង​ឲ្យ​ឈ្មោះ អាធន់ ។ តាម​ដំណាល​ថា មុន​ដំបូង នាង សុវណ្ណមសា រើស​បាន​ពង​សត្វ​មួយ​យក​មក​ទុក ដោយ​នាង​មិន​ស្គាល់​ថា​ជា​ពង​សត្វ​អ្វី​ទេ ប៉ុន្តែ​លុះ​ដល់​ថ្ងៃ​ខែ​នឹង​ញាស់​ស្រាប់​តែ​ឃើញ​ចេញ​ជា​កូន​ក្រពើ​មក ។ នាង​ក៏​ចេះ​តែ​អាណិត ខំ​ចិញ្ចឹម​ថែ​រក្សា​ដោយ​ពេញ​ចិត្ត​ណាស់ ។ ក្រពើ​នោះ​ទៀត​សោត ក៏​ប្លែក​ពី​ក្រពើ​ទាំង​ពួង ចេះ​ស្ដាប់​បង្គាប់​នាង​ដូច​ជា​មនុស្ស​សុទ្ធសាធ ។


ឯ​ព្រះបាទ​រាជកុល លុះ​បាន​នាង សុវណ្ណមសា មក​ជា​គូ​ស្នេហា​ហើយ មិន​យូរ​ប៉ុន្មាន ក៏​បែរ​ជា​មាន​ព្រះ​ទ័យ​ពុំ​សូវ​ស្ម័គ្រស្មោះ​ទៅ​វិញ​ដោយ​ទ្រង់​ព្រះតម្រិះ​យល់​ឃើញ​ថា ” នឹង​លើក​នាង​ជា​អគ្គមហេសី​ពេញ​ទី​ពុំ​បាន ព្រោះ​នាង​ជា​រាស្ត្រ មាន​ឋានៈ​ពុំ​ស្មើ ពុំ​សម​នឹង​រៀប​អភិសេក​ជា​អគ្គ​មហេសី​ឡើយ ” ។ លុះ​ទ្រង់​ព្រះ​តម្រិះ​ដូច្នេះ​ហើយ ទ្រង់​ស្ដេច​ទៅ​ក្រាប​បង្គំ​ព្រះវរបិតា​ៗ ក៏​ទ្រង់​យល់​តាម​ហើយ​ចាត់​ស៊ើបសួរ​រក​ស្ត្រី​ណា ដែល​មាន​ពូជពង្ស​ត្រកូល​ខ្ពង់ខ្ពស់ ដើម្បី​រៀប​អភិសេក​ជា​មួយ​ព្រះរាជបុត្រ​របស់​ព្រះ​អង្គ ។


យូរ​បន្តិច​មក ឮ​ដំណឹង​ថា នៅ​ស្រុក​ចន្ទបុរី មាន​ស្ដេច​មួយ​ព្រះ​អង្គ មាន​ព្រះ​រាជ​បុត្រី​មួយ​ព្រះ​នាម​នាង រំសាយសក់ ព្រោះ​ព្រះ​នាង​មាន​សក់​ទិព្វ ចង់​បាន​អ្វី​ក៏​បាន​ដូច​ព្រះ​ទ័យ គឺ​ព្រះ​នាង​គ្រាន់​តែ​ច្រូត​ព្រះ​កេសី​ទៅ ចង់​ឲ្យ​ទឹក​សមុទ្រ​ខះ​ទៅ​ជា​ដី​គោក​ក៏បាន ចង់​ឲ្យ​ដី​គោក​ក្លាយ​ទៅ​ជា​ទឹក​សមុទ្រ​ក៏​បាន ។ ព្រះ​វររាជ​មាតា​បិតា​នៃ​ព្រះ​បាទ រាជកុល ទ្រង់​ប្រើ​សេនា​ឲ្យ​នាំ​សារ​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចន្ទបុរី ដើម្បី​ដណ្ដឹង​នាង​នោះ​តាម​ព្រះ​រាជ​ប្រពៃណី ។ ស្ដេច​ក្រុង​ចន្ទបុរី ក៏​ពុំ​ទ្រង់​យល់​ទាស់​ឡើយ ទ្រង់​តប​ព្រះរាជសារ​មក​ព្រះ​វររាជ​មាតា​បិតា​នៃ​ព្រះ​បាទ រាជកុល ថា “បើ​ទ្រង់​សព្វ​ព្រះរាជ​ហឫទ័យ សូម​ទ្រង់​លើក​បណ្ណាការ​មក​ចុះ” ។ សេនា​បាន​ទទួល​ព្រះ​រាជ​ឱង្ការ​ហើយ ក្រាប​បង្គំ​លា​ត្រឡប់​មក​ក្រាប​បង្គំ​ទូល ព្រះ​រាជ​មាតា​បិតា​នៃ​ព្រះ​បាទ រាជកុល វិញ​សព្វ​គ្រប់​តាម​ដំណើរ​នោះ ។ ព្រះ​បាទ​រាជកុល បាន​ទ្រង់​ព្រះ​សណ្ដាប់​ដូច្នោះ ក៏​ទ្រង់​មាន​ព្រះ​ទ័យ​សោមនស្ស​ពន់​ពេក ទើប​ទ្រង់​ត្រាស់​បង្គាប់​ឲ្យ​រៀប​ចំ​គ្រឿង​បណ្ណាការ​យ៉ាង​ឧឡារិក​ផ្ទុក​ក្នុង​សំពៅ ដើម្បី​ធ្វើ​ព្រះ​រាជ​ដំណើរ​ចេញ​ទៅ​កាន់​ក្រុង​ចន្ទបុរី ។


