ផ្សាយពាណិជ្ជកម្ម
<<...kampucheaacharyak....ប្រភពព័ត៌មានពិត និង ទុកចិត្តក្នុងដៃលោកអ្នក ប្រកាន់ភ្ជាប់គោលការណ៍អព្យាក្រិត / មានទទួលផ្សាយពាណិជ្ជកម្ម គ្រប់ប្រភទ/ទំនាក់ទំនង /ទីស្នាក់ការកណ្តាល ភូមិស្វាយរលំពី សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល../..Te: 0884888264../..069501005...>>..

Thursday, April 4, 2024

រឿងពស់ថ្លាន់ក្អែពិស

kkkចំនួនអ្នកទស្សនា: Views

 រឿងពស់ថ្លាន់ក្អែពិស

កាលពីព្រេងនាយ មានប្តីប្រពន្ធពីរនាក់ទើបនឹងរៀបការហើយ ថ្មីៗ។ ថ្ងៃមួយ បុរសជាប្តីបាននាំប្រពន្ធទៅលេងផ្ទះឪពុកម្តាយនៅឯ ភូមិមួយផ្សេងទៀត។

ពេលនោះ មានពស់ថ្លាន់មួយលូនចេញពីក្នុងព្រៃឆ្លងកាត់ផ្លូវនេះ បានឃើញដានជើងមនុស្ស ក៏ខំលិឍដានជើងទាំងនោះដើម្បីបញ្ជាក់ ពីរិទ្ធិអំណាចដ៏ខ្លាំងក្លារបស់ខ្លួន។

ដោយសារតែអំណាចខ្លាំងពូកែអស្ចារ្យរបស់ពស់ថ្លាន់ ទាំងពីរ នាក់ប្តីប្រពន្ធនោះ ក៏ស្លាប់បន្ទាប់ពីបានទៅដល់ផ្ទះឪពុកម្តាយរបស់ ពួកគេ។

ឪពុកម្តាយព្រមទាំងបងប្អូនញាតិសន្តានទាំងអស់ អង្គុយយំសោក សង្រេងអាឡោះអាល័យគ្រប់ៗគ្នា។ ហើយក៏នាំគ្នាធ្វើបុណ្យសព ឱ្យពួកគេតាមទំនៀមទំលាប់ប្រពៃណី។

ដើម្បីបញ្ជាក់ពីភាពអស្ចារ្យ និងរិទ្ធិអំណាចនៃពិសរបស់ខ្លួន ពស់ថ្លាន់ក៏សួរធ្វើពើទៅសត្វក្អែកថា “បងក្អែកៗ! ខ្ញុំឮសូរមាត់មនុស្ស អីក៏អ៊ូអរខ្លាំងម៉្លេះនៅក្នុងភូមិនេះ?”

ភ្នែកឆ្លើយថា “ពួកគេកំពុងតែសើចសប្បាយទេតើ! ព្រោះគេ ធ្លាប់ដឹងថា ពិសបងថ្លាន់ឯងនេះពូកែខ្លាំងណាស់ គ្រាន់តែលិឍដាន ជើងរបស់គេក៏ស្លាប់បានដែរ។ តែឥឡូវបែរជាមិនស្លាប់ទៅវិញ ទើបគេនាំគ្នាសើចសប្បាយរីករាយទាំងអស់គ្នាទៅ”។

ពស់ថ្លាន់ឮដូច្នោះគិតក្នុងចិត្តថា “ពិសរបស់អញធ្លាប់តែពូកែឆុត ឆាប់ បើឥឡូវលែងសក្តិសិទ្ធិទៀតហើយនោះ ទុកវាធ្វើអ្វីទៀតទៅ ត្រូវតែក្អែចោលឱ្យអស់”។

បន្ទាប់មក ពស់ថ្លាន់ដែលចូលចិត្តអួតក្អេងក្អាងនោះ ក៏ក្អែពិស របស់ខ្លួនចេញចោលគ្មានសល់។

