ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Tuesday, April 2, 2024

រឿង​ ម្លិស៧ទង

kkkចំនួនអ្នកទស្សនា: Views

  នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស ។ បីចប់

ប្រែថា ៖ រិកិរិយានមស្សការថ្វាយបង្គំនៃខ្ញុំព្រះករុណាចូរមានដល់ព្រះដ៏មានព្រះ ភាគអង្គនោះព្រះអង្គជាព្រះអរហន្តដ៏ប្រសើរទ្រង់ត្រាស់ដឹងនូវញេយ្យធម៌ទាំងពួងដោយប្រពៃចំពោះព្រះអង្គឥតមានគ្រូអាចារ្យណាប្រដៅព្រះអង្គឡើយ ។

រឿង​ ម្លិស៧ទង

ព្រះទិនករបានបង្អួតព្រះកាយបញ្ចេញព្រះសូរ្យសែងយ៉ាងត្រចះត្រចង់ចិញ្ចែងចិញ្ចាចលើនភាល័យតែមួយអង្គឯង ។ ខ្សែជីវិតបីដូចជាចរន្តខ្សែទឹកហូរទៅមិនត្រឡប់ បកក្រោយវិញឡើយ ។ យ៉ាងណាមិញ មនុស្សរស់នៅត្រឹមតែមួយចម្អែតក្រពះតែ ប៉ុណ្ណោះ តើហេតុអ្វីបានជាមកចងគំនុំគុំគួនគ្នាកាប់សម្លាប់ផ្ដាច់ផ្ដិលជីពជន្មគ្នាយ៉ាងនេះ ទៅវិញ ? កំពុងពិចារណាពីបញ្ហាជីវិត តាសែក និងយាយហបបានឮសំឡេងទារិកា ជាច្រើនយំលាន់ទ្រហឹងនៅក្នុងហឹបធំមួយដែលអណ្ដែតត្រសែតលើផ្ទៃជលស័យ ។

 តាសែកខំស្រែកហៅយាយហបឱ្យជួយផ្ទៀងត្រចៀកស្ដាប់ថាតើជាខ្មោចឬជាមនុស្ស ? តាសែកបានលុយទឹកស្រង់យកហឹបធំនោះមកដាក់ច្រាំងទន្លេ ។ ដោយសារវ័យ ចំណាស់ អ្នកទាំងពីរក៏លើកហឹបនោះឡើងមកលើគោកយ៉ាងលំបាកលំបិន តែគាត់នៅ តែលើកហឹបនោះទាល់តែរួច ។ លុះលើកឡើងលើគោកហើយ ពួកគាត់ទាំងពីរនាក់ បានបើកគម្របហឹបធំនោះឡើង ក៏ឃើញទារិកាទាំង៧យ៉ាងស្រស់សោភាគួរជាទីចាប់ ចិត្តស្រឡាញ់ពេញចិត្តក្រៃលែង ។ ដោយសេចក្ដីអាណិអាសូរក្រៃលែង ជាហេតុនាំឱ្យ ពួកគាត់រើសទារិកាទាំង៧យកទៅចិញ្ចឹមទុកដូចជាចៅបង្កើតអ៊ីចឹង ។

ដោយកម្មអកុសលដែលសាងឡើងពីអតីតជាតិ ញ៉ាំងឱ្យយាយធ្មប់អណ្ដាត ខ្មៅបានធ្វើពិធីកម្មថ្វាយគ្រូបានសម្លឹងមើលតាមផ្ដិលទឹកមន្តឱ្យឃើញថា ទារិកាទាំង៧ពុំ ទាន់ស្លាប់នៅឡើយ ។ យាយគ្រូបានទូលថ្វាយព្រះរាជអគ្គមហេសីពីដំណឹងដែល ទារិកាទាំង៧ពុំទាន់ស្លាប់នៅឡើយទេ ។ ព្រះអគ្គមហេសីបានចាត់ឱ្យសេនាជំនិតមួយ ក្រុមទៅស៊ើបការណ៍នេះឱ្យច្បាស់លាស់ថា តើកុមារីទាំង៧នាក់នោះនៅឯណា ?

យាយគ្រូបានប្រើម្រាមដៃជ្រលក់ចូលក្នុងក្រឡមួយ ហើយសូត្រគាថាមួយសន្ទុះ រួចដៅចំកណ្ដាលប្រជុំចិញ្ចើមកងពលសេនាដែលរៀបចំចេញដំណើរទៅស្វែងរកកុមារីទាំង៧ ។ និយាយពីកុមារីទាំង៧អង្គវិញ បានចម្រើនវ័យចំនួន៧វស្សាហើយមួយអង្គ ៗសុទ្ធតែស្រស់សោភាគួរជាទីរមិលមើលនៃភ្នែកចាស់ទុំគ្រប់ៗគ្នា ។ យាយហបក៏ហៅ ចៅទាំង៧តាមលេខរៀងពីធំទៅតូច គឺចៅ១ទៅដល់ចៅទី៧គឺចៅពៅ ព្រោះមាឌតូច ល្អិតជាងគេ ។

 កុមារីទាំង៧បានរត់លេងជាមួយកុមារដទៃទៀតយ៉ាងសប្បាយអឺងកង ហើយច្រៀងបទសកវាទិ៍ទៅតាមទម្លាប់ក្មេងៗស្របាលៗគ្នាដែលច្រៀងនោះ ។ តា សែកពុំដែលនឹកហាមឃាត់ចៅៗឱ្យស្ងៀមមួយកន្លែងនោះឡើយ ។ តាសែកនិង យាយហបស្រឡាញ់ចៅទាំង៧ស្មើៗគ្នារកអ្វីមកប្រៀបពុំបានឡើយ ។ កុមារីទាំង៧ ចូលចិត្តផ្កាម្លិះជាខ្លាំង ពួកគេបានរៀបចំសួនច្បារដោយដាំនូវផ្កាម្លិះ៧គុម្ពមានដើមដុះ លូតលាស់ល្អខ្លាំងណាស់ ។

ផលកម្មពីអតីតតាមចងពៀរវេរាឥតស្រាកស្រាន្តកងសេនាដែលតាមដានស្វែង រករាជទារិកាទាំង៧បានមកដល់ភូមិស្រុករបស់កុមារីទាំង៧ ។ លុះកងសេនាបាន សាកសួរអ្នកស្រុកទើបដឹងថា កុមារីទាំង៧នាក់ជារាជទារិកាទាំង៧ដែលមានគេលួច ជួយសង្គ្រោះ ហើយបណ្ដែតចោលតាមខ្សែទឹកហូរ ។ ក្រោយពីដឹងច្បាស់ពីព័ត៌មាន លម្អិតហើយ កងសេនាទាំងនោះបានតាមដានពីក្រោយ ដើម្បីរកអាណាព្យាបាល របស់កុមារីទាំង៧នោះ ។

 កុមារីទាំង៧បានរត់លេងក្រៅផ្ទះតាយាយនៅក្បែរផ្ទះបាន ដាំនូវដើមផ្កាម្លិះ៧ដើម ។ យាយគ្រូបានបញ្ជាឱ្យសម្លាប់កុមារីទាំង៧នោះចោលទាំង អស់កុំឱ្យទុកនៅតទៅទៀត ។ លុះសម្លាប់កុមារីទាំង៧នោះហើយ យាយគ្រូបានបញ្ជា ឱ្យកាប់កម្ទេចដើមផ្កាម្លិះទាំង៧ដើមចោលហើយបោះចូលទៅក្នុងទឹកឱ្យរលួយចោលទៅ ។

តាយាយមកពីចម្ការបានរកឃើញថា កុមារីទាំង៧នាក់បានស្លាប់ដោយ កងសេនាមកសម្លាប់ ក៏យំសោកបោកខ្លួនអាណិតអាសូរវាសនាចៅរបស់គាត់ ។ ផ្កាម្លិះទាំង៧ទងបានអណ្ដែតទៅទីទៃពីគ្នា ។ ហេតុតែនិស្ស័យពីបុព្វជាតិទើប ញ៉ាំងឱ្យព្រលឹងរាជកុមារីទាំង៧ដែលតោងជាប់នឹងផ្កាម្លិះទាំង៧ទង ។ ផ្កាម្លិះទាំង៧ទង បានអណ្ដែតទៅដល់លោកតាឥសីទាំង៧អង្គ ។ 

ឥសីពណ្ណកបានឮសំឡេងក្មេងស្រី ស្រែកហៅរកជំនួយ ពេលព្រះអង្គកំពុងចង្ក្រមភាវនានៅក្បែរមាត់ទឹក ។ ឥសីពណ្ណក បានប្រើចក្ខុទិព្វក្រឡេកទៅក្នុងផ្ទៃទឹក ក៏ឃើញអណ្ដែតផ្កាម្លិះមួយទងមានព្រលឹងកុមារី ម្នាក់តោងជាប់ ។ លោកក៏ប្រើវិជ្ជាខាបយកមកដាក់លើគោក ហើយជប់ឱ្យរស់រានមាន ជីវិតឡើងវិញ ។ កុមារីបានកើតឡើងនៅចំពោះមុខព្រះមុនីឥសីពណ្ណក ហើយក្រាប ថ្វាយបង្គំដោយវាចាយ៉ាងពីរោះក្រអួនក្រអៅ ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! សូមអរព្រះគុណលោកតាដែលជួយ សង្គ្រោះជីវិតចៅឱ្យរស់រានឡើងវិញ !

.  ប្រពៃហើយ ! ពេលនេះ ចៅមាននាមថា ពណ្ណវី ហើយចៅត្រូវនៅរៀនសិល្ប៍ សាស្ត្រវិជ្ជាការជាមួយតាសិន !

.  អរព្រះគុណលោកតា !

និយាយពីផ្កាម្លិះទី២បានអណ្ដែតទៅដល់ជិតដើមឈើមួយដើមដែលឥសីអស្សកគង់ចង្ក្រមភាវនាយ៉ាងស្ងប់ស្ងាត់ ។ លោកតាបានបើកព្រះនេត្រក្រឡេកមើលជុំវិញ ខ្លួនសព្វទិសានុទិសក៏ប្រទះនឹងផ្កាម្លិះមួយទងកំពុងអណ្ដែតផ្លេងផ្លូងក្នុងផ្ទៃទឹកដោយមានជាប់ព្រលឹងកុមារីម្នាក់មកផង ។ លោកតាក៏ខាបយកផ្កាម្លិះនោះយកមកដាក់លើដី គោក ហើយសូត្រគាថាជប់ឱ្យរស់រានមានជីវិតឡើងវិញ ។ កុមារីទី២បានថ្វាយបង្គំ និងពោលដោយសូរសៀង ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ចៅសូមអរព្រះគុណលោកតាដែលជួយ សង្គ្រោះជីវិតចៅឱ្យរស់រានមានជីវិតឡើងវិញ !

.  ល្អហើយចៅ ! ពេលនេះចៅមាននាមថា នរវតី ហើយចៅត្រូវនៅរៀនវិជ្ជាការ ជាមួយតាសិនហើយណា៎ចៅ !

.  អរព្រះគុណលោកតា !

រីផ្កាម្លិះទី៣វិញបានអណ្ដែតទៅដល់គុហារបស់ឥសីពសុធកដែលលោកតាកំពុងតាំងសមាធិភាវនាធម៌យ៉ាងស្ងប់ស្ងាត់តែមួយអង្គឯង ។ ឥសីពសុធកបានសណ្ដាប់ឮ សំឡេងដង្ហើយហៅឱ្យជួយសង្គ្រោះជីវិតខ្លួនផង ។ ក្រោយពីសណ្ដាប់ឮហេតុដូច្នេះ ហើយឥសីពសុធកបានខាបយកផ្កាម្លិះទី៣នោះមកលើដីគោកវិញ ហើយជប់ជីវិតឱ្យ កុមារីទី៣បានរស់រានឡើងវិញ ។

 កុមារីទី៣បានក្រាបថ្វាយបង្គំ ហើយពោលដោយ សូរសៀងស្រួយស្រេះឡើង ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ហើយចៅសូមអរព្រះគុណលោកតាដែល បានជួយឱ្យចៅបានមានជីវិតរស់ផងដែរ !

.  ប្រពៃហើយចៅ ! ចៅមាននាមថា សុរជី ហើយចៅត្រូវនៅរៀនសិល្ប៍សាស្ត្រ វិជ្ជាការជាមួយតាសិនហើយ !

.  អរព្រះគុណលោកតា !

ចំណែកឯផ្កាម្លិះទី៤បានត្រូវចៅគាំងរើសបានយកទៅថ្វាយលោកតាព្រះមុនីឥសីបណ្ដើរ ស្រែកប្រាប់លោកតាបណ្ដើរ ៖

.  លោកតា ! ផ្កាម្លិះនេះស្អាតខ្លាំងណាស់ ហើយក្រអូបថែមទៀត ! យី ! ផ្កានេះម្ដេចក៏ចេះស្រែកថែមទៀតផងលោកតា !

.  ស្អី ? អាគាំង ! យកមកនេះទៅមើល៍ !

.  ណេះ ! លោកតា ! ខ្ញុំព្រះករុណាសង្ស័យតែផ្កាខ្មោចទេលោកតា !

.  អាគាំង ! នែ ! យកទៅដាក់ខាងមុខតាទៅ !

.  ករុណាលោកតា !

ចៅគាំងបានយកផ្កាដាក់ពីមុខ ហើយលោកតាឥសីបានជប់កុមារីទី៤ឱ្យកើត ជារូបរាងកាយឡើង ។ លោកតាឥសីអស្មកបានសិតការ ហើយកុមារីទី៤បានក្រាប ថ្វាយបង្គំជាមួយវាចាផ្អែមល្ហែម ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ហើយអរព្រះគុណលោកតាជាពន្លឹកដែល ជួយសង្គ្រោះជីវិតចៅឱ្យរស់រានមានជីវិតឡើងវិញ !

.  ប្រពៃណាស់ចៅ ! លោកតាសុំដាក់ឈ្មោះឱ្យចៅថា មហាពលី ហើយចៅត្រូវ នៅរៀនសិល្ប៍សាស្ត្រវិជ្ជាការពីតាសិនណា៎ចៅ !

.  អរព្រះគុណលោកតា !

ផ្កាម្លិះទី៥បានហូររសាត់ទៅកាត់ទីដែលមានទឹកគួចបណ្តាលឱ្យផ្កាម្លិះដ៏សែនអភ័ព្វបានធ្លាក់ចូលទៅកាន់គុហាលោកតាព្រះមុនីឥសីវាយក ។ ផ្កាម្លិះដែលព្រលឹងរបស់ កុមារីទី៥ព្យាយាមតោងយ៉ាងជាប់ ហើយថែមទាំងស្រែកដង្ហើយហៅឱ្យគេជួយ សង្គ្រោះខ្លួនផងដែរ ។ ឥសីវាយកបានប្រមើលមើលឃើញហេតុអាសន្នកើតចំពោះ កុមារីទី៥ឈានចូលមកដល់ ប្រសិនបើលោកមិនជួយនោះ ។

 ឥសីវាយកបានខាប យកផ្កាម្លិះទី៥នោះមកនៅនឹងមុខលោកតាឥសី ដើម្បីជប់ឱ្យកុមារីទី៥រស់រានមាន ជីវិតឡើងវិញ ។ កុមារីទី៥បានកើតជារូបកាយរួចហើយ ក៏ក្រាបថ្វាយបង្គំដោយសេច ក្ដីត្រេកអរឡើង ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ចៅសូមអរព្រះគុណលោកតាដែលជួយ សង្គ្រោះជីវិតរបស់ចៅឱ្យរស់រានមានជីវិតឡើងវិញ !

.  ល្អហើយចៅ ! ពេលនេះចៅមាននាមថា វាលរី ហើយចៅត្រូវនៅរៀនសិល្ប៍ សាស្ត្រវិជ្ជាការជាមួយតាសិនណា៎ !

.  អរព្រះគុណលោកតា !

ផ្កាម្លិះទី៦បានរសាត់ទៅដល់ឥសីតេជកដែលកំពុងតាំងសមាធិចង្ក្រមភាវនាក្រោមម្លប់ដើមឈើ ។ កុមារីទី៦បានស្រែកទាំងនៅជាព្រលឹងនៅឡើយឱ្យគេឯងជួយ សង្គ្រោះខ្លួនរួចផុតពីភយន្តរាយ បើសិនជាព្រះអង្គមិនស្រោចស្រង់ជីវិតកុមារីនោះក្នុង វេលានេះឯងទេ ។ 

ឥសីតេជកបានសូត្រគាថាខាបយកផ្កាម្លិះនោះមកដាក់នៅចំពោះ មុខឥសីតេជកនោះ ហើយដោយព្រះទ័យមេត្តាបានជប់កុមារីទី៦ឱ្យកើតជារូបរាង ឡើងនៅចំពោះមុខឥសីនោះ ។ កុមារីទី៦បានមើលរូបកាយរបស់ខ្លួន ហើយលើកហត្ថ ប្រណម្យជង្គង់លុតចុះព្រមដោយវាចាឡើង ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! ហើយចៅក៏សូមអរព្រះគុណលោកតាដែល បានជួយស្រោចស្រង់ជីវិតចៅផងដែរ !

.  ប្រពៃណាស់ចៅ ! ពេលនេះចៅទទួលព្រះនាមរបស់ចៅទៅចុះ !

.  គឺកញ្ចនី ណា៎ចៅ !

.  អរព្រះគុណលោកតា !

.   ចៅត្រូវនៅទីនេះ ដើម្បីរៀនសិល្ប៍សាស្ត្រវិជ្ជាកការប្រចាំកាយរហូតដល់ពេល ចៅធំល្មមធ្វើដំណើរចេញពីទីនេះបានណា៎ចៅ !

.  ករុណា ! លោកតា !

ផ្កាម្លិះចុងក្រោយបានលិចចុះទៅ រួចធ្លាក់ចូលទៅក្នុងរូងមួយដែលជាលំនៅរបស់ ព្រះមុនីឥសីឧឡកគង់នៅ ។ ផ្កាម្លិះពៅបានត្រូវព្រលឹងកុមារីពៅតោងជាប់ ហើយស្រែក រកជំនួយឱ្យជួយសង្គ្រោះខ្លួនមានជីវិតរស់រានឡើងវិញ ។ សំឡេងដង្ហើយហៅបាន រសាត់កាត់ជលសាររហូតទៅដល់ព្រះការណ៍របស់ឥសីឧឡកកំពុងតាំងសមាធិភាវនាក្នុងតុណ្ហីភាព ។ ឥសីឧឡកបានបើកភ្នែកសម្លឹងរំពៃគ្រប់ទិសានុទិស ក៏ប្រទះឃើញព្រ លឹងកុមារីពៅតោងជាប់ផ្កាម្លិះពៅ ។ 

ឥសីឧឡកបានកើតព្រះទ័យមេត្តាករុណាសូត្រគា ថាខាបយកផ្កាម្លិះពៅនោះឱ្យមកនៅចំពោះមុខលោកតាព្រះមុនីឥសី ។ ឥសីឧឡក បានជប់កុមារីពៅឱ្យរស់រានមានជីវិតឡើងវិញ ។ កុមារីពៅបានក្រាបថ្វាយបង្គំប្រណម្យ អញ្ជលីប្រកបដោយវាចាពិរោះដូចសត្វករវិក ៖

.  ចៅសូមក្រាបថ្វាយបង្គំលោកតា ! សូមអរព្រះគុណលោកតាដែលជួយស្រោច ស្រង់ជីវិតឱ្យរស់រានមានជីវិតឡើងវិញ !

.  ប្រពៃហើយចៅ ! ពេលនេះចៅរស់រានមានជីវិតហើយ ឥឡូវនេះចៅគួរមាន ព្រះនាមពិតប្រាកដហើយ !

.  តើចៅគួរមានព្រះនាមអ្វីដែរ ?

.  ចៅលិចចុះក្នុងទឹកបាន ហើយឥតរលាយដួងព្រលឹងនោះទេ ! ដូច្នេះចៅគួរមាន ព្រះនាមថា គង្គារី ចុះ ! ហើយចៅត្រូវនៅទីនេះ ដើម្បីរៀនសិល្ប៍សាស្ត្រវិជ្ជាការសិន ណា៎ចៅ !

.  អរព្រះគុណលោកតា !

កុមារីទាំង៧បានសិក្សាវេទមន្តសិល្ប៍សាស្ត្រវិជ្ជាការពេញក្នុងប្រាណហើយ ក៏សួររកប្រវត្តិសាវតារផ្ទាល់ខ្លួននីមួយៗ តើមានសេចក្ដីយ៉ាងម៉េចខ្លះ ? លោកតាព្រះ មុនីឥសីទាំង៧បានពោលនិទានពីប្រវត្តិរបស់កុមារីទាំង៧ដូចខាងក្រោម ៖

 កាលណោះ មាននគរមួយនាមកន្ថវដ្ដ សោយរាជ្យដោយព្រះបាទសត្ថវង្ស ។ ថ្ងៃមួយ ព្រះរាជអគ្គមហេសីព្រះនាមពិចិត្រមាសទ្រង់មានព្រះគភ៌គ្រប់ខែនឹងប្រសូត្រ បុត្រនារាត្រីពេញបូណ៌មីខែអាសាឍ ។ ព្រះបាទសត្ថវង្ស បានស្រូតរូតម្នីម្នាយាងចេញ ពីដំណាក់ប្រះអង្គ ដើម្បីទៅទតមើលបុត្រដែលបានប្រសូត្ររួចមក ។ ដៅយដំណាក់ ព្រះរាជាទ្រង់គង់នៅឆ្ងាយពីដំណាក់ព្រះរាជអគ្គមហេសី ។

 គ្រានោះ យាយធ្មប់ អបលកា បានធ្វើនូវក្រមួនស្នេហ៍គ្រាន់តែព្រះរាជាទតព្រះភក្ត្រព្រះស្នំឯក ចេតរោ ភ្លាមដឹងតែលង់ស្នេហ៍ងើបមុខមិនរួចឡើយ ។ រាត្រីនោះ ព្រះនាងចេតរោបានធ្វើពើជា មានពស់អសិរពិសចឹកចំកព្រះបាទបណ្ដាលឱ្យព្រះនាងប្រឈួនចុកចាប់ពើតផ្សា ដែលញ៉ាំងឱ្យ ព្រះរាជាបានទតព្រះភក្ត្រព្រះនាងបាន ។

 ព្រះរាជាបានលង់ស្នេហ៍ព្រះ នាង ចេតរោ យ៉ាងងប់ងល់លែងខ្វល់ខ្វាយជាមួយព្រះរាជអគ្គមហេសីបានប្រសូត្រ បុត្រមកជាបុត្រាឬបុត្រីហើយ ។ ព្រះរាជអគ្គមហេសីបានប្រសូត្រមកជាបុត្រី ភ្លោះដល់ទៅ៧អង្គឯណោះ ។ គ្រាន់តែព្រះរាជអគ្គមហេសី ពិចិត្រមាស ទតមើល មួយភ្លែត រួចក៏សន្លប់បាត់ស្មារតីទៅ ។ លុះព្រះមហេសី ពិចិត្រមាស សន្លប់បាត់ស្មារតី យាយឆ្មប ណឹង បានលួចដូរបុត្រី៧អង្គមកជាកូនឆ្មាវីញ ។

 យាយឆ្មប ណឹង បាន ទទួលបញ្ជាពីយាយគ្រូ អបលកាឱ្យសម្ដែងល្ខោនដាក់ព្រះនាង ពិចិត្រមាស ដែលដឹង ព្រះកាយ និងចំពោះព្រះភក្ត្រព្រះរាជាំយាងមកទតមើលបុត្រដែលទើបនឹងប្រសូត្រ ។ ដោយល្បិចយាយឆ្មប និង មន្តស្នេហ៍របស់ព្រះនាង ចេតរោផង ជាហេតុនាំឱ្យព្រះរាជា ខ្ញាល់ក្រោធនឹងព្រះមហេសី ពិចិត្រមាស រហូតដល់និរទេសព្រះនាងចេញពីព្រះនគរ ទៅកាន់ស្រុកជោតគ្រាម ។

 ឯរាជទារិកាទាំង៧អង្គត្រូវភីលៀងទាំងបីគឺ នាងភី នាងភុំ និងនាងរឿនសែងទៅជាមួយយាយឆ្មប ណឹង បម្រុងនឹងធ្វើគុតទៅហើយ ។ ស្រាប់តែ ភីលៀងពីរនាក់របស់ព្រះរាជិនី សិរីសោភា គឺ នាងរុំ និង នាងណន បានស្រែកបង្អើល ឱ្យពួកយាយឆ្មបណឹងរត់បាតជើងសព្រាត ។ នាងរុំ និង នាងណនបានសែងហឹបដ៏ធំ យកទៅបណ្ដែតពោងពាយរហូតដល់យាយហប និងតាសែករើសបានយកទៅចិញ្ចឹម ថែរក្សាគ្រប់៧វស្សា ។

 ដោយកម្មពីអតីតបណ្ដាលឱ្យយាយគ្រូ អបលកា ដឹងថា រាជ ទារិកាទាំង៧អង្គពុំទាន់សុគត រហូតដល់បញ្ជូនកងសេនាទៅកាប់សម្លាប់កុមារីទាំង៧ អង្គ ។ យាយគ្រូបានដឹងថា ព្រលឹងរបស់កុមារីទាំង៧អង្គសណ្ឋិតនឹងដើមផ្កាម្លិះទាំង ៧ដើម ទើបគាត់បញ្ជាឱ្យកាប់ចិញ្ច្រាំឱ្យខ្ទេចខ្ទីអស់នៅតែផ្កាម្លិះទាំង៧ទងប៉ុណ្ណោះឯង ហើយកងសេនាបានប្រមូលកម្ទេចកម្ទីដើមផ្កាម្លិះទាំង៧ដើមនោះចូលក្នុងទឹកក្នុងបំណងឱ្យរលួយអស់ ។… ផ្កាម្លិះទាំង៧ទងបានរសាត់ទៅកាន់អាស្រមព្រះមុនីឥសីទាំង៧ ហើយពេលនេះ ។ ព្រះមុនីឥសី ទាំង ៧បានមានព្រះថេរដីកា៖

.  ចៅអាចចេញដំណើរស្វែងរកវត្ថុទិព្វទាំង៧នៅទីដទៃពីគ្នា ! ពេលនេះ ចៅគួរតែ ទៅជួបជុំបងប្អូនបង្កើតរបស់ចៅសិនទៅ !

. ករុណា ! លោកតា !