ចំណែក​នាង សុវណ្ណមសា លុះ​បាន​ដំណឹង​នេះ​ហើយ ក៏​កើត​ចិត្ត​ក្ដៅ​ក្រហាយ​ខ្លាំង​ណាស់ ទើប​ប្រើ​ក្រពើ​ឲ្យ​ទៅ​តាម​កល់​សំពៅ​នោះ​ឲ្យ​លិច​វិនាស​អន្តរាយ ដើម្បី​មិន​ឲ្យ​ព្រះ​បាទ រាជកុល ទៅ​ជួប​នឹង​នាង រំសាយ​សក់ ។ ក្រពើ​នោះ​ក៏​ប្រើ​បាន​ដូច​ចិត្ត​ទៀត វា​បោះ​ពួយ​ក្នុង​ទឹក​លឿន​ដូច​ព្រួញ លុះ​ទៅ​ជិត​ដល់​សំពៅ​ ព្រះបាទ​រាជកុល​ៗ ទ្រង់​ក្រឡេក​ឃើញ អាធន់ ក៏​ទ្រង់​មាន​ព្រះ​បន្ទូល​ខ្លាំង​ៗ ថា ” នៃ អាធន់ ! អញ​ទេ កុំ​មក​ធ្វើ​ផ្ដេសផ្ដាស ” ។ អាធន់ ឆ្លើយ​តប​ទៅ​វិញ​ថា ” ស៊ី​បាយ​អ្នក​ណា យក​អាសា​អ្នក​នោះ ” ។



ពួក​ពល​ក្រឡេក​ឃើញ​ក្រពើ​ធំ​សម្បើម ក៏​ភ័យ​ស្រែក​ឆោឡោ​ពេញ​ទាំង​សំពៅ ខ្លះ​បោះ​ត្រឡាច ល្ពៅ ព្រម​ទាំង​មាន់​និង​ទា​ទាំង​ទ្រុង​ៗ ទៅ​ឲ្យ អា​ធន់​ស៊ី ដើម្បី​ឲ្យ​វា​ឈប់ វា​ឃ្លាត​ឆ្ងាយ​អំពី​សំពៅ តែ​អាធន់ ពុំ​ទទួល​ស៊ី​សោះ ។ ព្រះ​បាទ​រាជកុល ក៏​បួង​សួង​អស់​ទេវតា សូម​ឲ្យ​លោក​ជួយ​ឲ្យ​ផុត​ពី​គ្រោះ​ថ្នាក់ ។