ពពួកសត្វដែលបានដឹងថាពស់ថ្លាន់ក្អែពិសនោះគឺ ត្រី ពស់ ក្អែប ខ្លុយ សង្ខារ ស្រាំង ឪម៉ាល់ជាដើម ដែលនាំគ្នាលូន ឬហើរមក ដណ្ដើមយកពិសរបស់ពស់ថ្លាន់គ្រប់ៗគ្នា ខ្លះបានច្រើន ខ្លះបានតិច ខ្លះទៀតក៏មិនបានដោយមកមិនទាន់គេ។

ពស់ដែលបានពិសច្រើនជាងគេគឺ ពស់ព្រលិត ពស់ដី ពស់ប្រេង ពស់ត្រី ពស់ព្រៃ ពស់ខ្សែគោ ពស់សម្លាប់កង្កែប។

ពពួកពស់ទាំងនេះយកពិសថ្លាន់បានច្រើនជាងគេ។ ហេតុនេះ ហើយ បានជាពួកវាឥឡូវនេះ ចឹកមនុស្សមិនស្លាប់ ហើយគ្មានការ ឈឺចាប់អ្វីទាល់តែសោះ ព្រោះពិសថ្លាន់នេះ បើប្រើច្រើនពេក ត្រឡប់ជាគ្មានពិសទៅវិញ។

ពពួកពស់ដែលយកពិសថ្លាន់បានតិចល្មមនោះគឺ ពស់វែកដំបូក ពស់វែករនាម ពស់វែកស្រងែ ពស់វែកក្របីជាដើម។ ហេតុនេះ ហើយ បានជាពពួកសត្វពស់ទាំងអស់នេះ មានពិសពូកែខ្លាំងជាង គេ បើបានចឹកហើយ កម្រនឹងរស់ ឬព្យាបាលបានឡើយ។

ចំណែកពពួកត្រីអណ្តែង ត្រីកញ្ចុះ ត្រីឆ្នាំង ឬសត្វខ្លុយ ក្អែប ខ្យាដំរី ស្រមោច សង្ខារ ស្រាំង ឪម៉ាល់ ឃ្មុំ ព្រួតដែលទៅ ក្រោយគេ ក៏ប្រមូលបានពិសដែលនៅសេសសល់ យកមកប្រលាក់ ចុងធ្លុង រីទ្រនិចរៀងៗខ្លួន។ ហេតុនេះហើយ បានជាពពួកសត្វទាំង អស់នេះ មានពិសតិចតួចមកដល់សព្វថ្ងៃនេះ។

រីឯត្រីក្រម៉ម និង ត្រីពោមកមិនទាន់គេខឹងខ្លាំងណាស់ ព្រោះ ដណ្តើមពិសមិនបាន ក៏ហាមាត់ស្រែកយំទាល់តែហើមមុខស្នូល។ ឯត្រីសណ្តាយវិញ ឃើញត្រីក្រម៉ម និង ត្រីពោយំស្រែកដូច្នេះ ក៏សើចក្អាកក្អាយមិនឈប់ ទាល់តែរយះមាត់យ៉ាងធំ។

ហេតុនេះហើយ បានជាត្រីក្រម៉ម និងត្រីពោមានមុខធំស្គុល ដូច្នេះ។ ឯត្រីសណ្តាយវិញ មានរង្វះមាត់វែងច្រវាបរហូតមកដល់ បច្ចុប្បន្ននេះ។

ចំណែកពស់ថ្លាន់ ក៏លែងមានរិទ្ធិអំណាចតទៅទៀតដែរ។ ព្រោះ វាបានចាញ់ឧបាយកលរបស់សត្វក្អែក។ ចាប់តាំងពីពេលនោះមក មនុស្សទាំងអស់មិនដែលព្រួយបារម្ភខ្លាចមានគ្រោះថ្នាក់ដោយ សារពស់ថ្លាន់រហូតមកដល់សព្វថ្ងៃនេះ។ ចប់

“កុំសប្បាយនៅក្នុងសេចក្តីទុក្ខព្រួយរបស់អ្នកដទៃ”

0 Comments:

Post a Comment