ពោលចប់ ឥសីទាំង៦ និងរាជកុមារីទាំង៦បានមកជួបប្រជុំគ្នានៅអាស្រមលោក តាព្រះមុនីឥសី អស្មក ហើយអ្នកទាំង១២មកជួបនឹងឥសី អស្មក និងរាជកុមារីទី៤នាម មហាពលី កំពុងអង្គុយរង់ចាំអ្នកទាំង១២មករក ។

 កុមារីទាំង៧បានស្រវាឱបគ្នាដោយក្ដីនឹករឭកជាអនេកប្បការ ហើយអាណិតអាសូរព្រះមាតាព្រះនាម ពិចិត្រមាស ក្រៃលែងរកទីបំផុតគ្មាន ។

ឥសីអស្មកបានមានថេរដីកា ៖

.  បើពួកចៅចង់ជួយមាតា ! ឥឡូវនេះ ពួកចៅគួរតែបំបែកគ្នាស្វែងរកវត្ថុទិព្វទាំង ៧ដែលត្រូវបានថែរក្សាដោយអមនុស្ស និងអ្នកមានឫទ្ធិខ្លាំងពូកែ ។

.  តើចៅត្រូវបំបែកគ្នាទៅកាន់ទីណាខ្លះទៅលោកតា ? ( វាលរីទូលសួរលោកតា ឥសីទាំង៧ )

.  ចៅពណ្ណវីត្រូវធ្វើដំណើរទៅអជដាកាសនគរ ដើម្បីទៅយកធ្នូទិព្វ !

ចៅនរវតីត្រូវធ្វើដំណើរទៅគុហាទេព ដើម្បីទៅយកព្រះខ័ឌ្គទិព្វ !

ចៅសុរជីត្រូវធ្វើដំណើរទៅរណ្ដៅទេព ដើម្បីទៅយកកែវមណី៧ព័ណ៌ !

ចៅមហាពលីត្រូវធ្វើដំណើរទៅនគរជេស្ឋា ដើម្បីទៅយកលំពែងទិព្វ !

ចៅវាលរីត្រូវធ្វើដំណើរទៅនគរវិបព័ន្ធ ដើម្បីទៅយកកងចក្រទិព្វ !

ចៅកញ្ចនីត្រូវធ្វើដំណើរទៅអន្លង់ខ្មៅ ដើម្បីទៅយកត្រីសូល៍ទិព្វ !

ចៅគង្គារីត្រូវធ្វើដំណើរទៅនគរភុជង្គនាគ ដើម្បីទៅយកស័ង្ខទិព្វ !

.  ករុណា ! លោកតា !

.  មុននឹងពួកចៅធ្វើដំណើរទៅ ពួកតាមាននូវព្រះទម្រង់ទិព្វ៧វង់អាចជួយជា ជំនួយដល់ពួកចៅបានណា៎ !

.  តើព្រះទម្រង់ទាំងនេះប្រើបានអ្វីខ្លះ ?

.  ព្រះទម្រង់នេះអាចប្រើបាន២ប្រការ ៖

បើពាក់ម្រាមចង្អុល នឹងប្រែកាឡាខ្លួនជាក្មេងប្រុស

បើពាក់ម្រាមកណ្ដាល នឹងប្រែកាឡាខ្លួនជាស្រីក្រមុំ ។ 

.  ម៉េចចៅយល់ដែរឬទេ ?

.  ករុណា ! ពួកចៅយល់ហើយ !

.  បើអញ្ចឹងចូរចៅបំបែកផ្លូវគ្នាទៅចុះ !

.  ករុណា ! លោកតា ! ចៅសូមក្រាបថ្វាយបង្គំលាលោកតាទាំងអស់ហើយ !

.  ល្អហើយចៅ ! 

និយាយពីព្រះនាងពិចិត្រមាស និងម៉ែដោះភិរម្យវិញ ត្រូវអ្នកស្រុកជោតគ្រាម ស្រឡាញ់រាប់អានឱ្យស្នាក់នៅជាមួយយាយតាពីរនាក់ ។ ព្រះនាង ចេតរោ បានបញ្ជា ឱ្យគេទៅចាប់ព្រះនាង ពិចិត្រមាស មកកាងមួយដោយកប់ដីត្រឹមក ហើយចំ- ណែកម៉ែដោះភិរម្យវិញត្រូវយកទៅឃុំឃាំងមិនឆ្ងាយប៉ុន្មានពីទីនោះ ។

 ឯចំណែកព្រះ នាង ពិចិត្រមាស វិញត្រូវព្រះនាង ចេតរោ ធ្វើបាបដោយស្រោចទឺកក្ដៅលើក្បាល ជាប្រចាំ តែត្រូវទេវតាតាមជួយថែរក្សាប្រើឫទ្ធិធ្វើឱ្យទឹកនោះត្រជាក់ នៅពេលដែលទឹក ក្ដោនោះធ្លាក់ដល់លើព្រះភក្ត្រព្រះនាង ។ នារាត្រីចូលមកដល់ ព្រះឥន្ទ្រាធិរាជបាន បង្ហាញព្រះកាយនៅចំពោះមុខ ព្រះនាង ពិចិត្រមាស ហើយដាស់ព្រះនាងឱ្យតើនឡើង ។ ព្រះនាង ពិចិត្រមាស បានបើកព្រះនេត្រទាំងគូដោយសេចក្ដីនឿយហត់អស់កម្លាំង ព្រះកាយពលទាំងមូល ហើយមានព្រះសវនីយ៍ឡើង ៖

.  ខ្ញុំម្ចាស់ ពិចិត្រមាស ! សូមក្រាបថ្វាយបង្គំសម្ដេចព្រះឥន្ទ្រាធិរាជ !

.  ពិចិត្រមាស ! បុត្រីបិតា ! បិតាមិនអាចជួយបុត្រីបានទេ ! នេះជាកម្មវេរាពីជាតិ មុនតែប៉ុណ្ណោះឯង !

.  ខ្ញុំម្ចាស់ចង់ដឹងថា បុត្រីទាំង៧របស់ខ្ញុំម្ចាស់តើនៅមានព្រះជន្មនៅឡើយឬទេ ?

.  នៅមានព្រះជន្មនៅឡើយទេ !

.  តើពេលនេះ គេនៅទីណាទៅ ? ខ្ញុំម្ចាស់នឹកពួកគេណាស់ ! ខ្ញុំម្ចាស់សុខចិត្ត ទ្រាំលំបាកគ្រប់បែបយ៉ាងក៏មិនថាអ្វីដែរ !

.  តែពួកគេត្រូវរងគ្រោះដល់ជីវិតមួយដងសិន !

.  ពុទ្ធោ ! បុត្រីមាតា ! ខ្ញុំម្ចាស់ទ្រាំចាំបុត្រីទាំង៧មកជួយសង្គ្រោះជីវិតនៅទីនេះ ចុះ !

.  សូមរក្សាខន្តីធម៌ឱ្យខ្ជាប់ខ្ជួន ! កុំខឹងក្រោធចំពោះអំពើទាំងឡាយទាំងពួង ដែលធ្វើមកលើបុត្រីឱ្យសោះ ព្រោះអាចនាំឱ្យមានពៀរវេរាទៅថ្ងៃអនាគត ។

.  បុត្រចងចាំបណ្ដាំទាំងអម្បាលម៉ានដែលបិតាផ្ដែផ្ដាំ !

.  បានហើយ ! បិតានឹងនិម្មិតឱ្យបុត្រឃើញបុត្រីទាំង៧ទៅចុះ !

.  អរព្រះគុណ !

ព្រះនាង ពិចិត្រមាស បានទតឃើញបុត្រីទាំង៧នាក់កំពុងរត់លេង ញ៉ាំបាយជុំគ្នា រួចហើយព្រះឥន្ទ្រាធិរាជបានមានបន្ទូល ៖

.  បានហើយ ! មានមនុស្សមកហើយ ! បិតាលាបុត្រីសិនហើយ !

.  អរព្រះគុណព្រះបិតាហើយ !

ព្រះឥន្ទ្រាធិរាជយាងទៅបាត់ វត្តមាននាងកញ្ច្រែតភីលៀងព្រះនាង ចេតរោ បានមកដល់ ហើយនិយាយឌឺដងឱ្យព្រះនាង ពិចិត្រមាស ៖

.  ចំជាគ្រាន់បើមែន ! ត្រូវទឹកក្ដៅរាប់ខែទៅហើយ ! នៅមិនទាន់ងាប់ទៀត !

.  នាងកញ្ច្រែត ! នាងគ្រាន់តែត្រឹមភីលៀងតែប៉ុណ្ណោះ ! ហ៊ានមកប្រមាថមើល ងាយយើងផង !

.  យើស ! ហ៊ានហៅឈ្មោះយើងចំផងហែស៎ ! យកទឹកក្ដៅទៀតទៅ ! .  អូយ ! អូយ ! ក្ដៅណាស់ ! សម្លាប់យើងឱ្យហើយទៅ !

.  ចង់ងាប់ហើយហែស៎ ! យើងនៅមិនទាន់ធ្វើបាបឆ្អែតនៅឡើយទេ !

.  អូយ ! អូយ ! យើងទ្រាំលែងបានហើយ ! ព្រះបិតាជួយខ្ញុំម្ចាស់ផង ! បុត្រទ្រាំលែងបានហើយ !

ស្រែកត្រឹមប៉ុណ្ណេះ ក៏ដាច់ខ្យល់សុគតនៅសល់តែវិញ្ញាណដែលវិលវល់អណ្ដែត តែលតោលនៅរង់ចាំបុត្រីទាំង៧មកជួយសង្គ្រោះឱ្យរស់រានមានជីវិតឡើងវិញ ។ យាយគ្រូដឹងថា ព្រះនាង ពិចិត្រមាស ដាច់ខ្យល់សុគត ក៏ប្រើមន្តឃុំព្រលឹងព្រះនាង ពិ ចិត្រមាស មិនឱ្យរស់រានមានជីវិតឡើងវិញបានឡើយ ។

កុមារីទាំង៧បានមូលមតិគ្នាជាឯកច្ឆន្ទប្រើព្រះទម្រង់ទាំង៧ប្រែកាឡាខ្លួនជាកុមារាទាំង័៧វិញ ហើយបំបែកគ្នាទៅរកវត្ថុទិព្វនៅកន្លែងទីទៃពីគ្នា ។ កុមារាពណ្ណវីបាន ហោះទៅលំហមេឃដ៏ល្វឹងល្វើយជាឋានដែលព្រះរាជបុត្រាបុត្រីរបស់ព្រះវាយុគង់នៅ ។ រាជធីតាវហវតីបានឃើញមនុស្សចម្លែកក្នុងដែនសីមាអជដាកាសនគរ ក៏មិនព្រងើយ កន្តើយចំពោះកុមារាពណ្ណវីដែរ ។ ព្រះនាងដណ្ដឹងសួរទៅកុមារាពណ្ណវី ៖

.  នែ ! អ្នកឯងអាងអ្វីបានជាឈ្លានពានចូលដែននគរយើង ?

.  ខ្ញុំមកយកធ្នូទិព្វពីនាង !

.  រូបនៅក្មេងសោះ ហ៊ានសម្ដីថ្លោសដាក់យើងឱ្យប្រគល់ធ្នូទិព្វ !

.  បើនាងមិនជឿ ឱ្យយើងចូលមើលសិនក៏បាន !

.  ទេ ! យើងមិនឱ្យឯងចូលទៅទេ !

.  នាងហាមយើងមិនបានទេ ! បើនាងមិនជឿសាកល្បងមើល៍ចុះ !

.  បាន ! ឯងមិនថយយើងនឹងប្រើឫទ្ធិប្រយុទ្ធគ្នាម្ដង ! ចាំមើល៍នរណាឈ្នះ ចាញ់ ?

.  ចូលមកចុះ !

រាជធីតាវហវតីបានប្រយុទ្ធគ្នាកក្រើកអស់ឋានអជដាកាសទាំងមូលធ្វើឱ្យផ្អើលដល់ទេវបុត្រសន្តិវង្សចូលមកឃាត់ដំណើរប្រយុទ្ធគ្នាខាងលើ ។ ទេពធីតាវហវតីបានប្ដឹង ដល់ទេវបុត្រសន្តិវង្ស ៖

.  ម្ចាស់បង ! កុំឃាត់ខ្ញុំម្ចាស់អី ! គេចង់មកយកធ្នូទិព្វពីឋានយើងណា៎ !

.  បើអញ្ចឹងមែន យើងនឹងឱ្យអ្នកលើកធ្នូទិព្វដែលពុំមានអ្នកណាលើករួច !

.  ល្អ ! បើខ្ញុំលើកមិនរួច ខ្ញុំនឹងវិលត្រឡប់ចាកឋាននេះ !

.  ល្អណាស់ ! សម្រេចអញ្ចឹងចុះ ! បើអញ្ចឹង កុំបង្អង់យូរ ! តោះយើងទៅ !

កុមារាពណ្ណវីបានធ្វើដំណើរទៅដល់កន្លែងដាក់ធ្នូទិព្វ ធ្នូមានដងធ្វើអំពីមាស និងខ្សែយឹតធ្វើអំពីសរសៃកែងប្រើសតាយសាក ។ គ្រាន់តែពណ្ណវីយកដៃស្ទាប អង្អែលធ្នូនោះ ធ្នូទិព្វបានបង្រួមខ្លួនមកតូចល្មមកាន់គ្រវីចុះឡើងបានភ្លាម ។ 

ដោយអំណាចនៃវត្ថុទិព្វធ្លាក់ក្នុងដៃរបស់ម្ចាស់ពិតប្រាកដធ្វើឱ្យអជដាកាសនគរវក់វីសន្ធឹកកម្លាំងគ្រវីធ្នូទិព្វនោះ ។ ពណ្ណវីបានជប់ធ្នូទិព្វឱ្យតូចល្មមនឹងសៀតសក់បាន ហើយធ្វើ ដំណើរត្រឡប់មកកន្លែងដែលណាត់គ្នាជាស្រេច ។

និយាយកុមារានរវតីវិញ បានបំបាំងខ្លួនធ្វើដំណើរទៅកាន់គុហាទេពដែលជា លំនោរបស់អ្នកដូនពពាលខ្មៅ ។ អ្នកដូនពពាលខ្មៅមានចរិតកាចសាហាវណាស់មិន ចុះញ៉មនរណាម្នាក់ទេ ។ ការណ៍នេះតម្រូវឱ្យនរវតីប្រយុទ្ធយកឈ្នះអ្នកដូនពពាល ខ្មៅឱ្យបាន ។ គ្រាន់តែឃើញកុមារនរវតីភ្លាម មិនបង្អង់យូរអ្នកដូនពពាលខ្មៅចេញ វាយប្រហារភ្លាមដែរ ។

 ហេតុតែប្រុងប្រយ័ត្នមុនកុមារនរវតីបានតបតយ៉ាងរហ័សរហួន ហាក់ប៉ិនប្រសព្វក្នុងការប្រយុទ្ធអញ្ចឹង ។ ដោយមិនបានប្រយ័ត្នអ្នកដូនបានគប់ព្រះ ខ័ឌ្គទិព្វទៅឱ្យនរវតីទៅវិញ ជាហេតុឱ្យនរវតីបានវត្ថុទិព្វទី២ដោយស្រួល ។ ឯអ្នកដូន បានវាយដណ្ដើមយកព្រះខ័ឌ្គទិព្វមកវិញ តែជាការឥតប្រយោជន៍ទៅវិញទេ ។ ដោយ ឫទ្ធិព្រះខ័ឌ្គទិព្វធ្វើឱ្យអ្នកដូនពពាលខ្មៅចុះចាញ់ ហើយអនុញ្ញាតឱ្យកុមារនរវតីវិល ត្រឡប់ទៅវិញតាមសម្រួល ។

ដំណាលពីកុមារាសុរជីវិញ បានជ្រែកផែនព្រះធរណីបានទៅដល់រណ្ដៅធំទេព ផងដែរ ។ ទេពធីតាអតនាជាអ្នកមើលថែរក្សាកែវមណី៧ព័ណ៌ជាកែវវិសេសអាច បំផ្លាញអំណាចអាក្រក់បាន ។ កុមារាសុរជីបានជួបជាមួយអន្លង់ដ៏ជ្រៅនៃមហារណ្ដៅ ទេពធ្វើឱ្យវិលវល់ត្រឡប់ត្រលិនចុះឡើងរហូតដល់បាតមហារណ្ដៅទេព ។ លុះទប់ លំនឹងខ្លួនបានហើយ ក៏លេចឡើងនូវទេពធីតាមួយអង្គព្រះនាម អតនា យាងព្រះ ដំណើរបន្តិចម្ដងៗរហូតមកដល់កៀកទល់មុខសុរជី ។ ទេពធីតា អតនា បានមានព្រះ សវនីយ៍ឡើងទៅកាន់កុមារាសុរជី ៖

.  ក្មេងតូចឯងមកទីនេះ ដើម្បីអ្វីដែរ ?

.  ខ្ញុំមានព្រះនាមថា សុរជី មកទីនេះ ដើម្បីយកកែវមណី៧ព័ណ៌ !

.  ខ្ញុំគឺជា ទេពធីតា អតនា ជាអ្នកថែរក្សាកែវមណីដែលឯងចង់បាននោះ !

.  នាងព្រមឱ្យកែវមណីនោះដែរឬទេ ?

.  បើឯងចង់បានត្រូវយកឈ្នះលើយើងសិន !

.  ល្អណាស់ ! ចូលមកចុះ ! ខ្ញុំត្រៀមរួចជាស្រេចហើយ !

.  ល្អ ! យកទៅ ! (នាងទេពធីតាប្រើកែវមណីធម្មតាបញ្ចេញឫទ្ធិបាញ់កាំរស្មី សំដៅសុរជី)

.  ទទួលយកវិញទៅ ! (កុមារសុរជីប្រើសិល្ប័បាញ់តបទៅវិញ)

.  អូយ ! អាក្មេងច្រមក់ហ៊ានធ្វើឱ្យយើងមានរបួសផងហែស៎ !

.  ក្រែងនាងមើលស្រាលខ្ញុំអម្បាញ់មិញមែនទេ ?

.  មែន !

ពោលចប់ ក៏បំបាំងខ្លួនបាត់ស្រមោលឈឹង ទុកឱកាសឱ្យកុមារសុរជីចូលទៅយក កែវមណី៧ព័ណ៌បានដោយសុវត្ថិភាព ។

ងាកមកនិយាយពីកុមារមហាពលីស្វែករកលំពែងទិព្វនៅនានគរជេស្ឋា ព្រះនាង កញ្ចរាទេវីបានយាងក្រសាលឧទ្យាន ។ កុមារមហាពលីបានសូត្រគាថាបំបាំងកាយ មិនឱ្យកងសេនាមើលឃើញខ្លួន ហើយលុកលុយចូលដែនសីមារបស់ព្រះបាទវណ្ណគិរី ឡើយ ។

កុមារមហាពលីមិនអាចព្រះនេត្រទិព្វរបសព្រះបាទវណ្ណគិរីបាន ។ ព្រះបាទវណ្ណគិរីបាន មានបន្ទូលទៅកាន់មហាពលីទាំងអ្នកទាំងឡាយទាំងពួងមើលមិនឃើញសោះឡើយ ។ មហាពលីបានពោល ៖

.  ទូលបង្គំសុំខ្ចីលំពែងទិព្វពីព្រះអង្គសិនចាំទូលបង្គំជួយព្រះមាតាទូលបង្គំហើយ ! ទូលបង្គំនឹងនាំយកលំពែងនេះត្រឡប់មកវិញ ! សូមព្រះអង្គទុកព្រះទ័យលើទូលបង្គំជា ខ្ញុំចុះ ! សូមព្រះអង្គកុំភ័យឱ្យសោះ !

.  បើឯងចង់បានលំពែងទិព្វទៅត្រូវឆ្លងកាត់យើងជាមុនសិន !

.  បើអញ្ចឹង កុំបន្ទោសទូលបង្គំក្មេងធ្វើបាបចាស់ឱ្យសោះ !

.  ល្អ ! ពិតជាក្លាហានណាស់ !

.  អរព្រះគុណដែលសរសើរទូលបង្គំ !

.  ចូរមកចុះ ! អាល្អិត !

.  ទៅហើយ !

ពោលចប់ កុមារមហាពលីបានប្រើសិល្ប៍បាញ់ទៅលើព្រះបាទវណ្ណគិរីធ្វើឱ្យទ្រង់ មានរបួសព្រះហស្ថខាងស្ដាំធ្ងន់ល្មមដែរ ។ ព្រះនាងកញ្ចរាទេវីបានចេញប្រឆាំង ជាមួយកុមារមហាពលី តែត្រូវកុមារមហាពលីប្រើឫទ្ធិលើកគ្រវែងព្រះនាងកញ្ចរា ទេវីឱ្យរបួសព្រះកាយងើបប្រយុទ្ធពុំបានឡើយ ។ ព្រះបាទវណ្ណគិរីបានបានព្រះរាជ ឱង្ការឡើង ៖

.  បើសិនជារាជកុមារជាអវតារមួយរបស់ព្រះម៉ែលក្ម្សីមែន សូមឱ្យបញ្ជាព្រះលំ- ពែងទិព្វបានតាមបំណងប្រាថ្នារបស់រាជកុមារទៅចុះ !

.  ចុះលំពែងទិព្វនោះនៅទីណា ?

.  គឺនៅឯប្រាសាទទិសបូព៌ !

ក្រោយពីមានព្រះរាជឱង្ការចប់ កុមារមហាពលីបានបោះជំហានសំដៅប្រាសាទ ទិសបូព៌តាមរាជបន្ទូលរបស់ព្រះបាទវណ្ណគិរី ។ កុមារមហាពលីបានឈរនៅចំពោះ មុខប្រាសាទដែលមាននូវសត្វព្យគ្ឃៈ(ខ្លាធំ)នៅចាំយាមមុខក្លោងទ្វារប្រាសាទ ។ ដោយពុំមានភាពតក់ស្លុតក្នុងចិន្តារម្មណ៍សោះ ក៏ឈានជើងសំដៅទៅប្រយុទ្ធជាមួយ សត្វព្យគ្ឃៈនោះប្រកបដោយភាពអង់អាចក្រៃលែង ។

 កុមារមហាពលីបានប្រើឫទ្ធិ សិល្ប៍សាស្ត្រតយុទ្ធជាសត្វព្យគ្ឃៈរហូតដល់សត្វព្យគ្ឃៈរបួសជាទម្ងន់ ។ កុមារមហា ពលីបានចូលទៅក្នុងប្រាសាទបានឃើញលំពែងទិព្វហើយ បែរត្រូវឆ្លងកាត់ឧបសគ្គ មួយជាន់ទៀតគឺព្រាយនៅចាំយាមការពារដែលព្រះបាទវណ្ណគិរីរៀបចំឡើងជាឧបសគ្គរារាំង ។ កុមារមហាពលីបានប្រើគាថាផ្សេងៗបង្ក្រាបព្រាយនោះរហូតដល់បានសម្រេច ដូចបំណងរបសខ្លួន ។

 កុមារមហាពលីបានចាប់កាន់លំពែងទិព្វនៅនឹងដៃ ហើយគ្រវីជាច្រើនជុំធ្វើឱ្យនគរជេស្ឋាវក់វីដោយអំណាចនៃមហិទ្ធិឫទ្ធិលំពែងទិព្វនៅក្នុងដៃរបស់កុមារមហាពលី ។ ព្រះបាទវណ្ណគិរីបានយាងទៅអង្វរកររាជកុមារមហាពលីឱ្យ ឈប់គ្រវីលំពែងទិព្វ ។ ដោយអាណិតប្រជានុរាស្ត្រស្លូតត្រង់រងក្ដីវេទនា ព្រោះអំពើខ្លួន កុមារមហាពលីបានគ្រវីលំពែងទិព្វមុននេះបន្តិច ។ កុមារមហាពលីបានបញ្ជាឱ្យលំ- ពែងតូចល្មមប៉ុនស្នៀតសក់ ហើយសៀតនឹងសក់ធ្វើដំណើរត្រឡប់មកពីនគរជេស្ឋាវិញ ។

និយាយពីកុមារវាលរីបានធ្វើដណើរទៅកាន់នគរវិបព័ន្ធ ដើម្បីស្វែងរកកងចក្រទិព្វ ដែលជាវត្ថុទិព្វទី៥ក្នុងប្រយោជន៍សង្គ្រោះមាតា ។ នគរវិបព័ន្ធជានគរតូចស្ថិតនៅលើ កោះមួយនាកណ្ដាលទន្លេពីរព័ទ្ធជុំវិញដែលប្រកបដោយប្រាង្គប្រាសាទល្អល្អះស្រស់ដាច់គេ ។ កុមារវាលរីបានដល់ដែនដីនគរវិបព័ន្ធភ្លាមកងសេនាការពារច្រកទី១ដឹកនាំ ដោយនាយដែនយាមកាមច្រកនេះយ៉ាងគត់មត់ ។

 កុមារវាលរីបានបង្កើតជាខ្យល់គួច សំណាត់ឈើឱ្យប៉ើងឡើងរហូតដល់កងសេនាមិនអាចការពារបានធ្វើឱ្យនាយដែនទប់ ទល់លែងរួច ។ កុមារវាលវីបានឆ្លងកាត់ផុតច្រកនាយដែនបាន រួចក៏ចូលដល់ច្រកតី២ ជានាយក្រាញ់ម្ដងវិញ ។ នាយក្រាញ់មិនចុះចាញ់នឹងខ្យល់គួចរបស់កុមារវាលរីនោះទេ ។

 កុមារវាលរីបានប្រើក្បាច់គុនប្រយុទ្ធជាមួយនាយក្រាញ់ដោយអមជាមួយវិជ្ជាបំបាំង ខ្លួនជាជំនួយផង ។ នាយក្រាញ់បានវង្វេងវង្វាន់វិលក្បុងនឹងល្បិចរបស់កុមារវាលរី ដែលប្រើក្នុងពេលនេះ ។ កុមារវាលរីបានបំបាំងកាយឆ្លងកាត់តាមក្លោងទ្វារទី២បាន ដោយងាយគ្មានឧបសគ្គអ្វីឡើយ ។


 ច្រកទី៣យាមកាមដោយនាយកន្ថាជាមេកងថែ រក្សាច្រក ហើយនាយកន្ថាមានប្រាជ្ញាល្មមដែរ ។ ទោះនាយកន្ថាមានប្រាជ្ញា ក៏រាជ កុមារវាលរីបានរិះរកគ្រប់មធ្យោបាយ ដើម្បីឆ្លងកាត់ច្រកទី៣ឱ្យទាល់តែបាន ។ នាយ កន្ថាបានបាចកំបោរសលើច្រកចូល ដើម្បីឱ្យដឹងស្នាមដានជើងកុមារវាលរីដើរឆ្លងកាត់ ព្រោះជាក្មេងប្រុស ។