ដោយ​បុណ្យ​បារមី​ព្រះអង្គ សេចក្ដី​បួង​សួង​នោះ ក៏​រំជួល​ទៅ​ដល់​ព្រះ​ឥន្ទ្រាធិរាជ​ៗ ក៏​ទ្រង់​ប្រើ​បម្រើ​ទៅ​ប្រាប់​ព្រះ​នាង រំសាយ​សក់ ភ្លាម ។ ព្រះ​នាង រំសាយ​សក់ ក៏​ច្បូត​ព្រះកេសី ឲ្យ​ទឹក​សមុទ្រ​ខះ​រឹង​ទៅ​ជា​ដី​ទាំង​អស់ ។ ក្រពើ​ក៏​ជាប់​ក្នុង​ដី​នោះ មុន​នឹង​ដាច់​ខ្យល់​ស្លាប់ ក្រពើ​នោះ​គោះ​កន្ទុយ​ផង ដក​ដង្ហើម​ធំ​ផង រមួល​ខ្លួន​ត្រឡប់ត្រឡិន ហើយ​តួ​ខ្លួន​ក្រពើ​នោះ​គោះ​កន្ទុយ នឹង​ត្រង់​ច្រមុះ​ក្រពើ ក៏​កើត​ទៅ​ជា​បឹង ២ នៅ​ដល់​សព្វ​ថ្ងៃ​នេះ ហៅ​ថា បឹង​កន្ទុយ​ក្រពើ និង បឹង​ច្រមុះ​ក្រពើ ។ ឯ​សំពៅ​នោះ ក៏​កើត​ទៅ​ជា​ភ្នំ​ធំ​មួយ មាន​រាង​ជា​សំពៅ​សុទ្ធ​សាធ​ហៅ​ថា ភ្នំ​សំពៅ តែ​ផ្អៀង​បន្តិច​ព្រោះ​រលក​បោក​ខ្លាំង​ណាស់ ។ នៅ​ពេល​ដែល​អាធន់ ជិត​ទៅ​ដល់​សំពៅ ក្ដោង​សំពៅ​ក៏​សណ្ដក​ធ្លាក់​ទៅ​ក្នុង​ទឹក កើត​ទៅ​ជា​ភ្នំ​មួយ ហៅ​ថា ភ្នំ​ក្ដោង​សំពៅ ទាល់​សព្វ​ថ្ងៃ ។ ទ្រុង​មាន់​ទ្រុង​ទា​ដែល​ពួក​ពល​បោះ​ទៅ​ឲ្យ​ក្រពើ ក៏​កើត​ទៅ​ជា​ភ្នំ​មួយ ហៅ​ថា ភ្នំ​ទ្រុង​មាន់​ទ្រុង​ទា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ ។


លុះ​សមុទ្រ​ក្លាយ​ទៅ​ជា​ដី​ហើយ ព្រះ​បាទ រាជកុល ទ្រង់​ប្រើ​ពួក​ពល​​ឲ្យ​ជញ្ជូន​ប្រដាប់​ប្រដា​ទាំង​ពួង យាង​ទៅ​កាន់​ក្រុង​ចន្ទបុរី ដើម្បី​រៀប​អភិសេក​ជាមួយ​នឹង​ព្រះ​នាង រំសាយ​សក់ តាម​ព្រះ​រាជ​ប្រពៃណី ។ កន្លែង​ដែល​ព្រះ​នាង រំសាយ​សក់ ច្បូត​សក់​នោះ ក៏​កើត​ទៅ​ជា​ភ្នំ​មួយ​នៅ​ខាង​ត្បូង​ភ្នំ​សំពៅ ហៅ​ថា ភ្នំ​រំសាយ​សក់ ដល់​សព្វ​ថ្ងៃ ។