 កុមារវាលរីបានកាឡាខ្លួនជាកូនចៅរបស់នាយកន្ថាដោយញុះ ញង់ឱ្យនាយកន្ថាបែកបាក់សាមគ្គីឱ្យកាប់សម្លាប់គ្នាទៅវិញទៅមក ។ ឆ្លៀតពេលកលា- ហលបានកើតឡើងក្នុងជួរកងសេនា កុមារវាលរីបានលួចចូលលុកក្នុងព្រះបរមរាជ វាំងតាមចិត្តចង់ ។ ចៃដន្យអ្វី កុមារវាលរីបានចូលដល់ប្រាសាទពិសិដ្ឋរបស់នគរវិបព័ន្ធ ដោយឃើញព្រះនាងគន្ធរីជាព្រះរាជធីតារបស់ព្រះបាទរុឡកក៏ពួននៅក្រោយរូបបដិមាធំ ហើយសម្ងំស្ងៀមឥតមានមាត់កអ្វីនោះ ។

 លុះព្រះនាងគន្ធរីយាងចេញបាត់ កុមារ វាលរីបានរឹតទ្រូងព្រោះភ័យប្រហោងពោះ ។ កុមារវាលរីបានរុករកកងចក្រទិព្វនោះ ពេញប្រាសាទទាំងមូលរហូតទាល់តែឃើញចំពេលព្រះបាទរុឡកយាងចូលប្រាសាទពិសិដ្ឋនោះដែរ ។ កុមារវាលរីបានយកបានកងចក្រទិព្វ ហើយប្រយុទ្ធជាមួយព្រះបាទ រុឡកយ៉ាងក្លៀវក្លាដរាបដល់ព្រះបាទរុឡកបរាជ័យ ទើបកុមារវាលវីហោះចេញពី នគរវិបព័ន្ធដែរ ។

បែរទៅនិយាយពីកុមារកញ្ចនីវិញ បានធ្វើដំណើរទៅកាន់អន្លង់ខ្មៅដោយសារ កុមារកញ្ចនីមានតេជោធាតុធ្វើឱ្យមានរស្មីចេញពីរាងកាយអាចមើលឃើញអ្វីៗដែលនៅក្នុងអន្លង់ខ្មៅនោះបានដោយងាយជាទីបំផុត ។

 កុមារកញ្ចនីបានឃើញទេវតាមួយអង្គ និងទេពធីតាមួយអង្គដែរកំពុងការពារត្រីសូល៍ទិព្វនៅចំកណ្តាលអន្លង់ ។ កុមារកញ្ចនី បានប្រយុទ្ធជាមួយទេវតាមួយអង្គនោះមានព្រះនាមថា មនោរតនៈនិងទេពធីតាជា ព្រះអនុជនាម អមតា ។ ដោយមានគ្នាដល់ទៅពីរអង្គ កុមារកញ្ចនីបានសូត្របែង ភាគជាបីនាក់ ហើយប្រយុទ្ធជាមួយទេព្ដាទាំងពីរអង្គ ។

 កំពុងតែប្រយុទ្ធជាមួយរូបកុមារ កញ្ចនីពីរនាក់ហើយ រូបទី៣របស់កុមារកញ្ចនីបានហោះទៅដកយកត្រីសូល៍ទិព្វពីបាត អន្លង់ខ្មៅនោះរហូតដល់បានវត្ថុទិព្វទី៦ដោយជោគជ័យ ។ ទេពធីតាអមតានិងទេវតា មនោរតនៈបានអរគុណកុមារកញ្ចនីដែលជួយបញ្ចប់បេសកកម្មយាមវត្ថុទិព្វនេះ ។ អន្លង់ខ្មៅក៏រលាយបាត់ជាមួយទេពធីតានិងទេវតាដែរ ឯកុមារកញ្ចនីបានជប់ត្រីសូល៍ ទិព្វទៅជាស្នៀតសក់ ហើយសៀតនឹងភ្នួងសក់ហោះត្រឡប់មកវិញ ។

ចំណែកកុមារគង្គារីជាកុមារពៅបានលោតចុះទៅក្នុងទឹក ហើយមុជហែលទៅក្នុង ជម្រៅទឹកដ៏ជ្រៅហួសពីការប៉ាន់ប្រមាណទៅទៀត ។ លុះហែលទៅដល់ឋានភុជង្គនាគ ហើយ កុមារគង្គារីបានជួបនឹងកងសេនាត្រី បង្កង ក្ដាមដែលដឹកនាំដោយមេកងពីរគឺ សេនាគង្គ និងសេនាក្រឹត ដែលយាមកាមច្រកចូលនោះយ៉ាងហ្មត់ចត់ ។ 

កុមារគង្គារី បានចូលលុកលុយសម្រុកទម្លុះការពារច្រកចូលដែលយាមកាមជាប់លាប់ ។ សេនាគង្គ និងសេនាក្រឹតចាប់បានដៃកុមារគង្គារីម្នាក់ម្ខាង ហើយយារទាត់ពោះគង្គារីទាំងពីរព្រម គ្នា ។ ពេលនោះ កុមារគង្គារីបានប្រើឫទ្ធិធ្វើឱ្យខ្លួនទៅជាទឹក ហើយទាត់មិនត្រូវនោះទេ ។ កុមារគង្គារីបានទាត់សេនាទាំងពីរឱ្យដួលច្រឡោតតោតតូងក្នុងបំណងធ្វើឱ្យសេនា ទាំងពីរព្រលែងដៃកុមារគង្គារី ។ 

កុមារគង្គារីបានប្រើសិល្ប៍ធ្វើឱ្យកងពលរេហ៍គាំង ឈប់ស្ងៀមមិនអាចកម្រើកទាំងអស់បាន ។ ឃើញហេតុមិនស្រួលបែបនេះ សេនាធំ ទាំងពីរបានរត់ទៅចូលគាល់ស្ដេចនាគ ហើយបានបុត្រានាមនិលនាគចេញប្រយុទ្ធជា  មួយកុមារគង្គារីយ៉ាងក្លាហាន ។ កុមារគង្គារីបានប្រើឫទ្ធិប្រយុទ្ធជាមួយបុត្រានាគរហូត ដល់កក្រើកឋានភុជង្គនាគធ្វើឱ្យបុត្រានាគអស់ឫទ្ធិមិនអាចទប់ទល់បាន ហើយភៀស ខ្លួនគេចពីការប្រយុទ្ធជាមួយកុមារគង្គារី ។ 

ព្រះនាងសែនវង្សាបានសុំខ្លួនទៅប្រយុទ្ធជា មួយកុមារគង្គារីដោយផ្ទាល់ប្រកបដោយឥរិយាបថក្លាហានក្រៃលែង ។ បុត្រីនាគសែន វង្សាបានប្រើសង្វារទិព្វយកមកចាប់កុមារគង្គារី តែចាប់ពុំជាប់នោះទេព្រោះកុមារ គង្គារីបានប្រើឫទ្ធិធ្វើឱ្យរាងកាយទៅជាទឹកវាយមិនត្រូវចាក់ក៏មិនស្លាប់ដែរ ។ កុមារ គង្គារីបានប្រើសិល្ប៍ធ្វើឱ្យបុត្រីនាគមានរបួសនឹងអាវុធរបស់កូនចៅឯង ។

 បុត្រីនាគ មានរបួសដោយឫទ្ធិរបស់កុមារគង្គារីធ្វើឱ្យស្ដេចនាគព្រះនាមព្រះបាទសីតណវង្សព្រួយព្រះហឫទ័យជាខ្លាំងមិនដឹងជាធ្វើយ៉ាងណាល្អ ។ កុមារគង្គារីបានឆ្លៀតពេលស្ដេចនាគ ខ្វាយខ្វល់ពីរបួសបុត្រីព្រះអង្គនោះ ហើយដើរលុករហូតដល់កន្លែងតម្កល់ស័ង្ខទិព្វ ។ គ្រាន់តែកុមារគង្គារីយកបានស័ង្ខទិព្វភ្លាម មហិទ្ធិឫទ្ធិស័ង្ខទិព្វធ្វើឱ្យឋាននាគទាំងមូល រងក្ដីវឹកវរ ព្រោះត្រូវបាត់បង់វត្ថុទិព្វពីនគរភុជង្គនាគក្នុងពេលនេះហើយ ។

Part 5 គ្រាន់តែយក បានស័ង្ខទិព្វភ្លាម កុមារគង្គារីបានជប់ស័ង្ខទិព្វជាស្នៀតសក់របស់ខ្លួន ហើយសៀតនឹង ភ្នួងសក់របស់ខ្លួនវាយបំបែកកងរេហ៍ពលសេនារបស់នគរភុជង្គនាគ ។ កុមារគង្គារី បានចាកចេញពីនគរនាគ ហើយហោះចេញពីទឹកចុះដើរលើដីវិញម្ដង ។

 កុមារទាំង៧ នាក់បានសំណេះសំណាលគ្នាសួរនាំពីឧបសគ្គដែលខ្លួនឆ្លងកាត់គ្រប់ៗគ្នាទៅវិញទៅមក ។ កុមារទាំង៧បានបង្ហាញវត្ថុទិព្វដែលខ្លួនទទួលបានមកបង្អួតគ្នា ហើយបាននាំគ្នា ទៅជួបលោកតាឥសីទាំង៧ដែលកំពុងជជែកគ្នា ។ កុមារសុរជីបានទូលសួរលោក តាឥសី ៖

.  លោកតា ! ពួកចៅមានវត្ថុទិព្វគ្រប់គ្នាហើយ ! តើចៅត្រូវធ្វើយ៉ាងម៉េចទៀត ?

.  ពួកចៅត្រូវធ្វើដំណើរតាមទិសបូព៌ាដោយឆ្លងកាត់នគរបី គឺ ទី១ នគរកណ្ឌរដ្ឋ ទី២ នគរកញ្ចនរដ្ឋ និងទី៣ នគរពារាណសី ។ បើចៅឆ្លងកាត់ផុតនគរទាំងបីខាងលើ ហើយ នុះចៅនឹងបានឃើញព្រះមាតារបស់ចៅទាំង៧ជាក់ជាពុំខាន ។

.  ករុណា ! លោកតា ! ពួកចៅនឹងចងចាំពាក្យពេចន៍សម្ដីរបស់លោកតាជានិច្ចថា ឱ្យ រួមសាមគ្គីគ្នាស្រឡាញ់គ្នា កុំឈ្លោះទាស់ទែងគ្នាឡើយ ។

.  បើស្ដាប់តាមសម្ដីរបស់តា សេចក្ដីអន្តរាយនឹងមិនមានដល់ចៅទាំងអស់គ្នា ឡើយ !

.  ចៅគួរចេញដំណើរថ្ងៃស្អែកនេះ ទើបមានឫក្សពេលាល្អគួរឱ្យធ្វើដំណើរណា៎ ចៅ !

.  ករុណា ! លោកតា !

.  ពេលនេះ រលៀលទន់ទាបសុរិយាហៀបអស្ដង្គតទៅហើយ ចៅទាំងអស់គ្នាគួរ រកសម្រាកសម្រាន្តយកកម្លាំងទុកសម្រាប់ត្រៀមចេញដំណើរនៅថ្ងៃស្អែកចុះ !

.  ករុណា ! លោកតា !

…ពោលចប់ កុមារទាំង៧អង្គបានរៀបចំកន្លែងសម្រាកសម្រាន្តផ្ទំលង់លក់យល់ សុបិន្តនិម្មិតដូចៗគ្នាដោយឃើញមាតាសុគតនៅសល់ព្រលឹងវិលវល់ដោយហេតុមានគេចងព្រលឹងឃុំទុក ស្រែកហៅរកបុត្រីទាំង៧អង្គឱ្យជួយយកអាសារសង្គ្រោះឱ្យមាន ជីវិតឡើងវិញផង ។ …

កុមារតើនឡើងព្រមៗគ្នា ហើយឱបគ្នាយោបំទួញសោកអាណិតដោយក្ដីវិយោគ សោកសង្រេងក្រៃលែងពេកពន់រកទីបំផុតគ្មាន ។ ទំនួញកុមារទាំង៧បានលាន់ឮរំពង ទៅដល់សោតប្បសាទរបស់លោកតាឥសី អស្មក ធ្វើឱ្យលោកសឹងពុំលក់ពេលទៀបភ្លឺ សោះឡើយ ។ លោកតាបានក្រោកពីទីសឹងចេញមកពិនិត្យថា តើកុមារទាំង៧មាន ហេតុភេទអ្វីកើតឡើងបានជាយោបំទួញសោកទាំងអស់គ្នាបែបនេះ ។ លោកតាបាន មានថេរដីកាទៅកាន់ចៅទាំង៧ឡើង ៖

.  ចៅទាំង៧អង្គមានហេតុភេទអ្វីកើតឡើងចំពោះចៅបានជាយោបំទួញសោក ខ្លាំងបែបនេះ ?

.  ករុណា ! លោកតា ! គឺពួកចៅបានសុបិន្តនិម្មិតឃើញព្រះមាតាកំពុងរងទុក្ខវេទនា ដោយមានមនុស្សចិត្តខ្មៅទុរយសសម្លាប់ ហើយឃុំព្រលឹងទុកមិនឱ្យមានឱកាសរស់ រានមានជីវិតឡើងវិញបានឡើយ ។ ( កុមារពៅបានទូលថ្វាយលោកតាឥសី )

.  សូមចៅទាំងអស់ឈប់ព្រះកន្សែងសោយសោកធ្វើអ្វី ! ព្រោះវត្ថុទិព្វក្នុងព្រះ ហស្ថរបស់ចៅពិតជាអាចកម្ចាត់មន្តអាគមអាក្រក់បាន ហើយជួយឱ្យព្រះមាតាពួកចៅ បានថែមទាំងមានព្រះជន្មឡើងវិញបានណា៎ចៅ ។

.  ពិតមែនហេស៎ ! លោកតា ! បើអញ្ចឹងចៅសប្បាយព្រះទ័យខ្លាំងណាស់ ! ចៅ នឹងធ្វើដំណើរទៅជួយសង្គ្រោះព្រះមាតាដោយឆាប់រហ័សតាមតែចៅអាចធ្វើទៅបាន !

.  ពិតជាសមជាបុត្រកតញ្ញូមែន ! សូមចៅផ្ទំបន្តទៅទៀតចុះ ! កុំបារម្ភពីព្រះ មាតាថ្វី !

.  ករុណា ! លោកតា !

សុរិយារៀងរះច្បាស់លើផែនពសុធា សព្វសត្វបក្សាបក្សីហិចហើររកស៊ីចិញ្វឹម ជីវីសែនសុខុមរម្យនា ។ រីអង្គកុមារទាំង៧បានចេញចរយាត្រាពីអាស្រមលោកតា ព្រះមុនីឥសី អស្មក ឆ្លងកាត់ព្រៃព្រឹក្សាលតាវល្លិងងឹតសូន្យសុងរកចាក់ភ្នែកពុំយល់ តែកុមារទាំង៧ប្រកបដោយឫទ្ធិអំណាចខ្លាំងពូកែអាចយកឈ្នះភាពងងឹតបាន ។

 ដើមថ្លាន់ ដើមបេង នាងនួន បុស្សនាគ គ្រញូង កកោះ ផ្ចិក ផ្ដៀក ក្រឡាញ់ រំដួល អង្គាបុស្ស …ដុះដាលទ្រុបទ្រុលលូតខ្ពស់លលៃប្រណាំងប្រជែងដុះឡើងត្រសុំត្រសាយ ។ លតា ជាតិ វល្លិតាអើក វល្លិល្បែងជើងក្មេង វល្លិតាឡុង វល្លិយាវ វល្លិចាន់ …លូត លាស់ត្របាញ់ខ្វាត់ខ្វែងគ្នា ។ តិណជាតិមានស្មៅ កក់ ប៉ប្រក ត្រែង បបុស …ក៏រីកដុះ ដាលជាវាលក្រាលកន្លែងចន្លោះដើមឈើធំ ។ 

បក្សីជាតិមានចាប ព្រាប លលក សេក សារិកា ក្រៀល ក្រសារ ក្អែក ត្មាតជាដើម ហិចហើរកៀងគូហែលទឹកលេងសប្បាយ ឥតមានហ្មងសោះឡើយ ។ នៅក្នុងអរញ្ញប្រទេសប្រកបដោយធាតុត្រជាក់គ្របដណ្ដប់ លើរូបរាងកាយកុមារទាំង៧ឱ្យរងាឡើងសម្បុរគីង្គក់កណ្ដោចកណ្ដែងអនាថារកអ្នកគ្រងរក្សាបបោសអង្អែលឱ្យស្កប់ស្កល់ព្រះទ័យពុំបានឡើយ ។ កុមារកម្សត់ទាំង៧អង្គប្រកប ដោយគ្រឿងអម្ពរកាយដ៏ស្រស់ឆើតឆាយគួរជាទីពិចពិលរមិលមើលនៃជនានុជនទាំង អស់ ។ កុមារកញ្ចនីបានពោល ៖

.  ខ្ញុំមានធាតុភ្លើងក្នុងព្រះកាយ ធាតុត្រជាក់ល្មមៗមិនអាចធ្វើឱ្យខ្ញុំរងានោះ ឡើយ !

.  ចំណែកខ្ញុំគង្គារីមានធាតុទឹកនោក្នុងព្រះកាយអាចទ្រាំទ្រធាតុត្រជាក់បាន ! ចុះចំណែកម្ចាស់បងទាំង៥ផ្សេងទៀត តើអាចទ្រាំនឹងអាកាសធាតុត្រជាក់ក្នុងព្រៃនេះ បានដែរឬទេ ?

.  បងនរវតីអាចទ្រាំនឹងអាកាសធាតុត្រជាក់ក្នុងព្រៃនេះបានទេ ?

.  បងថ្វីត្បិតតែធាតុឈើ តែលុះត្រូវធាតុត្រជាក់បៀមនូវសំណើមមិនជាអ្វី នោះទេណា៎ម្ចាស់អូនកញ្ចនី !

.  ចុះចំណែកម្ចាស់បងមហាពលីវិញ យ៉ាថម៉េចដែរ ?

.  ថ្វីបើបងជាធាតុដែក តែត្រូវសំណើមតែងឡើងច្រែះក៏ពិតមែន ! ម្ចាស់អូន កញ្ចនីកុំព្រួយបារម្ភថ្វី !

.  ចុះចំណែកឯម្ចាស់បងផ្សេងទៀត តើអាចអត់ធ្មត់នឹងអាកាសធាតុត្រជាក់ ក្នុងព្រៃដ៏ធំនេះបានដែរឬទេ ?

.  មិនអីទេ ! ម្ចាស់អូនកញ្ចនី ! បងពណ្ណវីធាតុមាសក៏ពិតមែន តែត្រូវធាតុត្រជាក់ មុខជាកើតភាពសុខស្រួលណា៎ម្ចាស់អូន !

.  ចំណែកបងវាលវីក៏មិនអីដែរ !

.   ហើយបងសុរជីថ្វីបើធាតុដីក៏ពិតមែន តែអាចស៊ូទ្រាំនឹងធាតុត្រជាក់បាន ! កុំបារម្ភពីបងអី !

ភ្លាមនោះគង្គារីបានប្រជុំគ្នា សុំឱ្យយោបល់ទៅដល់បងទាំង៦ឱ្យរាយសីមាព័ទ្ធ ក្រែងមានបញ្ហាអ្វីកើតឡើងជាយថាហេតុដោយមិនបានត្រៀមទុកមុន ។ បងទាំង៦ក៏ យល់ព្រមតាមយោបល់របស់គង្គារី ហើយរាយសីមាព័ទ្ធព្រះកាយអ្នកទាំង៧អង្គនោះ មិនឱ្យព្រាយបិសាចមកយាយីដល់ជីពជន្មនោះឡើយ ។

 ដោយអាធ្រាត្រសែនស្ងាត់ក៏ឮ តែសូរសត្វរត្តិចរស្រែកកក្រើកប្រឹថពីនាំឱ្យអង្គកុមារទាំង៧ញាប់ញ័ររញ្ជួយព្រះហឫទ័យ ដ៏ក្មេងខ្ចីពុំដែលធ្លាប់ដើរឆ្ងាយដាច់សង្វែងនោះទេ ។ កុមារបានធ្វើសមាធិប្រមូលកម្លាំង ចិត្តឱ្យមូលកម្ចាត់នូវភាពខ្លាចទាំងឡាយទាំងពួងចេញអស់ពីខន្ធសណ្ដាននៅតែភាព សោមនស្សរីករាយ ។ 

មួយរាត្រីបានកន្លងផុតធ្វើឱ្យកុមារទាំង៧មានសេចក្ដីក្លៀវក្លា ក្នុងការធ្វើដំណើររហូតចូលដល់ដែននគរកណ្ឌរដ្ឋជានគរយក្សអស់សព្វសត្វពុំហ៊ានឆ្លងកាត់ព្រំសីមានគរនេះទេ ។ សេនាយក្សយាមល្បាតនៅនឹងព្រំប្រទល់បានឃើញរាជ កុមារទាំង៧អង្គបានឆ្លងចូលដីនគរកណ្ឌរដ្ឋបែបនេះក៏ទន្ទ្រាំជើងឱ្យកក្រើកដីញ័ររញ្ជួយធ្វើឱ្យរាជកុមារទាំង៧ច្រឡោតតោតតូងដួលអស់រកលំនឹងទប់ព្រះកាយមិនបាន ។ រាជកុមារកញ្ចនីមានបន្ទូលដណ្ដឹងសួរទៅរាជកុមារអង្គដទៃឡើង ៖

.  ពៅអូន និងបងទាំង៥ម្ដេចក៏ផែនប្រឹថពីកក្រើកញ័ររញ្ជួយបែបនេះ ?

.  មិនដឹងដែរម្ចាស់បងទី៦ ! ខ្ញុំក៏មិនច្បាស់ដែរ !

.  ប្រហែលជាបិសាចមកលងបន្លាចយើងទេដឹង ?

.  អាមនុស្សាហ៊ានចូលក្នុងដែននគរកណ្ឌរដ្ឋផង ! ចំជាថ្លើមធំមែន !

រាជកុមារទាំងង៧ស្រែកព្រមគ្នាឡើង ៖

.  យក្ស !

បន្ទាប់មកក៏បញ្ចេញសិល្ប៍សាស្ត្រវិជ្ជាការប្រយុទ្ធជាមួយសេនាយក្សទាំងពីរដែលយាមកាមច្រកព្រំដែនឱ្យចុះចាញ់ឫទ្ធានុភាពរបស់រាជកុមារទាំង៧ដោយបើកផ្លូវឱ្យធ្វើដំណើរបន្តទៅទៀត ។ ពីរបីថ្ងៃក្រោយមក រាជកុមារទាំង៧បានទៅដល់កំពែងរាជវាំង នគរកណ្ឌរដ្ឋ ហើយបានឮថា ព្រះរាជធីតានៃនគរកណ្ឌរដ្ឋសុគតដោយសារបិសាច ហើយព្រះបាទអបិយាសុរីបានស្វែងរកគ្រប់មធ្យោបាយ ដើម្បីជប់បុត្រីឱ្យមានព្រះជន្ម ឡើងវិញ ។


 រាជកុមារទាំង៧បានទ្រង់ជ្រាបរឿងរ៉ាវនេះ ក៏មានព្រះទ័យចង់ប្រស់បុត្រី ស្ដេចយក្សឱ្យមានព្រះជន្មឡើងវិញ ។ ហេតុតែរាជកុមារទាំង៧បានចូលមកក្នុងទឹក ដីយក្សដោយគ្មានរាជានុញ្ញាតពីព្រះបាទអបិយាសុរីនោះធ្វើម្ដេចនឹងអាចជួយប្រស់ជីវិតព្រះរាជធីតានៃនគរកណ្ឌរដ្ឋបានដូចបំណងដែលប៉ងទុកបាន ។ ដូច្នេះព្រះរាជកុមារ ទាំង៧រកវិធីស៊ើបឱ្យដឹងពីមូលហេតុដែលព្រះរាជធីតាសុគតសិន ទើបអាចជួយជីវិត ព្រះរាជធីតាឱ្យមានព្រះជន្មរស់ឡើងវិញ ។

 រាជកុមារទាំង៧បានបំបែកគ្នាប្រើវិជ្ជាដែល ខ្លួនចេះយកមកប្រើមុននឹងប្រើវត្ថុទិព្វនីមួយៗបាន ។ ក្នុងពេលនោះរាជកុមារសុរជី បានប្រើឫទ្ធិជ្រែកព្រះធរណីឱ្យផុតការយាមកាមរបស់ឆ្មាំទ្វារទាំង៤ទិស ។ រាជកុមារ វាលរីបានបំបាំងព្រះកាយ ដើម្បីគេចឱ្យផុតពីក្រសែភ្នែករបស់ឆ្មាំទ្វារទាំង៤ទិសដែល ចាំយាមកាម ។ រាចកុមារនរវតីបានប្រែកាឡាខ្លួនជាវល្លិដុះលូតលាស់ជ្រៀតចូល កំពែងឱ្យផុតពីការយាមកាមរបស់ឆ្មាំទ្វារទាំង៤ទិស ។

 រាជកុមារពណ្ណវីបានប្រែកាឡា ខ្លួនជាអ្នកយាមដែរ ដើម្បីបញ្ជៀសការសង្ស័យរបស់ឆ្មាំទ្វារទាំង៤ទិសនោះ ។ រាជកុមារ មហាពលីបានឱបរាជកុមារកញ្ចនី និងគង្គារីជាប់ ហើយហោះរំលងកំពែងវាំងរហូតផុត បានចូលទៅក្នុងរាជវាំងដោយស្រួលគ្មានឧបសគ្គអ្វីឡើយ ។ លុះជួបគ្នាហើយ រាជ កុមារទាំង៧ចូលក្នុងបរិវេណខាងក្នុងនៃរាជវាំងនគរកណ្ឌរដ្ឋភ្លាមក៏ស៊ើបដឹងអំពីមូលហេតុដែលព្រះរាជធីតាសោយព្រះវិរាល័យ ។

 បិសាចបានប៉ងចង់បានព្រះរាជធីតាធ្វើជា ប្រពន្ធរបស់វា តែព្រះបិតារបស់ព្រះនាងមិនព្រមទាល់តែសោះធ្វើឱ្យវាខឹងក៏បណ្ដាល ឱ្យព្រះនាងដាក់់បណ្ដាសាឱ្យសោយព្រះវិរាល័យទៅ ។ រាជកុមារទាំង៧បានសុំចូល គាល់ព្រះបាទអបិយាសុរីក្នុងបំណងសុំចូលខ្លួនទៅកម្ចាត់បិសាច ដើម្បីប្រស់ឱ្យព្រះនាង ខេមារីបានមានព្រះជន្មរស់ឡើងវិញ ។ ដោយឮថាមានអ្នកខ្លាំងពូកែចេញមុខមក កម្ចាត់បិសាចជួយសង្គ្រោះឱ្យមានជីវិតរស់រានឡើងវីញ ។