កាល​រៀប​អភិសេក​រួច​ស្រេច​ហើយ ព្រះបាទ រាជកុល ទ្រង់​នាំ​ព្រះ​នាង រំសាយ​សក់ ជា​អគ្គ​មហេសី ព្រម​ទាំង​ពល​សេនា​ជា​ច្រើន ត្រឡប់​ទៅ​កាន់​រាជ​បុរី​វិញ ។ ព្រះ​អង្គ​ទ្រង់​គង់​លើ​ដំរី​ជាមួយ​ព្រះ​នាង ជា​ព្រះ​ជាយា មាន​ពល​សេនា​ហែហម​មក​ជា​ច្រើន ។ មក​ដល់​ពាក់​កណ្ដាល​ផ្លូវ​ ទ្រង់​ក្រឡេក​ទៅ​ឃើញ​ភ្នំ​សំពៅ ភ្នំ​ក្រពើ ទ្រង់​នឹក​ទោមនស្ស​ជា​ខ្លាំង​នឹង​នាង សុវណ្ណមសា ថា “ព្រោះ​តែ​វា​ចិត្ត​អាក្រក់ បាន​ជា​ឲ្យ​គេ​ស្លាប់​វិនាស​អស់​យ៉ាង​នេះ ” ។ ព្រះ​អង្គ​ប្រើ​សេនា​ឲ្យ​ទៅ​ចាប់​នាង សុវណ្ណមសា យក​មក​សម្លាប់​ចោល សេនា​ក៏​ធ្វើ​តាម​ព្រះ​រាជ​បញ្ជា ចាប់​នាង​សុវណ្ណមសា មក​កាត់​ក្បាល​សង​សឹក​វិញ ក្បាល​នោះ​ក៏​កើត​ជា​ភ្នំ​មួយ ហៅ​ថា ភ្នំ​សង​ក្បាល នៅ​ជិត​ស្រុក​មង្គល​បុរី​សព្វ​ថ្ងៃ​នេះ ប៉ុន្តែ​អ្នក​ស្រុក​ហៅ​ក្លាយ​មក​ថា ភ្នំ​សង​ក្បាន ទៅ​វិញ ។ មាន​វាល​មួយ​នៅ​ជិត​ភ្នំ​នោះ សព្វ​ថ្ងៃ​ហៅ​ថា វាល​ចិញ្ច្រាំ​ពោះ ព្រោះ​ពួក​សេនា​ចិញ្ច្រាំ​ពោះវៀន​នាង​ចោល​នៅ​ទី​នោះ ។ ឯ​យោនី​របស់​នាង សេនា​បាន​គ្រវែង​ចោល ហើយ​កើត​ទៅ​ជា​ភ្នំ​មួយ​ទៀត ហៅ​ថា ភ្នំ​ក្រពាយ​នាង តែ​សព្វ​ថ្ងៃ គេ​ហៅ​ក្លាយ​មក​ថា​ភ្នំ បន្ទាយ​នាង ។


ចំណែក​ព្រះ​បាទ រាជកុល និង​ព្រះ​នាង រំសាយ​សក់ ជា​ព្រះ​អគ្គមហេសី យាង​ចូល​ទៅ​ថ្វាយ​បង្គំ​ព្រះវរបិតា-មាតា​វិញ ហើយ​ទ្រង់​គង់​នៅ​ជា​សុខសាន្ត​ទៅ ។


Sunday, May 19, 2024

រឿង បក្សីចាំក្រុង

kkkចំនួនអ្នកទស្សនា: Views


រឿង បក្សីចាំក្រុង 

មានសេចក្តីដំណាលថា កាលដែលព្រះបាទចក្រពត្រ ព្រះរាជាប្រទេស កម្ពុជាក្នុងរជ្ជកាលទី១៦ ទ្រង់ព្រះទីវង្គតទៅ។ ហើយមានបុរសម្នាក់ឈ្មោះ ដំបងគ្រញង មានឫទ្ធិអំណាចខ្លាំងពូកែ បានសោយរាជ្យក្នុងរជ្ជកាល ទី១៧ឡើង ដែលជាអ្នកបង្គាប់ឱ្យធ្វើគតព្រះរាជវង្សានុវង្សមុន។ កាល នោះមានអ្នកម្ខាងមួយអង្គ ទ្រង់មានព្រះគភីពុំទាន់គ្រប់ខែភៀសព្រះកាយ ជារាស្ត្រសាមញ្ញចេញទៅក្រៅស្រុកស្នាក់នៅជា មួយ ឆាគហេ និង យាយល័ក្ខ ជាភរិយា។

លុះព្រះគភ៌ លក្ខណៈល្អ គ្រប់ខែ បាតព្រះបាទ។

ក៏សម្ភពព្រះរាជបុត្រាមួយព្រះអង្គប្រកបដោយ អស្ចារ្យ មានលាយលក្ខណ៍កងចក្រនៅបាតព្រះហស្ត និង