 ព្រះបាទអបិយាសុរីបាន អញ្ជើញព្រះរាជកុមារទាំង៧អង្គឱ្យចូលមកគាល់ព្រះអង្គភ្លាមដែរ ។ ព្រះរាជកុមារទាំង ៧ បានចូលគាល់ដោយសម្ដែងនូវគារវៈតាមទំនៀមក្សត្រ ហើយឱ្យព្រះបាទអបិយាសុរី បង្ហាញព្រះសពរបស់ព្រះនាងខេមារី ។ លុះព្រះរាជកុមារទាំង៧បានទតឃើញព្រះ នាងខេមារីហើយ ក៏ត្រាស់ដណ្ដឹងសួររកជម្រកលាក់ខ្លួនរបស់បិសាចដ៏ឃោរឃៅនោះ ។ ព្រះបាទអបិយាសុរីបានឃាត់ព្រះរាជកុមារទាំង៧ថា កុំយាងទៅធ្វើអ្វីយើងសុខចិត្ត បាត់បង់បុត្រីតែម្នាក់បានហើយ ព្រោះរាជកុមារនៅក្មេងវ័យ ពុំគួរមកប្រថុយជីវិតនោះទេ ។

 ព្រះរាជកុមារពៅបានប្រើឫទ្ធិសម្លឹងទៅទម្លុះព្រះនេត្ររបស់ព្រះបាទអបិយាសុរីស្រាវ ជ្រាវការចងចាំរបស់ព្រះអង្គកាលពី១២ឆ្នាំមុន ។ លុះដឹងសព្វគ្រប់ហើយ ព្រះរាជកុមារ ទាំង៧ក៏ចេញដំណើរសំដៅសម្បុកបិសាចកំណាចដោយក្ដីក្លាហានឥតរុញរាថយមួយជំហានណាឡើយ ។ សេចក្ដីនេះបានដឹងដល់បិសាចធ្វើឱ្យខឹងក្រោធជាខ្លាំងប្រាថ្នា សម្លាប់ដោយសារអំណាចខ្លួន ។


 ព្រះរាជកុមារទាំង៧បានមកដល់ច្រកចូលទៅហើយ បិសាចបានបញ្ជាកូនចៅឱ្យចូលប្រយុទ្ធជាមួយនឹងរាជកុមារទាំង៧ ។ ព្រះរាជកុមារ ទាំង៧ប្រើឫទ្ធិដែលចេះក្នុងខ្លួនស្រាប់មកប្រើបានឈ្នះលើកងពលសេនាបិសាចយ៉ាងជោគជ័យធ្វើឱ្យបិសាចរឹងរឹតខឹងសម្បារជាខ្លាំង ។ លុះកងពលស្លាប់អស់ហើយ បិសាចបានសម្ដែងឫទ្ធិឱ្យខ្លួនធំសម្បើម ដើម្បីបន្លាចព្រះរាជកុមារទាំង ៧ ។

 ព្រះរាជ កុមារទាំង៦បានដកស្នៀតសក់រៀងៗខ្លួនជប់់ឱ្យទៅជាវត្ថុទិព្វទាំង៦យកមកប្រយុទ្ធជាមួយបិសាចរហូតដល់វិនាសបាត់ទៅ ។ លុះវិនាសបិសាចបាត់ទៅ ព្រះរាជកុមារពៅបាន ប្រើស័ង្ខទិព្វជប់ជីវិតអ្នកស្លាប់ទាំងអស់ដែលបានស្លាប់នៅទីនេះឱ្យរស់មានជីវិតមានខ្លះ  ជារាស្ត្រ ខ្លះទៀតជាព្រះមហាក្សត្រ ។ អ្នកទាំងនោះក៏ថ្លែងអំណរគុណដល់ព្រះរាជ បុត្រទាំង៧ដែលជួយឱ្យរស់រានមានជីវិតឡើងវិញ ។ ក្រោយពីកម្ចាត់បិសាចរួចហើយ ព្រះរាជកុមារទទាំង៧បានយាងត្រឡប់មករកព្រះបាទអបិយាសុរីវិញ ហើយបានព្រះ រាជកុមារពៅបានជប់ជីវិតឱ្យព្រះនាងខេមារីមានព្រះជន្មឡើងវិញ ។

 ព្រះនាងខេមារី បានដឹងព្រះកាយឡើងវិញ ហើយថ្លែងអំណរគុណដល់ព្រះរាជកុមារទាំង៧ជាខ្លាំងរក អ្វីប្រៀបពុំបានឡើយ ។ ព្រះបាទអបិយាសុរីបានសម្រេចព្រះទ័យដោយផ្សំផ្គុំព្រះរាជ កុមារពៅនិងព្រះនាងខេមារីជាគូនឹងគ្នា ។ ដោយមិនចង់មានព្រះកិត្តិនាមមិនល្អជាបុត្រ ស្ដេចមានទោសកុហកព្រះរាជា ព្រះកុមារទាំង៧បានដោះព្រះទម្រង់ចេញ ហើយពាក់ ម្រាមកណ្ដាលវិញ ។ នៅពេលនោះព្រះរាជកុមារទាំង៧ ក៏កាឡាព្រះកាយជារូបដើមគឺ ជាព្រះរាជធីតាទាំង៧យ៉ាងស្រស់សោភាធ្វើឱ្យព្រះបាទអបិយាសុរីរឹងរឹតតែស្រឡាញ់បីដូចជាបុត្រីបង្កើតរបស់ទ្រង់ផ្ទាល់តែម្ដង ។ 

ឯព្រះនាងខេមារីបានស្រវាឱបព្រះរាជធីតា ទាំង៧ម្ដងមួយអង្គៗប្រកបដោយព្រះរាជហឫទ័យគោរពស្រឡាញ់ទុកដូចជាបងបង្កើត ។ ដោយពុំអាចនៅយូរបានព្រះរាជធីតាប្រញាប់កាឡាព្រះកាយជាព្រះរាជកុមារទាំង ៧វិញ ហើយក្រាបថ្វាយបង្គំលាព្រះបាទអបិយាសុរីព្រះអគ្គមហេសីកល្យាណាចាក ចេញពីដែននគរកណ្ឌរដ្ឋភ្លាមដែរ ។ 

ព្រះបាទអបិយាសុរីបានចាត់សេនាយក្សពីរនាក់ យាងព្រះដំណើរព្រះរាជកុមារទាំង៧ឱ្យយាងចេញចាកដែននគរកណ្ឌរដ្ឋផុតកន្ទុយភ្នែកហួសដែននគរកណ្ឌរដ្ឋ ។ ព្រៃព្រឹក្សាលតវល្លិនៃដែននគកញ្ចនរដ្ឋដែលប្រកបដោយ បុប្ផជាតិទាំងពួងរីកស្រស់បំព្រងជាលម្អធម្មជាតិដ៏បវរថ្កើងថ្កានហៅសែនប្រពៃក្រៃកន្លង ។ សព្វសត្វម្រឹគីម្រឹគាបណ្ដើរគ្នាទាំងគូៗត្រសងឥតមានភ័យខ្លាចរអារអ្វីឡើយ ។ វេលានេះ សត្វបក្សាបក្សីហិចហើរហេវហោះផ្លេកផ្លោះរំលងបព្វតា ។ 

ជួនកាលសត្វ ខ្លះក៏ទំលើមែកព្រឹក្សាអែបកាយាគូស្នេហាត្រួយព្រលឹងថ្លើមថ្លៃបណ្ដូលប្រមាត់ ។ រីព្រះ រាជកុមារទាំង៧បានយាងយាសចូលដែននគរកញ្ចនរដ្ឋពេលនោះឯង ។ មនុស្សម្នាក្នុង នគរនេះសុទ្ធសឹងតែមានកន្ទុយនិងស្លាបពីរផ្ទាំងសម្រាប់់ហោះហើរលើអាកាសធ្វើឱ្យរាជកុមារទាំង៧អង្គរបស់យើងភ្ញាក់ផ្អើលជាខ្លាំងក៏ឧទានព្រមៗគ្នាថា នេះឬសត្វកិន្នរពិត ជាស្អាតខ្លាំងណាស់ ! គួរជាទីចាប់អារម្មណ៍ក្រៃលែង ! 

ឧទានវាចាចប់កងទ័ពកិន្នរបាន មកចោមរោមចាប់ខ្លួនរាជកុមារទាំង៧ តែជាការឥតប្រយោន៍ប៉ុណ្ណោះចំពោះកងទ័ព កំប៉ិចកំប៉ុកអស់ទាំងនេះគ្រាន់តែរាជកុមារទាំង៧មិនប្រឆាំងនឹងការចាប់ខ្លួននេះឡើយ ។ ដោយបណ្ដើយឱ្យគេនាំខ្លួនទៅជួប ស្ដេចកិន្នរមានព្រះនាមថា ព្រះបាទសិម្បីលី ។ លុះបានជួបនឹងស្ដេចកិន្នរហើយ ព្រះរាជកុមារទាំង៧បានលុតជង្គង់ថ្វាយបង្គំតាម ទំនៀមរបស់ក្សត្រិយ៍ ហើយមានព្រះរាជបន្ទូលឡើង ៖

.  ពួកទូលបង្គំសូមក្រាបថ្វាយបង្កំព្រះអង្គ ! សូមថ្វាយព្រះពរព្រះអង្គឱ្យមានព្រះ ជន្មយឺនយូរ !

.  រាជកុមារ ! មានវាចាពីរោះពិសារខ្លាំងគួរឱ្យចង់ព្រះសណ្ដាប់ក្រៃលែង ! តើរាជ កុមារទាំងអស់មានព្រះនាមអ្វីខ្លះដែរ ! ចូរណែនាំខ្លួនឱ្យយើងស្ដាប់បន្តិចមើល៍ !

.  ពួកទូលបង្គំពុំអាចទូលថ្វាយបានឡើយ ! ហេតុនេះសូមព្រះអង្គព្រះរាជទាន ទោសផង !

.  បាន ! មិនថ្វីទេ ! យើងមិនយកទោសអ្វីពីរាជកុមារទាំង៧នោះទេ !

.  អរព្រះគុណខ្លាំងណាស់ ! និយាយអញ្ចឹងព្រះអង្គមានព្រះភក្ត្រស្រពាប់ ស្រពោនខ្លាំងម្ល៉េះ !

.  គ្មានអ្វីទាក់ទងនឹងព្រះរាជកុមារទាំងអស់គ្នាទេ !

ព្រះរាជកុមារពៅបានប្រើឫទ្ធិសម្លឹងទម្លុះព្រះនេត្ររបស់ព្រះបាទសិម្បីលីក៏ដឹងពី ហេតុការណ៍ដែលកើតឡើងចំពោះព្រះអង្គនិងព្រះរាជអគ្គមហេសី ។ រាជកុមារពៅបាន ញញឹមដាក់ព្រះអង្គជាសញ្ញាប្រាប់ថា រាជកុមារពៅដឹងហេតុការណ៍ទាំងអស់ហើយ ។ ព្រះអង្គទ្រង់ព្រះរាជានុញ្ញាតឱ្យរាជកុមារទាំង៧ស្នាក់អាស្រ័យនៅបណ្ដោះអាសន្នសិន ទម្រាំតែរាជកុមារទាំង៧ជួយដោះស្រាយបញ្ហាក្នុងព្រះនគរ ។ រាជកុមារទាំង៧បានចរ លីលាសំដៅភ្នំស្រអាប់ជាលំនៅរបស់ព្រាយអាស្រ័យនៅ ។

 ព្រាយភ្នំស្រអាប់បានដឹង ថា រាជកុមារទាំង៧បានមករកនាងក្នុងបំណងកម្ខាត់នាងចោល ហើយជួយសង្គ្រោះ ជីវិតព្រះអគ្គមហេសីឱ្យមានព្រះជន្មឡើងវិញ ។ រាជកុមារទាំង៧បានយាងទៅដល់មាត់ រូងភ្នំស្រអាប់ ហើយស្រែកឱ្យព្រាយនោះចេញមកជួបក្នុងបំណងប្រយុទ្ធតគ្នាយកឈ្នះ ចាញ់ម្ដង ។ ព្រាយបានបញ្ជូនកូនចៅរបស់ខ្លួនឱ្យមកប្រយុទ្ធតតាំងជាមួយរាជកុមារ ទាំង៧ ។

 រាជកុមារទាំង៧បានប្រើវិជ្ជាដែលចេះស្រាប់ប្រយុទ្ទជាមួយកូនចៅព្រាយ ដែលបញ្ជូនមកដោយក្ដីក្លាហាន ។ ដោយទប់ទល់មិនឈ្នះ ព្រាយបានចេញពីរូងភ្នំមក ប្រយុទ្ធជាមួយរាជកុមារទាំង៧ដែលប្រុងប្រៀបជាស្រេចនៅខាងមុខរូងភ្នំ ។ 

ព្រាយបាន ចេញមកប្រយុទ្ធជាមួយរាជកុមារទាំង៧ដោយសេចក្ដីក្លាហានមិនខ្លាចរអាអ្វីឡើយ ។ ដោយវិជ្ជាការធម្មតាមិនអាចបង្ក្រាបព្រាយបាន ព្រះរាជកុមារទាំង៧បានប្រើវត្ថុទិព្វទាំង ៧ដើម្បីប្រយុទ្ធជាមួយព្រាយភ្នំស្រអាប់ ។ អាស្រ័យអានុភាពនៃវត្ថុទិព្វទាំង៧ធ្វើឱ្យ ព្រាយភ្នំស្រអាប់បាក់បបខ្លបខ្លាចអំណាចមហិទ្ធិឫទ្ធិវត្ថុទិព្វទាំង៧ដែលជាអាវុធប្រចាំកាយរបស់ព្រះរាជកុមារទាំង៧ ។ ព្រះរាជកុមារគង្គារីបានមានបន្ទូល ៖

.  យ៉ាងម៉េចព្រាយភ្នំស្រអាប់មិនអាចយកឈ្នះពួកយើងក៏រត់ពួនហេស ?

.  មែនហើយ ! ម្ចាស់អូនគង្គារីមានបន្ទូលត្រូវ !

.  កុំអាលទាន់សប្បាយព្រះទ័យឱ្យសោះ ព្រោះព្រាយភ្នំស្រអាប់មិនទាន់សម្លាប់ បានទេ ។

.  កុំអាលអរពួកអាល្អិតទាំង៧ ! យើងមិនទាន់ចាញ់ពួកឯងឡើយ !

.  កុំឱ្យគេថាក្មេងធ្វើបាបចាស់ឱ្យសោះណា៎ !

ព្រាយភ្នំស្រអាប់បានប្រើវិធីហៅសត្វចម្លែកទាំង៧មកប្រយុទ្ធជាមួយរាជកុមារទាំង៧ដែលមិនអាចឱ្យទប់ទល់បាន ។ ជាដំបូង រាជកុមារពណ្ណវីបានប្រយុទ្ធសុវណ្ណហង្ស ដែលជាហេតុនាំឱ្យរាជកុមារពណ្ណវីរាងចាញ់ដៃបន្តិច តែពណ្ណវីបានសូត្រគាថាចងចិត្ត របស់សត្វហង្សបណ្ដើរ ប្រែយុទ្ធបណ្ដើរ ។ រាជកុមារនរវតីបានត្រូវពស់រុំខ្លួនជុំជិតរើពុំរួច សោះឡើយ ។

 ត្បិតតែបែបនេះពិតមែន វាលរីបានប្រើឫទ្ធិបង្រួមខ្លួនឱ្យតូចជាលំដាប់រ ហូតដល់ខ្លួនពស់មិនអាចរឹតបាន ទើបរាជកុមារទី២បានរាយចងមន្តវិជ្ជាបង្ក្រាបពស់ដ៏ កាចសាហាវឱ្យបាក់បបខ្លបខ្លាចអំណាចរាជកុមារទី២យើង ។ រាជកុមារសុរជីបានត្រូវ អណ្ដើកចម្លែកមានស្លាបហោះដេញខាំគេចពុំរួច ។ សុរជីបានប្រើឫទ្ធិជ្រែកដី តែ អណ្ដើកនោះត្បុលទម្លុះដីដេញខាំតទៅទៀត រាជកុមារទី៣បានបញ្ឆោតអណ្ដើកនោះឱ្យ ហោះទៅមុខ ។

 ឯរាជកុមារទី៣បានហក់លោតត្រឡប់ក្រោយយ៉ាងរហ័សជិះលើខ្នង សត្វនោះ ហើយបានជប់កងស្ពាន់ប្រាំពាក់ឱ្យអណ្ដើកត្រង់ក និងជើងទាំងបួនប្រើគាថា ឱ្យកងទាំងនោះរឹតសត្វនោះឱ្យសត្វនោះសុំអង្វរករ ទើបរាជកុមារព្រមបន្ធូរបន្ថយការធ្វើ ទារុណកម្មនេះ ។ រាជកុមារមហាពលីបានត្រូវសត្វហ៊ីងដែកប្រើខ្យល់ផ្លុំបង្កើតព្យុះសង្ឃ រាធ្វើឱ្យមហាពលីទប់មិនជាប់សោះ ។

 រាជកុមារទី៤បានប្រើឫទ្ធិបញ្ចេញកម្លាំង មហាសាល មកទប់មាត់ហ៊ីងកុំឱ្យព្រួសខ្យលតទៅទៀត ហើយបានប្រើកងប្រាក់ ប្រាំពាក់លើក និង ដៃជើងទាំងបួនជាមួយនឹងការរាយមន្តលើកងទាំងនោះឱ្យកងរឹត ។ 

ដោយទ្រាំពុំពាន សត្វហ៊ីងបានសុំអង្វរកររាជកុមារមហាពលីឱ្យបន្ធូរបន្ថយកុំរឹតសម្លាប់ ខ្លួនទុកជីវិតឱ្យខ្លួន ផង ។ រាជកុមារវាលរីបានត្រូវឥន្ទ្រីប្រាក់ដេញចឹកខ្ញាំនឹងជើងទាំងពីរ វិះនឹងគេចពុំរួច ។ រាជកុមារវាលរីបានបំបាំងខ្លួនមិនឱ្យឥន្ទ្រីប្រាក់មើលឃើញនោះទេ ។

 រាជកុមារទី៥យើងបានបង្ហាញដោយជិះលើខ្នងសត្វឥន្ទ្រីបា្រក់នោះធ្វើឱ្យរលាស់ខ្លួនជា ច្រើនលើកច្រើនសា តែរាជកុមារវាលរីបានមហាអាថ័នពាក់នឹងកឥន្ទ្រីប្រាក់ ហើយ សូត្រគាថាបញ្ជាកងអាថ័នរឹតកឥន្ទ្រីឱ្យវាទទួលរងទារុណកកម្មនោះជាទម្ងន់ ។ 

សត្វ ឥន្ទ្រីបានសុំអង្វរកររាជកុមារវាលរីឱ្យបន្ធូរកងកុំឱ្យរឹតកខ្លួននាំឱ្យខ្លួនពិបាកក្នុងការដក ដង្ហើមអី ។ រាជកុមារទី៥ព្រម តែសត្វឥន្ទ្រីត្រូវព្រមធ្វើជាពាហនៈរបស់ខ្លួនទើបរាជកុមារ យល់ព្រមតាម ។ រាជកុមារកញ្ចនីបានត្រូវគ្រុឌអគ្គីព្រួសភ្លើងដាក់ក្នុងដុតកម្ទេចឱ្យក្ស័យ សូន្យជីពជន្ម តែបំណងរបស់គ្រុឌមិនបានសម្រេចតាមបំណងរបស់ខ្លួនឡើយ ។

 ហេតុ អ្វីទៅ ? ព្រោះដោយសាររាជកុមារកញ្ចនីកើតមកមានតេជោធាតុក្នុងព្រះកាយទើបភ្លើង របស់គ្រុឌពុំអាចដុតកម្ទេចរាជកុមារបាន ។ ពេលដឹងថា ភ្លើងពុំអាចធ្វើអ្វីរាជកុមារកញ្ច នីបាន វាក៏ប្រើស្លាបទាំងគូរបស់វាបក់ឱ្យកើតជាព្យុះសង្ឃរាដ៏ខ្លាំងក្លាធ្វើឱ្យរាជកុមារទី៦ របស់យើងទប់ទល់ស្ទើរពុំចង់បាន ។

 ភ្លាមនោះ រាជកុមារទី៦ប្រកបដោយព្រះបញ្ញាញា ណបានស្ទុះលោតដាំដូងឱ្យហួសរំលងពីលើក្បាលគ្រុឌ ហើយហាព្រះឱស្ឋបញ្ចេញនូវ កងអគ្គីមួយពាក់ពីលើករបស់គ្រុឌ ហើយជិះច្រកគាវពីលើស្មាទាំងពីររបស់គ្រុឌបណ្ដើរ សូត្រគាថាឱ្យកងអគ្គីរឹតកគ្រុឌបណ្ដើរ ។

 គ្រុឌឋិតក្នុងភាពឈឺចាប់ខ្លាំងពេកក៏មានបំណ ងចង់ចាប់រាជកុមារកញ្ចនីបោកសម្លាប តែកញ្ចនីដឹងមុនស្ទុះលោតចេញពីស្មារបស់គ្រុឌ ផង សូត្រគាថាជាច្រើនមេដើម្បីឱ្យកងនៅករបស់គ្រុឌរឹតកាន់តែខ្លាំងផង ។ គ្រុដលុះ ដល់ទប់ពុំជាប់នឹងកម្លាំងឫទ្ធិរបស់កងអគ្គីរបស់រាជកុមារទី៦ពុំបាន ក៏សុខចិត្តថ្វាយខ្លួន ជាពាហនៈរហូតដល់ក្ស័យព្រះជន្មរបស់ខ្លួន ។ 

ចុងក្រោយដល់វេនរាជកុមារគង្គាវីម្ដង ត្រូវសត្វមករៈដេញខាំទោះហោះខ្ពស់យ៉ាងណាក៏គេចពុំរួច តែរាជកុមារមានព្រះបញ្ញា ញាណខ្លាំងពូកែជាងបងៗដោយរាជកុមារពៅបានខ្ជាក់ខ្សែរឹតក និងជើងទាំងបួនឱ្យរឹត ក និងជើងទាំងបួនរបស់សត្វមករៈដែលធ្វើឱ្យវាឈឺចាប់ក្រៃលែងរកទីបំផុតគ្មាន ។ សត្វមករៈបានក្រាបចុះបង្អោនសិរសាទៀបព្រះបាទារបស់រាជកុមារពៅសម្ដែងសុំព្រះ រាជទានទោសដល់ខ្លួនដែលប្រមាថព្រះចេស្ដារបស់ព្រះរាជកុមារពៅ ។ 

ដោយសារតែ មានព្រះទ័យសណ្ដោសប្រណីដល់សត្វលោក រាជកុមារបានធ្វេសប្រហែសព្រលែង សត្វនោះឱ្យរួចពីចំណងសិល្ប៍របស់រាជកុមារ ។ សត្វមករៈមានសណ្ដានជាសត្វតិរច្ឆាន ពុំយល់នូវក្ដីកតញ្ញូកតវេទីដូចមនុស្សសោះឡើយ ។ ដោយវាបានរួចពីចំណងក៏បកមក សងសឹកវិញ ព្រោះត្រូវរាជកុមារពៅធ្វើទារុណកម្មនាំឱ្យវាលំបាកប្រាណ ។

 ហេតុនេះវា ត្រូវតែសងសឹកវិញចំពោះទង្វើរបស់រាជកុមារពៅ ។ រាជកុមារពៅបានគង់ពែនព្រះភ្នែន ហើយបឹទព្រះនេត្រទាំងគូប្រមូលផ្ដុំសមាធិបើកញាណទី៦ដឺងសព្វទិសានុទិស ។ ដោយនឹកស្មានថា រាជកុមារពុំដឹងពីទង្វើខ្លួនដែលនឹងប៉ងត្របាក់លេបរាជកុមារពៅចូល ក្នុងពោះ ក៏ហាមាត់ប្រុងត្របាក់លេបរាជកុមារពៅ ។

 ព្រះរៀមទាំងអស់បានភ័យស្លុត នឹងហេតុការណ៍ខាងលើជាខ្លាំង បម្រុងនឹងបន្លឺព្រះសូរសៀងខ្លាំងៗដើម្បីដាស់ព្រះ ស្មារតីឱ្យដឹងពីអំពើរមិលគុណរបស់សត្វមករៈនោះ ។ ភ្លាមនោះ រាជកុមារពៅបានប្រើ ឫទ្ធិតាមញាណទី៦បញ្ជាខ្សែសិល្ប៍ទាំងប្រាំឱ្យចងរឹត ដើម្បីធ្វើនូវទារុណកម្មឱ្យធ្ងន់ធ្ងរឱ្យ សមនឹងអំពើអកតញ្ញូរបស់សត្វមករៈនេះ ។

 សត្វមករៈបានសុំអង្វរករម្ដងហើយម្ដង ទៀតធ្វើឱ្យសត្វមករៈនោះប្រកាច់រមួលខ្លួនស្ទើរតែក្សិណក្ស័យទើបរាជកុមារពៅរំសាយ សមាធិ ហើយឈប់សូត្រគាថារឹត ។ សត្វមករៈបានដឹងខុស ក៏សុំរាជកុមារពៅធ្វើជា ម្ចាស់ ហើយសុំថ្វាយជីវិតធ្វើជាជំនិះតទៅថ្ងៃអនាគតដរាបស្លាប់ពីអត្តភាពនេះ ។

 ដោយ ឃើញឫទ្ធានុភាពរបស់រាជកុមារទាំង៧ហើយ ព្រាយភ្នំស្រអាប់បានតយុទ្ធជាមួយរាជ កុមារទាំង៧ជាបន្តទៅទៀត ។ ព្រាយភ្នំស្រអាប់ពិតជាខ្លាំងពូកែមែន ជៀសពុំប្រើវត្ថុទិព្វ ពុំបាន ។ ព្រាយភ្នំស្រអាប់បានប្រើឫទ្ធិរបស់ខ្លួនដោយប្រើឈើច្រត់ប្រយុទ្ធតបនឹងវត្ថុ ទិព្វទាំង៧ ។ 

ដោយអំណាចវត្ថុទិព្វទាំង៧ជារបស់ព្រះវិស្ណុធ្វើឱ្យព្រាយភ្នំស្រអាប់ត្រូវ របួសធ្ងន់រហូតដល់បាត់បង់ជីវិត មុនស្លាប់ព្រាយនោះបានបញ្ជូនដំណឹងទៅយាយធ្មប់ អបលាកា ដែលត្រូវជាសិស្សច្បងរបស់ព្រាយភ្នំស្រអាប់ឱ្យដឹងថា ក្មេងប្រុស៧នាក់មាន ឫទ្ធិចេស្ដាខ្លាំងពូកែណាស់ ចូរសិស្សច្បងប្រយ័ត្នខ្លួនឱ្យមែនទែន ។ លុះចប់ការផ្ដាំផ្ញើ ហើយ ក៏រលាយវិញ្ញាណបាត់ទៅ ។

រាជកុមារទាំង៧បានជិះពាហនៈនីមួយៗធ្វើដំណើរត្រឡប់មកកាន់រាជវាំងនៃនគរ កញ្ចនរដ្ឋវិញប្រកបដោយជ័យជំនះឈ្នះលើព្រាយភ្នំស្រអាប់បានទាំងពាហនៈជាជំនិះ ផងដែរ ។ នៅពេលនោះប្រជានុរាស្ត្រនគរកញ្ចនរដ្ឋបានចេញពីផ្ទះសម្បែងមកអបអរ សាទរដល់ជ័យជំនះរបស់រាជកុមារទាំង៧ផងដែរ ។ 

រាជកុមារទាំងអស់បានបែរព្រះ ភក្ត្រទតមើលព្រះបាទសិម្បីលីឃើញថា នៅស្រពាប់ស្រពោននៅឡើយ ។ ដោយយល់ អធ្យាស្រ័យរបស់ព្រះអង្គ ទើបរាជកុមារទាំងអស់យាងចូលវាំងជាមួយព្រះរាជា ហើយក៏ ចូលទៅក្នុងរាជដំណាក់របស់ព្រះរាជអគ្គមហេសីព្រះនាម ពិចិត្របុប្ផា ដែលត្រូវជាម្ចាស់ អ៊ំរបស់រាជកុមារទាំង៧ដែលបានសោយព្រះវិរាល័យដោយសារព្រាយភ្នំស្រអាប់ ដើម្បី មើលព្រះសពរបស់ព្រះរាជអគ្គមហេសី ។

 អាស្រ័យហេតុខាងលើ ព្រះរាជកុមារទាំង៧ បានបួងសួងសំបូងសម្រូងឱ្យវត្ថុទិព្វទាំង៧ជួយសង្គ្រោះព្រះជន្មព្រះរាជអគ្គមហេសីឱ្យ រស់រានមានព្រះជន្មឡើងវិញ ។ ដោយអំណាចនៃមហិទ្ធិឫទ្ធិរបស់ស័ង្ខទិព្វបានចេញមក នូវទឹកពិសិដ្ឋស្រោចស្រពលើព្រះសពរបស់ព្រះរាជអគ្គមហសីតាំងពីព្រះសីសៈរហូត ដល់ចុងព្រះបាទាបានផ្សាយចេញនូវរស្មីព័ណ៌ខៀវយ៉ាងភ្លឺរន្ទាលពេញព្រះរាជដំណាក់ទាំងមូល ។

 លុះដល់ពន្លឺនោះរលត់បាត់ទៅ ព្រះរាជអគ្គមហេសីបានចាប់កម្រើកព្រះ អង្គុលីបន្ដិចៗ ហើយបើកព្រះនេត្រ និងលាន់ព្រះឱស្ឋឡើងរកព្រះវារី ដើម្បីសោយបំ- បាត់ការស្រេក ។ ព្រះបាទសិម្បីលីបានសប្បាយព្រះរាជហឫទ័យជាខ្លាំង ហើយបាន ត្រេកអរក្នុងព្រះទ័យនឹងបានឃើញព្រះមហេសីមានព្រះជន្មឡើងវិញ ។ ព្រះរាជអគ្គ មហេសីបានតើនឡើង ហើយមានព្រះសវនីយ៍យ៉ាងផ្អែមល្ហែមទៅកាន់រាជកុមារទាំង៧ ៖

.  តើបុត្រទាំង៧មានព្រះនាមអ្វីដែរ ? អាចប្រាប់មាតាផងបានទេ បុត្រសម្លាញ់ ?