តាគហេនិង យាយល័ក្ខ ស្រលាញ់ថ្នាក់ថ្នមព្រះរាជកុមារដូចកូនបង្កើត។ថ្ងៃមួយក្រោម

តាយាយ និងអ្នកម្ខាងទៅច្រូតស្រូវ បានផ្ដេកព្រះរាជកុមារ ម្លប់ឈើមួយដើម។ លុះកំដៅថ្ងៃចាំងត្រូវចំព្រះរាជកុមារ មាន បក្សីមួយមកកាងស្លាបក្រុងបាំងពីលើមិនឱ្យកុមារត្រូវកំដៅថ្ងៃឡើយ។ ស្មានថាសត្វចឹកចៅក៏រត់ទៅមើល ហើយបក្សីនោះក៏ហើរ សត្វតាគហេចេញទៅ។ តាគហេ នឹកសរសើរថា កូននេះមានបុណ្យវាសនាល្អណាស់ ក៏ថ្វាយព្រះនាមថាបក្សីចាំក្រុង។

ចំណេរក្រោយមកទៀត ព្រះបាទព្រហ្មកិល (ពញា ក្រែក) ក្នុងរជ្ជកាលទី១៨ ទ្រង់សោយរាជ្យឡើងបាន ជ្រាបទំនាយតាមហោរា ថ្វាយថា "មានអ្នកមាន បុណ្យកើតក្នុងត្រកូលក្សត្រ មានព្រះជន្ម៧ព្រះវស្សា ហើយភៀសខ្លួនជារាស្ត្រ នៅក្នុងអាណាចក្រយើង នេះ អ្នកមានបុណ្យនោះ មានកងចក្រនៅលើបាតដៃ និង នៅលើបាតជើង”។ បន្ទាប់មក ទ្រង់ក៏យកក្មេងៗដែលមានអាយុ ៧ឆ្នាំក្នុងព្រះនគរមកផ្តិតដៃលើម្សៅក្នុងចង្អេរដើម្បីពិនិត្យរកកងចក្រ។តាគហេ ភ័យខ្លាំងពេកក៏ពចៅចេញពីម្តាយរត់គេចទៅឱ្យឆ្ងាយ។ ព្រះរាជាទ្រង់ជ្រាបច្បាស់ហើយ ក៏ចាត់ទ័ពឱ្យតាមចាប់ តាគហេ និង បក្សីចាំក្រុង។ ហេតុតែបុណ្យបារមីរបស់ បក្សីចាំក្រុង កងទ័ពទាំងនោះ ពុំអាចដេញតាមទាន់ឡើយ។ តាគហេ បញ្ចុះ បក្សីចាំក្រុង លើស្នាដើរ កាត់ព្រៃត្រឡប់ទៅផ្ទះវិញ ។ លុះដល់ហើយគាត់ប្រាប់ បក្សីចាំក្រុង ថា "បាគង់នៅទីនេះសិនចុះ តាទៅកៀងគោបញ្ចូលក្រោល” ហើយគាត់ ចោលដំបងដេញគោ ដំបងនោះក៏បាត់ក្នុងទឹកអូរ រកពុំឃើញ បានជាអូរនោះជាប់ឈ្មោះថា “អូរដំបង”។

បន្ទាប់ពីនោះមក តាគហេ នាំ បក្សីចាំក្រុង រត់កាត់ព្រៃទៅដល់ទួលមួយ មានដើមរលួសម្លប់ត្រឈៃល្អ ក៏ឈប់សម្រាកនៅទីនោះ បានជានៅកន្លែង នោះជាប់ឈ្មោះថា ភូមិរលួស នៅក្នុងស្រុកសូត្រនិគម ខេត្តសៀមរាប សព្វថ្ងៃនេះ។

លុះព្រឹកឡើង តាគហេ ពង្រត់ បក្សីចាំក្រុង ចូលទៅក្នុងព្រៃប្រទះនឹង ព្រែកមួយ តាគហេ បានឃើញក្មេងប្រុសម្នាក់ឈ្មោះ ជីក្រែង កំពុងជិះ ទូកស្ទូចត្រី។ ឆាគហេ ក៏សុំឱ្យគេជួយចម្លងពួកគាត់ទៅត្រើយម្ខាង។ បាន ជានៅទីនោះជាប់ឈ្មោះថា ភូមិជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប។