.  ក្រាបទូល ! ព្រះមាតា ! ពួកទូលបង្គំជាស្រីទេ !

.  ពិតមែនហែស៎ ! បុត្រមាតា !

.  ព្រះពរ !

ព្រះរាជកុមារទាំង៧បានប្ដូរព្រះទម្រង់ពីម្រាមចង្អុលទៅម្រាមកណ្ដាលវិញធ្វើឱ្យ ព្រះកាយព្រះរាជកុមារទាំង៧ប្រែជាព្រះរាជធីតាទាំង៧អង្គយ៉ាងស្រស់សោភាកំពុង  លុតជង្គង់ថ្វាយបង្គំព្រះរាជអគ្គមហេសីរបស់នគរកិន្នរ ។ ព្រះរាជិនីបានមានសវនីយ៍ទៅ កាន់ព្រះរាជធីតាទាំង៧ដោយព្រះសូរសៀងពិរោះ ៖

.  តើបុត្រីទាំងអស់អាំចប្រាប់ព្រះនាមរបស់បុត្រដល់មាតាផងបានដែរឬទេ ?

.  ព្រះពរ ! បានព្រះមាតា ! ខ្ញុំម្ចាស់មានព្រះនាមថា ពណ្ណវី ។

.  ខ្ញុំម្ចាស់មានព្រះនាមថា នរវតី ។

.  ខ្ញុំម្ចាស់មានព្រះនាមថា សុរជីប ។

.  ខ្ញុំម្ចាស់មានព្រះនាមថា មហាពលី ។

.  ខ្ញុំម្ចាស់មានព្រះនាមថា វាលរី ។

.  ខ្ញុំម្ចាស់មានព្រះនាមថា កញ្ចនី ។

.  ហើយខ្ញុំម្ចាស់ពៅគេមានព្រះនាមថា គង្គារី ។

.  តើបុត្រទាំងអស់គ្នាជាបុត្ររបស់ព្រះរាជានៃនគរណា ហើយមាតាបិតាមានព្រះ នាមអ្វីដែរ ? អាចប្រាប់មាតាផងបានទេ ? ហាក៎ ! គួរឱ្យស្រឡាញ់គ្រប់អង្គទាំងអស់គ្នា ហ្នឹង !

.  ពួកបុត្រជាបុត្ររបស់ព្រះមាតាមានព្រះនាមថា ពិចិត្រមាស និងព្រះបិតាមាន ព្រះនាម សត្ថវង្ស ណាព្រះមាតា !

.  ថាម៉េចបុត្រីទាំងអស់ជាបុត្ររបស់ម្ចាស់អូន ពិចិត្រមាស មែនហែស៎ ! ចុះប្រវត្តិ របស់បុត្រីទាំងអស់មានលំអានយ៉ាងណាខ្លះទៅ ? បានជារសាត់អណ្ដែតមកដល់នគរ ព្រះមាតាដូច្នេះទៅវិញ !

ព្រះនាងពណ្ណវីបានរៀបរាប់ពីដំណើររឿងរ៉ាវដែលកើតឡើងតាំងពីដើមរហូតដល់ ពួកព្រះនាងមកដល់នគរព្រះមាតុច្ឆាបែបនេះឯង ។ ព្រះរាជិនី ពិចិត្របុប្ផា បានហៀរ ហូរជលនេត្រជោគជាំព្រះភក្ត្ររបស់ព្រះអង្គលាយឡំជាមួយសំណោកសោកសៅថែម ទៀតផង ។ ដោយអាណិតព្រះភាគិនេយ្យ

ទាំង៧ក្រៃពេក ក៏ទ្រង់ស្រវាឱបព្រះនាងទាំង ៧ម្ដងមួយអង្គៗរហូតដល់អស់ព្រះទ័យ ទើបទ្រង់រសាយបាត់ក្ដីសោកសៅពីក្នុងព្រះ ទ័យ របស់ទ្រង់ ។ ព្រះរាជបុត្រាបុត្រីរបស់ព្រះរាជិនី ពិចិត្របុប្ផា ក៏បានសប្បាយព្រះ ទ័យដៃលពួកទ្រង់បានស្គាល់ និងជួបព្រះរាជវង្សានុវង្សផងដែរ ។ ដោយអាស្រ័យហេតុ ទាំងឡាយខាងលើ បានញ៉ាំងឱ្យដំណើរទៅជួយសង្គ្រោះព្រះមាតាត្រូវស៊ីពេលយូរតទៅ ទៀត ។

ក្រោយពីសំណាក់នៅដែននគរកញ្ចនរដ្ឋមួយរយៈ ព្រះរាជធីតាទាំង៧បានប្រែ កាឡាព្រះកាយជារាជកុមារាដូចដើមវិញ ហើយលាព្រះមាតុច្ឆានិងព្រះស្វាមីរួមទាំងព្រះ រាជបុត្រាបុត្រី ដើម្បីបន្តបេសកកម្មជួយសង្គ្រោះព្រះមាតាតទៅទៀត ។

 ព្រះរាជអគ្គ មហេសីបានចាត់ឱ្យកងកម្លាំងខ្លះជូនដំណើរព្រះរាជកុមារទាំង៧ រហូតដល់ផុតដែន នគរកញ្ចនរដ្ឋ ទើបកងកម្លាំងនោះត្រឡប់ទៅទូលថ្វាយព្រះរាជិនី ។ លុះរាត្រីកាលចូល មកដល់ រាជកុមារទាំង៧បានសម្រាកព្រះកាយក្នុងព្រៃព្រឹក្សាលតាវល្លិជាបណ្ដោះអា សន្នសិន ដើម្បីរង់ចាំដល់ភ្លឺទើបបន្តដំណើរទៅមុខទៀតជាមួយជំនិះទាំង៧ ។

 មួយប៉-ព្រិចភ្នែក រាត្រីបានកន្លងផុតទៅយ៉ាងរហ័សចង់ទប់ក៏មិនកើតដែរ ។ ដូច្នេះគួរតែ បណ្ដោយតាមពេលវេលាឱ្យទៅមុខចុះ យើងក្រឡេកមើលព្រះរាជកុមារទាំង៧យើង វិញ តើយ៉ាងម៉េចទៅហើយ ? អីយ៉ា ! តើនឡើងគ្រប់អង្គហើយតើ ! កំពុងសោយផ្លែ ផល្លាយ៉ាងឆ្ងាញ់ពិសារបែបមើលទៅទើបនឹងបេះហើយមើល៍ទៅ ! លុះព្រះរាជកុមារ ទាំង៧បានសោយឆ្អែតស្កប់ស្កល់ ហើយបានផ្ទំសម្រាកសម្រាន្តស្រកស្រន់ធូរក្នុងព្រះ ឧទរគ្រប់អង្គ ។

 ព្រះសុរិយាបានបង្អើតព្រះភក្ត្របញ្ចេញរស្មីចិញ្ចែងចិញ្ចាចបាចសាចទៅ គ្រប់ទិសទីលើផែនព្រះធរណីឱ្យយល់តែភាពរុងរឿងថ្កុំថ្កើងនេះធ្វើឱ្យសត្វលោកទាំង អស់រស់យ៉ាងសប្បាយរីករាយនឹងរស្មីដ៏បវរនេះ ។ វេលាព្រះទិនករពេញពន្លឺ អង្គរាជ កុមារទាំង៧កាយបានស្រូតរូតម្នីម្នាឆ្លងកាត់អរញ្ញប្រទេសដោយពឹងពាហនៈជាជំនិះ ទាំង៧យាត្រាលាសព្វសត្វទាំងពួងដែលបានកំដរព្រះអង្គគ្រប់អង្គឱ្យផ្ទំលង់លក់ដល់ អរុណរះ ។

 គុណូបការគុណនេះព្រះអង្គទាំងឡាយពុំភ្លេចភ្លាំងមួយគ្រាណាឡើយជា ហេតុនាំឱ្យព្រះអង្គគ្រប់គ្នាមានសុវត្ថិភាពគ្មានសត្រូវអ្វីមកយាយីជីពជន្មនោះទេ ។ គ្រាន់តែជិតផុតព្រៃ ជំនិះទាំង៧បានប្រាណប្រែកាឡាខ្លួនទៅជាខ្សែព្រះសុរងភ្លាមទុក ឱ្យព្រះរាជកុមារទាំង៧អង្គយាងចរលីលាចូលផ្សារផ្សោរវិញ ។ ក្នុងផ្សារ មនុស្សម្នាអ៊ូអរ ទ្រហឹងអឺងកងគួរឱ្យគន់រំពៃមើលខ្លាំងណាស់ ។

 អ្នកខ្លះមានលក់សាច់ជ្រូក សាច់មាន់ សាច់ទា សាច់គោ ក្របីដាក់លើជ្រញ់ព្យួរខាងមុខតូប អ្នកខ្លះលក់បន្លែមានស្ពៃក្រញាញ់ ស្ពៃចង្កឹះ ស្ពៃលាវ ស្ពៃតឿ ស្ពៃខ្មៅ ស្ពៃបូកគោ ឆៃថាវ ត្រកួន ខាត់ណា …ដាក់តម្រៀប ជាផ្នែកៗលើកម្រាលក្រាលលើដីឬលើធ្នើរនៅខាងមុខអ្នកលក់ ។ អ្នកខ្លះលក់សាច់សត្វ ព្រៃមាន ឈ្លូស ប្រើស ក្ដាន់ ជ្រូកព្រៃ រមាស រមាំង ទន្សោង ​  ដាក់ព្យួរឬហាន់ចំណិត ស្ដើងៗដាក់លើជ្រញ់ក្នុងតូបផ្នែកខាងមុខ ។

 អ្នកខ្លះលក់គ្រឿងអលង្ការមានចិញ្ចៀន ក្រវិល ខ្សែក កងដៃ កងជើង រយ៉ា អង្កាំ ទំហ៊ូ ជាដើម មានខ្លះធ្វើអំពីភ្លុក ដី ឈើ ស្ពាន់ មាស ទង់ហ្វ៊ា សម្រឹទ្ធិដាក់រៀបតាមលំដាប់មានជាច្រើនបែបច្រើនសណ្ឋានគួរឱ្យពិច ពិលរមិលមើលខ្លាំងណាស់ ។ អ្នកខ្លះក៏លក់កុលាបភាជន៍មានចាន ឆ្នាំង ក្អម ពួច ពិន្ទង ក្រឡ ពាង …ដាក់តម្រៀបតាមទំហំសណ្ឋានល្អមើលណាស់ដែរ ។ អ្នកខ្លះក៏មាន លក់គ្រឿងសង្ហារឹមធ្វើអំពីឈើ ឫស្សី វល្លិឬផ្ដៅមានកៅអីវែង ជើងតាំង កៅអីតូចធំ គ្រែ តុជាដើម ។

 អ្នកខ្លះក៏លក់សម្លៀកបំពាក់ប្រុសម្ខាងស្រីម្ខាងមានខោវែងបែបចិន បែប ខ្មែរ ខោជើងខ្លី សំពត់កំណាត់ អាវដៃវែងខ្លីបែបផែនផ្សេងៗ ក្បិន សំពត់សំឡុយជាដើម ខ្លះដេរពីកំណាត់ព្រែ ឬ ខៀន ផាឌិប ទេសឯក ហូល ផាមួង ។ អ្នកខ្លះស៊ីកាត់ដេរប៉ាក់ ឌិន ជាបែបផែនតាមសំណូមពររបស់អតិថិជន ។អ្នកខ្លះជាជាងដែកធ្វើជាកាំបិត ដាវ កណ្ដៀវ កង្វេ ចែ ដឺង ដឺថចិន ញញួរ ពន្លាក ប្រណាក ដង្កៀប កន្ត្រៃ ដាក់ព្យួរមុខតូប ឬតម្រៀបលើរានពីខាងក្រោម និងកំពុងដំលត់ដែក ស្ពាន់ មាស លង្ហិន ជាដើម ។

 អ្នកខ្លះក៏លក់អង្ករមានអង្ករដំណើប អង្ករខ្សាយ ស្រូវធ្ងន់ ស្រូវកណ្ដាល ស្រូវស្រាល និង លក់ពូជស្រូវទុកដាំដុះ ។ អ្នកខ្លះទៀតក៏លក់ម្ហូបអាហារផ្សេងៗមានខ្ចប់ហើយ និងមិន ទាន់ខ្ចប់ ម្ហូបគោកក៏មាន ទឹកក៏មាន អាហារខ្លះទើបនឹងចំអិនក្ដៅៗមានសាច់ប្រលាក់ អាំង ឆ្អើរ បំពង ចំហុយ ស្ងោរ ឬចៀន ។

 យើងរៀបរាប់ដល់ត្រឹមនេះធ្វើឱ្យរាជកុមារពៅ កូរព្រះឧទរស្រេកឃ្លានចង់សោយព្រះក្រយាថ្ងៃត្រង់ល្មម ។ រាជកុមារទី១បានចូលទៅ រកតូបលក់អាហារដោយទិញបាយ និងអាហារអាំងមក ។ រឿងមួយដែលគួរឱ្យកើត បានកើតឡើងគឺរាជកុមារមិនស្គាល់ប្រាក់។ ភ្លាមនោះ រាជកុមរពណ្ណវីបានមានបន្ទូល ឡើង ៖

.  ប្រាក់ជាអ្វើទៅ ? អ៊ំស្រី !

.  យី ! ក្មេងនេះមកពីណាអញ្វេះ ? មិនស្គាល់ប្រាក់ ! នួក ! មើលខាងណ៎ !

រាជកុមារពណ្ណវីបានបែរព្រះភក្ត្រទៅតាមទិសដៅដែលអ៊ំស្រីចង្អុល ហើយក៏លាន់ ព្រះឱស្ឋឡើង ៖

.  អ៎ ! ហ្នឹងហែស៎ ! ហៅថាប្រាក់ ! ខ្ញុំមានច្រើនណាស់ ! អ៊ំចង់បានប៉ុន្មាននិយាយ មកចុះ ?

.  គឺដប់មាសក !

.  ណេះ ! មិនបាច់អាប់ទេ !

.  យី ! មាសច្រើនណាស់ក្នួយ ! ក្មួយឯងលួចពីគេមែន ?

.  ទេ ! មាសរបស់ខ្ញុំទេ ! ខ្ញុំមិនប្រព្រឹត្តអំពើទុច្ចរិតនោះទេ !

.  តែយើងបាត់មាសមួយកញ្ចប់នៅក្នុងថ្នក់របស់យើង តើឯងលួចមែនទេ ?

.  លោកពូកុំមានប្រសាសន៍បែបនេះ ខ្ញុំពុំបានលួចនោះទេ !

.  ជាក្មេងកុំនិយាយកុហាកឱ្យសោះ ! ប្រយ័ត្នយើងវាយតិចថាមិនអាណិតក្មេងឱ្យ សោះណា៎ !

.  ខ្ញុំជាកូនអ្នកថ្លៃថ្នូរម្នាក់ពុំចេះនិយាយកុហកនោះទេ !

.  ហ៊ឹស ! សម្ដីថ្លោសណាស់តើ ! ចាំមើល៍ឯងមាត់រឹងប៉ុនណា៎ !

.  កុំអីក្មួយ ! ម្នាក់ហ្នឹងកាចណាស់ !

.  ឆាប់ចូលមកវាយខ្ញុំមក ! ខ្ញុំឈររង់ចាំហើយ !

បុរសនោះស្ទុះចូលមកវាយរាជកុមារពណ្ណវី តែរាជកុមារយើងមិនឈរចាំឱ្យគេវ៉ៃ ងាយឯណា ។ បុរសនោះវាយរាជកុមារមិនត្រូវ ព្រោះទ្រង់ប្រើឫទ្ធិបំបាំងខ្លួនគេចពីបុរស នោះភ្លាមដែរ ។ រាជកុមារគិតតែពីបំបាំងព្រះកាយរហូតដល់បុរសនោះហត់ស្ទើរងើប ឈរលែងរួចក៏ស្រដីទាំងហត់ឡើង ៖

.  បាន…ហើយ…! យើង…ឈប់…វ៉ៃ…ទៀត…ហើយ !

.  ហត់ហើយហេស៎ ! បាន ! អញ្ចឹងខ្ញុំសុំយកបាយ និងម្ហូបឱ្យប្អូនៗខ្ញុំសិនហើយ !

ឆ្លៀតពេលរាជកុមារភ្លេចព្រះកាយ បុរសនោះបានស្រវាឱបទ្រង់ភ្លាម ហើយ ពោលទាំងបញ្ឈឺឡើង ៖

.  យ៉ាងម៉េចអាល្អិត ? ឥឡូវឯងនៅក្នុងដៃរបស់យើងហើយ ! ឯងចង់ទៅណា ទៀត ?

.  ពូចាប់ខ្ញុំជាប់ហើយនៅ ?

.  ជាប់ហើយ !

.  ហ៎ ! សូមលោកតាជួយចាំចៅផង !

សូត្រតែប៉ុណ្ណេះ រាជកុមារបានបំបាំងព្រះកាយភ្លាមធ្វើឱ្យបុរសនោះឱបខ្យល់ក្នុង ចិត្តបែរអស់សង្ឃឹមទៅវិញ ។ ឯរាចកុមារបានបង្ហាញព្រះកាយនៅចំពោះមុខប្អូនៗ ហើយចែករំលែកបាយ និងម្ហូបឱ្យប្អូនសោយជាមួយគ្នា ។ បុរសនោះបានក្រឡេកភ្នែក រករាជកុមារពណ្ណវីជុំវិញខ្លួន ក៏ប្រទះឃើញកំពុងសោយព្រះក្រយាយ៉ាងសប្បាយរីករាយ ជាមួយព្រះអនុជទាំង៦ទៅវិញធ្វើឱ្យបុរសនោះខឹងក្រេវក្រោធជាមួយទ្រង់ជាខ្លាំង ។

 ជា អកុសល បុរសនោះបានស្ទុះបម្រុងនឹងលើកចម្រៀកក្ដារមួយមកវាយរាជកុមារទី១ក៏ ទាក់ជើងនឹងកៅអីដួលច្រឡោតតោតតូងបោះចម្រៀកទៅលើទ្រង់ ។ រាជកុមារទី៦បាន ទតឃើញក៏ប្រញាប់សូត្រគាថាចង្អុលឱ្យចម្រៀកក្ដារឆេះយ៉ាងរហ័សក្លាយទៅជាផេះ ភ្លាមៗនោះដែរ ។ បុរសនោះបានឃើញ ហើយភ័យញ័រទទ្រាក់រាងកាយទាំងមូលក្នុង វេលានោះដែរ ។ លុះសោយព្រះក្រយាឆ្អែតស្កប់ស្កល់ហើយ ក៏បន្តដំណើរទៅមុខទៀត ឥតបង្អង់យូរឡើយ ។

 មិនយុរប៉ុន្មានក៏ទៅដល់ជាយរាជធានីនគរពារាណសី រាជកុមារ ទាំង៧បានទទួលដំណឹងថា ព្រះបាទព្រហ្មទត្តប្រឈួនធ្ងន់ ហើយរាជកិច្ចត្រូវប្រគល់ឱ្យ ព្រះរាជបុត្រច្បងគេជាឧបរាជឱ្យសម្រេចព្រះទ័យជំនួសបាន ។ ដោយមានព្រះទ័យ ព្រួយបារម្ភជួសព្រះរាជបុត្រទាំងអស់ រាជកុមារទាំង៧យើងបានសម្រេចព្រះទ័យថា នឹងចូលគាល់ព្រះរាជបុត្រជាឧបរាជ ហើយនឺងយាងទៅពិនិត្យមើលព្រះរាជសុខភាព របស់ព្រះបាទព្រហ្មទត្ត ។

 ពេលឮថា មានរាជកុមារទាំង៧មានឫទ្ធិខ្លាំងពូកែអាចយក ឈ្នះលើជនធម្មតាបាន ហើយពួកទ្រង់ប្រុងមកជួយព្យាបាលព្រះរោគថ្វាយព្រះបិតា ទ្រង់ ព្រះឧបរាជបានចេញព្រះរាជបញ្ជារារាំងពួករាជកុមារទាំង៧មិនឱ្យចូលវាំងឡើយ ។ ព្រះរាជកុមារទាំង៧បានជិះលើខ្នងសត្វមករៈ ហើយហោះចូលទៅក្នុងរាជដំណាក់ ដែលព្រះបាទព្រហ្មទត្តផ្ទំ ។ ដោយឃើញថា មានមិនស្រួលកើតឡើងនោះ រាជកុមារទី៥បានប្រើមន្តបំបាំងកាយគ្រប់អង្គមិនឱ្យអ្នកទាំងឡាយមើលឃើញឡើយ ។

 រាជកុមារ ពៅបានយាងទៅពាល់ថ្ងាស់ព្រះបាទព្រហ្មទត្ត ក៏បានដឹងថា ប្រឈួនដោយសារហេតុ ពីរប្រការ គឺ ១.ដោយសារព្រះអង្គឮថា បុត្រីទាំងទេ្វជាទីស្រឡាញ់សោយព្រះវិរាល័យ ចោលទ្រង់ និង២.ដោយសារព្រះអង្គត្រូវរាជពេទ្យទទួលបញ្ជាពីព្រះរាជបុត្រឧបរាជ លួចដាក់ថ្នាំប៉ូវខ្លាំងពេកធ្វើឱ្យព្រះរាជសុខភាពទន់ខ្សោយស្រាប់ទប់នឹងជាតិប៉ូវខ្លាំងពុំ បានក៏ប្រឈួនផ្ទំរហូត ។ បើតែយ៉ាងនេះ ព្រះអង្គមុខជាក្ស័យព្រះជន្មពុំខានឡើយ ។ គ្រានោះ រាជកុមារទី១ក៏ត្រាស់សួរទៅព្រះអនុជពៅឡើង ៖

.  បើដឺងមូលហេតុហើយ តើយើងត្រូវធ្វើយ៉ាងម៉េចដែរ ?

.  វិធីទី១.ត្រូវពួកយើងទាំង៧ផ្ដុំវត្ថុទិព្វទាំង៦ទប់ដួងព្រលឹងព្រះអង្គឱ្យជាប់ ហើយ បើកផ្លូវឱ្យខ្ញុំប្រើស័ង្ខទិព្វបណ្ដេញជាតិពុលចេញពីព្រះសរីរាង្គកាយរបស់ទ្រង់ទើបបាន ។ ឯវិធីទី២.ត្រូវព្យាបាលព្រះរោគខាងដួងព្រះទ័យរបស់ទ្រង់ ។

.  ទាំងអស់គ្នាសណ្ដាប់ឮព្រះអនុជពៅមានរាជបន្ទូលហើយមែនទេ ?

.  ព្រះពរ ! ម្ចាស់បង !

.  សូមដោយអំណាចវត្ថុទិព្វទាំង៦ជួយឱ្យដួងព្រលឹងព្រះបាទព្រហ្មទត្តគង់នៅ ក្នុងព្រះរូបនេះផងចុះ ! ( រាជកុមារទាំង៦មានបន្ទូលបណ្ដើរ ដកវត្ថុទិព្វទាំង៦មកប្រើ បណ្ដើរ )

.  សូមឱ្យអនុភាពនៃស័ង្ខទិព្វជួយបណ្ដេញជាតិពុលពីក្នុងព្រះកាយរបស់ព្រះរាជា អង្គនេះចេញអស់ទៅ !

ដោយអំណាចនៃវត្ថុទិព្វទាំង៧បានជួយឱ្យព្រះបាទព្រហ្មទត្តជាសះស្បើយភ្លាម ហើយបានតើនឡើងហាក់ដូចជាភ្ញាក់ពីសុបិន្តនិម្មិតអញ្ចឹង ។ ព្រះរាជកុមារទាំង៧អង្គក៏ កាឡាប្រែព្រះកាយជាព្រះរាជធីតាទាំង៧អង្គយ៉ាងស្រស់សោភាធ្វើឱ្យព្រះអង្គសព្វព្រះ រាជហឫទ័យជាខ្លាំង ។ ដោយដឹងព្រះទ័យរបស់ព្រះបាទព្រហ្មទត្ត រាជធីតាពៅបានទូល ទៅព្រះអង្គឡើង ៖

.  ខ្ញុំម្ចាស់មានព្រះនាមថា គង្គារីទេវី ជាបុត្រីពៅរបស់ព្រះមាតាព្រះនាម ពិចិត្រ មាស និងព្រះបិតាព្រះនាម សត្ថវង្ស ណា៎ព្រះរាជអយ្យិកោ ។

.  ពិតមែនហែស៎ ! ព្រះរាជនត្តាក្សត្រី ! ហ៊ឹស ! ឯណាសេនា ?

.  ក្រាបទូលព្រះអង្គពេលនេះអំណាចធ្លាក់ក្នុងព្រះហស្ថរបស់ព្រះឧបរាជហើយ !

.  បុត្រាក្បត់ !

.  ព្រះបិតា ! ម្ដេចក៏ជាពីព្រះរោគបានលឿនម្ល៉េះ ! គឺពួកនាងជាអ្នកធ្វើមែនទេ ?

.  មែនហើយ ! ព្រះមាតុលា !

.  អ្នកណាជាមាតុលា ?

.  ពួកខ្ញុំម្ចាស់ជាបុត្រីរបស់ព្រះមាតា ពិចិត្រមាស ណា៎ !

.  ពិតមែនហែស៎ !

.  ត្រូវហើយ !

.  ព្រះបិតា ! បុត្រាសុំព្រះរាជទានទោសផង !

.  បាន ! បិតាមិនប្រកាន់ទោសបុត្រទេ ! តែបុត្រត្រូវកែប្រែព្រះរាជបំណងប៉ងធ្វើ គុតព្រះបិតាតទៅទៀត ! ស្ដាប់បានហើយឬនៅ ?

.  ទទួលព្រះរាជបញ្ជា ! ព្រះបិតា !

.  យាងទៅវិញចុះ !

.  អរព្រះគុណព្រះបិតា !

លុះព្រះឧបរាជបានយាងចេញពីរាជដំណាក់របស់ព្រះបាទព្រហ្មទត្តផុតហើយ ព្រះនាងដ៏ស្រស់ប្រិមប្រិយទាំង៧អង្គកំពុងគង់អង្គុយរាបនឹងដីចាំសណ្ដាប់កិច្ចសន្ទនា រវាងបិតា និងបុត្រ ។ ព្រះបាទព្រហ្មទត្តបានចាប់ព្រះហស្ថព្រះរាជធីតាកញ្ចនីទេវី ហើយព្រះនាងបានប្រើឫទ្ធិធ្វើឱ្យព្រះអង្គជ្រាបហេតុការណ៍ទាំងអស់ដែលព្រះនាងបាន ជួបប្រទះរហូតមកដល់នគរពារាណសីនេះ ។ លុះព្រះអង្គជ្រាបព័ត៌មានអស់ហើយ ក៏ ទ្រង់រៀបរាជដំណាក់ចំនួន៧ឱ្យព្រះរាជនត្តាក្សត្រីទាំង៧អង្គផ្ទំសំណាក់នៅមួយរយៈខ្លី សិនទម្រាំតែយាងទៅនគរកន្ថរដ្ឋវិញនោះ ។

ពេលវេលាជួបជុំព្រះញាតិមិនយូរឡើយ ហេតុនេះព្រះរាជថីតាទាំង៧បានប្រាណ ប្រែកាឡាជារាជកុមារាវិញ ហើយបន្តយាងយាត្រាចរលីលាចាកនគរពារាណសី ។ ដំណើរចរលីលាកាត់ព្រៃជាយដែនយ៉ាងរហ័សរហូតផុតដែនពារាណសីចូលដល់ដែនកន្ថរដ្ឋ ។ គ្រាន់តែចូលដែនកន្ថរដ្ឋភ្លាម ចំហាយអាក្រក់បានគ្របដណ្ដប់លើដែននគរកន្ថ រដ្ឋ ។

 រាជកុមារទាំង៧បានពិនិត្យមើលភូមិប្រទេសសព្វគ្រប់ ក៏ដឹងច្បាស់ថា នេះជានគរ កន្ថរដ្ឋហើយ ។ បេសកកម្មរបស់រាជកុមារទាំង៧ជិតបញ្ចប់ហើយដែរ ។ អាណាប្រជានុ រាស្ត្រក្នុងនគរទាំងមូលបានទទួលរងឥទ្ធិពលចំហាយអាក្រក់ស្ទើរគ្រប់ៗគ្នា ។ 

ជា សំណាងល្អ រាជកុមារសុរជីបានប្រើឫទ្ធិដោយយកព្រះហស្ថពាល់ព្រះធរណី ដើម្បីស្វែង រកទីកន្លែងដែលគេបានកប់ព្រះរូបរបស់ព្រះមាតា ។ ពន្លឺព័ណ៌ផ្កាឈូកបានបង្ហាញឡើង ធ្វើឱ្យក្ដីសង្ឃឹមបានលេចចេញពីវង់ភក្ត្រាទាំង៧ ។ គ្រាន់តែទតឃើញពន្លឺនោះធ្វើឱ្យរាជ កុមារទាំង៧ស្ទុះម្នីម្នាប្រញាប់ប្រញាល់យាងទៅរកដោយក្ដីនឹករឭកស្រឡាញ់គោរពជា អនេកបរិយាយ ។

 រាជកុមារទាំង៧បានលុតជង្គង់នៅចំពោះព្រះអដ្ឋិធាតុដែលសល់តែ លលាដ៍ក្បាលជាប់ដោយព្រះកេសាបន្តិចបន្តួចគ្រាន់សម្គាល់ដឹងថាជាព្រះសីសៈរបស់ ព្រះមាតាពួកទ្រង់តែប៉ុណ្ណោះ ។ ក្ដីវិយោគសោកសៅយោបំទួញថ្ងួចថ្ងូរបង្ហែបង្ហូរខ្សឹក ខ្សួលអួលអាក់មានទម្ងន់ធ្ងន់ដូចជាប្រឹថពីសង្កត់លើព្រះឱរ៉ាទាំង៧ដូច្នេះឯង ។

 ហេតុដ៏ អស្ចារ្យបានកើតឡើងគឺទេវតារក្សាព្រលឹងរបស់ព្រះនាង ពិចិត្រមាស បានបង្ហាញព្រះ កាយនៅចំពោះមុខរាជកុមារទាំង៧ដែលកំពុងព្រះកន្សែងសោយសោកទៀបព្រះអដ្ឋិ នៃព្រះមាតា ។ ទេវតាបានប្រទាននូវដួងវិញ្ញាណរបស់ព្រះនាង ពិចិត្រមាស ដល់រាជ កុមារទាំង៧ ហើយក៏លាព្រះរាជកុមារទាំង៧ត្រឡប់ទៅវិញ ។

 ក្រោយពីបន្ទោបង់នូវក្ដី វីយោគហើយ ព្រះរាជកុមារទាំង៧បានដកស្នៀតសក់របស់ខ្លួនដោយនឹកអធិដ្ឋានឡើង ថា សូមដោយអំណាចនៃវត្ថុទិព្វទាំង៦ជួយឱ្យមន្តអាគមអាក្រក់ដែលចងព្រលឹងព្រះ មាតាពួកខ្ញុំបានវិនាសសាបសូន្យក្នុងពេលវេលានេះផងចុះ ។

 ដោយការអធិដ្ឋានបែប នេះធ្វើឱ្យចំណងសិល្ប៍របស់យាយធ្មប់ អបលាកា វិនាសដាច់ខ្ទេចខ្ទី ។ លើសពីនេះទៅ ទៀត យាយធ្មប់បានរងរបួសធ្ងន់ល្មមដែរ ។ ក្រោយពីមន្តអាគមចងព្រលឹងដាច់ហើយ រាជកុមារពៅបានលើកនូវស័ង្ខទិព្វឡើង ហើយអធិដ្ឋានក្នុងចិត្តថា សូមឱ្យឫទ្ធានុភាពនៃ ស័ង្ខទិព្វជួយសង្គ្រោះព្រះមាតាឱ្យបានមានព្រះជន្មរស់ឡើងវិញក្នុងពេលនេះផង ។

 ក្នុង ពេលដំណាលគ្នានោះ រាជកុមារទាំង៦ដែលជាព្រះរៀមបានអធិដ្ឋានក្នុងព្រះទ័យដែរថា សូមដោយអំណាចនៃវត្ថុទិព្វទាំង៦ជួយឱ្យព្រះមាតាបានរួចផុតទណ្ឌកម្មដែលគេកប់ ទាំងរស់ និងមានរូបឆោមលោមព័ណ៌ល្អល្អះលើសស្រីទាំងពួង ។ ដោយអំណាចនៃការ អធិដ្ឋានរបស់ព្រះរាជកុមារទាំង៧ បានញ៉ាំងឱ្យព្រះសពរបស់ព្រះនាង ពិចិត្រមាស ឱ្យ រួមព្រលឹង និងរូបដែលកើតអំពីព្រះអដ្ឋិធាតុចូលគ្នាមូល

គ្នាបង្កើតជាជីវិតរស់រានមានព្រះ ជន្មឡើង ហើយព្រះនាង ពិចិត្រមាស គង់ឈរសម្លឹងមើលព្រះកាយទាំងមូលដែលកើត ពីរាជកុមារទាំង៧ ។ គ្រាន់តែព្រះមាតាមានព្រះជន្មឡើងវិញ ព្រះរាជកុមារទាំង៧ក៏ ស្រវាឱបទ្រង់ទាំងភ្លេចព្រះស្មារតីថា ខ្លួនជាប្រុស ។ ព្រះនាង ពិចិត្រមាស បានច្រាន ក្មេងទាំង៧ចេញ ហើយមានសវនីយ៍ឡើង ៖

.  ពួកឯងជាអ្នកណា ? យើងពុំដែលស្គាល់ទេ ! យើងសូមអរព្រះគុណដែលពួក អ្នកបានជួយឱ្យយើងរស់រានមានព្រះជន្មឡើងវិញ ។

.  ពួកខ្ញុំទាំងអស់គ្នាជាបុត្ររបស់ព្រះមាតា !

.  ជាបុត្រ ! បុត្រយើងជាស្រី៧អង្គទេ ?

.  ព្រះមាតាចាំមើលពួកបុត្រសិនទៅ !

គ្រាន់តែពោលចប់ រាជកុមារបានប្តូរព្រះទម្រង់ពីម្រាមចង្អុលមកម្រាមកណ្ដាល វិញភ្លាម រូបក្មេងប្រុសប្រែក្លាយជារូបកាយស្រីក្រមុំព្រហ្មចារិយទាំង៧ប្រកបដាយរូប ឆោមលោមព័ណ៌ស្រស់ប៉ប្រៃមិនចាញ់ព្រះនាងជាព្រះមាតាប៉ុន្មានទេ ។ គ្រានេះ ទើប ម្ដាយ និងកូនស្រវាឱបគ្នា ហើយទួញសោកខ្សឹកខ្សួលអួលអាក់រកទីបំផុតគ្មាន ។

បន្ទាប់ពីស្ថិតក្នុងភាពសោកសង្រេងសង្រៃមួយសន្ទុះ ក្សត្រទាំង៨បានបណ្ដើរគ្នា ធ្វើដំណើរឆ្ពោះទៅកាន់រាជវាំងនគរកន្ថរដ្ឋយ៉ាងរហ័សដូចជាផ្លេកបន្ទោរដោយមួយអង្គៗ គង់លើពាហានៈផ្ទាល់ព្រះកាយ ។ ដោយឡែកតែព្រះរាជធីតាពៅបានគង់ជាមួយព្រះ មាតានែបនិត្យជិតកាយទ្រង់ធ្វើឱ្យព្រះរាជធីតាពៅបានកក់ក្ដោក្នុងព្រះទ័យជាខ្លាំង ។

 លុះទៅជិតដល់រាជវាំងរបស់នគរកន្ថរដ្ឋ ហ្វូងខ្មោចកំណាចបានចេញមកស្ទាក់ព្រះរាជ ក្សត្រទាំង៨ពុំឱ្យក្សត្រីបានទៅដល់រាជវាំងបានឆាប់រហ័សនោះឡើយ ។ ព្រះរាជធីតាទី ៥បានបញ្ជាគ្រុឌអគ្គីឱ្យប្រយុទ្ធជាមួយខ្មោចទាំងនោះដោយកម្លាំងខ្យល់ដ៏ខ្លាំងរបស់ ស្លាប់ទាំងពីរ និងអណ្ដាតភ្លើងដ៏ក្ដៅឆេះកម្លោចខ្មោចកំណាចទាំងអស់ឱ្យរលាយសាប សូន្យទៅ ។

 ផុតពីឧបសគ្គខាងលើហើយដល់ខ្យល់ព្យុះសង្ឃរាកួចបក់បោក ព្រះរាច ធីតាទី៤បានបញ្ជាសត្វហ៊ីងដែកឱ្យស្រូបយកខ្យល់ព្យុះចូលក្នុងពោះវាអស់ ។ រួចពី ឧបសគ្គទី២ហើយ ទើបដល់កំពែងវាំងមានអ្នកយាមជាច្រើននាក់ណាស់ ។

ព្រះរាជ ធីតាទី៣បានប្រើត្បូងកែវមណីសម្លាប់អ្នកយាមចោលទាំងអស់ ហើយទម្លាយទ្វារក្នុង រាជវាំងតែម្ដង ។ ព្រះអង្គម្ចាស់ ចេតរៈបានប្រយុទ្ធជាមួយរាជធីតាទាំង៦រហូតដល់ សុគតក្រោមអនុភាពវត្ថុទិព្វទាំង៦ ហើយយាយធ្មប់ អបលាកាបានលួចរត់ព្យាបាល របួសនៅក្នុងព្រៃខាងក្រោយវាំអ ។ រាជធីតាទាំង៧ បានបញ្ជាឱ្យពាហានៈទាំង៧នៅ ការពារថែរក្សាព្រះមាតា ហើយពួកខ្លួនក៏យាងទៅសម្លាប់យាយថ្មប់ អបលាកា ចោល ។

 ក្រោយពីធ្វើដំណើររុករកកន្លែងលាក់ខ្លួនរបស់យាយធ្មប់ អបលាកា ឃើញហើយក៏ ប្រយុទ្ធយកស្លាប់រស់ ។ ដោយប្រយុទ្ធនឹងដៃទទេមិនឈ្នះ ព្រះរាជធីតាទាំង៧បានប្រើ វត្ថុទិព្វទាំង៧ ដើម្បីសម្លាប់យាយធ្មប់ចង្រៃម្នាក់នេះ ។ ក្រោមអនុភាពនៃវត្ថុទិព្វទាំង៧ ថ្វើឱ្យយាយធ្មប់អស់ឫទ្ធិ ហើយស្លាប់រលត់ដួងព្រលឹងក៏រលាយបាត់បង់ជាមួយមន្ត ស្នេហ៍អំពើអំពាន់ទាំងអស់ក៏វិនាសបាត់បង់ដែរ ។

 ក្រោយពីសម្លាប់យាយធ្មប់ អបលា កា ព្រះរាជធីតាទាំង៧បានបំផ្លាញអាសនៈដែលយាយធ្មប់ អបលាកា ធ្វើសក្ការៈបូជា ជារៀងរាល់ថ្ងៃចោលខ្ទេចខ្ទីអស់ ។ ចប់បេសកកម្មហើយ រាជធីតាទាំង៧បានត្រឡប់ មករកព្រះមាតាវិញ ហើយក៏ជួបនឹងព្រះនាង ចេតរោ កំពុងប៉ងធ្វើគុតព្រះនាង ពិចិត្រ មាស ម្ដងទៀត ។ ព្រះរាជធីតាទាំង៧បានប្រើវត្ថុទិព្វទាំង៧ប្រយុទ្ធព្រះនាង ចេតរោ បន្ទាំប់លួចរៀនវិជ្ជាមន្តអាគមរបស់យាយធ្មប់ អបលាកា បានធ្វើឱ្យព្រះនាង ចេតរោ ទៅជាគ្រូធ្មប់ដែរ ។

 ទោះបីជាយ៉ាងនេះក៏មិនអាចយកឈ្នះលើវត្ថុទិព្វទាំង៧ដែរ ព្រះ រាជធីតាទាំង៧បានប្រើវត្ថុទិព្វទាំង៧គប់សំដៅព្រះនាង ចេតរោ ធ្វើឱ្យព្រះនាងចាញ់នូវ អំណាចនៃវត្ថុទិព្វទាំង៧ ។ ជាទីបំផុត ព្រះនាង ចេតរោ បានត្រូវវត្ថុទិព្វទាំង៧សម្លាប់ និងកម្ទេចទាំងព្រលឹងចោលថែមទៀត ។

 ព្រះបាទ សត្ថវង្ស និងព្រះមាតា សិរីសោភា បានយាងមករកព្រះនាង ពិចិត្រមាស តែព្រះនាងបែរព្រះភក្ត្រចេញព្រោះមិនអាចរក្សា បុត្រីទាំង៧បានបណ្ដាលឱ្យបុត្រីទាំង៧អង្គរសាត់រងគ្រោះម្ដងហើយម្ដងទៀត ។ ឯព្រះ បាទសត្ថវង្សគ្រវីព្រះសីសៈ ហើយមានព្រះរាជបន្ទូលទាំងងឿងឆ្ងល់ឡើង ៖

.  ម្ចាស់អូនពិចិត្រមាស ! តើមានរឿងអ្វីកើតឡើង ហើយពួកស្រីក្រមុំទាំង៧នេះ ចាអ្នកណា ? បងវិលក្បុងអស់ហើយ !

.  ទ្រង់ធ្វើអ្វីខ្លះ ? ទ្រង់ដឹងក្នុងព្រះទ័យស្រាប់ហើយ !

.  អត់ទេ ! ម្ចាស់អូន ! ជាតិនេះ បងស្រឡាញ់តែអូនមួយអង្គគត់ !

.  ស្រឡាញ់ម្ដេចឱ្យគេនិរទេសខ្ញុំម្ចាស់ទៅជាយនគរ ហើយបណ្ងោយឱ្យ ចេតរោ ធ្វើបាបអូនឱ្យសុគតកណ្ដាលព្រៃស្មសានបែបនេះមែនទេ ?

.  ពិតមែន ! ម្ចាស់អូន !

.  នៅមានព្រះទ័យមកបន្ទូលសួរទៀត ! បើកុំតែបានបុត្រីទាំង៧របស់ខ្ញុំម្ចាស់មក ជួយសង្គ្រោះម្ល៉េះខ្ញុំម្ចាស់ក្លាយជាខ្មោចវិលវល់រកទីចាប់ជាតិពុំឃើញនោះទេ ។

.  ថាម៉េចអូនមានបុត្រីចំនួន៧អង្គផងហែស៎ ?

.  ត្រូវហើយ ! បុត្រ ! ពិចិត្រមាសមានបុត្រីចំនួន៧អង្គគង់តែបានភីលៀងរបស់ ព្រះមាតាជួយសង្គ្រោះយកទៅបណ្ដែតទឹក ! កុំអីហេតុការណ៍ពិតជាអាណោចអាធម ណាស់ !

.  បានហើយ ! ព្រះមាតាកុំខ្ញាល់នឹងព្រះបិតាអី ! ព្រះបិតាពិតជាពុំដឹងព្រះកាយ មែន ព្រោះត្រូវស្នេហ៍នាង ចេតរោ ទើបសោកនាដកម្មកើតឡើងបែបនេះណា៎ព្រះមាតា!

.  ព្រះបិតាចាំស្ដាប់បុត្រីដំណាលប្រវត្តិរបស់បុត្រីទាំង៧ ! សូមព្រះបិតាទ្រង់ព្រះ សណ្ដាប់ដូចតទៅនេះ !

ក្រោយពីសណ្ដាប់ពីប្រវត្តិរបស់ព្រះរាជធីតាទាំង៧រួច ព្រះបាទសត្ថវង្សក៏សន្យា នឹងបុត្រីទាំង៧ថា នឹងផ្ដល់ក្ដីស្រឡាញ់ភាពកក់ក្ដៅទាំងផ្លូវកាយទាំងផ្លូវចិត្តដល់មហេសី និង បុត្រីទាំង៧ឱ្យបានគ្រប់គ្រាន់សមជាស្វាមី និងបិតាដ៏បវរមួយអង្គ ។  ក្នុងព្រះរាជ ឧទ្យានបានដាំដុះនូវពូជផ្កាម្លិះដាក់ជា៧គុម្ពឱ្យដុះលូតលាស់ធំធាត់ចាក់ស្រេះចូលគ្នា ។ ឯវត្ថុទិព្វទាំង៧ត្រូវតម្កល់ទុកក្នុងទីពិសិដ្ឋ ដើម្បីការពារព្រះនគរ និងព្រះញាតិវង្សានុវង្ស ផងដែរ ៕​ ម្លិះ៧ទង និពន្ធ ដោយ៖ ម៉ីសន សុធារី

Thursday, February 22, 2024

រឿងព្រះថោងនាងនាគ

kkkចំនួនអ្នកទស្សនា: Views
រឿងព្រះថោងនាងនាគ
​ព្រះថោង នាងនាគ ជារឿងព្រេងដែលគេដំណាលតៗគ្នាមក ថាមានការទាក់ទង ទៅនឹង​ការកកើតទឹកដីខ្មែរ​ ដោយមានព្រះថោង និង នាងនាគជាឪពុកម្ដាយ ជាជីដូនជីតា ជាអ្នកបង្កបង្កើត អោយមានជាតិកំណើត លើទឹកដីខ្មែរ មុនគេដំបូងបង្អស់។ 

ព្រះពុទ្ធទំនាយ ក្នុងកាលសម័យ ដែលព្រះសមណគោត្ដម ព្រះពុទ្ធបរមគ្រូ ព្រះជន្មបានប្រហែល ៨០វស្សា បានយាងត្រេចរង្គត់ ទៅគ្រប់ទិសទីកន្លែង ដើម្បីប្រោសអស់សព្វសត្វលោក។ 

ព្រះអង្គនិមន្ដកាត់តាមឆ្នេរមហាសាគរ មកដល់កោះមួយ ដែលមានដើមធ្លក ដុះបែកមែកសាខា ត្រសុំត្រសាយ។ នៅក្រោមដើមធ្លកនោះ មានរូងមួយយ៉ាងជ្រៅ ដែលជាផ្លូវចេញចូល របស់ស្ដេចភុជង្គនាគ មកក្រសាលលេងកំសាន្តទឹកដីកន្លែងនោះ ដែលមានស្ថានភាព រាបស្មើគួរជាទីមនោរម្យ។ 

នៅលើដើមធ្លកនោះ មានសត្វត្រកួតមួយរស់នៅ ដោយសុខសាន្ដ។ នៅពេលព្រះអាទិត្យ ចូលអស្ដង្គត ហើយព្រះច័ន្ទ បានចាប់រះឡើង បន្ដវេន, ព្រះពុទ្ធអង្គនិងព្រះអនន្ទ ក៏នាំគ្នានិមន្ដ ចូលសំរាក ក្រោមដើមធ្លក។ 

រុក្ខទេវតាដែលថែរក្សាដើមធ្លក បានរៀបចំទីកន្លែងសំរាប់ទទួលព្រះអង្គ និង ទេវតាទាំងឡាយ ដែលនឹងត្រូវចូលមក គាល់ថ្វាយបង្គំព្រះពុទ្ធ។ 

ស្ដេចភុជង្គនាគ ដែលបានយាង ចេញមកក្រសាល នៅទីទួលដើមធ្លក នោះដែរ កាលបើបានឃើញព្រះពុទ្ធកាលណា ក៏តំណែងខ្លួនជាមនុស្ស នាំក្រុមបរិវារ មកក្រាបថ្វាយបង្គំព្រះជិនស្រី សុំព្រះអង្គ សំដែងធម្មទេសនា ប្រោសអស់នាគទាំងពួង។ 

ជាមួយគ្នានោះដែរ ព្រះឥន្រ្ទកោសីយ ទេវបុត្រទេវតា ទេពអប្សរ និង ទេពនិករគ្រប់ទិសទី ក៏បាននាំគ្នាមូលមីកុះករ ចុះមកថ្វាយបង្គំគាល់ ព្រះពុទ្ធជាអម្ចាស់ដែរ។ 

ព្រឹកព្រហាមស្រាងៗ កាលណា, ព្រះពុទ្ធអង្គ ចាប់ផ្ដើមស្មឹងស្មាធ ប្រមើលមើលនិស្ស័យ អស់គ្រប់សព្វសត្វជិតឆ្ងាយ ដែលព្រះអង្គ ត្រូវនិមន្ដ យាងទៅប្រោស។ បន្ទាប់មក ព្រះអង្គទ្រង់សោយចង្ហាន់។ 

ដោយទ្រាំមិនបាននឹង ក្លិនអាហារទិព្វ ដ៏ឈ្ងុយឆ្ងាញ់មិនបាន សត្វត្រកួត ដែលរស់នៅលើដើមធ្លក ក៏ចេញខ្លួន មកថ្វាយបង្គំ ព្រះពុទ្ធបរមគ្រូ។ ព្រះអង្គបានពូតបាយ បោះអោយទៅសត្វត្រកួតនោះ ទុកធ្វើជាអាហារ។ 

ត្រកួតឆីបាយឆ្ញាញ់ លិតមាត់លិតក លៀន​អណ្តាត​ ចេញមកក្រៅ បង្ហាញនូវការពេញចិត្ត នឹងរសជាតិអាហារ។ លុះទតឃើញត្រកួត មានអណ្តាតព្រែកចេញជាពីរ ព្រះពុទ្ធទ្រង់​ឈោ្ងក​ព្រះភ័ក្រ្ដ សំលឹងទៅព្រះធរណី ដោយក្ដីញញឹម។