ក្រោយពីនោះមក ពួកគាត់ក៏រត់ទៅដល់ភ្នំមួយជួបនឹងតាម្នាក់ឈ្មោះ តាម៉ឹងៗសួរ តាគហេ ថា “តានាំចៅទៅណា?” តាគហេ ជំរាបថា “ខ្ញុំ មានទុក្ខធំណាស់ អត់ទាំងស្បៀងអាហារផង”។ តាចុង ឱ្យ តាគហេ ពួនចាំនៅភ្នំនោះ គាត់ទៅយកស្បៀងអាហារសម្រាប់ធ្វើដំណើរតាមផ្លូវ។

តពីនោះ តាគហេ និង បក្សីចាំក្រុង ក៏សុំទូកគេឆ្លងកាត់ទីទំនាបទឹកមក ដល់ខេត្តជើងព្រៃ កងទ័ពតាមមកជិតទាន់ តាគហេ ក៏នាំ បក្សីចាំក្រុង ពួនក្នុងព្រៃមួយ។ វេលាយប់នោះមានមូសយ៉ាងច្រើនសម្រាកមិនបាន ទើប បក្សីចាំក្រុង បួងសួងថា “បើខ្ញុំជាអ្នកមានបុណ្យមែននោះ សូមកុំ ឱ្យមានមូសនៅទីនេះ”។ ដោយអានុភាពព្រះរាជកុមារ មូសក៏បាត់អស់ គ្មានសល់ ទើបនៅទីនោះជាប់ឈ្មោះថា “ទួលគចោរ” នៅក្នុងតំបន់ រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។


លុះព្រឹកឡើង តាគហេ ក៏នាំ បក្សីចាំក្រុង រត់បន្តទៅទៀតដល់មាត់ ទន្លេប្រុងនឹងឆ្លងទៅត្រើយខាងត្បូង តែរកទូកឆ្លងមិនបាន បក្សីចាំក្រុង ផ្សងបារមីថា "បើខ្ញុំត្រូវបានសោយរាជ្យ ហើយបានទំនុកបំរុងព្រះពុទ្ធ សាសនាមែន សូមឱ្យដើមរកានៅត្រើយខាងជើង កោងទៅរកដើមល្វា នៅត្រើយខាងត្បូងទេរទៅមកជាប់គ្នាដូចបំណង”។ រំពេចនោះ ដើម ឈើទាំងពីរក៏កោងទេរទៅរកគ្នាដូចប្រណិធាន។

តាគហេ ក៏អៀវ បក្សីចាំក្រុង ឆ្លងតាមមែកឈើទាំងពីរនោះរួចមែន។ គ្រាន់តែពួកគាត់ឆ្លងផុត ដើមឈើទាំងពីរក៏ងើបឡើងដូចដើមវិញ។ ទើប ត្រើយខាងជើងជាប់ឈ្មោះថា “រកាកោង” នៅស្រុកមុខកំពូលខេត្តកណ្តាល។ នៅត្រើយខាងត្បូងជាប់ឈ្មោះថា “ល្វាទេរ” នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

តាគហេ និង បក្សីចាំក្រុង ទៅដល់ទួលមួយប្របនឹងមាត់បឹង គាត់បាន កាប់មែកជ្រៃមួយមែកធំដោតយកម្លប់សម្រាកយកកម្លាំង។ បក្សីចាំក្រុង ក៏និន្ទ្រាលក់បាត់ទៅ។ កំពុងតែលង់លក់ស្រួល ស្រាប់តែមានហ្វូងសត្វ ត្រដក់ រនាល ទុង ជាច្រើនដែលចុះមករកស៊ីក្នុងបឹងនោះ ក៏ផ្អើលអ៊ូរឡើង ឮសន្លឹកជាខ្លាំង។ តាគហេ ឮសម្លេងនោះស្មានថាជាកងទ័ព ក៏ស្ទុះតើន ព្រះរាជកុមារឡើងសួរថា “នែចៅ! ឮសូរអ្វីខ្លាំងៗម៉្លេះ?” ព្រះរាជកុមារភ័យ ណាស់ស្មានថាជាកងទ័ពមែន ក៏ស្ទុះឡើងលើមែកជ្រៃដែលដោត មើល គ្រប់ទិសទីមិនឃើញកងទ័ព ឃើញតែសត្វហើរមីដេរដាស ក៏បាត់ភ័យ ទៅវិញ។ មែកជ្រៃនោះរស់ជាដរាបមក នៅខាងត្បូងវត្តវិហារសួរសព្ទ ថ្ងៃនេះ ។