 ឃើញដូច្នោះ ព្រះអនន្ទឆ្ងល់ណាស់ ក៏ថ្វាយបង្គំទូលសួរ សុំអោយព្រះអង្គពន្យល់អំពីហេតុផល។ ព្រះអង្គក៏មានពុទ្ធដិការ ទស្សន៍ទាយថា តទៅអនាគត កោះគោកធ្លក នេះ នឹងកកើត ក្លាយទៅជានគរមួយខ្លាំងក្លា មានទឹកដីធំទូលាយ ប្រជាជនរស់នៅ ដោយសុខសប្បាយ ក្សេមក្សាន្ដ ថ្កុំថ្កើងរុងរឿង។

 សត្វត្រកួតដែលមានចិត្ដបរិសុទ្ធ លុះទៅដោយធម្មទេសនា របស់ព្រះពុទ្ធ ក្រោយពីបានចាកលោកនេះទៅ ក៏នឹងបានកើតជាព្រះរាជបុត្រ ស្ដេចនគរឥន្ទព័ទ្ធ ដែលសោយរាជ្យសម្បត្ដិ នៅនគរគោកធ្លក។ 

ពេលនោះ ស្ដេចភុជង្គនាគ នឹងចេញមករៀបចំទឹកដី ថ្វាយព្រះអង្គ។ ព្រះអង្គនឹងដាក់ឈ្មោះ នគរគោកធ្លក ជា កម្ពុជាធិបតី, ដែលនគរដទៃទៀត ដាក់ឈ្មោះហៅថា ស្រុកខ្មែរ។ 

ឯព្រះអិន្រ្ទាធិរាជវិញ ក៏នឹងបញ្ជាអោយ ព្រះវិស្សកម្មទេវបុត្រ ចុះមកកសាងប្រាង្គប្រាសាទ ធំៗល្អល្អះ ជាច្រើនទៀតដែរ។ តែប្រជាជននៅក្នុង ប្រទេសកម្ពុជា គ្មានចិត្ដស្មោះត្រង់ ប្រកាន់គោរពពាក្យសំដីរបស់ខ្លួនទេ។ 

សំដីនិយាយចេញមក ច្រើនមានន័យផ្សេងអំពី ចិត្ដគំនិតរបស់ខ្លួន ដែលគិតយល់នោះឡើយ ព្រោះមានអណ្តាតព្រែកបែកជាពីរ ដូចសត្វត្រកួតដែលជាជីតារបស់ខ្លួន។ 

ប្រមើមើលចប់ហើយកាលណា ព្រះពុទ្ធអង្គ ក៏យាងនិមន្ដបន្ដដំណើរ ទៅប្រោសសត្វលោកដទៃៗ បន្តទៅទៀត។ អំពីប្រវត្ដិព្រះថោង កាលនោះនៅនគរឥន្ទព័ទ្ធ មានស្ដេចមួយអង្គ ព្រះនាមអទិច្ចវង្ស សោយរាជ្យសម្បត្ដិ មានរាជបុត្រ៥នាក់ បុត្រទី១ ត្រូវបានព្រះអង្គតំរូវ អោយកាន់កាប់ខេត្ដខ័ណ្ឌ ផ្នែកខាងកើត, បុត្រទី២ ខេត្ដខ័ណ្ឌខាងជើង, បុត្រទី៣ ខេត្ដខណ្ឌ ខាងលិច, ហើយបុត្រទី៤ គឺព្រះថោង ត្រូវទទួលបន្ទុក ខេត្ដខ័ណ្ឌខាងត្បូង។

 ចំណែកបុត្រទី៥ ដែលនៅក្មេងជាងគេ ព្រះអង្គបានទុកដាក់ អោយគង់នៅជាប់ជាមួយនិងព្រះអង្គ ក្នុងបរមរាជរាំង។ មានឆ្នាំមួយនោះ ព្រះបានអទិច្ចវង្ស ទទួលអាពាធ ត្រូវជាន់ចំនិងពិធីបុណ្យប្រចាំឆ្នាំ​។​

 ទ្រង់ក៏ចាត់អោយរាជបុត្រពៅ ចេញមុខធ្វើជារាជតំណាង ដើម្បីទទួលស្ដេចនគរចំណុះ និងនាម៉ឺនសព្វមុខមន្ដ្រី មកពីគ្រប់ទិសទី។ គ្រប់ៗគ្នា រួមទាំងស្ដេចបង ព្រះអង្គទាំង៣អង្គ បានក្រាបថ្វាយបង្គំបុត្រពៅតំណងព្រះរាជា តាមរបៀបរបបប្រពៃណី។

 លើកលែងតែព្រះថោងមួយទេ ដែលមិនបានក្រាបថ្វាយបង្គំ តាមទំនៀមទំលាប់ ពីព្រោះព្រះអង្គនឹកស្មានថា ព្រះបិតាបានលើករាជ្យសម្បត្តិផ្ទេរ អោយប្អូន រួចស្រេចបាច់បាត់ទៅហើយ។ តាមឯកសារខ្លះទៀត គេបានបញ្ជាក់ថា ព្រះមហាក្សត្រ បានប្រគល់រាជ្យបល្លង័្ក ទៅអោយបុត្រពៅ រួចស្រេចហើយមែន។ 

ដោយក្ដីហ្មួហ្មងអាក់អន់ស្រពន់ចិត្ដក្ដៅក្រហាយ ពេលត្រឡប់មកពីពិធីបុណ្យវិញ ព្រះថោងក៏កោះប្រជុំ អស់សព្វមុខមន្ដ្រី ដើម្បីរៀបរាប់ប្រាប់នូវព្រឹត្ដិការណ៍ទាំងនោះ។ 

ព្រះអង្គបានសំរេចចិត្ដថា តទៅអនាគត ព្រះអង្គនឹងលែងយាង ចូលរួមពិធីបុណ្យ អ្វីទាំងអស់ នៅបរមរាជវាំង។ ពេលនោះ គ្មាននាម៉ឺនណាម្នាក់ហ៊ានបញ្ចេញមតិយោបល់អ្វីឡើយ។ ម្នាក់ៗគិតតែអែបអប ចាក់ស្រប តាមគ្រប់ចំណុច។

 តាំងពីថ្ងៃនោះមក ព្រះថោងក៏លែងចូលខ្លួន ទៅថ្វាយបង្គំព្រះបិតា ដូចសព្វដង។ ដឹងរឿងនេះកាលណា ព្រះអនុជពៅ ក៏សុំសេចក្ដីអនុញ្ញាត្ដិពីរាជបិតា ដើម្បីទៅជួបបង។​ លុះបានមកជួបព្រះថោងកាលណា ព្រះអង្គក៏លុតជង្គង់ថ្វាយបង្គំ ដែលជាហេតុធ្វើអោយព្រះថោង មានការភ្ញាក់ផ្អើល ងឿងឆ្ងល់យ៉ាងខ្លាំង។

 ក្រោយពីបានស្ដាប់ ការពន្យល់របស់ប្អូន គ្រប់ដំនើរដើមទងមក ព្រះថោងក៏បានយល់ អំពីកំហុសរបស់ខ្លួន ហើយក៏បានផ្ដាំប្អូន អោយសុំព្រះរាជទានទោស ពីបិតាជំនួសព្រះអង្គផង។ ព្រះអង្គអទិច្ចវង្សា សប្បាយចិត្ដណាស់ នៅពេលដែលដឹងថា បុត្រពៅព្រះអង្គដោះស្រាយ បញ្ហាស្មុកស្មាញនេះ បានដោយជោគជ័យ ក្នុងសន្ដិវិធី។

 គឺពិតជាសក្ដិសមជាស្ដេច ដែលត្រូវទទួលគ្រងរាជសម្បត្ដិមែន។ តែព្រះអង្គ ក៏បានរិះគិតពិចារណាដែរថា ព្រះថោងមានចិត្ដស្រាលឆេវឆាវ មិនចេះគិតគូរពិចារណា វែងឆ្ងាយឡើយ។

 អាកប្បកិរិយាទាំងប៉ុន្មាន ដែលព្រះថោង បានប្រព្រឹត្ដិមក ក៏ចាត់ដូចជាការក្បត់ និងប្រទេសជាតិដែរ។ ទោសនេះ គឺត្រូវតែប្រហារជីវិតបង់។ នាម៉ឺនសព្វមុខមន្ដ្រីទាំងអស់ ក៏បានយល់ស្រប តាមព្រះអង្គដែរ។

 តែដោយព្រះថោង ធ្លាប់មានគុណបំណាច់ ក្នុងការ ការពារទឹកដី ប្រទេសជាតិ នាម៉ឺនមន្រ្ដីទាំងនោះ បានសុំអោយត្រឹមតែបំបរបង់ និរទេសព្រះអង្គតែប៉ុណ្ណោះ។ ព្រះថោងបានប្រសូត្រនៅក្នុងឆ្នាំវក ព.ស ២៣២ ត្រូវជាឆ្នាំ៣១២មុន គ.ស។ ព្រះជនបាន១៦ឆ្នាំ, ព្រះអង្គបានយាងចេញទៅកាន់កាប់ ខេត្ដខ័ណ្ឌទិសខាងត្បូង។

 ២០ឆ្នាំក្រោយមក ក្នុងវ័យ៣៥ឆ្នាំ ព្រះអង្គត្រូវបានបិតា បំបរបង់នីរទេសចេញពីនគរ។ នាម៉ឺនមុខមន្ដ្រីពលសេនា និង ប្រជារាស្រ្ដជាច្រើន ដែលស្រលាញ់គោរពព្រះអង្គ ប្រមាណជាង១កោដិនាក់ (ឯកសារខ្លះថាតែ១សែននាក់ទេ) បានសុខចិត្តចាកចេញ អំពីនគរទៅរស់នៅដង្ហែ តាមព្រះថោង។

 ពួកជននីរទេសទាំងនោះ ត្រូវបានស្ដេចចេញបញ្ជា អោយកាត់សក់ ជើងកញ្ជើ ខុសអំពីប្រជាពលរដ្ឋធម្មតា ដើម្បីបញ្ជាក់ថា ជាជនជំពូកគ្មានពូជ គ្មានសាសន៍ អ្វីដូចគេឯងទាំងអស់។ ព្រះថោងបានបញ្ជា​ អោយសេនាចុះសំពៅទូកក្បួន បណ្តែតតាមទន្លេខ្សែទឹក នាំពលរេហ៍ ធ្វើដំណើរ ឆ្លងកាត់តាម ព្រៃព្រឹក្សា ចុះមកតាមទិសខាងត្បូង រហូតមកដល់ ភ្នំដងរែក ដែលជាដំបន់ភូមិភាគរហោរស្ថាន​គ្មានមនុស្សរស់នៅ។ ទូកក្បូនក្បួនទ័ពព្រះថោង ព្រមទាំងមនុស្សម្នាស្រីប្រុស បានមកកឿងជាប់ ចតនឹងជួរភ្នំដងរែក។ ព្រះអង្គក៏បញ្ជា អោយបោះយុថ្កា ចុះចតលើកោះគោកធ្លក។ 

កន្លែងនោះ មានឈ្មោះដំណាល ជាប់តមក ជាស្រុកគ្រួខ័ណ្ឌ គោកខ័ណ្ឌ ដែលស្ថិតនៅខាងជើងជួរភ្នំដងរែក សព្វថ្ងៃនេះ។ ក្នុងវគ្គនេះ ពង្សាវតារ ខ្លះទៀតបញ្ជាក់ ថា ព្រះថោង និង បរិវារស្ម័គ្រចិត្ដ បានមកសំចត នៅស្រុកសំរោងទង ដែលមានជាប់ ឈ្មោះ បឹងពោងពាយ រហូតមកដល់សព្វថ្ងៃ។ 

ព្រះថោង បាន​ចាត់ចែង អោយមុខមន្ដ្រី ទៅចចារនិងស្ដេចចាម ដើម្បីចងស្ពានមេត្រី ក្នុងន័យរួមរស់ ជាមិត្ដភាព ក្នុងតំបន់ជាមួយគ្នា។ ថ្ងៃមួយ, ព្រះថោងនិងស្ដេចចាម ព្រះនាមអាស្សចៃយ្យរាជ្យ កើតមានជំលោះមិនចុះសំរុងនិងគ្នា បណ្តាលអោយក្លាយជា ចំបាំងរាំងជលរវាងក្រុមទាំងពីរ។ ព្រះថោងបានយកជ័យជំនះ ឈ្នះកំចាត់ស្ដេចចាម ដែលរត់ខ្ចាត់ខ្ចាយទៅពួន នៅចំប៉ាសាក់ ដែលជាទឹកដីលាវសព្វថ្ងៃ។ ពេលនេះ ព្រះថោងក៏បានគ្រប់គ្រងទឹកដីគោកធ្លកតែម្នាក់អែង​ ហើយបាន ដាក់នាម អោយនគរនេះថា នគរគោកធ្លក។ 

ក្រោយៗមក មានជនានុជាជាច្រើន មានអ្នកប្រាជ្ញបណ្ឌិតតូចធំ បានមកតាំងលំនៅស្ថានកុះករ នៅែដនមហានគរគោកធ្លក។ ព្រះថោងបានបញ្ជា អោយអ្នកប្រាជ្ញាកែប្រែអក្សរ ភាសាសំស្រ្កិត មកជាអក្សរភាសាខ្មែរ សំរាប់ប្រើប្រាស់ ប្រចាំថ្ងៃ។ ឯការរៀបចំកសាងស្រុកភូមិនគរ ក្នុងវិស័យកសិកម្ម និង សេដ្ឋកិច្ច ក៏ត្រូវបានព្រះអង្គចាត់ចែងយ៉ាងសកម្មដែរ។ 

នៅផ្នែកជំនឿសាសនា គេក៏បានឃើញ មានវត្ដ មានសាមណេរ វត្ដអារាមព្រះពុទ្ធសាសនាជាច្រើន កកើតកាន់តែច្រើនឡើង នៅលើទឹកដីនគរគោកធ្លកនេះ។

រឿងពស់លេបមន្រ្តីធំ

kkkចំនួនអ្នកទស្សនា: Views

 


 រឿងពស់លេបមន្រ្តីធំ

តាមសេចក្ដីដំណាលថា : កាលពីព្រេងនាយ នៅនគរមួយមានកុមារម្នាក់ជាកូនអ្នកកំសត់ទុគត៌ អាយុប្រហែល ១០ ឆ្នាំ ។ ថ្ងៃមួយកុមារទៅឃ្វាលគោតាមភ្លឺស្រែ ស្រាប់តែឃើញកូនពស់តូចមួយវារក្បែរជើង មិនស្គាល់ជាពស់អ្វី ក៏ចាប់យកកូនពស់នោះមកផ្ទះចិញ្ចឹមទុកមើលលេង រកអាហារចំណីឲ្យពស់ស៊ីរាល់ថ្ងៃ ហើយចេះតែស្ទាបអង្អែលលើកពស់បីត្រកងលេងព្រឹកល្ងាច ទាល់តែពស់នោះទៅជាសាំងស្លូត ស្រឡាញ់ម្ចាស់ មិនដែលខាំម្ចាស់វាទេ វាចេះស្ដាប់ ចេះនិយាយភាសាមនុស្សផង ដោយសារវាស្ដាប់ វានិយាយជាមួយម្ចាស់វារាល់ថ្ងៃ ខែ ដរាបដល់ម្ចាស់វាធំខ្លួនអាយុច្រើន មានប្រពន្ធហើយមានកូនបីនាក់ផង ។

ចំណេរយូរមក ពស់នោះកាន់តែធាត់ធំឡើង គ្មានកន្លែងដេកនៅផង គ្មានអាហារចំណីស៊ីឲ្យឆ្អែតឆ្អន់ផង ថែមទាំងពួកអ្នកស្រុកខ្លាចពស់នោះពេក ចេះតែបង្ខំបុរសម្ចាស់ពស់ឲ្យយកពស់ទៅលែងក្នុងព្រៃ ។ បុរសម្ចាស់ពស់ទ្រាំមិនបាន ក៏កាត់ចិត្តអង្វរពស់កុំឲ្យខឹងសម្បារ ទើបបណ្ដើរពស់យកទៅលែងក្នុងព្រៃធំប្រាប់ថា << ចូរសំឡាញ់ឯងនៅក្នុងព្រៃនេះឲ្យសុខសប្បាយចុះ បើឯងរលឹកអញ កុំបាច់ទៅរកអញឯស្រុកភូមិ ក្រែងអ្នកស្រុកគេភិតភ័យព្រួតវាយឯងស្លាប់ទៅ យូរៗចាំអញមករកលេងនឹងឯង បើឯងឮមាត់អញស្រែកហៅ ត្រូវឯងលូនមករកអញកុំខាន >> ។ ពស់ឮដូច្នោះ ក៏នឹកអាឡោះអាល័យម្ចាស់ណាស់ ឆ្លើយទាំងអួលអាក់ថា << អើសំឡាញ់ ចាំអញធ្វើឲ្យត្រូវតាមបណ្ដាំសំឡាញ់ឯង ចូរសំឡាញ់ទៅនៅផ្ទះឲ្យសុខសប្បាយចុះ យូរៗមកលេងនឹងអញម្ដងកុំខាន >> ។ បុរសនឹងពស់លាគ្នាស្រេចហើយ ក៏បែកគ្នាទៅ ។

ចំណែកពស់នៅក្នុងព្រៃនោះយូរៗទៅ រកចាប់សត្វអ្វីស៊ីមិនបាន ព្រោះសត្វឯទៀតវាខ្លាចពស់ស៊ី វារត់គេចចេញពីព្រៃនោះបាត់អស់ទៅ ។ ពស់ធំមានសេចក្ដីអត់ឃ្លានជាខ្លាំង ទ្រាំមិនបាន ពេលរាត្រីស្ងាត់លបលូនចូលទៅក្នុងស្រុកភូមិជិតព្រៃចាប់ឆ្កែ ឆ្មា មាន់ ទា ជ្រូក របស់អ្នកស្រុកស៊ីរាល់តែយប់ ។ ក្រោយមកអ្នកស្រុកដឹងថាពស់ធំណាស់ចូលខាំសត្វរបស់ខ្លួនស៊ី ក៏ភិតភ័យឆោឡោប្រមូលផ្ដុំគ្នាពួនចាំស្ទាក់វាយពស់សម្លាប់ ប៉ុន្តែដល់ឃើញពស់ធំពេកលូនមកក៏ស្លុតស្លន់ទាំងអស់គ្នា រត់យកតែអាយុជីវិតរៀងខ្លួន ។ ឯពស់ក៏ចេះតែមកចាប់សត្វក្នុងភូមិស៊ីជារឿយៗ ។

ថ្ងៃមួយ ពួកអ្នកស្រុកខ្លាចពស់ក្រែងស៊ីមនុស្សទៀត ទើបបបួលគ្នាចូលទៅជំរាបលោកមន្រ្តីធំក្នុងនគរឲ្យលោកជួយសម្លាប់ពស់ ។ លោកមន្រ្តីនោះ នាំរឿងពស់ឡើងក្រាបទូលព្រះមហាក្សត្រសព្វគ្រប់តាមពាក្យអ្នកស្រុក ។ ព្រះមហាក្សត្រាធិរាជទ្រង់ត្រាស់បង្គាប់ឲ្យប៉ាវគងទូងភេរីស្រែកប្រកាសរកអ្នកខ្លាំងពូកែហ៊ានទៅសម្លាប់ពស់នោះបាន នឹងឲ្យរង្វាន់ជាច្រើនហើយឲ្យជាមន្រ្តីធំផង។

បុរសកំសត់ឮព្រះរាជប្រកាសដូច្នោះ ក៏គិតថា << អញសព្វថ្ងៃនេះ ទ័លក្រណាស់ បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹក ពេលនេះគួរតែអញទៅសម្លាប់ពស់ជាសំឡាញ់ យកប្រាក់យកយសសក្តិ >> គិតដាច់ស្រេចហើយ ក៏កាន់កាំបិតចែតមួយដើរទៅរករាជអាមាត្យជំរាបថា ខ្លួនធានាទៅសម្លាប់ពស់ធំនោះតាមព្រះរាជប្រកាស ។ អាមាត្យក៏កត់ត្រាឈ្មោះនឹងទីលំនៅរបស់បុរសនោះទុកជាសំគាល់ រួចបើកឲ្យទៅសម្លាប់ពស់ ។

បុរសទុគ៌ត ដើរសំដៅទៅរកព្រៃដែលខ្លួនលែងពស់នោះតែម្នាក់ឯង ឥតហៅអ្នកណាឲ្យជូនទៅផងទេ ព្រោះខ្លាចគេដឹងរឿងខ្លួនជាម្ចាស់ពស់ លុះដល់កន្លែងដែលខ្លួនលែងពស់ក៏ឈប់ឈរហើយស្រែកហៅថា << អើពស់សំឡាញ់ ! អញនឹករលឹកឯងណាស់ ចូរឯងមកជួបនឹងអញពេលនេះឲ្យឆាប់ៗ >> ។

ពស់ឮសំឡេងបុរស ក៏ចាំបានជាមាត់ម្ចាស់ខ្លួនពីដើម ទើបលូនចូលមកមើលឃើញស្គាល់ច្បាស់ជាម្ចាស់មែនហើយ ត្រេកអរណាស់ ដោយនឹករលឹកជារឿយៗ ចូលមកដល់ជិតខ្លួនធ្វើអាការស្និទ្ធស្នាលប្រឡូកប្រឡែងដូចកាលធ្លាប់នៅជាមួយម្ចាស់ ហើយសួរសុខទុក្ខម្ចាស់សព្វគ្រប់ប្រការ ។

បុរសកំសត់ ឃើញកិរិយាពស់ដូច្នោះ ក៏ស្លុតចិត្តអាណិតអាសូរណាស់ទន់ដៃលើកកាំបិតមិនរួច គិតថា << ឱ ! សត្វតិរច្ឆាន ចិត្តត្រង់ណាស់តើ បែកមកជិត ១០ ឆ្នាំហើយ នៅតែចាំចិត្តដដែល ឥតប្រែប្រួលសោះ ប្លែកតែអញ បែរជាចិត្តអាក្រក់គិតសំឡាប់វាទៅវិញ >> ។ បុរសសួរសុខទុក្ខពស់សព្វគ្រប់ហើយ ក៏អង្គុយស្ងៀមស្ងាត់ដកដង្ហើមធំឃូៗ ។

ពស់ឃើញអាការម្ចាស់ប្លែកដូច្នោះ នឹកសង្ស័យសួរថា << លោកម្ចាស់មកនេះតើ ដោយមានទុក្ខធុរៈអ្វី ចូរប្រាប់ខ្ញុំឲ្យត្រង់ ខ្ញុំនឹងជួយដោះទុក្ខធុរៈនោះ ។ បុរសអាណិតពស់ណាស់ ទ្រាំមិនបានប្រាប់តាមពិតត្រង់ថា << លាក់បាំងអី សំឡាញ់ ! អញមកនេះប្រុងនឹងសំឡាប់ឯង ព្រោះឯងទៅខាំសត្វរបស់អ្នកស្រុកស៊ីរាល់យប់ គេខឹងទៅទូលហ្លួងៗប្រើអញឲ្យមកសម្លាប់ឯង ហើយនឹងប្រទានរង្វាន់អញជាច្រើន នឹងឲ្យធ្វើជានាម៉ឺនធំផង អញចង់បានប្រាក់ ចង់ធ្វើធំ បានជាធានាមកសម្លាប់ឯង >> បុរសនិយាយប្រាប់ពស់បណ្ដើរ ស្រក់ទឹកភ្នែកបណ្ដើរ ។

សូម្បីពស់ដឹងថាម្ចាស់មកសម្លាប់ខ្លួនដូច្នោះ ក៏គ្មានអាក់អន់ចិត្តនឹងម្ចាស់សោះ ត្រឡប់ជាអាណិតម្ចាស់យ៉ាងខ្លាំងគិតថា << ឱហ្ន ! សេចក្ដីលោភរបស់មនុស្សអាចបំផ្លាញជីវិតមិត្រសំឡាញ់ ប្ដី, ប្រពន្ធ នឹងកូនបានជាប្រាកដ បើដូច្នេះ ពេលនេះគួរតែអញជួយសង្រ្គោះម្ចាស់អញចុះ >> ទើបប្រាប់ម្ចាស់ថា << មិនអីទេ ខ្ញុំនឹងជួយម្ចាស់ឲ្យបានសម្រេចប្រយោជន៍ដូចបំណង ម្ចាស់មិនបាច់សម្លាប់ខ្ញុំទេ ប៉ុន្តែ ត្រឡប់ទៅផ្ទះវិញទូលស្ដេចថាសំឡាប់ខ្ញុំស្លាប់ទៅហើយ ឲ្យស្ដេចប្រទានរង្វាន់នឹងយសសក្តិចុះ ព្រោះខ្ញុំលែងចូលទៅស៊ីសត្វអ្នកស្រុកទៀតហើយ ទុកដូចជាខ្ញុំស្លាប់ដែរ សូមម្ចាស់ត្រឡប់ទៅវិញចុះ បើមានធុរៈអ្វីទៀតសូមមករកខ្ញុំៗនឹងជួយទៀត >> ។

(អស់លោកអ្នកអាន ! ដល់ត្រង់សំដីពស់នេះ អស់លោកយល់ដូចម្ដេច ចំពោះចិត្តសត្វនឹងចិត្តមនុស្ស តើវាផ្ទុយគ្នាយ៉ាងណា ? លោកអ្នកប្រាជ្ញបានទូន្មានថា យើងនៅជាមួយសត្វសាហាវបានសុខជាងនៅជាមួយមនុស្សពាល ដ្បិតសត្វសាហាវបើចិត្តវាត្រង់ៗរហូតដល់ស្លាប់ បើចិត្តវាវៀចខាំសម្លាប់យើងភ្លាម, ចំណែកចិត្តមនុស្សពាលមិនត្រង់ទេ ក្រឡិចក្រឡុចណាស់ ថ្ងៃខ្លះចិត្តល្អ ថ្ងៃខ្លះចិត្តអាក្រក់ ធ្វើឲ្យយើងទុកចិត្តខ្លះ មិនឲ្យទុកចិត្តខ្លះ ចេះតែធ្វើឲ្យលំបាកចិត្តរាល់ថ្ងៃ )។

បុរសកំសត់ឮសំដីពស់ ត្រេកអរណាស់ ឆ្លើយថា << អើបើឯងអាណិតជួយអញយ៉ាងនេះ អញនឹងដឹងគុណឯងទៅមុខឥតភ្លេចទេ >> ថារួចលាពស់ចូលទៅស្រុកជំរាបអាមាត្យថា ខ្លួនបានសម្លាប់ពស់នោះហើយ។ អាមាត្យយកសេចក្ដីក្រាបទូលស្ដេចៗទ្រង់ប្រោសព្រះរាជទាន មាសប្រាក់ជាច្រើន ហើយឲ្យធ្វើជាសេនាបតីផង ។ លោកសេនាបតីនេះ ល្បីឈ្មោះថាជាអ្នកខ្លាំងពូកែ គ្មានសត្រូវណាហ៊ានប្រមាថមើលងាយទេ នៅជាសុខសប្បាយរៀងមក ។

កន្លងមកប្រហែលប្រាំឆ្នាំ ព្រះមហាក្សត្រទ្រង់ប្រឈួនជាទម្ងន់ គ្រូពេទ្យក្រាបទូលថា << ព្រះអង្គប្រឈួនថ្លើម កម្រមើលឲ្យសះជាណាស់ បើបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយ ទើបសះជា >> ។

ព្រះមហាក្សត្រទ្រង់ព្រះសណ្ដាប់ពាក្យគ្រូពេទ្យដូច្នោះ ក៏ត្រាស់ហៅសេនាបតីដែលសម្លាប់ពស់ពីមុនឲ្យចូលគាល់ហើយ ត្រង់ត្រាស់ថា << បើអ្នកទៅរកថ្លើមនាគឲ្យយើងបាន យើងនឹងតាំងអ្នកឲ្យធ្វើជាអគ្គមហាសេនា >> ។

លោកសេនាបតីនោះក្រាបទូលថា សូមទទួលតាមបន្ទាល់ ទើបក្រាបថ្វាយបង្គំលាមកផ្ទះ ដល់ហើយប្រាប់ប្រពន្ធថា << ព្រឹកស្អែកអញនឹងទៅព្រៃភ្នំរកសម្លាប់នាគយកថ្លើមមកថ្វាយស្ដេច ត្រូវឯងរៀបស្បៀងឲ្យអញពីព្រលឹម >> ប្រាប់រួចចូលដេកទៅ ។ បុរសព្រួយចិត្តពេកដេកមិនលក់សោះ គិតថា << ឱអញអើយ ! មុខជាស្លាប់ហើយគ្រានេះ មិនដឹងទៅសម្លាប់នាគឯណាបានទេ ប៉ុន្តែ ណ្ហើយចុះ ពស់ជាសំឡាញ់អញនោះវាធំណាស់ដែរ ខ្លួនប៉ុនដើមត្នោតទៅហើយ គេហៅថានាគ គួរតែអញទៅសម្លាប់យកថ្លើមវាមកថ្វាយស្ដេច ឲ្យតែបានរួចជីវិតអញ >> គិតយល់យ៉ាងនេះហើយដេកទៅ, ព្រឹកឡើង ចេញពីផ្ទះទៅទាំងព្រហាមស្ងាត់តែម្នាក់ឯង មិនឲ្យអ្នកណាឃើញ ទៅដល់ទីព្រៃដែលពស់នៅ ក៏ស្រែកហៅដូចមុន ។ ពស់ឮលូនមករកជួបសួរសុខទុក្ខគ្នាគ្រប់ប្រការ ។

លោកសេនាបតីគិតថា << អញមិនហ៊ានសម្លាប់ពស់នេះទេ ព្រោះវាធំណាស់មុខជាអញមិនឈ្នះវាទេ វាលេបអញទាំងរស់ឥឡូវនេះក៏បាន ដូច្នេះគួរតែអញនិយាយសុំថ្លើមវាតាមត្រង់ទៅចុះ ក្រែងជួនជាវាអាណិត >> រួចនិយាយប្រាប់ពស់អំពីរឿងស្ដេចប្រឈួន ប្រើឲ្យមករកថ្លើមពស់យកទៅធ្វើថ្នាំ ហើយអង្វរពស់ថា << សូមសំឡាញ់អាណិតជួយអញម្ដងទៀតចុះ បើឯងមិនជួយទេ មុខជាអញស្លាប់មិនខាន ឲ្យអញសុំថ្លើមឯងបន្តិច >> ។ ពស់ឆ្លើយថា << ម្ចាស់ចូលតាមមាត់ខ្ញុំទៅកាត់យកថ្លើមបន្តិចចុះ កុំកាត់ធំពេក ក្រែងខ្ញុំឈឺស្លាប់ ព្រោះម្ចាស់មានគុណធ្លាប់បានចិញ្ចឹមរក្សាឲ្យអាហារចំណីខ្ញុំពីតូច ខ្ញុំសូមតបគុណម្ចាស់ពេលនេះ >> ថារួចហាមាត់ចង្រ្គុង ។ លោកសេនាបតីលូនចូលទៅកាត់យកថ្លើមបានបន្តិចចេញមកវិញភ្លាម ។

(អស់លោកអ្នកអាន ជ្រាបចិត្តពស់យ៉ាងណា នៅគ្រាដែលពស់ហាមាត់ឲ្យសេនាបតីចូលទៅកាត់ថ្លើមខ្លួន ជាពស់ខ្លាចលោកសេនាបតីមិនហ៊ានលេបស៊ីឬអ្វី ?) ។

លោកសេនាបតីបានថ្លើមពស់យកទៅថ្វាយស្ដេចទូលថា ថ្លើមនាគគ្រូពេទ្យយកថ្លើមពស់នោះផ្សំថ្នាំថ្វាយស្ដេចសោយសះជា ព្រះរោគមួយរំពេចទៅ ទើបត្រង់លោកសេនាបតីនោះឲ្យធ្វើជាទីអគ្គមហាសេនាល្បីល្បាញកេរ្តិ៍ឈ្មោះថា ជាអ្នកមានឫទ្ធីខ្លាំងពូកែណាស់ ហ៊ានទៅសម្លាប់នាគយកថ្លើមបាន អ្នកនគរខ្លបខ្លាចគ្រប់គ្នា ។ ឯលោកសេនាបតីក៏ខំបិទបាំងរឿងពស់ជាសំឡាញ់ខ្លួននោះ មិនឲ្យលេចឮសោះឡើយ ។

លំដាប់ពីនោះមក ព្រះបរមក្សត្រាធិរាជទ្រង់គង់ជាសុខសាន្តក្នុងសិរីរាជសម្បត្តិបានប្រមាណ ២ ឆ្នាំ ព្រះរោគចាស់នោះរើកម្រើកឡើងវិញធ្ងន់លើសដើម ។ គ្រូពេទ្យក្រាបទូលថា << ព្រះអង្គទ្រង់ប្រឈួនព្រះរោគដដែល ព្រះរោគចាស់នោះរើឡើងវិញ ព្រោះកាលនោះបានថ្លើមនាគមកផ្សំថ្នាំថ្វាយសោយតិចពេក មិនល្មមនឹងកំឡាំងព្រះរោគ បើបានថ្លើមនាគច្រើនជាងមុនមកទៀត ទើបព្រះរោគជាដាច់ជ្រះស្រឡះលែងរើឡើងវិញ >> ។

ព្រះមហាក្សត្រទ្រង់ត្រាស់ប្រើលោកអគ្គមហាសេនាថា << បើលោកទៅរកថ្លើមនាគឲ្យបានច្រើនជាងពីមុនមកឲ្យខ្ញុំម្ដងទៀត ខ្ញុំនឹងតាំងលោកឲ្យធ្វើជាមហាឧបរាជ >> ។

គ្រានោះ លោកអគ្គមហាសេនាឮព្រះរាជឱង្ការភ្លាម ក៏កើតលោភចេតនាខ្លាំងក្លាធំធាត់លើសដើមគិតថា << មុនដំបូង អញទ័លក្រណាស់ បានឆ្អែតព្រឹកខ្វះល្ងាច ឥឡូវអញមានធនធានចាយវាយមិនអស់ ទាំងយសសក្តិក៏ធំដាច់គេទៀត បើអញបានធ្វើជាមហាឧបរាជហើយ មិនយូរទេ មុខជាអញបានធ្វើព្រះមហាក្សត្រមិនខាន បើដូច្នេះ ត្រូវតែអញទៅសុំថ្លើមពស់សំឡាញ់អញម្ដងទៀតយកមកថ្វាយស្ដេច >> គិតឃើញយ៉ាងនេះហើយ ក៏ទទួលយកអាសាតាមព្រះរាជឱង្ការ ក្រាបថ្វាយបង្គំលាចេញទៅ ។

នៅពេលដែលលោកអគ្គមហាសេនាទៅជួបនឹងពស់នោះ បានថ្លែងប្រាប់ពស់សព្វគ្រប់តាមព្រះរាជតម្រាស់ហើយ អង្វរពស់សុំថ្លើមបន្តិចទៀត ។ ពស់នឹករលឹកឃើញឧបការគុណរបស់ម្ចាស់ កាលចិញ្ចឹមរក្សាពីតូច ក៏ឆ្លើយថា << សូមម្ចាស់យកថ្លើមខ្ញុំបន្តិចទៀតចុះ កុំអារយកធំពេកក្រែងខ្ញុំឈឺដល់ស្លាប់ >> ។

លោកអគ្គមហាសេនាត្រេកអរណាស់ នឹកសង្ឃឹមញញឹមក្នុងចិត្តថា អញមុខជាបានធ្វើមហាឧបរាជមិនខានឡើយ ទើបកាន់កាំបិតស្លាកោរលូនចូលទៅអារថ្លើមពស់ បំណងអារឲ្យបានធំច្រើន បើទុកជាពស់ឈឺដល់ស្លាប់ ក៏ស្លាប់ទៅចុះ គ្មានចិត្តអាណិតអាសូរពស់បន្តិចសោះ ។ នៅពេលដែលលោកអគ្គមហាសេនាកំពុងតែអារថ្លើមនោះ ពស់ឈឺខ្លាំងណាស់ ខំអត់សង្កត់ទាល់តែស្រក់ទឹកភ្នែក រហូតដល់ភ្លេចនឹកថាម្ចាស់ខ្លួននៅក្នុងមាត់ពាក់កណ្ដាលខ្លួន កំពុងតែអារថ្លើម ក៏ខាំមាត់សង្កៀតធ្មេញយ៉ាងមាំ ដើម្បីខំទប់ទល់នឹងការឈឺចាប់ក្នុងថ្លើម មិនដឹងជាម្ចាស់ត្រូវនឹងចង្កូមខ្លួនស្លាប់ក្នុងមាត់វេលានោះសោះ ។

មួយស្របក់ក្រោយមក ទើបពស់ភ្ញាក់ស្មារតីថាម្ចាស់ស្លាប់ក្នុងមាត់ខ្លួន ក៏រើខ្ជាក់មកក្រៅ នឹកអាឡោះអាល័យស្ដាយម្ចាស់ណាស់ដោយគ្មានចេតនាប៉ុនប៉ងសម្លាប់ម្ចាស់សោះ ប្រុងតែជួយម្ចាស់ឲ្យបានធ្វើជាមហាឧបរាជ ។ កន្លងពីនោះមកបានពីរថ្ងៃ ពស់ក្ស័យជីវិតទៅដែរ ដោយសារជម្ងឺដាច់ថ្លើមពាក់កណ្ដាល ។

ដល់មកទីបញ្ចប់រឿង លោកអគ្គមហាសេនាក៏ស្លាប់ ពស់ធំក៏ស្លាប់ ។ ត្រង់នេះ អស់លោកអ្នកអានសន្និដ្ឋានយ៉ាងណា ? លោកអគ្គមហាសេនាសម្លាប់ពស់ ឬក៏ពស់សម្លាប់លោកអគ្គមហាសេនា ? សូមជួយវិនិច្ឆ័យក្នុងរឿងស្លាប់នេះផង ។

បើតាមយោបល់ខ្ញុំអ្នកសរសេររឿងនេះ យល់ឃើញថា << មិនមែនលោកអគ្គមហាសេនាសម្លាប់ពស់ទេ, ឯពស់សោតទៀត ក៏មិនសម្លាប់លោកអគ្គមហាសេនាដែរ, តាមការពិត គឺសេចក្ដីល្មោភរបស់មនុស្សរមិលគុណទេតើ ដែលសម្លាប់ទាំងលោកអគ្គមហាសេនា សម្លាប់ទាំងពស់ >> ។

ប៉ុន្តែ ដំណឹងមរណភាពនៃលោកអគ្គមហាសេនានេះ ត្រឡប់ជាល្បីលេចឮទូទៅពេញស្រុកភូមិថា << ពស់នាគរាជលេបមន្រ្តីធំ >> ទៅវិញ, មិនឮថា មន្រ្តីធំចូលទៅក្នុងពោះអារយកថ្លើមពស់នាគរាជទេ >> ។ ព្រោះអ្នកស្រុកមិនដឹងរឿងអាថ៌កំបាំង របស់លោកអគ្គមហាសេនានឹងពស់នោះសោះ ។

ហេតុនេះ បានជាអ្នកស្រុកនិយាយគ្នារត់មាត់ថា << ពស់លេបមន្រ្តីធំ >> ជាប់រហូតមកដល់សព្វថ្ងៃនេះ ។


Sunday, February 11, 2024

រឿងដើមកំណើត ទីក្រុងភ្នំពេញ

kkkចំនួនអ្នកទស្សនា: Views

 ដើមកំណើត ទីក្រុងភ្នំពេញ

ភ្នំដែលសន្មតជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុន ពេលស្ថាបនាព្រះរាជវាំង ដោយមានរឿងដំណាលថា : ក្នុងកាលកន្លងទៅហើយ (គ.ស. ១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ (ពេញ) ជាអ្នកមានភោគសម្បត្តិបរិបូណ៌មានទីលំនៅ នៅក្បែរមាត់ច្រាំងទន្លេបួនមុខ ។ ផ្ទះ៖ គាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយ ។

ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិច រហាចរហឹម ដូនពេញគាត់ចុះទៅ កំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំ អណ្តែតមកក្បែរច្រាំង ហើយដោយ អំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្តែតវិលវល់នៅក្បែរមាត់ ច្រាំងនោះ ។

លុះដូនពេញឃើញដូច្នោះ ក៏ប្រញាប់រត់ទៅអំពាវនាវ ហៅអ្នកជិតខាងឱ្យមក ទាញយកដើមគគីរនោះ ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិច ម្ដងៗ ទាល់តែមកដល់លើមាត់ច្រាំង ។ ពេលដែលដូនពេញយកកំណាត់ឈើទៅ កោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធ រូប៤អង្គតូចៗធ្វើអំពីសិរិទ្ធនិងទេវរូបមួយអង្គទៀតធ្វើអំពីថ្ម ទេវរូបនោះទ្រង់ឈរ ព្រះហស្ថម្ខាងទ្រង់ដំបង ព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញ និង អ្នកជិតខាងដែលទៅជួយមានសេចក្តីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែរព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទម មួយតូច តម្កល់ជាបណ្តោះអាសន្ន ។

ថ្ងៃផ្ទះ​ក្រោយមកដូនពេញអំពាវនាវឱ្យអ្នកជិតខាង ជួយលើកដីពូនភ្នំដែលនៅខាងលិច គាត់នោះ ឱ្យទៅជាភ្នំមែនទែន ។ បន្ទាប់ពីនោះ គាត់ឱ្យគេអារឈើគគីរនោះធ្វើជា សសរវិហារ ដែលគាត់បម្រុងនឹងសង់លើភ្នំនោះ ។

កាលសាងវិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់នៅលើជើងភ្នំនោះក្នុងទិសខាង លិច ទើបកើតមានឈ្មោះថា "វត្តភ្នំដូនពេញ” ដែលសព្វថ្ងៃហៅកាត់ខ្លីថា "វត្តភ្នំ តាំងពីពេលនោះមករហូតសព្វថ្ងៃ ។ ឯព្រះពុទ្ធរូបទាំង៤ ព្រះអង្គ និងអ្នកតាព្រះចៅ នោះបានបញ្ចេញឥទ្ធិឫទ្ធិឱ្យឃើញពូកែស័ក្តិសិទ្ធិណាស់អ្នកណាបន់ស្រន់ក៏បានសម្រេច បំណងពិត (នេះជាជំនឿរបស់អ្នកស្រុក) ។

នេះហើយជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង ៦០ឆ្នាំបានកើតជាទី ក្រុងរបស់ស្តេចខ្មែរយ៉ាងស្ដុកស្ដម្ភ ។នេះហើយជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង ៦០ឆ្នាំបានកើតជាទី ក្រុងរបស់ស្តេចខ្មែរយ៉ាងស្ដុកស្ដម្ភ ។ចប់


រឿង ចៅច្រមុះទិព្វ

kkkចំនួនអ្នកទស្សនា: Views


 រឿង ចៅច្រមុះទិព្វ   

កាលពីព្រេងនាយ មានប្តីប្រពន្ធពីរនាក់មានកូនប្រុសមួយជាទី ស្រលាញ់ ឪពុកម្តាយមានមោទនភាពចំពោះកូនយ៉ាងខ្លាំង ព្រោះ គេជាកូនប្រុសទោលនៅក្នុងគ្រួសារ។ ក្មេងប្រុសនេះមានប្រាជ្ញា ឈ្លាសវៃចេះស្ដាប់បង្គាប់ឪពុកម្តាយ រៀនសូត្រក៏ពូកែទៀតផង។ អ្នកភូមិនិយាយថា គេជាក្មេងប្រុសដែលឆ្លាតហើយពូកែខាង ហិតក្លិនផងដែរ អ្នកស្រុកដាក់ឈ្មោះគេថា "ចៅច្រមុះទិព្វ” ។

ការនិយាយតៗគ្នានេះ ក៏ល្បីសុះសាយដល់រាជវាំង។ មានថ្ងៃមួយ ពាក្យចចាមអារាមនេះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រ ព្រះអង្គចង់ដឹង ខ្លាំងណាស់ក៏មានព្រះទ័យចង់ប្រើល្បងប្រាជ្ញាជាមួយ ចៅច្រមុះទិព្វ ក៏ទ្រង់បញ្ជាឱ្យរាជអាមាត្យយកស្រាមួយឪទិនទៅទុកនៅខាងក្រោយ ព្រះរាជដំណាក់ ។

បន្ទាប់មកព្រះអង្គក៏បញ្ជាឱ្យរាជអាមាត្យពីរនាក់ទៅសែងចៅច្រមុះទិព្វ ចូលរាជវាំង។ ពួកគេក៏ឆាប់ធ្វើដំណើរចេញទៅ។ ពេលទៅដល់ភូមិ នោះភ្លាម ស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយក៏មកដល់ផ្ទះ ចៅច្រមុះទិព្វ នោះដែរ។

រាជអាមាត្យទាំងពីរនាក់បានជំរាបរឿងនេះដល់ឪពុកម្តាយរបស់ ចៅច្រមុះទិព្វ តាមព្រះរាជបញ្ជា។ បន្ទាប់មកក៏សុំ ចៅច្រមុះទិព្វ ឡើងអង្គុយលើគ្រែស្នែងដើម្បីសែងចូលរាជវាំង។

ពេលកំពុងធ្វើដំណើរតាមផ្លូវស្រាប់តែមានហ៊ីងជាច្រើនយំទ្រហឹង អឹងកងនៅតាមវាលស្រែ និងគុម្ពោតព្រៃចៅច្រមុះទិព្វ បាននិយាយ ដោយចៃដន្យថា “មិនបាច់យំទេ ថ្ងៃនេះអាអ៊ុងក៏ងាប់ អាអ៊ួងក៏ងាប់ ដែរ”។

រាជអាមាត្យគ្រាន់តែឮពាក្យនេះភ្លាម ពីរនាក់បងប្អូនភិតភ័យជា ខ្លាំងក៏ឈប់ដាក់គ្រែស្នែងចុះអង្វរចៅច្រមុះទិព្វ ថា "សូមមេត្តាជួយ ពួកខ្ញុំម្តងទៅ យើងទាំងពីរនាក់មិនចង់ស្លាប់ទេ”។ ចៅច្រមុះទិព្វ គិតក្នុងចិត្តថា ហេតុអ្វីបានជាគាត់និយាយដូច្នេះ ប្រហែលជាគាត់ ឈ្មោះ អ៊ុង និង អ៊ួងហើយទើបសួរទៅវិញយ៉ាងម៉ឺងម៉ាត់ថា “អីយ៉ា បើអ៊ីចឹងលោកប្រាប់ខ្ញុំមកមើល៍ តើព្រះរាជាហៅខ្ញុំទៅមានការអ្វី ដែរ?” ឱ្យតែពួកយើងគ្មានកំហុសខ្ញុំនឹងប្រាប់ឯង គឺព្រះអង្គឱ្យឯង ទៅដើម្បីហិតក្លិនស្រាមួយឪទិននៅខាងក្រោយព្រះរាជដំណាក់។

លុះទៅដល់រាជវាំងព្រះរាជាមានព្រះបន្ទូលថា "មើល៍ ! ចៅច្រមុះទិព្វ យើងឮគេនិយាយថា ឯងនេះពូកែដឹងក្លិនណាស់ ចូរឯងគិតទៅមើល៍ តើមានក្លិនអ្វីចម្លែកនៅទីនេះ”។ ចៅច្រមុះទិព្វ ទូលតបវិញថា "ក្រាបទូលព្រះអង្គ ទូលព្រះបង្គំដឹងថា មានស្រាមួយឪទិននៅខាង ក្រោយព្រះរាជតំណាក់ក្រាបទូល"។ ស្ដេចបើកព្រះនេត្រធំៗសរសើរ ថា “អស្ចារ្យមែនៗ ឯងនៅក្មេងសោះហេតុអ្វីក៏ពូកែខ្លាំងម៉្លេះ ឧបរាជ យករង្វាន់មកជូន ចៅច្រមុះទិព្វ”។ ចៅច្រមុះទិព្វ សប្បាយចិត្ត ណាស់ដែលបានទទួលរង្វាន់ហើយក៏ត្រឡប់ទៅផ្ទះវិញ។

មួយសប្តាហ៍ក្រោយមក ស្ដេចក៏បញ្ជារាជអាមាត្យនាំព្រះរាជសារ មួយច្បាប់មកជូន ចៅច្រមុះទិព្វ ក្នុងសារនោះសរសេរថា “បីថ្ងៃ ទៀតឱ្យ ចៅច្រមុះទិព្វ រៀបចំខ្លួនឱ្យបានស្អាតដើម្បីចូលរាជវាំង គាល់ស្តេចម្ដងទៀត"។ គ្រាន់តែអានសំបុត្រចប់រាជអាមាត្យក៏ ត្រឡប់ទៅវិញបាត់ទៅ។

ចៅច្រមុះទិព្វ ខ្វល់ខ្វាយយ៉ាងខ្លាំងដេកក៏មិនលក់ញ៉ាំបាយក៏មិនឆ្ងាញ់

អង្គុយសំកុកម្នាក់ឯងទឹកមុខក្រៀមក្រំស្រគុតស្រគំគិតមិនយល់ហើយរអ៊ូតិចៗម្នាក់ឯងថា “នៅសល់តែ

មួយថ្ងៃទៀតតែប៉ុណ្ណោះ បើឆ្លើយមិនបានត្រឹមត្រូវទេពិតជាយ៉ាប់ហើយ ប្រហែលជាត្រូវកាត់ទោសប្រហារជីវិតផងក៏មិនដឹង”។

ចៅច្រមុះទិព្វ គិតហើយគិតទៀតក៏មាន គំនិតមួយដើរទៅរោងកាត់សក់ ហើយប្រាប់ ជាងកាត់សក់ កាត់ឱ្យបានស្អាតដើម្បីចូលរាជ វាំងនៅថ្ងៃស្អែក។ ជាងក៏ចាប់ផ្តើមកាត់សក់ យ៉ាងផ្ចិតផ្ចង់បំផុត។ ពេលកាត់សក់រួចជាង ក៏កោររោមមុខបន្ត ពេលនោះ ចៅច្រមុះទិព្វ ក៏ធ្វើជាងាកមុខចេញ ហើយកាំបិតកោរក៏បាន មុតចុងច្រមុះចេញឈាមមួយរំពេច។

ស្អែកឡើងគេរៀបចំខ្លួនយ៉ាងសមរម្យហើយចេញដំណើរទៅក្នុង រាជវាំងដោយខ្លួនឯង។ លុះពេលទៅដល់រាជវាំងក៏ចូលទៅគាល់ ស្តេចដែលមានរាជអាមាត្យព្រមទាំងមហាសេនាកំពុងអង្គុយហែ ហមជាច្រើន។ ព្រះរាជាមានព្រះបន្ទូលថា “មើល៍ ! ចៅច្រមុះទិព្វ ឯងគិតទៅមើល៍ តើមានអ្វីចម្លែកនៅទីនេះ?” ចៅច្រមុះទិព្វ ទូលតបវិញថា “ក្រាបទូលព្រះអង្គ ច្រមុះរបស់ទូលព្រះបង្គំនៅពេល នេះខូចបាត់ទៅហើយ វាគ្មានប្រសិទ្ធិភាពទៀតទេក្រាបទូល”។

ព្រះរាជាមិនបានដាក់ទោសកំហុសអ្វីដល់ ចៅច្រមុះទិព្វ នោះ ឡើយ ថែមទាំងជូនមាសប្រាក់ខ្លះៗដើម្បីព្យាបាលច្រមុះ និងផ្គត់ផ្គង់ ជីវភាពគ្រួសាររបស់គេទៀតផង។ ស្ដេចមានព្រះបន្ទូលទៀតថា "ចាប់ពីពេលនេះតទៅ ខ្ញុំឈប់រំខានឯងទៀតហើយ ប៉ុន្តែឯង កុំភ្លេចត្រូវតែខំរៀនសូត្រឱ្យបានច្រើន ដល់ពេលឯងធំពេញវ័យ ឯងនឹងអាចធ្វើការបំរើប្រទេសជាតិយ៉ាងល្អប្រសើរ”។

ចៅច្រមុះទិព្វ សប្បាយចិត្តណាស់ដែលបានត្រឡប់មកផ្ទះវិញ ខិតខំរៀនសូត្រតាមបណ្តាំព្រះរាជា។ ជាការពិតណាស់ ចៅច្រមុះទិព្វ គឺជាសិស្សពូកែហើយជាសិស្សគំរូម្នាក់នៅក្នុងថ្នាក់ដែលបានទទួល នូវការអប់រំអំពីឪពុកម្តាយ និងលោកគ្រូអ្នកគ្រូ។ដោយសារភាពឆ្លាតវាងវៃ និងការតស៊ូព្យាយាម ចៅច្រមុះទិព្វ មិនដែលរាថយឬបោះបង់ចោលនូវការសិក្សាឡើយ តាំងពីកុមារភាព រហូតដល់ធំពេញវ័យ គេក៏ក្លាយជាអ្នកប្រាជ្ញជាន់ខ្ពស់មួយរូបដែល មានចិត្តអង់អាចក្លាហានធ្វើការបំរើប្រទេសជាតិ ជូនប្រជាពលរដ្ឋ ដ៏ល្អ និងជាយុវជនគំរូដ៏ឆ្នើមសម្រាប់ប្អូនៗជំនាន់ក្រោយ។ ចប់