លំដាប់ពីនោះ តាគហេ នាំ បក្សីចាំក្រុង រត់ឆ្លងទន្លេដោយទូកទៅ

ត្រើយខាងលិច ទៅពួននៅគុហារភ្នំប្រសិទ្ធ ខេត្តសំរោងទងចាស់

ដែលជាស្រុកពញាឮ ខេត្តកណ្តាល។ នៅទីនោះកងទ័ពតាមទៅបៀត

បៀនពុំបានឡើយ។ លុះព្រះបាទ ព្រហ្មកិល (ពញាក្រែក) សោយរាជ្យ បាន២០ឆ្នាំ ទ្រង់ព្រះទីវង្គតទៅ។ នាហ្មឺនសព្វមុខមន្ត្រីដឹងថា បក្សីចាំក្រុង មានបុណ្យបារមីអស្ចារ្យ កំពុងគង់នៅលើភ្នំប្រសិទ្ធ ក៏យាងទ្រង់មក សោយរាជ្យសម្បត្តិតទៅ។ កាល បក្សីចាំក្រុង បានឡើយសោយរាជ្យ ហើយ ទ្រង់បានជួបជុំជាមួយព្រះមាតាវិញ ទ្រង់ក៏បានតែងតាំង

តាគហេ និង យាយល័ក្ខ ជាព្រះអយ្យកោ និង ព្រះអយ្យកាធម៌។

ក្រោយមកស្តេច បក្សីចាំក្រុង ទ្រង់បានកសាងប្រាសាទមួយ ត្រង់ទីដែលឃើញទង់ជ័យវែងលលៃនៃកងទ័ព ដែលលើក ដេញតាមដំបូងហៅថា "ប្រាសាទលលៃ”។ ទ្រង់កសាង ប្រាសាទមួយត្រង់ទីកន្លែងដែល តាគហេ ថា "បាគង់សិន” ហៅថា "ប្រាសាទបាគង់” ដែលក្លាយមកជា "ប្រាសាទបាគង” នៅខេត្តសៀមរាប។ ហើយទ្រង់កសាងប្រាសាទមួយទៀត នៅក្រោលគោរបស់ តាគហេ ហៅថា "ប្រាសាទបាគោ” ខេត្តសៀមរាប។ ហើយកសាងព្រះវិហារមួយ និងព្រះពុទ្ធបាទមួយ នៅភ្នំសន្ទុក ហើយលើក តាចុង ធ្វើជាចៅហ្វាយស្រុក ថែរក្សានៅទីនោះ។

រួចពីនោះមក ទ្រង់បានកសាងព្រះវិហារមួយតំកល់ព្រះពុទ្ធបដិមាករ មួយព្រះអង្គ ត្រង់ទីកន្លែងដែលដោតមែកជ្រៃធ្វើម្លប់គឺទីដែល តាគហេ តើនសួរព្រះអង្គស្មានថាកងទ័ពនោះហៅថា “វត្តវិហារសួរ” ទើបជាប់ ឈ្មោះថា “វត្តវិហារសួរ” ជាបូជនីយដ្ឋានដ៏ស័ក្តិសិទ្ធិដរាបមកដល់សព្វ ថ្ងៃនេះ។

លុះ តាគហេ និង យាយល័ក្ខ ទទួលមរណភាពទៅ។ ព្រះរាជាទ្រង់ធ្វើ បុណ្យរំលាយសព ហើយទ្រង់យកធាតុ តាគហេ ទៅបញ្ចុះនៅទីដែល ព្រះអង្គផ្សងមិនឱ្យមានមូស ទើបទីនោះ មានឈ្មោះថា “ទួលគហេ" នៅតំបន់រកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។ ឯធាតុ យាយល័ក្ខ ទ្រង់នាំយកទៅបញ្ចុះនៅប្រាសាទបាគោ ក្នុងខេត្តសៀមរាប ព្រោះទីនោះ ជាភូមិរបស់គាត់ធ្លាប់រស់នៅ។ ចប់